ព្រឹទ្ធាចារ្យនាដភក្តីនិម្មិត អ៊ុំ សាមិត្ត អតីតតួឯកតេជោមាស ក្នុងល្ខោនបាសាក់រឿង “តេជោយ៉ត” កាលពីទ.វ.ទី៨០ បានលាចាកលោកហើយ
NEWS 5 years ago“តេជោយ៉ត” ជានិមិត្តរូបវណ្ណកម្មល្ខោនបាសាក់របស់អ្នកនិពន្ធ ទី ជីហួត ដែលបាននិពន្ធឡើងនៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៨៣ ហើយជារឿងល្ខោនមួយដ៏ល្បីល្បាញកក្រើកទូទាំងប្រទេសកម្ពុជាកាលពីសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជានោះតែម្តង។ តួឯកសំខាន់ពីររូបក្នុងរឿងនេះគឺ តួតេជោយ៉ត និង តេជោមាស ដែលជាគ្រូនិងសិស្សជំនិត។ លោកតាព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត សម្តែងជាតួអង្គ “តេជោមាស” ដែលទស្សនិកជន ខ្មែររាប់លាននាក់ដែលនិយមទស្សនាល្ខោនបាសាក់សម័យនោះនៅចងចាំមិនទាន់ភ្លេចនៅឡើយ។ ប៉ុន្តែជា អកុសល កាលពីវេលាម៉ោង ១១ និង ៥០ នាទីរំលងអធ្រាត្រយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វីរសិល្បករ ឯកទេសល្ខោនបាសាក់រូបនេះបានទទួលអនិច្ចកម្មដោយសារជម្ងឺបេះដូង នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជ ធានីភ្នំពេញ ក្នុងជន្មាយុ៨៣វស្សា គួរឲ្យសោកស្តាយជាពន់ពេក។
លោក អ៊ុំ នីមួន ជាកូនប្រុសបង្កើតរបស់សព បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់លោកថា “លោកឪពុកដ៏កម្សត់របស់ពួកខ្ញុំបានទៅចោលពួកខ្ញុំហើយ។ លោកតែងប្រដៅដាសតឿន ឲ្យយោបល់លើក ទឹកចិត្តដល់កូនចៅគ្រប់គ្នា តែចាប់ពីពេលនេះទៅ ពួកខ្ញុំលែងបានស្តាប់ បានឮ បានឃើញរូបលោកទៀត ហើយ គឺលោកលាគ្មានថ្ងៃវិលវិញ។” ទន្ទឹមនឹងនេះ លោកបានរៀបរាប់ប្រាប់សូវរីនថា លោកពិតជាមានភាព សោកស្តាយយ៉ាងខ្លាំងព្រោះមរណភាពរបស់ឪពុកលោកពិតជាលឿនតែមួយប៉ប្រិចភ្នែកនឹកស្មានមិនដល់។ គាត់មិនបានឈឺមុនច្រើនថ្ងៃ គឺសុខៗគាត់ក៏ធ្វើទុក្ខភ្លាមៗ គាត់ត្អូញថាចុកទ្រូង បែកញើសត្រជាក់ដៃជើងមួយ រំពេច ហើយគាត់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបានប្រហែលពីរម៉ោង គាត់ក៏បានផុតដង្ហើមតែម្តងទៅ។ “គ្រូពេទ្យបានប្រាប់ថាត្រូវការ សង្គ្រោះបន្ទាន់ចុងក្រោយរយៈពេល១៥នាទី តែបានប្រហែល៥នាទី គាត់ទ្រាំលែងបាន គាត់ក៏ផុតទៅ។ គ្រូពេទ្យបានប្រាប់ថាពួកគាត់បានព្យាយាមជួយអស់ពីសមត្ថភាពហើយ។”
លោកអ៊ំ ម៉ៅ ប៊ុនថេង ត្រូវជាសាច់ញាតិលោកតាអ៊ុំ សាមិត្ត បានរំឭកអំពីអតីតកាលរបស់សិល្បករ ជើងចាស់រូបនេះថា “បងប្រុសខ្ញុំធ្លាប់ជាតួឯកល្ខោនបាសាក់ដ៏ល្បីតាំងពីទសវត្សទី៦០។ កាលណោះមានតែ បីនាក់ទេ គឺ លោកតា សាំង សារុន លោកតា សួស កាណន និងបងអ៊ុំ សាមិត្ត។ រួចពីរបបប៉ុលពត គេស្គាល់ ម្តងទៀតតាមរយៈរឿង ឪពុកក្មេករើសកូនប្រសារ និង រឿងតេជោយ៉ត។ ភារកិច្ចស្នូលជាគ្រូល្ខោនបាសាក់ រាជធានីភ្នំពេញដែលមនុស្សជំនាន់ក្រោយមិនសូវស្គាល់ទេ។ គាត់ជាសិល្បករជើងចាស់មួយរូបដែលព្រះ មហាក្សត្រប្រោសព្រះរាជទានគោរមងារជា នាដភក្តីនិម្មិត អ៊ុំ សាមិត្ត សម្បត្តិបេតិកភ័ណ្ឌវប្បធម៌មនុស្ស រស់ផ្នែកល្ខោនបាសាក់ ក្នុងចំណោមសាស្រ្តាចារ្យ១៧រូប។”
ដោយឡែក លោក បេ វណ្ណារ៉ា តារាសម្តែងជើងចាស់ និង ជាអតីតសិស្សរបស់សពលោកព្រឹទ្ធាចារ្យ បានផ្តាំផ្ញើថា “លោកគ្រូរបស់ខ្ញុំ លោកគ្រូ អ៊ុំ សាមិត្ត គាត់បានចែកឋានទៅកាន់បរលោកចោលយើងទាំងអស់ គ្នាជាសិស្សរួមគ្រូតែមួយ លោកលែងវិលវិញហើយ។ បើសិស្សទាំងអស់ទទួលដំណឹងហើយ សូមជួយដង្ហែ សពគាត់ទៅកាន់វត្តទឹកថ្លា ម៉ោង៣រសៀល ថ្ងៃទី១៦ ខែ១១ ឆ្នាំ២០១៨ សូមអរគុណ!”
សូមបញ្ជាក់ថា សពរបស់លោកព្រឹទ្ធាចារ្យសិល្បៈនាដភក្តីនិម្មិត អ៊ុំ សាមិត្ត អតីតគ្រូល្ខោនបាសាក់ បម្រើការនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញនេះនឹងត្រូវបូជានៅវេលាម៉ោង ៤ រសៀល ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវត្តទឹកថ្លា ក្រុងភ្នំពេញ។ ចំណែកពិធីបុណ្យ៧ថ្ងៃ នឹងត្រូវប្រារព្ធធ្វើឡើងនៅ ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នៅគេហដ្ឋានសពដែលមានទីតាំងស្ថិតនៅទល់មុខក្រសួង ទេសចរណ៍ (ម្តុំបុរីកីឡា) ច្រកជណ្តើរចូលជាប់សាលាសង្កាត់វាលលវង់។ សូមគោរពអញ្ជើញលោក លោកស្រី អ្នកនាងកញ្ញា សិល្បករ សិល្បការិនី និង អ្នកដែលនិយមស្នេហាវិស័យសិល្បៈល្ខោនបាសាក់ ទាំងអស់ចូលរួមក្នុងកម្មវិធីបុណ្យឲ្យបានច្រើនកុះករ៕
Article by SRIN SOKMEAN