×

តើ​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់ហុយ​ដែល​បាន​ទទួល​រង្វាន់​លេខ១ពី​ព្រះមហាក្សត្រ​ឆ្នាំទៅ​បាន​ ​ត្រៀមខ្លួន​អ្វីខ្លះ​សម្រាប់​ឆ្នាំនេះ​?​

NEWS 5 years ago
 
 

            ប្រសិនបើ​លោកអ្នក​ធ្លាប់​ទស្សនាការ​ប្រណាំងទូក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​ប្រព្រឹត្តទៅ​ជា​រៀងរាល់​ឆ្នាំ​ ​លោកអ្នក​ច្បាស់ជា​ស្គាល់​កិត្តិស័ព្ទ​ទូកង​មក​ពី​ខេត្ត​កំពង់ឆ្នាំង​ដ៏​ល្បី​រន្ទឺ​ទូទាំង​ប្រទេស​ជា​យូរឆ្នាំ​ណាស់​មក​ហើយ​នោះ​គឺ​ ​ទូក​ឈ្មោះ​ ​«​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់ហុយ​»​ ​ជាក់ជា​មិនខាន​។​ ​ទូក​នេះ​ជា​ទូក​ប្រចាំ​វត្ត​វិហារ​ហ្លួង​ ​ហៅ​វត្ត​ផ្សារ​ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ផ្សារ​ ​ឃុំ​ផ្សារ​ ​ស្រុក​បរិបូណ៌​ ​ខេត្ត​កំពង់ឆ្នាំង​។​ ​ទូក​នេះ​ជា​ទូកចែវ​ផ្នែក​បុរស​មាន​ប្រវត្តិ​ទទួល​ ​បាន​ជ័យជំនះ​ក្នុង​ការប្រកួត​ស្ទើរ​រៀងរាល់​ឆ្នាំ​មិនដែល​ខាន​។​ ​

​            ជាក់ស្តែង​ ​កាលពី​ឆ្នាំ២០១៧កន្លងទៅ​នេះ​ ​ទូក​ព្រះ​ទីនាំង​ ​ចង្ហាន់ហុយ​បាន​ទទួល​ចំណាត់ថ្នាក់​ក្នុង​ផែន​លេខ១​ ​ផ្នែក​ទូកចែវ​បុរស​ ​ក្នុង​ការចូលរួម​ពិធី​ប្រណាំង​ទូកង​ ​អបអរសាទរ​ ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ ​និង​សំពះ​ ​ព្រះខែ​ ​អកអំបុក​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ​០២​-​០៣​-​០៤​ ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ២០១៧​។​ ​ជាង​នេះ​ទៅទៀត​ ​ទូកង​ដែល​ ​មានឈ្មោះ​ពី​បរម្បរា​មកនេះ​ក៏​មាន​ស្នាដៃ​ល្អ​ទទួល​បាន​ជ័យលាភី​ ​ចំណាត់ថ្នាក់​លេខ១​ ​លើ​ផ្នែក​សោភ័ណភាព​ ​និង​ ​រចនាបថ​សំលៀកបំពាក់​ ​សិល្បៈ​ ​កាយវិការ​នៃ​ការ​ចែវ​ ​ក្នុង​ឆ្នាំ​ដដែល​ ​នេះ​ផង​ដែរ​ ​ហើយដែល​ពានរង្វាន់​នេះ​ត្រូវ​បាន​ ​ប្រទាន​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយ​ផ្ទាល់​ព្រះ​ហស្ថ​ព្រះអង្គ​នៅ​ព្រះរាជ​ពន្លាជ័យ​ទន្លេ​ចតុមុខ​ ​រាជធានី​ភ្នំពេញ។​

Image Courtesy: ព្រះទីនាំងសារាយអណ្តែត ចង្ហាន់ហុយ

​            មិន​ខុសពី​សព្វមួយដង​ ​ឆ្នាំនេះ​ទូក​ ​«​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់ហុយ​»​ ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ទាំង​ ​សោភ័ណភាព​ទូក​ ​ទាំង​កម្លាំងកាយ​ ​និង​ ​កម្លាំងចិត្ត​នៃ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត​រយៈពេល​បី​ថ្ងៃ​នៅមុខ​ព្រះ​បរម​ ​រាជវាំង​ ​ចាប់ពី​ថ្ងៃទី២១​ ​ដល់​ថ្ងៃទី២៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​ឆាប់​ៗ​ខាងមុខនេះ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​ទូក​នេះ​មាន​ប្រវែង​ ​២៩.៥០​ ​ម៉ែត្រ​ ​ចំណុះជើង​ចែវ​ ​៤៦​ ​កីឡាករ​មាន​ចំនួន៤៩នាក់​ ​កីឡាករ​បម្រុង​ចំនួន១៣នាក់​ ​ចំនួន​កីឡាករ​សរុប​ ​៦២​ ​នាក់​។​ ​

​            ជា​រៀងរាល់​ឆ្នាំ​ ​មុននឹង​ចេញពី​ខេត្ត​កំពង់ឆ្នាំង​មក​ចូលរួម​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​ ​កីឡាករ​ទាំងអស់​ ​ព្រមទាំង​ ​ប្រជាពលរដ្ឋ​ស្រុក​បរិបូណ៌​ ​ខេត្ត​កំពង់ឆ្នាំង​ ​ព្រមទាំង​មន្រ្តី​អ្នកមុខអ្នកការ​ក្នុង​តំបន់​ ​សរុប​រាប់​រយ​នាក់​បាន​ចូលរួម​ដង្ហែ​ទូក​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់ហុយ​ចេញពី​វត្ត​វិហារ​ហ្លួង​ ​ហៅ​វត្ត​ផ្សារ​ ​កាត់តាម​ផ្លូវជាតិ​លេខ៥​ ​កាត់​ផ្សារ​ពន្លៃ​ ​រួច​បត់​តាមផ្លូវ​ជាតិ​លេខ៥២​ ​ឆ្ពោះទៅ​កាន់​ឃុំ​ឆ្នុកទ្រូ​ ​ហើយ​ឈប់​សំចត​នៅ​ភូមិ​កំពង់ព្រះ​គគីរ​ដើម្បីឲ្យ​ក្រុមកីឡា​ករ​ធ្វើ​ ​ការ​ហ្វឹកហាត់​ទីនោះ​។​ ​

            យុវជន​ ​ម៉ូម​ ​វេហា​ ​កីឡាករ​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់ហុយ​ ​បាន​រាយការណ៍​ប្រាប់​សូ​វរីន​ថា​ ​«​នៅ​ថ្ងៃទី១០​ ​គេ​បាន​ធ្វើពិធី​ក្រុងពាលី​ ​ហើយ​ថ្ងៃទី១១​ ​គេ​ ​ទម្លាក់​ទូក​ចេញពី​បង្គង​ហើយ​។​ ​បន្ទាប់មក​ ​គេ​ទៅ​ហាត់​សម​នៅ​ ​កំពង់ព្រះ​គគីរ​ ​ប្រហែល១អាទិត្យ​ទៅ២អាទិត្យ​ ​រួច​បាន​ចេញទៅ​ប្រកួត​សាក​នៅ​កំពង់ត្រឡាច​។​ ​សាក​នៅ​កំពង់ត្រឡាច​ ​ហើយ​បាន​ទៅ​ព្រះបរមរាជវាំង​។​»​ ​

Image Courtesy: ព្រះទីនាំងសារាយអណ្តែត ចង្ហាន់ហុយ

            ចំពោះ​ឯកសណ្ឋាន​កីឡាករ​ចែវទូក​វិញ​ ​គឺ​មាន​លក្ខណៈ​ខុសប្លែក​ពី​កីឡាករ​ទូ​ក​ផ្សេង​ៗ​មក​ពី​ទូទាំង​ប្រទេស​ ​ដោយសារតែ​កីឡាករ​ទូក​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់ហុយ​នេះ​មិន​ពាក់អាវ​យឺត​ដូច​គេ​ឡើយ​។​ ​ពួកគេ​ត្រៀម​ ​ពាក់អាវ​បែប​បុរាណសម័យ​លង្វែក​ព្រោះ​ទូក​នេះ​មាន​ប្រវត្តិ​តាំងពី​សម័យ​លង្វែក​ ​ក្នុងរជ្ជកាល​ព្រះបាទ​ចន្ទ​រាជា​ ​(​ស.វ.ទី​ ​១៦​)​ ​ដែល​មាន​ចារទុក​យ៉ាង​ច្បាស់​ក្នុង​ ​ឯកសារ​មហាបុរស​ខ្មែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​កីឡាករ​ស្លៀកខោ​ពណ៌ក្រហម​ ​និង​ ​ឈ្នូត​ក្បាល​ពណ៌​ស្បង់​ដែល​តំណាង​ព្រះនាម​ព្រះអង្គ​ ​«​ចង្ហាន់ហុយ​»​ ​ដែល​ជា​អតីត​ព្រះចៅ​អធិការ​វត្ត​នៅ​ខេត្ត​អ​ម្រិ​ន្ទ​បូរ​ ​(​ស្រុក​បរិបូណ៌​ ​សព្វថ្ងៃ​នេះ​)​ ​ងារ​ ​«​មង្គល​សត្ថា​»​ ​ដែល​បាន​ប្រគល់​ទូក​ឈ្មោះ​ដើម​ថា​ ​«​សារាយអណ្តែត​»​ ​នេះ​ ​ថ្វាយព្រះ​ ​ចន្ទ​រាជា​ ​ព្រោះ​វា​ជា​ទូក​ដែល​មាន​ល្បឿន​លឿន​អស្ចារ្យ​ហួស​ទូក​ទាំងពួង​ក្នុង​គ្រាស​ម័យ​នោះ​៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS