ទម្លាប់សាមញ្ញ ១២យ៉ាង ធ្វើឲ្យអ្នកប្រឈមកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន
TRAVEL & LIVING 5 years agoមនុស្សទូទៅតែងគិតថា គ្មានជំងឺអ្វីកាចសាហាវជាងជំងឺអេដស៍ និងជំងឺថ្លើមនោះទេ ប៉ុន្តែបច្ចុប្បន្ននេះ ជំងឺទឹកនោមផ្អែមកាន់តែវាយលុក និងគួរឲ្យខ្លាចរអាជាជាងជំងឺផ្សេងៗដែលបានរៀបរាប់នៅខាងលើទៅទៀត។ ការពិតណាស់ មកទល់ពេលនេះជំងឺទឹកនោមផ្អែមនៅមិនទាន់មានឱសថឬវិធីសាស្ត្រណាមួយព្យាបាលនៅឡើយ ខណៈចំនួនអ្នកកើតជំងឺទឹកនោមផ្អែមមានការកើនឡើងជាលំដាប់ ដោយសារមនុស្សភាគច្រើនមានការធ្វេសប្រហែសទៅលើរបបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃ។ ដូចដែលបានឃើញជាក់ស្តែងជំងឺទឹកនោមផ្អែមប្រសិនបើកើតហើយគឺមានតែវិវត្តទៅមុខជានិច្ច ពិសេសចំពោះអ្នកមិនយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពត្រឹមត្រូវអាចនឹងធ្វើឲ្យជំងឺវាយប្រហារកាន់តែធ្ងន់ធ្ងរដែលត្រូវធ្វើការព្យាបាលរុំារ៉ៃរហូតដល់កាត់ដៃកាត់ជើងក៏មាន។ រោគសញ្ញានៃជំងឺទឹកនោមផ្អែមជាទូទៅមានដូចជា ឃ្លានញឹកញាប់ តែងតែអស់កម្លាំង ស្រេកទឹកខ្លាំង នោមញឹកញាប់ ស្ងួតមាត់ ឡើងរមាស់លើស្បែក កម្រិតមើលឃើញធ្លាក់ចុះ ឡើងទម្ងន់ខុសធម្មតា និងឈឺឬស្ពឹកស្រពន់នៅលើប្រអប់ជើង និងជើងជាដើម។ យ៉ាងណាមិញ ដើម្បីបង្ការខ្លួនពីជំងឺទឹកនោមផ្អែម យើងគ្រប់គ្នាគួរឧហ្សាហ៍កត់សម្គាល់ និងគួរជៀសវាងនូវទម្លាប់សាមញ្ញទាំង១២យ៉ាងខាងក្រោមដែលអាចរុញច្រានយើងឲ្យកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។
1.ទម្លាប់នៅកន្លែងធ្វើការ :ដឹងហើយតែនៅតែធ្វើ ឬអាចនិយាយបានថាជាទម្លាប់ទៅហើយសម្រាប់អ្នកធ្វើការការិយាល័យដែលភាគច្រើនចូលចិត្តទទួលទានអាហារពេលព្រឹកដោយជ្រើសរើសកាហ្វេមកចម្អែតក្រពះជាមួយនំប៉័ងផ្អែម។ អ្នកដឹងថារបបអាហារនេះមិនល្អចំពោះសុខភាព ប៉ុន្តែអ្នកនៅតែអត់វាមិនបានមែនទេ?។ ទោះយ៉ាងណាមុនពេលចាប់កាន់អាហារទាំងនេះ អ្នកគួរគិតទៅលើគុណវិបត្តិទាំងនេះជាមុនសិន។ តាមរយៈការសិក្សានៅចក្រភពអង់គ្លេសបានរកឃើញថាមនុស្សជិត ៤០០០នាក់ ដែលទម្លាប់ទទួលទានអាហារពេលព្រឹកមានជាតិផ្អែមកំពុងប្រឈមកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងធ្វើឲ្យប្រព័ន្ធមេតាប៉ូលីសចុះខ្សោយដែលជាករណីឆ្ពោះទៅរកជំងឺទឹកនោមផ្អែមទាំងប្រភេទទី១ និងទី២។ ដូចនេះប្រសិនបើអ្នកមិនចង់ស្តាយក្រោយគួរចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ពីឡូវនេះ។
2.គេងយប់ជ្រៅ : បច្ចុប្បន្នមនុស្សជាច្រើនមានការញៀននឹងលេងទូរសព្ទរហូតដល់យប់ជ្រៅឬរហូតទាបភ្លឺ ដែលទម្លាប់ដដែលប្រចាំថ្ងៃនេះនឹងធ្វើឲ្យអ្នកប្រឈមជំងឺទឹកនោមផ្អែមបានយ៉ាងងាយ។ ជាក់ស្តែងតាមការសិក្សាស្រាវជ្រាវរបស់កូរ៉េបានរកឃើញថាអ្នកទម្លាប់ចូលគេងហួសម៉ោង ១២យប់ងាយប្រឈមជំងឺទឹកនោមផ្អែមជាងអ្នកដែលចូលគេងមុនម៉ោង ១២ បើទោះពួកគេបានគេងដល់ទៅ ៧ឬ៨ម៉ោងក៏ដោយ។ លើសពីនេះ អ្នកចូលចិត្តមើលទូរទស្សន៍ឬទូរសព្ទរហូតទាបភ្លឺក៏បង្កជាករណីធ្វើឲ្យអ័ងសុយលីនថយចុះ និងកម្រិតគ្រប់គ្រងជាតិស្ករក្នុងឈាមធ្លាក់ចុះផងដែរ ពិសេសការគេងយប់ជ្រៅគឺជាកត្តាទទួលទានដំណេកមិនគ្រប់គ្រាន់ដែលអាចបង្អាក់ដល់ដំណើរការប្រព័ន្ធមេតាប៉ូលីស។ ទម្លាប់ដ៏ល្អបំផុតគួរចូលគេងពីព្រលប់ឬមុនម៉ោង១២ និងគេងឲ្យបានយ៉ាងហោចណាស់ពី ៧ទៅ ៨ម៉ោង។
3.អង្គុយច្រើន :មិនថាអ្នកអង្គុយនៅកន្លែងធ្វើការ ឬចំណាយពេលអង្គុយមើលទូរទស្សន៍ច្រើនម៉ោងនៅផ្ទះថ្ងៃចុងសប្តាហ៍ គឺសុទ្ធតែបង្កើនការប្រឈមកើតជំងឺទឹកនោមផ្អែមរហូតដល់ទៅ ៣,៤ភាគរយ។ ការអង្គុយច្រើនក៏អាចធ្វើឲ្យជាតិខ្លាញ់កកផ្តុំនៅក្នុងរាងកាយ ពិសេសបង្កើនទំហំចង្កេះកាន់តែធំ ព្រមទាំងធ្វើឲ្យឡើងក្បាលពោះដែលជាករណីប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមបានយ៉ាងងាយបំផុត ដោយសារតែអ័ងសុយលីននៅក្នុងរាងកាយត្រូវបានកាត់បន្ថយ។
4.ចូលចិត្តនៅម្នាក់ឯង :បើទោះមិនទាន់មាននរណាច្បាស់លាស់ទាំងស្រុងនូវចំណុចមួយនេះ ប៉ុន្តែការសិក្សាថ្មីថ្មោងមួយបានលើកឡើងថាការចូលចិត្តនៅម្នាក់ឯងឬសម្ងំតែក្នុងបន្ទប់រវល់តែជាមួយទូរសព្ទ និងលេងបណ្តាញសង្គម អាចធ្វើឲ្យប្រឈមនឹងជំងឺទឹកនោមផ្អែមផងដែរ។ អ្នកជំនាញបានផ្តល់ដំបូន្មានឲ្យមនុស្សគ្រប់រូបគួរតែចំណាយពេលចេញទៅខាងក្រៅធ្វើលំហាត់ប្រាណ មានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ឬធ្វើដំណើរកម្សាន្តអារម្មណ៍ដើម្បីជំរុញឲ្យប្រព័ន្ធរាងកាយមានថាមពលខ្លាំងក្លា និងស្មារតីល្អប្រសើរជាជាងសម្ងំនៅមួយកន្លែងតែម្នាក់ឯង។
5.បរិភោគអាហារផ្ទុកជាតិកាឡូរីច្រើននៅពេលយប់ :គ្រប់អាហារទាំងអស់ដែលមានផ្ទុកជាតិកាឡូរីធ្វើឲ្យធាត់ ប្រសិនបើអ្នកបរិភោគនៅពេលយប់គឺងាយប្រឈមនឹងកើតជំងឺទឹកនោមផ្អែមបំផុត។ ជាក់ស្តែង តាមការសិក្សាស្រាវជ្រាវមួយបានរកឃើញថា អ្នកដែលបរិភោគអាហារមានផ្ទុកជាតិកាឡូរីនៅពេលពាក់កណ្តាលយប់អាចបង្កករណីជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយអ័ងសុយលីនក៏ធ្លាក់ចុះដែលជាករណីឆ្ពោះទៅរកជំងឺទំនោមផ្អែមប្រភេទទី២។
6.បោះបង់អាហារពេលព្រឹក :អ្នកសិក្សាស្រាវជ្រាវទៅលើជំងឺទឹកនោមផ្អែមបានលើកឡើងថា នៅពេលដែលយើងបង្អត់អាហាររាងកាយ នោះនឹងធ្វើឲ្យអ័ងសុយលីនដែលការពារជំងឺទឹកនោមផ្អែមត្រូវបានចុះខ្សោយ ហើយធ្វើឲ្យកម្រិតគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែយ៉ាប់យ៉ឺន។ ការពិតណាស់ អ្នកចូលចិត្តតមអាហារពេលព្រឹក ពិសេសស្ត្រី គឺមិនត្រឹមតែជាការវាយប្រហារចំពោះសុខភាព និងធ្វើឲ្យឃ្លានប៉ុណ្ណោះទេ តែថែមទាំងបង្កើនផលប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទទី២បានយ៉ាងងាយផងដែរ។
7.កង្វះទទួលយកសារធាតុប្រូបាយអូទិក (Probiotics) :ការប្រឈមជំងឺទឹកនោមផ្អែមនឹងកើនឡើងនៅពេលដែលអ្នកមានបាក់តេរីមិនល្អនៅក្នុងពោះវៀនច្រើនជាងបាក់តេរីល្អ។ ជាការពិតក្រពះពិតជាត្រូវការបាក់តេរីល្អដែលហៅថា ប្រូបាយអូទិក ដើម្បីជំនួយការរំលាយអាហារបានត្រឹមត្រូវ។ ការកង្វះប្រូបាយអូទិកនឹងបង្កឲ្យមានការហើមរលាកអាចឆ្ពោះទៅរកអ័ងសុយលីនចុះខ្សោយដែលជាអាវុធប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ ដើម្បីបង្កើនអ័ងសុយលីន គួរទទួលទានអាហារដូចជា ទឹកដោះគោជូរ ស្ពៃក្តោប និងឈីសខ្លះៗជាការស្រេច។
8.ទម្លាប់ញុំាប្រៃ :អ្នកទម្លាប់ញុំាអាហាររសជាតិប្រៃខ្លាំង គួរតែកាត់បន្ថយចាប់ពីឥឡូវនេះ ដោយសារតែជាតិសូដ្យូមច្រើននឹងបង្កឲ្យប្រឈមជំងឺទឹកនោមផ្អែមប្រភេទទី២។ តាមរយៈការសិក្សាស្រាវជ្រាវមួយ អ្នកដែលចូលចិត្តទទួលទានអាហារមានរសជាតិប្រៃខ្លាំងអាចប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទទី ២រហូតដល់ទៅ ៥៨ ភាគរយបើធៀបទៅនឹងអ្នកបរិភោគកម្រិតជាតិប្រៃទាប។ ពិតប្រាកដណាស់ការទទួលយកសូដ្យូមខ្ពស់ក៏ជាឱកាសរុញច្រានឲ្យអ្នកឡើងសម្ពាធឈាមខ្ពស់ និងឡើងទម្ងន់ផងដែរ។
9.ផឹកគ្រឿងស្រវឹងច្រើន :បើទោះការសិក្សាមួយចំនួនលើកឡើងថាការផឹកសុរ៉ាអាចការពារពីជំងឺទឹកនោមផ្អែម ប៉ុន្តែការស្រាវជ្រាវផ្សេងៗទៀតក៏ចេញជាលទ្ធផលជាក់ស្តែងថា អ្នកចូលចិត្តផឹកសុរ៉ាច្រើនអាចប្រឈមជំងឺទឹកនោមផ្អែមយ៉ាងពិតប្រាកដ ជាពិសេសមនុស្សស្រីដែលធាត់។ ហេតុដូចនេះបរិមាណទទួលទានសមស្របបំផុតគឺសម្រាប់បុរស ២កែវក្នុងមួយថ្ងៃ រីឯស្ត្រី ១កែវក្នុងមួយថ្ងៃ។
10.ផឹកទឹកតិច :តាមរយៈការសិក្សាមួយបានស្រាវជ្រាវអំពីបរិមាណនៃការផឹកទឹកដែលរកឃើញថា អ្នកដែលផឹកទឹកតិចអាចប្រឈមនឹងជំងឺទឹកនោមផ្អែមដោយសារតែបានទទួលយកជាតិទឹកមិនគ្រប់គ្រាន់ទៅលាងសម្អាតជាតិស្ករដែលឡើងខ្ពស់នៅក្នុងឈាម។ អ្នកវិទ្យាសាស្ត្របានឲ្យដឹងដែរថា ជាតិស្ករនៅក្នុងឈាមនឹងឡើងខ្ពស់នៅពេលដែលតម្រងនោម និងថ្លើមទទួលយកជាតិទឹកមិនគ្រប់គ្រាន់ ហើយសម្រាប់អ្នកផឹកទឹកតិចតែបរិភោគអាហារច្រើនក៏នឹងធ្វើឲ្យថាមពលរាងកាយចុះខ្សោយរួមទាំងគ្មានភាពសកម្មភាពផងដែរ។ ដូច្នេះគួរផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន យ៉ាងហោចណាស់ក៏២លីត្រដែរក្នុងមួយថ្ងៃ ម្យ៉ាងទឹកមានសារៈសំខាន់បំផុតចំពោះសុខភាពរាងកាយ និងសម្រស់ដែលមិនត្រឹមតែផ្តល់ថាមពលរាងកាយ និងធ្វើឲ្យខួរក្បាលល្អប្រសើរនោះទេ តែថែមទាំងផ្តល់ឲ្យសម្រស់ស្បែកភ្លឺថ្លា ការពារឡើងទម្ងន់ ពិសេសការពារពីជំងឺទឹកនោមផ្អែមផងដែរ។
11.កង្វះសារធាតុកាបូនអ៊ីដ្រាត :គ្រូពេទ្យជំនាញផ្នែករបបអាហារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលរកឃើញថា មនុស្សដែលទទួលទានអាហារកង្វះសារធាតុកាបូនអ៊ីដ្រាតមានការប្រឈមខ្ពស់នឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ខណៈគ្រាប់ធញ្ញជាតិគឺជារបបអាហារជួយបង្កើនទៅដល់អ័ងសុយលីនដែលការពារពីជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព។ ដូចនេះដើម្បីទទួលបានសារធាតុកាបូនអ៊ីដ្រាតគ្រប់គ្រាន់ អ្នកគួរទទួលទានអាហារដែលផ្ទុកទៅដោយសារធាតុចិញ្ចឹម និងសារធាតុកាបូនអីដ្រាតដូចជាពពួក ទឹកដោះគោជូរ ផ្លែប័ររី គ្រាប់ធញ្ញជាតិ សណ្តែកខ្មៅ និងជៀសវាងពពួកអាហាររហ័ស និងប្រភេទនំឡើងដូចជានំប៉័ងជាដើម។ យ៉ាងណាមិញ បន្លែក៏ជាផ្នែកដ៏មានសារៈសំខាន់ចំពោះរបបអាហារប្រចាំថ្ងៃ ហើយបន្លែដែលមានផ្ទុកសារធាតុកាបូនអ៊ីដ្រាតច្រើនបំផុតគឺពោត និង សណ្តែកបារាំង។ ដូច្នេះគួរបញ្ចូលអាហារធម្មជាតិទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីការពារខ្លួនពីជំងឺទឹកនោមផ្អែម។
12.ស្ត្រេសខ្លាំង :ការបណ្តោយខ្លួនឲ្យ ស្ត្រេស ឬតប់ប្រមល់ក៏ជាកត្តាជំរុញឲ្យប្រឈមជំងឺទឹកនោមផ្អែមផងដែរ។ ជាក់ស្តែង ស្ត្រេសអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ចលនាបេះដូងដើរមិនប្រក្រតី ឡើងសម្ពាធឈាម និងធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ យើងអាចសម្គាល់ឃើញថា អ្នកមានអារម្មណ៍ស្ត្រេសរមែងទទួលទានអាហារមិនត្រឹមត្រូវ និងមិនធ្វើលំហាត់ប្រាណ ដែលកត្តាទាំងនេះបានបង្កការប្រឈមនឹងជំងឺទឹកនោមផ្អែមយ៉ាងងាយ។
សរុបមក ការការពារប្រសើរជាងព្យាបាល ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយប្រភេទដ៏កាចសាហាវដែលមនុស្សគ្រប់រូបគួរយកចិត្តទុកដាក់ក្នុងការថែរក្សាការពារខ្លួន ពិសេសប្រសិនបើមានទម្លាប់ដូចបានរៀបរាប់ខាងលើគួរតែកាត់បន្ថយចាប់ពីថ្ងៃនេះតទៅដើម្បីកុំឲ្យមានពាក្យស្តាយក្រោយនៅពេលជំងឺព្យាបាលមិនជានេះកើតឡើង។ អូ! ជាមួយគ្នានេះដែរ សូវរីន សូមបង្ហើបនូវវិធីការពារខ្លួនពីជំងឺទឹកនោមផ្អែមបន្ថែមទៀតដូចជា៖ កាត់បន្ថយទទួលទានអាហារមានជាតិកាឡូរី ជៀសវាងអាហាររហ័សឬអាហារឡើង បរិភោគអាហារពេលព្រឹកជាប្រចាំ កុំទម្លាប់បង្អត់អាហារយូរ រក្សាទម្ងន់ឲ្យថេរ ដើរច្រើនអង្គុយតិច កាត់បន្ថយមើលទូរសព្ទ ធ្វើលំហាត់ប្រាណណាមួយយ៉ាងហោចណាស់ ២០នាទីក្នុងមួយថ្ងៃ គេងឲ្យគ្រប់គ្រាន់ និងចំណាយពេលចេញទៅក្រៅកម្សាន្តបន្ធូរអារម្មណ៍ទើបជាការប្រសើរ៕
Article by HEM SOKKHM