ពិព័រណ៍គំនូរឆ្លុះបញ្ចាំងពីសិល្បៈស្ថាបត្យកម្មខ្មែរដ៏រុងរឿងក្រោមស្នាដៃវិចិត្រករវ័យក្មេង ១៥ រូប
NEWS 5 years ago នាពេលបច្ចុប្បន្ននេះ បើក្រឡេកមើលសំណង់អគារជាច្រើននៅរាជធានីភ្នំពេញ និងតាមតំបន់អភិវឌ្ឍន៍មួយចំនួន ឃើញថាពិតជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសស្ថាបត្យកម្ម និងសិល្បៈក្នុងការសាងសង់ហាក់មានរចនាប័ទ្មប្រកបទៅដោយភាពស៊ីវិល័យលាយឡំនឹងទំនើបភាព ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីគំនិតច្នៃប្រឌិត ក៏ដូចជាភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ មែនទែនទៅ បើយើងស្រមៃគិតថាប្រសិនបើប្រទេសកម្ពុជាពុំមានសង្គ្រាម និងរបបប្រល័យពូជសាសន៍នោះទេ ម្ល៉ោះហើយកម្ពុជានឹងកាន់តែមានភាពរីកចម្រើនជាងនេះទៅទៀត ឬអាចនិយាយបានថាសិល្បៈស្ថាបត្យកម្មមិនចាញ់បរទេសឡើយ។ ដោយសារមើលឃើញទៅលើចំណុចមួយនេះ រូបភាពទីក្រុងភ្នំពេញ បានក្លាយទៅជាប្រធានបទចម្បងនៃការតាំងពិព័រណ៍មួយក្រោមប្រធានបទ «ប្រសិនបើមិនមានសង្គ្រាម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា» ដែលជាពិព័រណ៍គំនូរបែបស្រមើលស្រមៃក្រោមការរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាសហការជាមួយសាលាជំនាញសិល្បៈសូបរូបហ្វាពន្លឺសិល្បៈ។
រូបគំនូរប្រមាណ ១៥ផ្ទាំង ដែលជារូបភាពឆ្លុះបញ្ចាំងពីស្ថាបត្យកម្មខ្មែរដ៏រុងរឿងនៃទីក្រុងភ្នំពេញបានកើតចេញពីស្នាដៃ និងការស្រមើលស្រមៃពីវិចិត្រករវ័យក្មេងបានកំពុងបញ្ឈរខ្លួនទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំងនៅឯវិចិត្រសាលសិល្បៈសហសម័យវិទ្យាស្ថានស្លឹករឹតស្ថិតនៅអគារ H នៃវិទ្យាស្ថានជាតិអប់រំ។ បើតាមការឲ្យដឹងពី លោក សៀង ចិន្តា អ្នកតំណាងឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា លោកបានរៀបរាប់ថា គំនូរទាំងនេះត្រូវបានគូរដោយវិចិត្រករសុទ្ធតែវ័យក្មេងចំនួន ១៥ រូប ហើយគំនូរផ្ទាំងនីមួយៗសុទ្ធសឹងបង្ហាញអំពីសិល្បៈសាងសង់សំណង់អគារទីក្រុងភ្នំពេញដែលផ្សារភ្ជាប់ទៅនឹងសិល្បៈវប្បធម៌ខ្មែរក្នុងបែបផែននៃការស្រមើលស្រមៃរបស់វិចិត្រករម្នាក់ៗ។ ជាក់ស្តែង ពីគំនូរមួយទៅគំនូរមួយយើងសម្គាល់ឃើញសំណង់អគារទីក្រុងភ្នំពេញបានផុសលាតត្រដែតឡើង និងលាយឡំទៅដោយក្បាច់ប្រាសាទអង្គរ រូបអប្សរា ក្បាច់ផ្កាភ្ញី ក្បាច់ផ្សេងៗសុទ្ធតែឆ្លុះបញ្ចាំងអំពីវប្បធម៌ និងអរិយធម៌របស់ខ្មែរពិតៗ។ លោក សៀង ចិន្តា បានបន្ថែមទៀតថា «ពិព័រណ៍នេះនឹងផ្ដល់ឲ្យអ្នកទស្សនាបានស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ និងមានការពិភាក្សាគ្នាថា ប្រសិនបើប្រទេសយើងគ្មានសង្ក្រាម និងអំពើប្រល័យពូជសាសន៍នោះទេ សំណង់អគារប្រាកដជាស្រស់ស្អាតពោរពេញទៅដោយក្បូរក្បាច់រចនាខ្មែរដ៏គួរឲ្យស្ញប់ស្ញែងមិនខាន។ មិនត្រឹមតែប៉ុណ្ណោះ ពិព័រណ៍នេះក៏ជាការបង្ហាញឲ្យប្រជាជនខ្មែរគ្រប់រូបបានយល់ដឹងពីទិដ្ឋភាពនៃសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឯករបស់កម្ពុជានៅក្នុងអតីតកាលផងដែរ»។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍គំនូរដ៏អស្ចារ្យនេះបើកឲ្យសាធារណៈជនចូលទស្សនាដោយសេរីចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩៕
Article by PAN SIVLY
Image Courtesy SEANG CHENDA Image Courtesy SEANG CHENDA Image Courtesy SEANG CHENDAMr. SEANG CHENDA / Image Courtesy SEANG CHENDA