×

គម្រោង​ដែល​ជួយ​សិស្ស​ក្រីក្រ​គ្មាន​លទ្ធភាព​បន្ត​ការសិក្សា​តាមរយៈ​បច្ចេកវិទ្យា​

NEWS 5 years ago
 
 

​            ការ​សម្លឹង​មើលឃើញ​ពី​ទុក​លំបាក​និង​បញ្ហា​ដែល​តែងតែ​កើតមាន​ជា​យូរណាស់​មក​ហើយ​ ​ដែល​សិស្ស​វិទ្យាល័យ​ភាគច្រើន​មិន​មានលទ្ធភាព​បន្ត​ការសិក្សា​នៅ​ឯ​ថ្នាក់​ឧត្តម​សិក្សា​ដោយសារតែ​ភាព​ក្រីក្រ​ ​គឺជា​មូលហេតុ​មួយ​ដែល​ជ​ម្រុ​ញ​ឲ្យ​យុវជន​មួយ​ក្រុម​ ​មាន​គ្នា​បួន​នាក់​អាយុ​មិនដល់​ ​ម្ភៃ​ឆ្នាំ​ផង​ ​មានគំនិត​បង្កើត​ជា​គេហទំព័រ​មួយ​ដើម្បី​ស្វែងរក​សប្បុរសជន​ជួយ​ដល់​សិស្ស​ក្រីក្រ​អាច​បន្ត​ការសិក្សា​បាន​។​ ​គេហទំព័រ​ ដែល​មាន​ឈ្មោះ​ថា «Donateh» ​បង្កើត​ឡើង​ដោយ​ស្ថាបនិក​វ័យក្មេង​ដែល​ទើបតែ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​ ​២០១៨​ ​នេះ​តែប៉ុណ្ណោះ​។​ ​ធ្លាប់​ជា​មិត្ត​រួម​ថ្នាក់​នៃ​វិទ្យាល័យ​ស៊ីសុវត្ថិ​ ​ពួកគេ​ទាំងបួន​នាក់​ធ្លាប់​មានគំនិត​ចង់​បង្កើត​ជា​អាជីវកម្ម​បង្កើត​ថ្មី​តាំងតែ​មិនទាន់​ប្រឡង​បាក់ឌុប​មក​ម្ល៉េះ​។​ ​ជីន​ ​វី​រី​យ៉ា​ ​អាយុ១៧​ ​ឆ្នាំ​គឺជា​អ្នក​ផ្តួចផ្តើម​គំនិត​ ​និង​ជា​អ្នក​ប្រមូល​ផ្តុំ​សមាជិក​ក្រុម​ដែល​មាន​ជំ​នាញ​ផ្សេង​ៗ​គ្នា​ ​បង្កើត​គំនិត​នេះ​ឡើង​រហូត​អាច​ដាក់ពាក្យ​ប្រកួត​ក្នុង​កម្មវិធី​គំនិត​អាជីវកម្ម​បង្កើត​ថ្មី​ដែល​រៀបចំ​ដោយក្រុម​ហ៊ុន​ស្មា​ត​ទៀតផង​។​ ​ថ្វី​ដ្បិតតែ​មិនបាន​ជាប់​ក្នុង​ការប្រកួត​ក៏ប៉ុន្តែ​ក្រុម​ ​Donateh​ ​នៅតែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ដោយ​កំពុងតែ​ធ្វើ​បច្ចុប្បន្នភាព​និង​គ្រោង​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២០​ ​។​ ​ផាន​ ​ភា​រ៉ា​មុនី​ ​ទើបតែ​អាយុ​ ​១៨ឆ្នាំ​ប៉ុណ្ណោះ​ ​ក៏ប៉ុន្តែ​គេ​គឺជា​បុរស​អ្នក​អភិវឌ្ឍន៍​ ​(​Developer​)​ និង​ជា​អ្នកបច្ចេកទេស​នៃ​ការរៀបចំ​ទិន្នន័យ​នៃ​វេ​ប​សាយ​នេះ​ឲ្យ​ចេញ​ជារូបរាង​មក​បាន​។​ ​មុនី​ ​បាន​ទិញ​សៀវភៅ​ដែល​បង្រៀន​ពី​ភាសា​កូដ​កុំព្យូទ័រ​ ​និង​រៀន​ដោយខ្លួនឯង​តាំងពី​ថ្នាក់​ទី១១​ ​មក​ម៉្លេះ​ ​ហើយ​រហូតមកដល់​ពេលនេះ​គេ​គឺជា​និស្សិត​ឆ្នាំទី១​ ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផង​ដែរ​។​ ​សមាជិក​ម្នាក់ទៀត​គឺ​ ​លី​ ​កញ្ជ​នា​ ​អាយុ​ ​១៨ឆ្នាំ​ ​មាន​ចំណង​ចំណូលចិត្ត​ខាង​គំនូរ​ ​គឺជា​អ្នក​រចនា​រូបរាង​នៃ​គេហទំព័រ​ ​(​UI​ ​Designer​)​ ​នេះ​ឡើង​។​ ​ចំណែក​ឯ​ ​មឹង​ ​ច័ន្ទ​សុ​ម៉ា​នី​តា​ ​អាយុ​ ​១៦ឆ្នាំ​ ​ពូកែ​ខាង​ទំនាក់ទំនង​គឺជា​អ្នក​ទីផ្សារ​ដើម្បីឲ្យ​ ​Donateh​ ​អាច​រកចំណូល​បាន​ដើម្បី​ផ្គត់ផ្គង់​។​ ​

មឹង​ ​ច័ន្ទ​សុ​ម៉ា​នី​តា

​            ដោយ​ជំនាញ​ទាំងបួន​នេះ​បញ្ចូល​គ្នា​បង្កើត​បាន​ជា​គេហទំព័រ​មួយ​ដែល​ ​ជា​កន្លែង​ដែល​សិស្ស​ក្រីក្រ​អាច​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​នានា​ ​ដើម្បី​បន្ត​ការសិក្សា​ររបស់​ខ្លួន​ ​ឬក៏​អាច​និយាយ​មួយ​បែប​ទៀត​ថា​ជា​កន្លែង​ដែល​អ្នកមាន​ចិត្ត​ចង់​ជួយ​កុមារ​ក្រីក្រ​ដើម្បី​បន្ត​ការរៀនសូត្រ​បាន​ដែរ​។​ ​Donateh​ ​មិនគ្រាន់​តែ​អាច​បរិច្ចាគ​ជា​ថវិកា​តែប៉ុណ្ណោះ​ទេ​ ​តែ​លោកអ្នក​ក៏អាច​បរិច្ចាគ​ជា​សម្ភារៈ​សិក្សា​ ​ពេលវេលា​និង​ជំនាញ​ផង​ដែរ​។​ ​ឧបមា​ថា​ប្រសិនបើ​អ្នកមាន​ជំនាញ​អ្វីមួយ​ដែល​ចង់​ចែករំលែក​នូវ​ចំណេះដឹង​របស់​ខ្លួន​ទៅកាន់​យុវជន​ជំនាន់​ក្រោយ​ ​ដូច្នេះ​ក្រុមការងារ​ ​Donateh​ ​នឹង​រៀបចំ​ជូន​នូវ​ទីកន្លែង​ ​សិក្ខាសាលា​ឬ​ការណាត់ជួប​ណាមួយ​សម្រាប់​លោកអ្នក​ទៀតផង​។​ ​មិន​ត្រឹមតែ​ជា​គេហទំព័រ​ប៉ុណ្ណោះទេ​ ​Donateh​ ​ក៏​នឹង​មាន​ជា​ស្ថានីយ​ដែល​មាន​ទីតាំងនៅ​តាម​សាកល​វិទ្យាល័យ​ឬ​កន្លែង​ផ្សេង​ៗ​ដើម្បី​ងាយស្រួល​ឲ្យ​អ្នកបរិច្ចាគ​ ​និង​អ្នក​ចង់បាន​ការឧបត្ថម្ភ​ ​ក៏ដូចជា​អ្នក​ដែល​ចង់​ស្ម័គ្រចិត្ត​មួយចំនួន​អាច​ចុះឈ្មោះ​ឬក៏​មក​ទទួល​សម្ភារៈ​ផ្សេង​ៗ​ទៀត​បាន​ផង​ដែរ​៕​

​Article​ ​by​ ​KEO​ ​SONG​ ​


SUGGESTIONS