×

គ្រាប់​ឈើ​ជ្រុះ​ចោល​សោះ!​ ស្ត្រីម្នាក់​ច្នៃចេញ​ជា​គ្រឿងអលង្ការ​មាន​ទីផ្សារ​មិន​ធម្មតា​ឡើយ​

NEWS 5 years ago
 
 

          បើ​និយាយ​ពី​គ្រឿងអលង្ការ​ច្នៃ​ចេញពី​រុក្ខជាតិ​ធម្មជាតិ​ ​កន្លងមក​យើង​បានឃើញ​រួចមក​ហើយ​នូវ​គ្រឿងអលង្ការ​ខ្សែដៃ​ខ្សែក​ដែល​ច្នៃ​ចេញពី​ ​ត្រឡោក​ ​ដើមត្នោត​ ​ឬ​ឫស្សី​ជាដើម​ ​ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ពិសេស​សម្រាប់​សមិទ្ធផល​ផលិតផល​របស់​កូនខ្មែរ​លើស​នេះ​ទៀត​នោះ​ ​គឺ​សូម្បីតែ​គ្រាប់​ឈើ​ជ្រុះ​ចោល​ប៉ុន្មាន​មុខ​ដូចជា​ ​គ្រាប់​ក្ងោក​ ​គ្រាប់​បេង​ ​និង​គ្រាប់អំពិល​ទឹក​ ​ត្រូវ​បាន​ស្ត្រី​ម្នាក់​រស់នៅ​លើទឹក​ដី​ខេត្តសៀមរាប​រើស​យក​មក​កែច្នៃ​ចោះ​ទម្លុះ​ចាក់​ក្រង​បង្កើត​បាន​ជា​ម៉ូត​គ្រឿងអលង្ការ​រំលេចពណ៌​យ៉ាង​ប្រណីត​ ​និង​ស្រស់​ស្អាត​ ​ជាពិសេស​កំពុង​មាន​ទីផ្សារ​ខ្លាំង​ពីសំណាក់​ទេសចរ​បរទេស​។​ ​

          ​អ្នកស្រី​ ​សោម​ ​រ៉ា​នី​ ​គឺជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​ដែល​បាន​បង្កើត​គំនិត​ច្នៃប្រឌិត​ទៅលើ​គ្រឿងអលង្ការ​ធ្វើឡើង​ពី​គ្រាប់​ឈើ​ ​ហើយ​បច្ចុប្បន្ន​អ្នកស្រី​គឺជា​ម្ចាស់​សិប្បកម្ម​ ​ក៏ដូចជា​ម្ចាស់​អាជីវកម្ម​គ្រឿងអលង្ការ​គ្រាប់​ឈើ​ក្រោម​ស្លាកយីហោ​ ​ហ្គ្រែន​ ​ដឹ​ ​ខាំ​បុ​ច​ឆ៍​ ​(​Graines​ ​De​ ​Cambodge​)​ ​ដែល​មាន​រហូតដល់​ទៅ​បី​ទីតាំងនៅ​ក្នុង​ខេត្តសៀមរាប​។​ ​Graines​ ​De​ ​Cambodge​ ​គឺជា​ឈ្មោះ​ជា​ភាសា​បារាំង​ដែល​អត្ថន័យ​សំដៅ​ដល់​គ្រាប់​ឈើ​នៅ​កម្ពុជា​។​ ​គ្រាប់​ឈើ​ដែល​ ​អ្នកស្រី​ ​រ៉ា​នី​ ​យក​មក​ច្នៃ​មាន​រហូតដល់​ទៅ​ ​២០មុខ​ឯណោះ​ ​ប៉ុន្តែ​គ្រាប់​ឈើ​ដែល​ភ្ញៀវ​និយម​ចូលចិត្តជាង​គេ​មាន​ដូចជា​ ​គ្រាប់​ស្កួយ​ ​គ្រាប់​ឆ្អឹង​ត្រី​ ​(​គ្រាប់​ក្រហម​)​ ​គ្រាប់​បេង​ ​និង​គ្រាប់ឈូក​ជាដើម​ ​ដោយសារតែ​គ្រាប់​ប្រភេទ​នេះ​មាន​ពណ៌​ធម្មជាតិ​ស្រស់​ស្អាត​ ​និង​ទំហំ​សម​ល្មម​ក្នុង​ការ​ចាក់​ធ្វើ​ម៉ូត​បំពាក់​ផ្សេង​ៗ​។​ ​គ្រឿងអលង្ការ​គ្រាប់​ឈើ​ដែល​អ្នកស្រី​ច្នៃ​ម៉ូត​សព្វថ្ងៃ​មាន​ដូចជា​ ​ខ្សែក​ ​ខ្សែដៃ​ ​ក្រវិល​ ​និង​មាន​ដាំ​រំលេច​នៅ​លើ​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀតផង​ដែរ​។​ ​«​ភ្ញៀវ​មក​ទីនេះ​ភាគច្រើន​គឺជា​ជនជាតិ​បរទេស​ ​ពីព្រោះ​ពួកគាត់​ចូលចិត្ត​អ្វី​ដែល​ជា​សិល្បៈ​ធ្វើ​ដោយដៃ​ ​និង​មានតែ​មួយ​ ​ពិសេស​ធ្វើឡើង​ពី​ធម្មជាតិ​ពិ​តៗ​តែម្តង​»​។​ ​នេះ​ជា​ការ​លើកឡើង​របស់​អ្នកស្រី​ ​រ៉ា​នី​។​ ​រៀងរាល់ថ្ងៃ​ភ្ញៀវ​រមែង​ចេញចូល​មិនចេះដាច់​នៅ​ហាង​លក់​គ្រឿងអលង្ការ​របស់​អ្នកស្រី​ ​ហើយ​ឃើញថា​ភ្ញៀវ​ភាគច្រើន​ជា​ជនជាតិ​បរទេស​ចម្រុះ​ជាតិសាសន៍​ ​ដែល​នេះ​បាន​ស្តែង​ឲ្យ​ឃើញ​ពី​ការ​ឲ្យ​តម្លៃ​ទៅលើ​ផលិតផល​ធ្វើ​ដោយដៃ​ ​ពិសេស​កើត​ចេញពី​ការ​ច្នៃប្រឌិត​របស់​ស្ត្រី​ខ្មែរយើង​។

អ្នកស្រី​ ​សោម​ ​រ៉ា​នី

          បង្ហាញ​ទឹកមុខ​ពោរពេញ​ដោយ​ស្នាមញញឹម​ស្វាគមន៍​រាក់ទាក់​ ​រួម​ជាមួយ​ការ​លើក​បង្ហាញ​នូវ​គ្រឿងអលង្ការ​ពី​ម៉ូត​មួយ​ទៅ​ម៉ូត​មួយ​ ​អ្នកស្រី​ ​រ៉ា​នី​ ​ក៏បាន​បង្ហើប​អំពី​ប្រវត្តិ​នៃ​ការបង្កើត​អាជីវកម្ម​នេះ​ផ្ទាល់ដៃ​ផង​ដែរ​។​ ​អ្នកស្រី​បាន​រៀបរាប់​ប្រាប់​សូ​វរីន​ថា​៖    ​ ​«​ទម្រាំ​មកដល់​ចំណុច​នេះ​ ​ខ្ញុំ​បាន​ឆ្លងកាត់​នូវ​ព្យុះភ្លៀង​ ​ការ​បាក់ទឹកចិត្ត​ ​ការ​មាក់ងាយ​ច្រើន​លើក​ច្រើន​សារ​ ​ពិសេស​គេ​ថែមទាំង​ចោទ​ថា​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​ដែល​យក​គ្រាប់​ឈើ​មក​ធ្វើ​គ្រឿងអលង្ការ​ ​ហើយ​មានតែ​មនុស្ស​ឆ្កួត​ទេ​ដែល​ទិញ​គ្រឿងអលង្ការ​ទាំងនេះ​ទៀតផង​»​។​ ​តាមដំណើរ​ដើមទង​នៃ​គំនិត​ច្នៃ​គ្រាប់​ឈើ​នេះ​ឡើង​ ​គឺ​បាន​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​ ​២០១១​ ​ខណៈ​ពេល​ដែល​អ្នកស្រី​ ​រ៉ា​នី​ ​ត្រលប់​មក​ពី​ប្រទេស​ឥណ្ឌា​ ​មក​រស់នៅ​ស្រុកខ្មែរ​វិញ​ ​ជាមួយនឹង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​។​ ​ស្រប​ពេល​ដែល​ ​គ្មាន​ប្រាក់​ជាប់​ខ្លួន​ផង​ ​អ្នកស្រី​ហាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​មើលងាយ​ ​និង​មិន​ចង់​រាប់រក​ឡើយ​ ​ដែល​គ្រានេះ​ហើយ​អ្នកស្រី​ក៏​ចាប់ផ្តើម​មានគំនិត​រកលុយ​តាមរយៈ​ការ​ដើរ​រើស​គ្រាប់​ឈើ​ដូចជា​គ្រាប់​ក្ងោក​ ​គ្រាប់អំពិល​ទឹក​ ​និង​គ្រាប់​បេង​ ​ដែល​ជ្រុះ​នៅ​តាម​ដងស្ទឹង​សៀមរាប​ ​យក​មក​ចាក់​ធ្វើជា​ម៉ូដ​ខ្សែក​តាមរយៈ​គំនិត​ច្នៃប្រឌិត​របស់​ខ្លួនឯង​ផង​ ​និង​តាម​ការ​ធ្លាប់​បានឃើញ​អ្នកព្រៃ​ភ្នំ​ពាក់​កាល​រស់នៅ​ប្រទេស​ឥណ្ឌា​ផង​ដែរ​។​ ​ជំហាន​ចាប់ផ្តើម​ដំបូង​អ្នកស្រី​បាន​យក​ខ្សែក​ទៅ​លក់​ឲ្យ​ជនបរទេស​ត្រឹមតែ​បួន​ទៅ​ប្រាំ​ខ្សែ​ប៉ុណ្ណោះ​ ​តែ​ក្រោយពេល​ដាក់​លក់​មានការ​ចាប់អារម្មណ៍​ច្រើន​ ​អ្នកស្រី​ត្រូវ​បាន​ភ្ញៀវ​បរទេស​កុម្ម៉ង់​ឲ្យ​ធ្វើ​ម៉ូត​បន្ថែម​ដោយមាន​ការ​ច្នៃប្រឌិត​ម៉ូត​ពី​ខ្លួនឯង​ខ្លះ​រួមផ្សំ​គំនិត​ពី​ជនបរទេស​ខ្លះ​។​ ​ទេពកោសល្យ​ក្នុង​ការ​ច្នៃ​ម៉ូត​បាន​ធ្វើឲ្យ​គ្រឿងអលង្ការ​មានការ​បញ្ជាទិញ​កាន់តែ​ច្រើន​ឡើង​ៗ​ ​រហូត​សូម្បីតែ​ហាង​ដទៃទៀត​ក្នុង​ខេត្តសៀមរាប​ក៏​កុម្ម៉ង់​ទិញ​ពី​អ្នកស្រី​ផង​ដែរ​។​ ​រយៈពេល​ពីរ​ឆ្នាំ​ស្រប​ពេល​ផលិតផល​មាន​ទីផ្សារ​កាន់តែ​ខ្លាំង​ ​រី​ឯ​លទ្ធភាព​ក៏​សម​ល្មម​ ​ម្យ៉ាង​ចង់​មាន​ផលិតផល​ជា​ម៉ាក​របស់​ខ្លួន​ទៀត​នោះ​ ​អ្នកស្រី​រ៉ា​នី​ ​ក៏បាន​បើក​កន្លែង​ធ្វើ​សិប្បកម្ម​ផ្ទាល់ខ្លួន​ ​និង​ហាង​លក់​គ្រឿងអលង្ការ​មួយ​ក្រោម​ស្លាកយីហោ​ ​ហ្គ្រែន​ ​ដឹ​ ​ខាំ​បុ​ច​ឆ៍​ ​(​Graines​ ​De​ ​Cambodge​)​ ​ហើយក៏​ចេះតែ​វិវត្ត​អា​ជី​វម្ម​ឆ្ពោះ​លឿនលយ​ទៅមុខ​រហូត​បើក​បាន​ហាង​ចំនួន​បី​ទីតាំងនៅ​ម្តុំ​ផ្សារចាស់​ក្នុង​ខេត្តសៀមរាប​មកដល់​សព្វថ្ងៃ​។​

​          ហាង​មួយ​ក្នុងចំណោម​ហាង​ទាំង​បី​ស្ថិតនៅ​ផ្សារចាស់​ ​អ្នកស្រី​បាន​រៀបចំ​កន្លែង​ធ្វើ​សិប្បកម្ម​នៅ​ជាន់​ខាងលើ​ដែល​ភ្ញៀវ​អាច​អញ្ជើញ​ឡើង​ទៅ​ទស្សនា​ផ្ទាល់​នូវ​សកម្មភាព​ផលិត​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​។​ ​ស្ត្រី​ប្រមាណ​ជា​ ​១៥នាក់​ ​ខ្លះ​កំពុង​រើស​គ្រាប់​ឈើ​ ​ខ្លះ​កំពុង​ខួង​គ្រាប់​ ​ខ្លះទៀត​កំពុង​ក្រង​ម៉ូដ​ ​ហាក់​ធ្វើឲ្យ​ក្រុមការងារ​របស់​យើង​ពិតជា​ចង់​ចូល​ទៅ​សាកល្បង​ឲ្យបាន​ម្តង​នឹងគេ​។​ ​សកម្មភាព​ទាំងនេះ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ​ក្រៅពី​ច្នៃ​គ្រាប់​ឈើ​ឲ្យ​ក្លាយជា​របស់​មានតម្លៃ​ ​និង​បង្កើន​ប្រាក់ចំណូល​ហើយ​នោះ​ ​អ្នកស្រី​ ​រ៉ា​នី​ ​ក៏បាន​ផ្តល់​ឱកាស​ការងារ​ដល់​ស្ត្រី​ដទៃទៀត​ដោយ​មិន​ចាំបាច់​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។

​          ងាក​មក​សង្វាក់​ផលិតកម្ម​ ​អ្នកស្រី​ ​រ៉ា​នី​ ​បាន​ឲ្យដឹង​ថា​ ​សម្រាប់​ខ្សែក​ម៉ូដ​ស្រួល​ជាងគេ​អាច​ចំណាយពេល​ធ្វើ​ប្រហែល​មួយ​ម៉ោង​ ​ប៉ុន្តែ​បើ​ខ្សែក​ធំ​អាច​ពី​ប្រាំ​ទៅ​ប្រាំមួយ​ម៉ោង​ផង​ដែរ​។​ ​ទម្រាំ​ខ្សែក​មួយ​ធ្វើរួចរាល់​គឺ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ ​ឧទាហរណ៍​ជាក់ស្តែង​ដូចជា​ការ​ធ្វើ​ខ្សែក​ពី​គ្រាប់​ស្កួយ​ ​ជំហាន​ដំបូង​យើង​ត្រូវ​យក​គ្រាប់​ស្កួយ​ទៅ​ហាលឲ្យស្ងួត​ ​បន្ទាប់មក​ធ្វើការ​ចំហុយ​រយៈពេល​មួយម៉ោងកន្លះ​ ​រួច​យក​ទៅ​ហាល​ក្រោម​កំ​ដៅ​ថ្ងៃ​ឲ្យ​ស្ងួត​ទើប​ចាប់ផ្តើម​ចោះ​ម្តង​មួយ​ៗ​ ​និង​ក្រង​ធ្វើជា​ខ្សែក​ ​ជំហាន​ចុងក្រោយ​យក​ខ្សែក​ទៅ​ដាក់​ក្លា​សេ​នៅកន្លែង​កក​ដើម្បី​សម្លាប់​មេរោគ​ ​រួច​យក​មក​សំដិល​ថ្ងៃ​វិញ​ពី​ពីរ​ទៅ​បី​ម៉ោង​ទើប​ដាក់​លក់​បាន​។​ ​លោកស្រី​ក៏បាន​រៀបរាប់​ពី​ផលវិបាក​ចំពោះ​ការ​ច្នៃ​គ្រាប់​ឈើ​នេះ​ដែរ​ថា​ ​«​អ្វី​ដែល​ពិបាក​សម្រាប់​អ្នកចាប់​ផ្តើម​ធ្វើ​ដំបូង​ ​គឺ​មាន​ភាព​ពិបាក​ខ្លាំង​ក្នុង​ការ​ខួង​គ្រាប់​ឈើ​តូច​ៗ​ ​ពីព្រោះ​បើ​ប្រហែស​តែ​បន្តិច​វា​នឹង​បង្ក​ឲ្យ​មុត​ម្រាមដៃ​មិនខាន​ ​អ្វី​ដែល​សំខាន់​ត្រូវ​កាន់​គ្រាប់​ឲ្យ​ជាប់​ ​និង​កាន់​ម៉ាស៊ីន​ខួង​ឲ្យ​នឹង​»​។

​          ដោយឡែក​ចំពោះ​លក្ខណៈ​ពិសេស​របស់​គ្រឿងអលង្ការ​គ្រាប់​ឈើ​នេះ​ ​គឺ​មាន​ពណ៌​ស្រស់​ស្អាត​ពី​ធម្មជាតិ​តែម្តង​ ​មានន័យថា​ខ្សែក​ខ្សែដៃ​ដែល​យើង​ឃើញ​មាន​រំលេច​ពណ៌​ប្លែក​ៗ​ពីគ្នា​ទាំងនេះ​ ​គឺ​សុទ្ធតែ​ជា​ពណ៌​ដើម​របស់​គ្រាប់​ឈើ​មិន​មានការ​ជ្រលក់​ពណ៌​ឬ​បាញ់​ពណ៌​ឡើយ​ ​ហើយ​ចំពោះ​ការ​រក្សា​ឲ្យ​ភ្លឺរលោង​គ្រាន់តែ​ជូត​សម្អាត​ជាមួយ​ប្រេងដូង​ ​ឬ​ប្រេង​លាប​ទារក​ ​និង​រក្សា​កុំ​ឲ្យ​ប៉ះ​ទឹកជា​ការ​ស្រេច​។​ ​បច្ចុប្បន្ន​ ​គ្រាប់​ឈើ​ទាំងប៉ុន្មាន​មិន​ត្រូវ​បាន​ដើរ​រើស​ដូចមុន​ទៀត​នោះ​ទេ​ ​ដោយ​អ្នកស្រី​បាន​ប្រមូល​ទិញ​ពី​អ្នកភូមិ​ក្នុង​ខេត្តសៀមរាប​ ​និង​ខ្លះទៀត​ទិញ​ពី​ខេត្តបាត់ដំបង​ ​និង​កែប​ជាដើម​។​ ​តម្លៃ​គ្រឿងអលង្ការ​គ្រាប់​ឈើ​ទាំងនេះ​វិញ​ ​ចំពោះ​ខ្សែដៃ​មានតម្លៃ​ចាប់ពី​ ​៣ដុល្លារ​ដល់​ ​១៥ដុល្លារ​ ​រី​ឯ​ខ្សែក​មានតម្លៃ​ចាប់ពី​ ​១២ដុល្លារ​ ​ដល់​ ​៨០​ ​ដុល្លារ​។​ ​ដូចនេះ​ ​សម្រាប់​ប្រិយមិត្ត​មានបំណង​ចង់​ជាវ​អាច​ឆ្ពោះទៅ​ដល់​ហាង​ទាំង​បី​របស់​អ្នកស្រី​ ​រ៉ា​នី​ ​ផ្ទាល់​ដែល​មាន​ទីតាំងនៅ​ប្លុក​ផ្សារចាស់​ខេត្តសៀមរាប​ ​ឬ​ចូល​ទៅកាន់​គេហទំព័រ​ហ្វេ​សប៊ុ​ក​ ​Graines​ ​de​ ​Cambodge​ ​by​ ​Rany​ ​Som​ ​៕​

Article​ ​by​ ​Hem​ ​Sokkhim


SUGGESTIONS