×

ម៉ុងសាយ​ ​និង​ជំនឿ​របស់​ប្រជាជន​ចិន​

TRAVEL & LIVING 5 years ago
 
 

          ​ជាទូទៅ​ ​នៅពេល​ដែល​មានកម្ម​វិធី​សប្បាយ​ម្តង​ៗ​ដូចជា​បើក​សម្ពោធ​ហាង​ ​ឬ​សម្ពោធ​នូវ​សមិទ្ធិ​ផល​អ្វីមួយ​ ​ជាពិសេស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ ​ប្រជាជន​ចិន​នៅ​ទូទាំង​ពិភពលោក​គេ​មិនដែល​ភ្លេច​ឡើយ​នូវ​ការ​សម្តែង​ឡក​ម៉ុងសាយ​ ​ដែលគេ​នៅតែ​មាន​ជំនឿ​រហូតមកដល់​សព្វថ្ងៃ​ថា​ជា​ការ​នាំ​លាភ​នាំ​សំណាង​ចូល​ដល់​ពួកគេ​។​ ​ឡក​ម៉ុងសាយ​អាច​និយាយ​បាន​ថា​ជា​ការ​សម្តែង​សិល្បៈ​មួយ​បែប​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត​ជាមួយនឹង​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​ចិន​។​ ​តើ​ហេតុអ្វីបានជា​គេ​មាន​ជំនឿ​ពី​ភាព​នាំ​សំណាង​របស់​ម៉ុងសាយ​បែបនេះ​?​ ​ដើម្បីឲ្យ​យល់​បាន​ស៊ីជម្រៅ​ ​យើង​សូម​រៀបរាប់​ពី​ផ្នែក​ពីរ​ផ្សេងគ្នា​រវាង​បុគ្គលិក​លក្ខណៈ​របស់​ម៉ុងសាយ​ ​និង​ប្រវត្តិ​នៃ​ការ​ករ​កើត​របស់​សត្វ​នេះ​។​ ​បើ​គេ​សង្កេត​ជាទូទៅ​ ​ឬហៅ​ជា​ភាសាអង់គ្លេស​ ​(​The​ ​Lion​ ​Dance​)​ ​គេ​ប្រហែលជា​គិតថា​វា​គ្រាន់តែ​ជារូបរាង​តំណាង​សត្វ​តោ​តែប៉ុណ្ណោះ​ ​តែ​ការពិត​ម៉ុងសាយ​គឺ​មាន​លក្ខណៈ​ពិសេស​ខុសពី​តោ​ត្រង់ថា​ ​ម៉ុងសាយ​មាន​ស្នែង​ដ៏​ស្រួច​មួយ​ពយ​មក​មុខ​បន្តិច​ដូចជា​សេះ​ដុះ​ស្នែង​ ​គឺជា​ឧបករណ៍​ម្យ៉ាង​ដែល​ប្រជាជន​ចិន​ជឿ​ថា​ជា​វត្ថុ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​បិសាច​និង​វិញ្ញាណ​អា​ក្រ​ក់ៗ​ជាដើម​។​ ​បើ​ពិនិត្យ​ឲ្យបាន​ដិតដល់​បន្តិច​គេ​នឹង​ឃើញ​មាន​កញ្ចក់​មួយ​ដែល​នៅ​ក្រោម​ស្នែង​ស្ថិតនៅ​ចំ​កណ្តាល​ថ្ងាស​ម៉ុងសាយ​ ​ដែលគេ​ជឿជាក់​ថា​វា​ជា​កញ្ចក់​ទិព្វ​សម្រាប់​ប្រឆាំង​នឹង​វិញ្ញាណ​អាក្រក់​ផង​ដែរ​។​ ​ដូច្នេះហើយ​នៅពេល​ដែល​មាន​ម៉ុងសាយ​ថ្មី​ម្តង​ៗ​គេ​តែងតែ​ធ្វើពិធី​មួយ​ដើម្បី​គូស​យ័ន្ត​នៅ​លើ​កញ្ចក់​នោះ​មុននឹង​ចេញទៅ​សម្តែង​ ​ហើយ​នេះ​គេ​ហៅថា​ ​«​ពិធី​បើកភ្នែក​ម៉ុងសាយ​»​។​ ​ដោយសារតែ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងពីរ​ដ៏​មានតម្លៃ​នេះ​ហើយ​ ​ទើប​ធ្វើឲ្យ​អ្នក​ឡក​ម៉ុងសាយ​និង​អ្នកមាន​ជំនឿ​លើ​ម៉ុងសាយ​នេះ​គេ​ប្រកាន់​ដាច់ខាត​ហាមមិនឲ្យ​ប៉ះពាល់​ស្នែង​និង​កញ្ចក់​នោះ​ឡើយ​ ​ព្រោះ​គេ​គិតថា​ជា​ការ​មើលងាយ​និង​មិន​ឲ្យ​តម្លៃ​លើ​វត្ថុ​ទិព្វ​ជាដើម​។​

          ​ការដែល​លេច​រូបរាង​ម៉ុងសាយ​បែបនេះ​គឺ​មិនមែន​ជា​ការ​ចៃដន្យ​ឬ​គ្រាន់តែ​ជា​សិល្បៈ​នៃ​អ​បិយ​ជំនឿ​ធម្មតា​ទេ​ ​តែ​វា​មាន​ចំណង​ចាក់ស្រេះ​ជាមួយនឹង​ប្រវត្តិសាស្ត្រ​ចិន​ដែលគេ​តែងតែ​និ​យា​យតៗ​គ្នា​រហូត​មក​។​ ​មានរឿង​រ៉ាវ​ជាច្រើន​ដែលគេ​តែង​និទាន​អំពី​ប្រវត្តិ​នៃ​ម៉ុងសាយ​ ​ក៏ប៉ុន្តែ​មានរឿង​ពីរ​ដែលគេ​គិតថា​អាចយ​ក​ជា​ទឡ្ហិ​ករ​បាន​នោះ​គឺ​រឿង​សុបិន​របស់​ព្រះមហាក្សត្រ​។​ ​រជ្ជកាល​នៃ​រាជ​វង្ស​ថាង​ ​នៅ​ឆ្នាំ​ ​(​618​-​907​)​ ​ដែល​ព្រះមហាក្សត្រ​ទ្រង់​មាន​សុបិន​និម្មិត​ឃើញ​វិញ្ញាណ​អាក្រក់​មក​យាយី​ ​បន្ទាប់មក​ក៏​ស្រាប់តែ​មាន​សត្វ​ចម្លែក​មួយ​រាង​ដូច​តោ​ ​មក​ចូល​ការពារ​ដេញ​វិញ្ញាណ​អាក្រក់​ទាំងនោះ​ឲ្យ​រត់​ខ្ចាត់ខ្ចាយ​អស់​។​ ​វេលា​ព្រឹក​ឡើង​ទ្រង់​ក៏​កោះហៅ​មន្ត្រី​រាជការ​ដើម្បី​ប្រឹក្សា​ពី​សុបិន​នោះ​។​ ​ដោយ​មិនឃើញ​ផ្ទាល់​នូវ​រូបរាង​សត្វ​នោះ​ ​ដូច្នេះហើយ​ទើប​ក្រុម​មន្ត្រី​ក៏បាន​បង្កើត​នូវ​ទម្រង់​រូបរាង​ពី​ឫស្សី​ ​បិត​ក្រដាស​ទៅតាម​ការ​ពិព័រណ៍​នា​របស់​ស្តេច​និង​តាម​ការ​ស្រមើល​ស្រមៃ​របស់​ខ្លួន​ ​រហូត​បាន​ក្លាយជា​ម៉ុងសាយ​ដែល​មាន​រូបរាង​រហូតមកដល់​សព្វថ្ងៃ​។​ ​ដោយហេតុ​តែ​ម៉ុងសាយ​ធ្លាប់​មាន​វត្តមាន​នៅក្នុង​សុបិន​របស់​ស្តេច​ ​និង​តាម​ថែរក្សា​ស្តេច​ទៀត​នោះ​ដូច្នេះហើយ​ទើប​គេ​ចាត់ទុកថា​សត្វ​នេះ​គឺជា​សត្វ​សំណាង​តាម​ថែរក្សា​មនុស្សលោក​ជាដើម​។​ ​

          ​ចំណែក​ឯ​រឿង​មួយទៀត​ដែល​មាន​តំណាល​ថា​ ​មាន​សត្វ​តោ​មួយ​ក្បាល​ដែល​តែងតែ​មក​ធ្វើបាប​ប្រជាជន​នៅក្នុង​ភូមិ​មួយ​ ​ក្រោយមក​ក៏​មាន​ព្រះសង្ឃ​ចេះ​ក្បាច់គុន​មួយ​អង្គ​ស្ម័គ្រចិត្ត​ដើម្បី​ទៅ​បង្រ្កាប​តោ​នោះ​ ​តែ​បង្ក្រាប​មិន​ឈ្នះ​សោះ​ ​ហើយ​ព្រះសង្ឃ​អង្គ​នោះ​ក៏បាន​ឲ្យ​ប្រជាជន​ហាត់​ក្បាច់គុន​ដើម្បី​បង្ក្រាប​តោ​ ​លុះ​បង្ក្រាប​បាន​ហើយ​តោ​នោះ​ក៏​ស្តាប់​តាម​បញ្ជា​ព្រះសង្ឃ​នោះ​ហើយ​បែរជា​តាម​ថែរក្សា​អ្នកភូមិ​ទៅវិញ​។​ ​អីចឹង​ហើយ​ទើប​នៅពេល​គេ​ឡក​ម៉ុង​សា​យម្តងៗ​គេ​តែងតែ​ឃើញ​មាន​គេ​តែងខ្លួន​ជា​មនុស្ស​ដុះ​ក្បាលពោះ​ ​ស្លៀកពាក់​ដូច​សង្ឃ​ចិន​ ​និង​ពាក់​របាំងមុខ​មនុស្ស​ញញឹម​អត់​សក់​កាន់​ផ្លិត​នៅ​ពីមុខ​ម៉ុងសាយ​ ​ដែលគេ​ហៅ​ជា​ភាសា​ទូទៅ​ថា​ ​“​អ៊ុង​ឌៀរ​”​ ​។​

          ​​ម៉ុងសាយ​ជា​សត្វ​នាំ​សំណាង​ ​ដូច្នេះ​នៅពេល​គេ​ឡ​ក​ម្តង​ៗ​គេ​តែង​សម្តែង​ម៉ុងសាយ​ឲ្យ​ស៊ី​ស្ពៃ​ ​រួច​ស្តោះព្រួស​ចេញ​មកវិញ​ ​ដើម្បីឲ្យ​លាភ​សំណាង​ដែល​ចេញពី​មាត់​ម៉ុងសាយ​អាច​សាយភាយ​ជុំវិញ​កន្លែង​ដែល​ម៉ុងសាយ​កំពុងតែ​ឡក​។​ ​ប្រសិនបើ​ម៉ុងសាយ​ចូលផ្ទះ​ ​ឬ​ហាង​គេ​ត្រូវ​សម្តែង​ម៉ុងសាយ​នោះ​ត្រូវតែ​លិទ្ធ​មាត់ទ្វារ​ពេល​ចូល​ឬ​ចេញពីផ្ទះ​ឬ​ហាង​នោះ​ ​ដើម្បីឲ្យ​លាភ​សំណាង​នៅ​ដាន​ជាប់មាត់​ទ្វារ​ដែល​ជា​កន្លែង​មនុស្ស​តែងតែ​ឆ្លងកាត់​ ​ហើយ​ប្រជាជន​ចិន​តែង​នាំគ្នា​តែង​ជា​ពាក្យស្លោក​មួយ​ថា​ ​“​ចេញចូល​សំណាងល្អ​”​ ​ទៀតផង​។​ ​គេ​មិនដែល​សម្តែង​ម៉ុងសាយ​ដោយ​គ្មាន​ឧបករណ៍​ភ្លេង​នោះ​ឡើយ​ ​ផ្ទុយទៅវិញ​ស្គរ​ ​ឆាប​និង​ជួង​ដែល​ប្រគំ​ជាមួយ​ម៉ុងសាយ​សុទ្ធតែ​មាន​អត្ថន័យ​និង​អត្ថរស​របស់​វា​ទាំងអស់​។​ ​ស្គរ​ត្រូវ​បាន​គេ​តំណាង​ឲ្យ​ចង្វាក់​បេះដូង​និង​ចរន្ត​នៃ​ដំណើរ​របស់​ម៉ុងសាយ​ ​ហើយ​ជា​ភាសា​មួយ​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​ម៉ុងសាយ​ ​នៅពេល​ដែល​វា​កើតទុក្ខ​ ​ភ័យ​ ​សប្បាយចិត្ត​ ​និង​ពុះកញ្ជ្រោល​ ​ខណៈ​ដែល​ ​ឆាប​និង​ជួង​ប្រដេញ​អម​តាម​ស្ករ​ជា​ការ​បញ្ចេញ​មហិទ្ធិឫទ្ធិ​ ​ក្នុង​ការ​បណ្តេញ​គ្រោះចង្រៃ​ទៀតផង។

          ​តាមធម្មតា​ម៉ុងសាយ​មួយ​មាន​មនុស្ស​ពីរ​នាក់​ដើម្បី​សម្តែង​ដោយ​ម្នាក់​ជា​អ្នក​កាន់​ក្បាល​និង​ម្នាក់ទៀត​នៅ​ឯ​ផ្នែក​កន្ទុយ​ ​ហក់លោត​ ​ជាន់​ពីលើ​គ្នា​ឬ​លោត​ឡើង​បង្គោល​ដែល​នេះ​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ឡើយ​ហើយ​អ្នក​ឡក​ម៉ុងសាយ​តម្រូវឲ្យ​ចេះ​មូលដ្ឋាន​ក្បាច់គុន​ខ្លះ​ទើប​អាច​សម្តែង​ឡក​ម៉ុងសាយ​នេះ​បាន​។​ ​ដូច្នេះហើយ​ទើប​កាលពីមុន​នៅពេល​ដែល​មានការ​សម្តែង​ម៉ុងសាយ​ ​គេ​ក៏​មានការ​សម្តែង​ជា​ក្បាច់គុន​ទៅជាមួយ​គ្នា​ផង​ដែរ​។​ ​

          ​​ដូច្នេះ​សម្រាប់​បងប្អូន​ដែល​មាន​សែស្រឡាយ​ចិន​សូមកុំ​ភ្លេច​ហៅ​ក្រុម​ម៉ុងសាយ​ឡក​ចូលផ្ទះ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខ​ណា​!​ ​កុំ​ភ្លេច​ត្រៀម​ក្រូចឃ្វិច​ដែលគេ​តំណាង​ឲ្យ​ភាព​ផ្អែមល្ហែម​ឲ្យ​ម៉ុងសាយ​បក​ ​ត្រៀម​ស្ពៃ​ឲ្យ​ម៉ុងសាយ​ព្រួស​ ​និង​ស្លឹក​ទទឹម​ជាមួយនឹង​ទឹក​មួយ​ថូ​ដើម្បីឲ្យ​ម៉ុងសាយ​ប្រោះព្រំ​សេចក្តី​សុខសប្បាយ​ ​ហេង​ហេង​ក្នុង​ឆ្នាំ​ថ្មី​ទាំងអស់គ្នា​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS