×

គាស់កកាយ​ជីវប្រវត្តិ​តស៊ូ​តារាចម្រៀង​ជើងចាស់​បី​ជំ​នាន់​ ឈុន​ ​វណ្ណា​ ​ម្ចាស់​បទ​ ​“​អូន​ស្រឡាញ់​តែ​បង​ម្នាក់​”​

NEWS 5 years ago
 
 

​          ​“​អូន​ស្រឡាញ់​តែ​បង​ម្នាក់​ ​ស្មោះស្ម័គ្រ​អស់ពី​ដួង​ហឫទ័យ​ ​តែ​អូន​ចង់​ដឹងចិត្ត​ ​ដឹងចិត្ត​ប្រុស​ថ្លៃ​.​.​.​”​ ​ជា​មន្ត​ស្នេហ៍​សំនៀង​ដែល​នៅតែ​លាន់ឮ​រងំ​តាម​ប្រព័ន្ធ​យូ​ធូប​ ​ពិធី​លៀង​ភោជនាហារ​អាពាហ៍​ពិពាហ៍​ ​និង​ ​នៅ​ ​លើ​ឆាក​ប្រគំ​តន្រ្តី​គ្រប់ទិសទី​ទូទាំង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​ ​នេះ​ហើយ​ជា​ ​បទចម្រៀង​ដ៏​ល្បី​មួយ​ក្នុងចំណោម​មត៌ក​ចម្រៀង​ជាច្រើន​បទ​របស់​លោកស្រី​ ​ឈុន​ ​វណ្ណា​ ​តារាចម្រៀង​តន្រ្តី​ ​សម័យ​តាំងពី​ដើម​ជំនាន់​សង្គម​រាស្រ្តនិយម​ម្នាក់​ដែល​បាន​បាត់មុខ​ពី​ប្រទេស​កម្ពុជា​អស់​រយៈពេល៤០ឆ្នាំទៅ​ហើយ​ ​តែ​កេរ្តិ៍ឈ្មោះ​និង​ចម្រៀង​លោកស្រី​នៅ​មិនទាន់​រលាយ​សាបសូន្យ​ទៀត​។​ ​ជាអកុសល​ ​អតីត​តារាចម្រៀង​ ​ខ្មែរដើម​កំណើត​កម្ពុជាក្រោម​រូប​នេះ​បាន​ទទួលអនិច្ចកម្ម​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ ​ទី១៧​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​វេលា​ម៉ោង៦ល្ងាច​ ​នៅ​ទីក្រុង​ស្តុក​តុន​ ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ ​សហរដ្ឋអាមេរិក​ ​ដោយ​ ​ជរាពាធ​ ​ក្នុង​ជន្មាយុ៨០ឆ្នាំ​។​ ​

​          ​លោកស្រី​ ​ឈុន​ ​វណ្ណា​ ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ ​វណ្ណា​ ​សេម​ ​ក្រោយពេល​ដែល​លោកស្រី​ឃ្លាតចាក​ពី​ ​មាតុភូមិ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​កូនបង្កើត​ចំនួន​បី​នាក់​កាលពី​ជិត៤០ឆ្នាំមុន​ ​ក្រោយ​របប​ខ្មែរ​ ​ក្រហម​ដួល​រលំ​បន្តិច​ ​ហើយ​លោកស្រី​បាន​បន្ត​រស់នៅ​ទីនោះ​រហូតដល់​ពេល​ដែល​លោកស្រី​ទទួល​កាល​មរណភាព​ក្នុង​វ័យ​ចំណាស់​ទៅ​ហើយ​។​ ​រំឭក​ទៅដល់​អតីតកាល​ដ៏​រុងរឿង​របស់​សិល្ប​ការិនី​រៀមច្បង​ ​រូប​នេះ​ ​យើង​បាន​ស្រាវជ្រាវ​រក​ឃើញថា​ ​លោកស្រី​បាន​ចូល​ប្រឡូក​ច្រៀង​ចម្រៀង​តាម​រង្គសាល​មួយ​នៅ​ ​ទីក្រុង​ភ្នំពេញ​តាំងពី​នៅជា​កុមារី​វ័យ១០ឆ្នាំ​មក​ម្ល៉េះ​ ​ដោយសារ​ស្រឡាញ់​វិស័យ​សិល្បៈ​ចម្រៀង​ខ្លាំងពេក​ ​ទោះបី​ ​ជា​ទទួលការ​ជំទាស់​យ៉ាង​ដាច់ខាត​ពី​ក្រុម​គ្រួសារ​យ៉ាងណាក៏ដោយ​។​ ​ថ្វីត្បិតតែ​កុមារី​ខ្មែរ​កម្ពុជាក្រោម​រូប​ ​នេះ​ពុំ​ធ្លាប់​បាន​ទទួលការ​អប់រំ​ផ្នែក​អក្សរ​ ​លេខនព្វន្ត​ ​ដោយសារតែ​កត្តា​ប្រពៃណី​របស់​ចាស់​ជំនាន់​មុន​ក៏​ពិត​ ​មែន​ ​តែ​គាត់​តស៊ូ​ខិតខំ​រៀន​ច្រៀង​តាមវិទ្យុ​រហូត​ចេះស្ទាត់​ប្រើការ​បាន​ ​ហើយក៏​សម្រេចចិត្ត​ចូល​ទៅ​ច្រៀង​ ​ផ្សាយ​តាមវិទ្យុ​ជាតិ​របស់ក្រ​សួង​ឃោសនាការ​ជំនាន់​នោះ​ដោយមាន​ការ​បង្ហាត់​ដឹកនាំ​ច្រៀង​ដោយ​កវីនិពន្ធ​ ​ល្បីឈ្មោះ​ជំនាន់​នោះ​ដូចជា​ ​លោក​ ​វ៉ោយ​ ​ហូរ​ ​និង​ ​លោក​ ​ម៉ី​ ​ធី​រិទ្ធ​ ​ជាដើម​។​ ​

​          លោកស្រី​បាន​បន្ត​បម្រើការ​ជាតា​រា​ចម្រៀង​រដ្ឋ​ក្នុង​ក្របខណ្ឌ​ក្រសួងឃោសនាការ​ជាប់​រហូតដល់​ ​ឆ្នាំ១៩៧០​។​ ​ក្រោយ​ព្រឹត្តិ​ការណ៍​ ​១៨​ ​មីនា​ ​១៩៧០​ ​លោកស្រី​បាន​ផ្លាស់មក​ចូល​ច្រៀង​ក្នុង​ក្រុម​តន្រ្តី​យោធា​ ​ភិរម្យ​ទី២វិញ​ ​ហើយ​បាន​ថត​ថាស​ចម្រៀង​ឲ្យ​ផលិតកម្ម​នានា​ជាច្រើន​។​ ​គិត​មកដល់​ឆ្នាំ១៩៧៥​ ​លោកស្រី​បាន​ថត​បទ​ចម្រៀង​ល្បី​ៗ​ជាច្រើន​បទ​ ​ប៉ុន្តែ​បទ​ដែល​នៅ​សេសសល់​ពី​សម័យ​នោះ​ដល់​សព្វថ្ងៃ​ ​មាន​ជាអាទិ៍​ ​បទ​«​អូន​ស្រឡាញ់​តែ​បង​ម្នាក់​»​ ​«​ទន្លេ​សូ​ឡូ​ ​(​បឹង​ហ្គា​វ៉ាន់​សូ​ឡូ​)​»​ ​«​លាហើយ​រាជធានី​ ​(​នាវា​លា​ផែ​)​»​ ​«​ខក​ ​ចិត្ត​ត្បិត​វាចា​»​ ​«​ស្ទើរតែ​ឆ្កួតវង្វេង​ទៅ​ហើយ​»​ ​ជាដើម​។​ ​រី​ឯ​បទចម្រៀង​ប្រជា​ប្រិយ​ល្បី​ៗ​ ​ជាពិសេស​ចង្វាក់រាំ​វង់​ ​និង​ ​ឡាំ​លាវ​ ​មាន​ដូចជា​ ​«​ទទា​យំ​ឆ្លង​»​ ​«​ឱ​!​ផ្ការំចេក​»​ ​«​ស្រី​ណា​ប្រចណ្ឌ​ប្តី​ ​(​ផ្ទះប៉ិត​វា​មាន​ហោណាំង​)​»​ ​«​ ​ទេ​!​ទេ​!​ទេ​!​ ​(​ប្រុស​នេះ​ខូច​ណាស់​)​»​ ​«​វាល​ធំ​ ​(​វាល​អើយ​វាល​ធំ​)​»​ ​«​កុក​ហើរ​តែឯង»​ «​យក្ខិនី​»​ ​«​ឡាំ​លាវ​»​ ​«​ជំងឺ​ស្នេហា​»​ ​«​ផ្គរ​ដើមឆ្នាំ​»​ ​«​នែ​!​ឈប់​សិន​!​»​ ​«​ស្វាយចន្ទី​»​ ​«​ដើរលេង​ក្នុង​សួន​»​ ​«​ប្តី​គេ​ ​ទេ​អូន​»​-​ល​-​។​ ​ក្នុង​អាជីព​ជាតា​រា​ចម្រៀង​លេចធ្លោ​មួយ​រូប​ក្នុង​សម័យ​សង្គម​រាស្រ្តនិយម​ ​លោកស្រី​ធ្លាប់​ត្រូវ​បាន​ ​មហាជន​ខ្មែរ​ប្រសិទ្ធ​នាម​ឲ្យ​ថា​ជា​ ​“​តារាចម្រៀង​សំនៀង​តាវៅ​”​ ​ខណៈ​ដែល​មិត្ត​រួម​អាជីព​ដទៃទៀត​ទទួល​ ​រហស្ស​នាម​ផ្សេង​ៗ​ផង​ដែរ​ ​ដូចជា​ ​តារាចម្រៀង​សម្លេង​រៃ​ក​ណ្តឹង​ ​សូ​ ​សាវឿ​ន​ ​និង​ ​តារាចម្រៀង​សម្លេង​សារិកា​ ​កែវ​ ​សេដ្ឋា​ ​ជាដើម​។​ ​

​          ក្នុង​របប​ខ្មែរក្រហម​ ​អតីត​តារាចម្រៀង​ ​ឈុន​ ​វណ្ណា​ ​ត្រូវ​បាន​ពួក​ខ្មែរក្រហម​ជម្លៀស​ទៅ​រស់នៅ​តំបន់​ ​ជី​ភូ​ ​(​បាវិត​)​ ​ខេត្តស្វាយរៀង​។​ ​កាល​នៅ​រស់​ ​លោកស្រី​បាន​អះអាង​ប្រាប់​ទូរទស្សន៍​ខ្មែរ​នៅ​ទី​ក្រុង​ឡុង​ប៊ិច​ ​សហរដ្ឋអាមេរិក​ថា​ ​នៅ​ទីនោះ​ ​លោកស្រី​ត្រូវ​បាន​យោធា​ខ្មែរក្រហម​ប្រើ​ហិង្សា​ធ្វើបាប​ធ្ងន់ធ្ងរ​រហូត​បាក់ធ្មេញ​ ​អស់​ ​និង​ ​មាន​ស្លាកស្នាម​ទារុណកម្ម​ចៀរ​ក​ជាប់​រហូត​ថែមទៀត​ផង​ ​ក្នុង​គោលបំណង​បង្ខំឲ្យ​លោកស្រី​សារភាព​ថា​ជាតា​រា​ចម្រៀង​ល្បីឈ្មោះ​ ​ឈុន​ ​វណ្ណា​ ​តែ​លោកស្រី​នៅតែ​ព្យាយាម​ឆ្លើយបដិសេធ​រហូត​ទាល់​រស់រាន​ ​ជីវិត​ផុត​របប​ខ្មៅ​ងងឹត​នោះ​ទៅ​។​ ​

​          នៅ​ឆ្នាំ​ ​១៩៧៩​ ​លោកស្រី​បាន​ប្រមូល​កូន​ដែល​នៅ​រស់​រត់​ភៀសខ្លួន​តាម​សាច់ញាតិ​ម្នាក់​ទៅ​នៅ​ ​ជំរំ​ខាវ​អ៊ី​ដាង​ ​ប្រទេស​ថៃ​ ​ហើយ​បាន​ច្រៀង​ជា​ថ្នូរ​នឹង​ក​ម្រៃ​ខ្លះ​ៗ​គ្រាន់នឹង​ដោះស្រាយ​ ​ជីវភាព​ក្រុម​គ្រួសារ​។​ ​នៅ​ឆ្នាំ១៩៨១​ ​លោកស្រី​បាន​ចេញទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាមរយៈ​ស្រាវជ្រាវ​ស្វែងរក​របស់​កវី​សេក​ ​មាស​ ​ម៉ា​ ​ឡៅ​ពី​ ​ដែល​ជា​មិត្ត​រួម​ថ្នាល​សិល្បៈ​ដូចគ្នា​ពីសង្គម​ចាស់​ ​ហើយ​បាន​រួចជីវិត​ពី​ ​របប​ប៉ុ​លព​ត​ដូចគ្នា​។​ ​ក្នុង​ឆ្នាំ១៩៨២​ ​លោកស្រី​បាន​តស៊ូ​ជិះរថយន្ត​ក្រុង​ឆ្លង​ពីរ​ដ្ឋ​ដែល​គាត់​រស់នៅ​ទៅកាន់​រដ្ឋ​ផ្សេង​ដែល​មាន​ក្រុម​ ​តន្រ្តី​ករ​ខ្មែរ​នៅ​ទីនោះ​ដើម្បី​រៀបចំ​ថត​បទចម្រៀង​ខ្មែរ​ចាស់​ៗ​មួយ​កាស្សែត​ឡើងវិញ​រួម​ជាមួយ​បទ​ថ្មី​ៗ​ខ្លះ​ ​របស់​លោកស្រី​ដែល​ល្បីល្បាញ​ខ្លាំង​ក្នុង​ជំរំ​ខាវ​អ៊ី​ដាង​ ​ជាពិសេស​ជាងគេ​នោះ​គឺ​ ​បទ​ ​«​ខាវ​អ៊ី​ដាង​»​ ​និង​ ​បទ​ ​«​ប៉ាវា​នៅ​អាមេរិក​»​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិត​កម្សត់​ព្រាត់​ប្រាស់​ផ្សងព្រេង​របស់​គ្រួសារ​ខ្មែរ​ដែល​បាន​ភៀស​ ​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ទីបី​ ​ហើយដែល​បាន​ដក់ជាប់​ក្នុង​ការ​ចងចាំ​របស់​ខ្មែរ​អាណិកជន​ដល់​សព្វថ្ងៃ​។​ ​

​          ជាចុងក្រោយ​ ​សូ​វរីន​ ​និង​ ​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​វិស័យ​សិល្បៈ​ជាតិ​ទាំងអស់​ទាំង​ក្នុង​ស្រុក​ ​និង​ ​ក្រៅ​ស្រុក​ ​សូម​បួងសួង​ឲ្យ​ដួង​វិញ្ញា​ណ​ក្ខ័ន្ធ​សព​វរ​សិល្ប​ការិនី​ ​ឈុន​ ​វណ្ណា​ ​បាន​សោយសុខ​ក្នុង​ឋាន​សុគតិភព​ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ ​ការបាត់បង់​រូបលោក​ស្រី​មិន​ត្រឹមតែ​ជា​ភាព​សោកសៅ​សម្រាប់​គ្រួសារ​របស់​លោកស្រី​ ​ប៉ុន​នោះ​ទេ​ ​ថែមទាំង​ជា​សោកនាដកម្ម​ដ៏​ធំធេង​មួយ​សម្រាប់​ប្រវត្តិ​សាស្រ្ត​វិស័យ​សិល្បៈ​តូ​រ្យ​តន្រ្តី​របស់​កម្ពុជា​ ​ថែមទៀត​ផង​៕​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS