×

ឆាយ លីអាន បង្ហើប​គន្លឹះ​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​

NEWS 5 years ago
 
 

          កន្លងមក​សិស្ស​ជាច្រើន​បាន​ចាត់ទុក​ ​«​គណិតវិទ្យា​»​ ​គឺជា​មុខវិជ្ជា​មួយ​ដែល​លំបាក​ ​និង​ត្រូវ​ប្រើ​ខួរក្បាល​ខ្លាំង​ក្នុង​ការសិក្សា​ ​ហើយ​សម្រាប់​អ្នក​ដែល​ចង់​ចេះ​មុខវិជ្ជា​នេះ​រមែង​ទាមទារ​ឲ្យ​ខិតខំ​ហ្វឹកហាត់​ ​និង​ស្វែងយល់​កាន់តែ​ច្រើន​អំពី​វិធី​ក្នុង​ការ​គណនា​។​ ​យ៉ាងណាមិញ​ ​បើ​ទោះ​មុខវិជ្ជា​នេះ​មាន​ភាព​លំបាក​យ៉ាងណា​ក្តី​ ​ក៏ប៉ុន្តែ​មាន​សិស្ស​មិន​តិច​ទេ​ដែល​មាន​ចំណូលចិត្ត​ផ្នែក​គណនា​លេខ​ ​ចង់​ក្លាយជា​សិស្ស​ជំនាញ​ ​ឬ​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ផង​ដែរ​។​ ​ចុះ​ដើម្បី​ក្លាយជា​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ ​តើ​សិស្ស​គ្រប់រូប​គួរ​សិក្សា​ដូចម្តេច​ខ្លះ​?​ ​ហើយ​តើ​គួរ​ហ្វឹកហាត់​ទៅលើ​ចំណុច​អ្វីខ្លះ​?​ ​ដើម្បី​ឆ្លើយតបទៅនឹង​សំណួរ​ខាងលើ​នេះ​សូ​វរីន​ ​បាន​ធ្វើការ​អញ្ជើញ​សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំង​ប្រទេស​កម្ពុជា​ម្នាក់​ ​មក​ចូលរួម​បកស្រាយ​ ​ក៏ដូចជា​ចែករំលែក​បទពិសោធន៍​នូវ​គន្លឹះ​ក្នុង​ការសិក្សា​មុខវិជ្ជា​គណិតវិទ្យា​ប្រកបដោយ​ភាព​ជោគជ័យ​។​ ​

          ​«​តាមពិត​ទៅ​ចំណុច​ដែល​ត្រូវ​ចាប់ផ្តើម​ក្នុង​ការសិក្សា​គណិតវិទ្យា​នោះ​គឺ​ត្រូវ​យកចិត្ត​ទុកដាក់​ ​និង​ស្តាប់​គ្រូ​ដោយ​ការ​ប្រុងប្រយ័ត្ន​ជាទីបំផុត​ ​ពិសេស​ត្រូវ​ខិតខំ​សិក្សា​ចាប់​ឲ្យបាន​នូវ​មេរៀន​នៅ​ជំពូក​ដំបូង​គេ​បង្អស់​ ​ពីព្រោះ​មេរៀន​ដំបូង​គឺជា​ស្នូល​ ​និង​ជា​គ្រឹះ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​យក​ទៅ​អនុវត្ត​នៅ​មេរៀន​បន្តបន្ទាប់​។​ ​បន្ទាប់មក​ ​យើង​ត្រូវ​សង្កេត​ឲ្យបាន​ល្អិតល្អន់​ ​រួច​ច្បិច​យក​នូវ​ចំណុច​ណា​ដែល​យើង​មាន​ភាព​ស្រពេច​ស្រពិល​នៃ​ខ្លឹមសារ​មេរៀន​ ​រួចហើយ​យក​វា​មក​មើល​ម្តង​ទៀត​»​ ​។​ ​នេះ​ជា​ការ​លើកឡើង​របស់​ ​ឆាយ​ ​លី​អាន​ ​ដែល​ជា​សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំង​ប្រទេស​ ​ដែល​បច្ចុប្បន្ន​លោក​កំពុងតែ​បន្ត​ការសិក្សា​នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​ ​យ៉ាងណាមិញ​ ​ភាព​អត់ធ្មត់​គឺជា​រឿង​មួយ​ដ៏​សំខាន់​ ​ហើយ​ការសិក្សា​ទៅលើ​ផ្នែក​គណិតវិទ្យា​ក៏​ទាមទារ​ពេល​ច្រើន​ក្នុង​ការ​ស្វែងយល់​ផង​ដែរ​ ​ជាក់ស្តែង​ ​ឆាយ​ ​លី​អាន​ ​បាន​បន្ត​ថា​ ​«​ក្រោយពី​ខ្ញុំ​បាន​ប្រមូល​ផ្តុំ​នូវ​គន្លឹះ​ក្នុង​ការ​ដោះស្រាយ​លំហាត់​រួច​ ​ខ្ញុំ​ក៏​ចាប់ផ្តើម​យក​វា​មក​មើល​ជាច្រើន​ដង​ច្រើន​សារ​ ​ជួនកាល​ខ្ញុំ​មើល​មេ​រៀ​នដ​ដែល​ៗ​នឹង៤ទៅ៥ដង​ក្នុង​មួយថ្ងៃ​ ​បន្ទាប់មក​ទើប​ខ្ញុំ​ចាប់ផ្តើម​ធ្វើលំ​ហាត់​ដែល​គ្រូ​បាន​ដាក់ឲ្យ​ ​ហើយ​ពេល​ដែល​ខ្ញុំ​ធ្វើលំ​ហាត់​រួចរាល់​អស់​ ​ខ្ញុំ​ក៏​ចាប់ផ្តើម​បន្ត​ធ្វើលំ​ហាត់​គណនា​ក្នុង​កម្រិត​ខ្លាំង​ជាង​មុន​បន្តិច​ម្តង​ៗ​ដែល​ខុស​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​រៀន​»​។​

​          ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​ឆាយ​ ​លី​អាន​ ​ក៏បាន​បញ្ជាក់​យ៉ាង​មុតមាំ​ថា​«​បើ​តាម​ការសង្កេត​របស់ខ្ញុំ​ ​អ្នកខ្លះ​គាត់​និយាយ​ថា​ ​បើ​អនុវត្ត​លំហាត់​កាន់តែ​ច្រើន​ ​កាន់តែ​ឆាប់​ចេះ​ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ​គិតថា​ ​បើ​យើង​យល់​ពី​មេរៀន​មួយ​ច្បាស់​ហើយ​ ​ទោះបី​យើង​ធ្វើលំ​ហាត់​តិច​ក៏​វា​អាច​ធ្វើឲ្យ​យើង​ចេះ​ដោះស្រាយ​លំហាត់​បាន​ច្រើន​ដែរ​ ​ម៉្យាងវិញទៀត​យើង​ក៏អាច​បំបែក​មុំ​នៃ​មេរៀន​នោះ​យក​មក​ដោះស្រាយ​លំហាត់​ណា​ដែល​ពិបាក​បំផុត​បាន​ដូចគ្នា​»​។​

​          ជាចុងក្រោយ​ ​ឆាយ​ ​លី​អាន​ ​ក៏បាន​ផ្តាំផ្ញើ​ទៅ​កាន់​ប្អូន​ៗ​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ផង​ដែរ​ថា​ ​គួរ​ព្យាយាម​សិក្សា​បន្ថែម​ទៅលើ​មុខវិជ្ជា​ដែល​ខ្លួន​ស្រឡាញ់​ ​ជាពិសេស​សិស្ស​ដែល​នឹង​ត្រូវ​ប្រឡង​បាក់ឌុប​ខាងមុខនេះ​គួរ​មាន​ភាព​សកម្ម​ក្នុង​ការសិក្សា​ ​និង​ព្យាយាម​សិក្សា​ស្វែងយល់​បន្ថែម​ឲ្យបាន​កាន់តែ​ច្រើន​ដ្បិត​យើង​ត្រូវ​សិក្សា​មុខជំនាញ​ច្រើន​ក្នុង​ពេល​តែមួយ​ក៏ដោយ​ដើម្បី​យកចំណេះ​ដឹង​ទំាង​អម្បាលម៉ាន​ទៅ​ប្រលង​ប្រកបដោយ​ភាព​ជោគជ័យ​៕​

Article by PAN SIVLY


SUGGESTIONS