នៅថ្ងៃទី១៣ ខែធ្នូ នេះ iflix ដែលជាសេវាកម្មកម្សាន្តឈានមុខគេលើពិភពលោក សម្រាប់ទីផ្សារដែលកំពុងរីកចម្រើនបានប្រកាសជាផ្លូវការនូវការចាក់ផ្សាយខ្សែភាពយន្តខ្មែរថ្មីចំនួនបីនៅលើ iflix កម្ពុជា។ ជាក់ស្តែង ភាពយន្តទាំងបីនោះមានដូចជា៖ «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» «អ្នកនាងម្ចាស់ឡឺកឺ» និង «ក្រមុំសៅកែ» ដែលអ្នកអាចទស្សនាដោយសេរីនៅលើ iflix ហើយភាពយន្តនេះមាននៅក្នុងចំណោមភាពយន្តខ្មែរចំនួន ១៦ដែលមានស្រាប់ និងកំពុងមានប្រជាប្រិយភាពនៅលើ iflix។
លោក Harry Ward អ្នកគ្រប់គ្រង iflix ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖« ពួកយើងសប្បាយចិត្ត និងមានមោទកភាពដែលមានឱកាសបានចូលរួមការងារជាមួយនឹងផលិតកម្មមហាហង្ស។ វាពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលពួកយើងអាចក្លាយជាដៃគូសហការគ្នាយ៉ាងល្អក្នុងការដាក់បញ្ចាំងភាពយន្តរបស់ផលិតកម្មមហាហង្សក្នុងសេវាកម្មកម្សាន្តរបស់ពួកយើង។ ការសហការនេះបានសបញ្ជាក់ឲ្យឃើញថា iflix កម្ពុជាមានបំណងបង្ហាញស្នាដៃរបស់កូនខ្មែរ រួមជាមួយភាពយន្តផ្សេងទៀតរបស់យើងទៅទូទាំងពិភពលោក។ ពួកយើងជឿជាក់ថាអ្នកប្រើប្រាស់ទាំងអស់នឹងពេញចិត្តភាពយន្ត និងរឿងភាគដ៏អស្ចារ្យជាច្រើនបែបច្រើនរសជាតិពីផលិតកម្មមហាហង្ស។»
ជាមួយគ្នានេះ លោក អិន សុភិន ជាប្រធានផ្នែកគ្រប់គ្រងនៃផលិតកម្មមហាហង្ស ក៏មានប្រសាសន៍បន្ថែមដែរថា « iflix ដែលជាសេវាកម្មកម្សាន្តឈានមុខគេលើពិភពលោកសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន គឺជាដៃគូដ៏ពិសេសក្នុងការរួមការងារជាមួយគ្នា។ ខ្ញុំពិតជាមានកិត្តិយសណាស់ ក្នុងការចូលរួមសហការនេះ ព្រោះវាបានបង្ហាញពីការគាំទ្រឧស្សាហកម្មខ្សែភាពយន្តរបស់កម្ពុជា ដែលផ្តល់ជូននូវសេវាកម្ម និងគុណភាពដ៏ពិសេសបំផុតជូនទៅដល់ទស្សនិកជន។ ខ្ញុំសង្ឃឹមថា ការចូលរួមសហការនេះនឹងមានភាពយូរអង្វែង ដែលនឹងធ្វើឲ្យឧស្សាហកម្មខ្សែភាពយន្តខ្មែររីកចម្រើនទៅមុខ។»
គួរបញ្ជាក់ផងដែរថា iflix គឺជាសេវាកម្មកម្សាន្តឈានមុខគេលើពិភពលោកក្នុងទីផ្សារ ដែលកំពុងរីកចម្រើនផ្តល់ជូននូវជម្រើសជាច្រើន និងទូលំទូលាយដល់អតិថិជនក្នុងការទស្សនាកម្មវិធីទូរទស្សន៍ ខ្សែភាពយន្ត ភាពយន្តក្នុងស្រុក ការផ្សាយបន្តផ្ទាល់ ព័ត៌មានទាន់ហេតុការណ៍នៅជុំវិញពិភពលោក មិនថានៅកន្លែងណា ពេលណា លោកអ្នកអាចទាញយកបានដោយគ្រាន់តែលោកអ្នកភ្ជាប់ជាមួយឧបករណ៍ដែលមានអ៊ីនធឺណែត។ ដើម្បីទស្សនាខ្សែភាពយន្តនៅលើ iflix បានលោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ iflix.com និងចុច Just Play! ជាការស្រេច៕
Article by PAN SIVLY
Image Courtesy: iflixImage Courtesy: iflixImage Courtesy: iflix