×

ពិព័រណ៍​គំនូរ​ឆ្លុះបញ្ចាំង​ពី​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​រុងរឿង​ក្រោម​ស្នាដៃ​វិចិត្រករ​វ័យក្មេង​ ​១៥​ ​រូប​ ​

NEWS 5 years ago
 
 

​            នា​ពេល​បច្ចុប្បន្ន​នេះ​ ​បើ​ក្រឡេក​មើល​សំណង់​អគារ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​តំបន់​អភិវឌ្ឍន៍​មួយចំនួន​ ​ឃើញថា​ពិតជា​មានការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ ​ពិសេស​ស្ថាបត្យកម្ម​ ​និង​សិល្បៈ​ក្នុង​ការសាងសង់​ហាក់​មាន​រចនាប័ទ្ម​ប្រកប​ទៅ​ដោយ​ភាព​ស៊ីវិល័យ​លាយឡំ​នឹង​ទំនើប​ភាព​ ​ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​គំនិត​ច្នៃប្រឌិត​ ​ក៏ដូចជា​ភាព​រីកចម្រើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។​ ​មែនទែន​ទៅ​ ​បើ​យើង​ស្រមៃ​គិតថា​ប្រសិនបើ​ប្រទេស​កម្ពុជា​ពុំ​មាន​សង្គ្រាម​ ​និង​របប​ប្រល័យ​ពូជសាសន៍​នោះ​ទេ​ ​ម្ល៉ោះហើយ​កម្ពុជា​នឹង​កាន់តែ​មាន​ភាព​រីកចម្រើន​ជាង​នេះ​ទៅទៀត​ ​ឬ​អាច​និយាយ​បាន​ថា​សិល្បៈ​ស្ថាបត្យកម្ម​មិនចាញ់​បរទេស​ឡើយ​។​ ​ដោយសារ​មើលឃើញ​ទៅលើ​ចំណុច​មួយ​នេះ​ ​រូបភាព​ទីក្រុង​ភ្នំពេញ​ ​បាន​ក្លាយទៅជា​ប្រធានបទ​ចម្បង​នៃ​ការ​តាំងពិព័រណ៍​មួយ​ក្រោម​ប្រធានបទ​ ​«​ប្រសិនបើ​មិន​មាន​សង្គ្រាម​ ​និង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​»​ ​ដែល​ជា​ពិព័រណ៍​គំនូរ​បែប​ស្រមើល​ស្រមៃ​ក្រោម​ការរៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​សាលា​ជំនាញ​សិល្បៈ​សូប​រូប​ហ្វា​ពន្លឺ​សិល្បៈ​។​ ​

​            រូបគំនូរ​ប្រមាណ​ ​១៥ផ្ទាំង​ ​ដែល​ជា​រូបភាព​ឆ្លុះបញ្ចាំង​ពី​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​រុងរឿង​នៃ​ទីក្រុង​ភ្នំពេញ​បាន​កើត​ចេញពី​ស្នាដៃ​ ​និង​ការ​ស្រមើល​ស្រមៃ​ពី​វិចិត្រករ​វ័យក្មេង​បាន​កំពុង​បញ្ឈរ​ខ្លួន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​យ៉ាង​ខ្លាំង​នៅ​ឯ​វិចិត្រសាល​សិល្បៈ​សហសម័យ​វិទ្យាស្ថាន​ស្លឹករឹត​ស្ថិតនៅ​អគារ​ ​H​ ​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​ ​បើ​តាម​ការ​ឲ្យដឹង​ពី​ ​លោក​ ​សៀង​ ​ចិន្តា​ ​អ្នកតំណាង​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​លោក​បាន​រៀបរាប់​ថា​ ​គំនូរ​ទាំងនេះ​ត្រូវ​បាន​គូរ​ដោយ​វិចិត្រករ​សុទ្ធតែ​វ័យក្មេង​ចំនួន​ ​១៥​ ​រូប​ ​ហើយ​គំនូរ​ផ្ទាំង​នី​មួយ​ៗ​សុទ្ធសឹង​បង្ហាញ​អំពី​សិល្បៈ​សាងសង់​សំណង់​អគារ​ទីក្រុង​ភ្នំពេញ​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​សិល្បៈ​វប្បធម៌​ខ្មែរ​ក្នុង​បែបផែន​នៃ​ការ​ស្រមើល​ស្រមៃ​របស់​វិចិត្រករ​ម្នា​ក់ៗ​។​ ​ជាក់ស្តែង​ ​ពី​គំនូរ​មួយ​ទៅ​គំនូរ​មួយ​យើង​សម្គាល់​ឃើញ​សំណង់​អគារ​ទីក្រុង​ភ្នំពេញ​បាន​ផុស​លាត​ត្រដែត​ឡើង​ ​និង​លាយឡំ​ទៅ​ដោយ​ក្បាច់​ប្រាសាទ​អង្គរ​ ​រូប​អប្សរា​ ​ក្បាច់​ផ្កាភ្ញី​ ​ក្បាច់​ផ្សេង​ៗ​សុទ្ធតែ​ឆ្លុះបញ្ចាំង​អំពី​វប្បធម៌​ ​និង​អរិយធម៌​របស់​ខ្មែរ​ពិ​តៗ​។​ ​ ​លោក​ ​សៀង​ ​ចិន្តា​ ​បាន​បន្ថែម​ទៀត​ថា​ ​«​ពិព័រណ៍​នេះ​នឹង​ផ្ដល់ឲ្យ​អ្នកទស្សនា​បាន​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​និង​មានការ​ពិភាក្សា​គ្នា​ថា​ ​ប្រសិនបើ​ប្រទេស​យើង​គ្មាន​សង្ក្រាម​ ​និង​អំពើ​ប្រល័យ​ពូជសាសន៍​នោះ​ទេ​ ​សំណង់​អគារ​ប្រាកដជា​ស្រស់​ស្អាត​ពោរពេញ​ទៅ​ដោយ​ក្បូរក្បាច់​រចនា​ខ្មែរ​ដ៏​គួរឲ្យ​ស្ញប់ស្ញែង​មិនខាន​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ពិព័រណ៍​នេះ​ក៏​ជា​ការ​បង្ហាញ​ឲ្យ​ប្រជាជន​ខ្មែរ​គ្រប់រូប​បាន​យល់ដឹង​ពី​ទិដ្ឋភាព​នៃ​សំណង់​អគារ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ល្អឯក​របស់​កម្ពុជា​នៅក្នុង​អតីតកាល​ផង​ដែរ»។​ ​

​            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពិព័រណ៍​គំនូរ​ដ៏​អស្ចារ្យ​នេះ​បើកឲ្យ​សាធារណៈ​ជន​ចូល​ទស្សនា​ដោយសេរី​ចាប់ពី​ថ្ងៃទី៣០​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​រហូតដល់​ ​ថ្ងៃទី២៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​

Image Courtesy SEANG CHENDA Image Courtesy SEANG CHENDA Image Courtesy SEANG CHENDAMr. SEANG CHENDA / Image Courtesy SEANG CHENDA


SUGGESTIONS