ខួរក្បាលរបស់មនុស្សម្នាក់ៗប្រៀបបានទៅនឹងអង្គចងចាំមួយដែលដំណើរការដូចម៉ាស៊ីន ហើយវាតែងតែកត់ត្រា និងថតទុកជានិច្ចនូវរាល់សកម្មភាពទាំងឡាយដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃ។ ដូចគ្នានេះដែរ អង្គចងចាំនេះអាចនឹងប្រឈមទៅនឹងបញ្ហាជាច្រើនដែលក្នុងនោះ គេសង្កេតឃើញថាភាគច្រើនមនុស្សតែងមានការភ្លេចភ្លាំងជាញឹកញាប់ ហើយនេះជាកត្តាមួយដ៏សំខាន់ដែលអ្នកវិទ្យាសាស្ត្រតែងព្យាយាមស្វែងរកដំណោះស្រាយមកទប់ស្កាត់នូវបញ្ហាទាំងអស់នេះ។ ជាក់ស្តែង នាប៉ុន្មានឆ្នាំចុងក្រោយ បច្ចេកវិទ្យាកាន់តែទំនើប អ្នកស្រាវជ្រាវបានរកឃើញនូវគន្លឹះមួយចំនួនដែលអាចពង្រឹងនូវការចងចាំរបស់មនុស្សឲ្យកាន់តែប្រសើរឡើង ចុះតើគន្លឹះទាំងនោះមានអ្វីខ្លះ?
ការទទួលទានអាហារ
ការជ្រើសរើសរបបអាហារបានត្រឹមត្រូវ គឺជារឿងមួយសំខាន់បំផុតចំពោះខួរក្បាល ក៏ដូចជារាងកាយទាំងមូល។ ដូចនេះ អ្នកគួរតែទទួលទានអាហារជំនួយខួរក្បាលដែលមានជាតិខ្លាញ់ អូមេហ្គា៣ ដែលភាគច្រើនវាផ្ទុកនៅក្នុងពពួកត្រីសមុទ្រដូចជា ត្រីសាម៉ុន ត្រីសាឌិន ត្រីបណ្តូលចេក ត្រីស្បៃកា និងត្រីធូណាជាដើម។ តាមការស្រាវជ្រាវបានឲ្យដឹងថា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកគួរតែបរិភោគសាច់ត្រីឲ្យបានយ៉ាងតិច៣ដងក្នុងមួយសប្តាហ៍ រួចព្យាយាមទទួលទានវាឲ្យបាន៦ខែ ទៅ១២ខែ។
ការទទួលទានភេសជ្ជៈ
ភេសជ្ជៈ ក៏ជាផ្នែកមួយដែលធ្វើឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់ខួរក្បាលបើទោះអ្នកទទួលទានវាក្នុងកម្រិតតិចក្តី។ ជាក់ស្តែង ភេសជ្ជៈដែលមានជាតិអាកុលខ្លាំង មានជាតិស្ករខ្ពស់ និងមានជាតិជូរខ្លាំងទាំងអស់នេះសុទ្ធតែជាប្រភពនៃការធ្វើឲ្យខួរក្បាលអន់ថយ។ ដូច្នេះអ្នកគួរតែកាត់បន្ថយ ឬក៏ចៀសវាងវាឲ្យបានច្រើនកាន់តែប្រសើរ ហើយងាកមកទទួលទានទឹកផ្លែឈើស្រស់ និងផឹកទឹកឲ្យបានកាន់តែច្រើនកាន់តែល្អ។
ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះផ្លូវកាយ និងផ្លូវចិត្ត។ ជាក់ស្តែង ការធ្វើលំហាត់ប្រាណគឺជាផ្នែកមួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ពិសេសជួយជំរុញដល់ការចងចាំបានល្អ ម៉្យាងវិញទៀត ប្រសិនបើអ្នកធ្វើលំហាត់ប្រាណជាប្រចាំ នោះវាអាចបង្ការអ្នកប្រឈមនឹងជំងឺវង្វេងវង្វាន់ ឬភ្លេចភ្លាំងស្មារតីនាពេលអនាគត។
ហ្វឹកហាត់ខួរក្បាល
ត្រឹមតែការធ្វើលំហាត់ប្រាណនៅមិនទាន់គ្រប់គ្រាន់នោះទេ បន្ថែមលើសពីនេះអ្នកក៏ត្រូវមានការហ្វឹកហាត់ខួរក្បាលកុំឲ្យស្ពឹកផងដែរ ដោយត្រូវរៀនវិភាគទៅលើបញ្ហាដែលកើតឡើងនៅចំពោះមុខ ឬសាកល្បងលេងល្បែងកម្សាន្តណាដែលអាចស្ទង់ពីសមត្ថភាពក្នុងការគិតពិចារណា។ អ្នកអាចសាកល្បងនូវវិធីនេះនៅពេលទំនេរ ឬសម្រាកពីការសិក្សា និងការងារជាដើម ហើយអ្នកនឹងអាចទទួលបានលទ្ធផលយ៉ាងល្អជាទីគាប់ចិត្តមិនខាន។
ទទួលទានដំណេកគ្រប់គ្រាន់
យ៉ាងណាមិញ ការចូលដំណេកបានគ្រប់គ្រាន់ក៏ជាកត្តាមួយជួយជំរុញដល់ការចងចាំផងដែរ។ ជាការពិតណាស់ អ្នកអាចធ្វើការពិចារណាបានថាតើក្នុងមួយថ្ងៃអ្នកបានប្រើប្រាស់ខួរក្បាលរបស់អ្នកប៉ុន្មានម៉ោង? អ្នកនឹងដឹងថា ស្ទើរតែ២៤ម៉ោងក្នុងមួយថ្ងៃអ្នកបានប្រើប្រាស់វា។ ដូចនេះ អ្នកគួរតែមានពេលខ្លះសម្រាប់ឲ្យខួរក្បាលរបស់អ្នកបានសម្រាកផងដែរ។ តាមការសិក្សាស្រាវជ្រាវ អ្នកជំនាញផ្តល់ដំបូន្មានឲ្យមនុស្សទូទៅគេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ពី ៧ ទៅ៨ម៉ោងដើម្បីឲ្យខួរក្បាលបានសម្រាក និងជំនួយទៅដល់ប្រព័ន្ធចងចាំ។
តាមការលើកឡើងនូវចំណុចខាងលើនេះ ជឿជាក់ថាយ៉ាងហោចណាស់មានត្រឹមតែពីរទៅបីចំណុចប៉ុណ្ណោះ ដែលអ្នកបានធ្វើជារៀងរាល់ថ្ងៃ។ ដូចនេះប្រសិនបើអ្នកមិនចង់ឲ្យប្រព័ន្ធចងចាំរបស់អ្នកចុះខ្សោយនោះទេ គួរតែចាប់ផ្តើមអនុវត្តតាមចំណុចដែលបានលើកឡើងខាងលើជាប្រចាំរហូតក្លាយទៅជាទម្លាប់ទើបប្រសើរ៕
Article by PAN SIVLY