×

«​SUDrain​»​ ​គម្រោង​អាជីវកម្ម​ថ្មី​ដោយ​ប្រើ​ស្រកីដូង​ដើម្បី​ចម្រោះ​ទឹក​កខ្វក់​

NEWS 5 years ago
 
 

          ​គម្រោង​អាជីវកម្ម​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ដោយមាន​ស្ថេរ​ភាព​ ​ក្រោម​គំនិត​ដោះស្រាយ​បញ្ហា​បំពុល​ដោយ​សំណល់​ទឹក​កខ្វក់​មានឈ្មោះ​ថា​ ​SUDrain​ ​ទើបតែ​បាន​ទទួល​ជ័យលាភី​លេខ១ក្នុង​ការប្រកួត​ ​Smart​ ​Spark​ ​ដែល​ទទួល​បាន​រង្វាន់​ជា​សាច់ប្រាក់​ ​៣០០០ដុល្លារ​។​ ​គម្រោង​ ​SUDrain​ ​ត្រូវ​បាន​ឲ្យដឹង​ថា​ ​ជា​ការបង្កើត​ឧបករណ៍​ចម្រោះ​ទឹក​កខ្វក់​ ​សម្រាប់​ប្រើប្រាស់​នៅក្នុង​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ដែល​មានតម្លៃ​សមរម្យ​សម្រាប់​សហគ្រិន​ក្នុង​ស្រុក​។​

          ​កញ្ញា​ ​វន​ ​ថា​រី​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​SUDrain​ ​និង​ជា​អ្នកស្រាវជ្រាវ​ផលិត​ឧបករណ៍​ចម្រោះ​នេះ​បាន​លើកឡើង​ថា​ ​គម្រោង​អាជីវកម្ម​នេះ​ត្រូវ​បាន​លើកឡើង​ដោយ​យកចិត្ត​ទុកដាក់​បំផុត​ ​ក្រោយពី​បាន​អង្កេត​ឃើញថា​មានការ​កើនឡើង​ជាបន្តបន្ទាប់​នូវ​ការ​បំពុល​ដោយ​ទឹក​កខ្វក់​ ​និង​សារជាតិ​ពុល​ពី​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ក្រុមហ៊ុន​សាងសង់​ ​ដូចជា​ក្រុមហ៊ុន​សាងសង់​សំណង់​បុរី​ជាដើម​ ​។​ ​មាន​វ័យ​ ​២៧ឆ្នាំ​ ​ស្ថាបនិក​រូប​នេះ​គឺជា​អ្នកស្រាវជ្រាវ​ផ្នែក​ទឹក​កខ្វក់​នៅក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​និង​ជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​មក​ពី​ប្រទេស​ហូ​ឡង់​ផង​ ​បាន​បន្ថែម​ទៀត​ថា​ ​សហគ្រិន​ក្នុង​ស្រុក​មានការ​លំ​បា​ក​ខ្លះ​ៗ​ ​ទាក់ទង​នឹង​ការស្វែងរក​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​ចម្រោះ​ទឹក​កខ្វក់​ ​ដោយសារតែ​ភាគច្រើន​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​ការ​ផ្គត់ផ្គង់​ទ្រង់ទ្រាយ​ធំ​ ​ហួសពី​ទំហំ​តម្រូវការ​នៃ​សហគ្រាស​របស់​ពួកគេ​។​

          ​​កញ្ញា​ ​ថា​រី​ ​និយាយ​ថា​ ​«​មនុស្សយើង​រស់នៅ​ម្នា​ក់ៗ​តែងតែ​ចង់​រស់នៅ​ដោយមាន​ផាសុកភាព​ ​ប៉ុន្តែ​តាមរយៈ​ការ​បញ្ចេញ​សំណល់​កខ្វក់​ដោយ​មិនបាន​ចម្រោះ​ ​វា​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​រស់នៅ​តំបន់​អាណា​ធិប​តេយ្យ​ ​ធ្វើឲ្យ​ពួកគេ​ងាយ​ប្រឈម​នឹង​ជំងឺ​ ​អ្នកប្រើ​ប្រាស់​ទឹក​ដើម្បី​ប្រកបរបរ​រស់នៅ​ជាដើម​។​»​

          ​​កញ្ញា​បន្ត​ទៀត​ថា​ ​«​ខ្ញុំ​បង្កើត​គម្រោង​នេះ​ឡើង​ ​ដោយសារ​យល់ឃើញ​ថា​ការ​បំពុល​ទឹក​ផ្តល់​ផល​ប៉ះពាល់​យ៉ាងច្រើន​នៅ​ទីក្រុង​ ​និង​ជាយក្រុង​ ​ពិសេស​ដល់​អ្នក​រស់នៅ​តំបន់​អាណា​ធិប​តេយ្យ​។​»​ ​គម្រោង​នេះ​វា​សមស្រប​ជាមួយនឹង​ច្បាប់​ថ្មី​របស់ក្រ​សួង​បរិស្ថាន​ដែល​កំណត់​ឲ្យ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ទាំងអស់​មានការ​ទទួលខុសត្រូវ​លើ​សំណល់​ទឹក​កខ្វក់​របស់​ខ្លួន​ ​ហើយ​អាជីវកម្ម​ដែល​មិន​អាច​គ្រប់គ្រង​សំណល់​ទឹក​កខ្វក់​របស់​ខ្លួន​បាន​ ​នឹង​ប្រឈម​នឹង​ការ​ពិ​ន័យ​ផ្សេង​ៗ​។​ ​ទឹកដែល​មាន​សារជាតិ​ពុល​ជាច្រើន​ត្រូវ​បាន​បង្ហូរ​ចេញ​ដោយ​ផ្ទាល់​ពី​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​និង​ក្រុមហ៊ុន​សាងសង់​ទាំងនោះ​ទៅកាន់​ទន្លេ​ ​ស្ទឹង​ ​បឹង​ ​ដែល​ជា​ប្រភព​ទឹក​ដ៏​ធំ​ ​ដោយ​ពុំ​បាន​ឆ្លងកាត់​ការ​ចម្រោះ​ឲ្យបាន​ត្រឹមត្រូវ​ ​ឈាន​ទៅដល់​ការ​បំពុល​ដល់​ជីវចម្រុះ​ទាំងឡាយ​ដែល​ប្រើប្រាស់​ប្រភព​ទឹក​ទាំងនោះ​ដោយ​ផ្ទាល់​។​ ​កង្វះ​ការយល់​ដឹង​លើ​វិធី​សាស្រ្ត​ចម្រោះ​ទឹក​ ​ជាផ្នែក​មួយ​ដែល​ញ៉ាំង​ឲ្យ​ម្ចាស់​សហគ្រិន​បន្ត​ការ​បង្ហូរទឹក​កខ្វក់​ដោយ​ផ្ទាល់​ ​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន​។​

          ​បើ​តាម​ការ​ពន្យល់​របស់​ម្ចាស់​អាជីវកម្ម​ ​ឧបករណ៍​នេះ​នឹង​ប្រើប្រាស់​ស្រកីដូង​ ​ដើម្បី​ជា​គ្រឿង​ចម្រោះ​ដោយ​ធម្មជាតិ​ ​ដែល​ធ្វើឲ្យ​ចំណាយ​ថវិកា​តិច​។​ ​ស្រកីដូង​ដែល​យក​មក​ច្នៃ​ជា​វត្ថុធាតុដើម​នៃ​ការ​ច្រោះ​អាច​ប្រើ​បាន​ចាប់ពី​ ​២ទៅ​ ​៥ឆ្នាំ​ ​និង​ ​ស្រកីដូង​នោះ​ក៏អាច​ប្រើជា​ជីកំប៉ុស​បន្ទាប់ពី​អស់អាយុ​ប្រើប្រាស់​ ​ដែល​ធ្វើឲ្យ​ ​«SUDrain​ ​ក្លាយជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ដើម្បី​ការងារ​សុខភាព​មនុស្ស​ ​និង​បរិស្ថាន​។​​»​

          ​​ជជីក​សួរ​ខ្លះ​ៗ​ពី​តម្លៃ​នៃ​កា​រតំ​លើង​គ្រឿង​ចម្រោះ​ ​SUDrain​ ​កញ្ញា​ ​ថា​រី​បាន​អធិប្បាយ​ថា​ ​សម្រាប់​សហគ្រាស​ដែល​ប្រើប្រាស់​ទឹក​ប្រមាណ​ ​៣ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ ​នឹង​ត្រូវ​ចំណាយ​ប្រមាណ​ ​១០០០ដុល្លារ​ ​សម្រាប់​ការដំឡើង​ម៉ាស៊ីន​ចម្រោះ​ ​ដែល​តម្លៃ​នេះ​បូករួម​ទាំង​នឹង​ទទួល​បាន​សេវាកម្ម​ជួសជុល​ថែរក្សា​។​ ​បើ​ទោះ​យ៉ាងនេះ​ក្តី​ ​ក្រុមការងារ​ ​SUDrain​ ​ត្រូវការ​ចុះទៅ​ពិភាក្សា​ ​និង​ធ្វើការ​ប៉ាន់ប្រមាណ​ផ្ទាល់​នៅ​ទីតាំង​ដែល​ត្រូវ​ដំឡើង​គ្រឿង​ច្រោះ​ ​អាស្រ័យ​ទៅតាម​ទំហំ​អាជីវកម្ម​ ​និង​ការ​បញ្ចេញ​ទឹក​កខ្វក់​ជាក់ស្តែង​ ​និង​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ប្រភេទ​សំណល់​ទឹក​កខ្វក់​នៃ​សហគ្រាស​ទាំងនោះ​ជាមុន​។​ ​គ្រឿង​ច្រោះ​ដែល​ធ្វើ​ពី​ស្រកីដូង​នោះ​ ​អាច​ផ្លាស់​ប្តូរ​បាន​បន្ទាប់ពី​អស់អាយុ​ ​ដែល​ម្ចាស់​សហគ្រាស​ត្រូវ​ចំណាយ​ត្រឹម​ប្រមាណ​ ​២០០ដុល្លារ​បន្ថែម​។​ ​

          ​«ពីមុន​មក​មាន​សហគ្រាស​ជាច្រើន​ចាប់អារម្មណ៍​លើ​គម្រោង​ម៉ាស៊ីន​ចម្រោះ​ ​ប៉ុន្តែ​មិនបាន​ដំឡើង​ប្រព័ន្ធ​ដោយសារ​មានតម្លៃ​ថ្លៃ​ ​ព្រោះ​ម៉ាស៊ីន​ទាំងនោះ​ត្រូវ​ទាមទារ​ការដំឡើង​ពី​ក្រុមហ៊ុន​ក្រៅ​ស្រុក​ ​និង​មិនបាន​ដឹងពី​កន្លែង​ដែល​អាច​ស្វែងរក​សេវាកម្ម​នេះ​បាន។»​ កញ្ញា​ ​ថា​រី​និយាយ​ថា​ ​SUDrain​ ​ជា​គ្រឿង​ចម្រោះ​ដែល​ផលិត​ដោយក្រុម​ហ៊ុន​ក្នុង​ស្រុក​ ​មានតម្លៃ​ទាប​សមស្រប​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ ​និង​មធ្យម​ ​និង​ក្រុមហ៊ុន​សាងសង់​។​ តាមរយៈ​ការ​ចំណាយ​លើ​ការដំឡើង​តែម្ដង​ ​ម្ចាស់​អាជីវកម្ម​អាច​សន្សំសំចៃ​ ​និង​ជា​ការចូលរួម​ថែរក្សា​បរិស្ថាន​ក្នុង​ពេល​តែមួយ។​ ​​«​ពេលនេះ​មាន​សហគ្រាស២ដែល​គ្រោង​នឹង​ទទួល​សេវាកម្ម​ ​និង​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​កំពុង​ចាប់អារម្មណ៍​។​»​ ​កញ្ញា​ថា​រី​និយាយ​ ​ព្រមទាំង​បញ្ជាក់​ថា​ទោះ​យ៉ាងណា​ក្តី​ ​កញ្ញា​នឹង​ព្យាយាម​ធ្វើការ​ពិសោធន៍​លើ​ឧបករណ៍​ចម្រោះ​នេះ​ឲ្យបាន​ល្អិតល្អន់​ ​ដើម្បី​ជំរុញ​ផែនការអាជីវកម្ម​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕​

Article​ ​by​ ​VA SONYKA


SUGGESTIONS