×

គន្លឹះ​ពង្រឹង​ការ​ចងចាំ​ឲ្យ​ប្រសើរ​ឡើងវិញ​

TRAVEL & LIVING 5 years ago
 
 

            ​ខួរក្បាល​របស់​មនុស្ស​ម្នា​ក់ៗ​ប្រៀបបានទៅ​នឹង​អង្គ​ចងចាំ​មួយ​ដែល​ដំណើរការ​ដូច​ម៉ាស៊ីន​ ​ហើយ​វា​តែងតែ​កត់ត្រា​ ​និង​ថត​ទុកជា​និច្ច​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ដែល​កំពុងតែ​កើតមានឡើង​ជា​រៀងរាល់ថ្ងៃ​។​ ​ដូចគ្នា​នេះ​ដែរ​ ​អង្គ​ចងចាំ​នេះ​អាច​នឹង​ប្រឈម​ទៅ​នឹង​បញ្ហា​ជាច្រើន​ដែល​ក្នុង​នោះ​ ​គេ​សង្កេតឃើញ​ថា​ភាគច្រើន​មនុស្ស​តែង​មានការ​ភ្លេចភ្លាំង​ជា​ញឹកញាប់​ ​ហើយ​នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​អ្នក​វិទ្យាសាស្ត្រ​តែង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​មក​ទប់ស្កាត់​នូវ​បញ្ហា​ទាំងអស់​នេះ​។​ ​ជាក់ស្តែង​ ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ ​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​គន្លឹះ​មួយចំនួន​ដែល​អាច​ពង្រឹង​នូវ​ការ​ចងចាំ​របស់​មនុស្ស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ចុះ​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វីខ្លះ​?​ ​

​ការ​ទទួលទាន​អាហារ​
​            ​ការ​ជ្រើសរើស​របប​អាហារ​បាន​ត្រឹមត្រូវ​ ​គឺជា​រឿង​មួយ​សំខាន់​បំផុត​ចំពោះ​ខួរក្បាល​ ​ក៏ដូចជា​រាងកាយ​ទាំងមូល​។​ ​ដូចនេះ​ ​អ្នក​គួរតែ​ទទួលទាន​អាហារ​ជំនួយ​ខួរក្បាល​ដែល​មាន​ជាតិ​ខ្លាញ់​ ​អូមេហ្គា៣​ ​ដែល​ភាគច្រើន​វា​ផ្ទុក​នៅក្នុង​ពពួក​ត្រី​សមុទ្រ​ដូចជា​ ​ត្រី​សា​ម៉ុន​ ​ត្រី​សា​ឌិន​ ​ត្រី​បណ្តូលចេក​ ​ត្រីស្បៃកា​ ​និង​ត្រី​ធូ​ណា​ជាដើម​។​ ​តាម​ការស្រាវជ្រាវ​បាន​ឲ្យដឹង​ថា​ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ ​អ្នក​គួរតែ​បរិភោគ​សាច់​ត្រី​ឲ្យបាន​យ៉ាងតិច៣ដង​ក្នុង​មួយ​សប្តាហ៍​ ​រួច​ព្យាយាម​ទទួលទាន​វា​ឲ្យបាន៦ខែ​ ​ទៅ១២ខែ​។​

ការ​ទទួលទាន​ភេសជ្ជៈ​
            ​​ភេសជ្ជៈ​ ​ក៏​ជាផ្នែក​មួយ​ដែល​ធ្វើឲ្យ​មានការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​របស់​ខួរក្បាល​​បើ​ទោះ​អ្នកទទួល​ទាន​វា​ក្នុង​កម្រិត​តិច​ក្តី​។​ ​ជាក់ស្តែង​ ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាកុល​ខ្លាំង​ ​មាន​ជាតិ​ស្ករ​ខ្ពស់​ ​និង​មាន​ជាតិ​ជូរខ្លាំង​ទាំងអស់​នេះ​សុទ្ធតែ​ជា​ប្រភព​នៃ​ការ​ធ្វើឲ្យ​ខួរក្បាល​អន់ថយ​។​ ​ដូច្នេះ​អ្នក​គួរតែ​កាត់បន្ថយ​ ​ឬក៏​ចៀសវាង​វា​ឲ្យបាន​ច្រើន​កាន់តែ​ប្រសើរ​ ​ហើយ​ងាក​មក​ទទួលទានទឹក​ផ្លែឈើ​ស្រស់​ ​និង​ផឹកទឹក​ឲ្យបាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​។​ ​

​ការ​ធ្វើលំ​ហាត់ប្រាណ​
            ​​ការ​ធ្វើលំ​ហាត់ប្រាណ​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​ចំពោះ​ផ្លូវកាយ​ ​និង​ផ្លូវចិត្ត​។​ ​ជាក់ស្តែង​ ​ការ​ធ្វើលំ​ហាត់ប្រាណ​គឺជា​ផ្នែក​មួយ​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ ​ពិសេស​ជួយ​ជំរុញ​ដល់​ការ​ចងចាំ​បាន​ល្អ​ ​ម៉្យាងវិញទៀត​ ​ប្រសិនបើ​អ្នកធ្វើ​លំហាត់​ប្រាណ​ជាប្រចាំ​ ​នោះ​វា​អាច​បង្ការ​អ្នកប្រឈម​នឹង​ជំងឺ​វង្វេងវង្វាន់​ ​ឬ​ភ្លេចភ្លាំង​ស្មារតី​នា​ពេល​អនាគត​។​ ​

​​ហ្វឹកហាត់​ខួរក្បាល​
            ​ត្រឹមតែ​ការ​ធ្វើលំ​ហាត់ប្រាណ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​ ​បន្ថែម​លើស​ពីនេះ​អ្នក​ក៏​ត្រូវ​មានការ​ហ្វឹកហាត់​ខួរក្បាល​កុំ​ឲ្យ​ស្ពឹក​ផង​ដែរ​ ​ដោយ​ត្រូវ​រៀន​វិភាគ​ទៅលើ​បញ្ហា​ដែល​កើតឡើង​នៅចំពោះមុខ​ ​ឬ​សាកល្បង​លេងល្បែង​កម្សាន្ត​ណា​ដែល​អាច​ស្ទង់​ពី​សមត្ថភាព​ក្នុង​ការ​គិតពិចារណា​។​ ​អ្នក​អាច​សាកល្បង​នូវ​វិធី​នេះ​នៅពេល​ទំនេរ​ ​ឬ​សម្រាក​ពី​ការសិក្សា​ ​និង​ការងារ​ជាដើម​ ​ហើយ​អ្នក​នឹងអាច​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អជា​ទីគាប់ចិត្ត​មិនខាន​។​

ទទួលទានដំណេក​គ្រប់គ្រាន់​
            ​​យ៉ាងណាមិញ​ ​ការ​ចូលដំណេក​បាន​គ្រប់គ្រាន់​ក៏​ជា​កត្តា​មួយ​ជួយ​ជំរុញ​ដល់​ការ​ចងចាំ​ផង​ដែរ​។​ ​ជា​ការពិត​ណាស់​ ​អ្នក​អាច​ធ្វើការ​ពិចារណា​បាន​ថា​តើ​ក្នុង​មួយថ្ងៃ​អ្នក​បាន​ប្រើប្រាស់​ខួរក្បាល​របស់​អ្នក​ប៉ុន្មាន​ម៉ោង​?​ ​អ្នក​នឹង​ដឹង​ថា​ ​ស្ទើរតែ២៤ម៉ោង​ក្នុង​មួយថ្ងៃ​អ្នក​បាន​ប្រើប្រាស់​វា​។​ ​ដូចនេះ​ ​អ្នក​គួរតែ​មាន​ពេលខ្លះ​សម្រាប់​ឲ្យ​ខួរក្បាល​របស់​អ្នក​បាន​សម្រាក​ផង​ដែរ​។​ ​តាម​ការសិក្សា​ស្រាវជ្រាវ​ ​អ្នកជំនាញ​ផ្តល់​ដំបូន្មាន​ឲ្យ​មនុស្ស​ទូទៅ​គេង​ឲ្យបាន​គ្រប់គ្រាន់​យ៉ាងហោចណាស់​ពី​ ​៧​ ​ទៅ៨ម៉ោង​ដើម្បីឲ្យ​ខួរក្បាល​បាន​សម្រាក​ ​និង​ជំនួយ​ទៅដល់​ប្រព័ន្ធ​ចងចាំ​។​ ​

            ​តាម​ការ​លើកឡើង​នូវ​ចំណុច​ខាងលើ​នេះ​ ​ជឿជាក់​ថា​យ៉ាងហោចណាស់​មានត្រឹមតែ​ពីរ​ទៅ​បី​ចំណុច​ប៉ុណ្ណោះ​ ​ដែល​អ្នក​បាន​ធ្វើជា​រៀងរាល់ថ្ងៃ​។​ ​ដូចនេះ​ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​ប្រព័ន្ធ​ចងចាំ​របស់​អ្នក​ចុះ​ខ្សោយ​នោះ​ទេ​ ​គួរតែ​ចាប់ផ្តើម​អនុវត្ត​តាម​ចំណុច​ដែល​បាន​លើកឡើង​ខាងលើ​ជាប្រចាំ​រហូត​ក្លាយទៅជា​ទម្លាប់​ទើប​ប្រសើរ​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS