×

រុក្ខជាតិ​ដាំ​ក្នុង​កែវ​ចាប់ផ្តើម​ពេញនិយម​ពីសំណាក់​យុវវ័យ​សម័យថ្មី​

NEWS 5 years ago
 
 

          ​ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​កាន់តែ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​តម្រូវការ​លំនៅ​ដ្ឋាន​ក៏​កាន់តែ​មានសន្ទុះ​ខ្លាំង​ផង​ដែរ​ ​ដោយ​គេ​សង្កេតឃើញ​មាន​សំណង់ផ្ទះ​ល្វែង​ថ្មី​ៗ​ជាច្រើន​មាននៅ​គ្រប់​ច្រកល្ហក​នៅ​ពាសពេញ​រាជធានី​ជាពិសេស​គឺ​នៅ​ជាយក្រុង​ភ្នំពេញ​ដែល​ជា​តំបន់​អភិវឌ្ឍ​ន៍​ថ្មី​ៗ​។​ ​ជាមួយនឹង​សំណង់​លំនៅ​ដ្ឋាន​រីក​ដុះ​ស្គុសស្គាយ​ដូច​ផ្សិត​នេះ​ ​យុវវ័យ​មួយចំនួន​ក៏​ចាប់ផ្តើម​ចាប់អារម្មណ៍​ជាមួយនឹង​សួនច្បារ​និង​ដើម​រុក្ខជាតិ​ដើម្បី​ដា​ក់​តាំង​ដេ​គ័រ​ផ្ទះ​ដើម្បីឲ្យ​មាន​សោភ័ណភាព​កាន់តែ​ស្រស់បំព្រង​។​ ​ដោយសារតែ​សំណង់ផ្ទះ​ល្វែង​ហាក់​មាន​សភាព​តូច​ចង្អៀត​ ​បាន​ធ្វើឲ្យ​យុវវ័យ​សម័យថ្មី​ដែល​ស្រលាញ់​និង​ចូលចិត្ត​ធម្មជាតិ​នោះ​ ​បាន​នាំគ្នា​ងាក​មក​ចាប់អារម្មណ៍​នូវ​រុក្ខជាតិ​ដាំ​ក្នុង​កែវ​ ​ឬ​ជា​ភាសាអង់គ្លេស​ហៅថា​ ​«​Terrarium​»​ ​ទៅវិញ​។​ ​Terrarium​ ​ហាក់ដូចជា​ពិភពលោក​តូច​មួយ​ដ៏​ស្រស់បំព្រង​រស់នៅ​ក្នុង​កែវ​ដ៏​ភ្លឺ​ថ្លា​។​ ​«​Terrarium​ ​វា​មាន​អត្ថ​ប្រយោជន៍​ជួយ​កាត់បន្ថយ​ជំ​ងឺ​ស្រ្​តេ​សពី​សម្ពាធ​ការងារ​និង​ការសិក្សា​បាន​មួយ​កម្រិត​នៅពេល​ដែល​យើង​បានឃើញ​និង​សម្លឹង​មើល​វា​កាន់តែ​យូរ​»​ ​នេះ​បើ​តាម​លោក​ ​នូ​ ​ឧត្តម​ ​ស្ថាបនិក​នៃ​ ​Gardenia​ ​ដែល​ជា​ក្រុម​បង្កើត​រុក្ខជាតិ​ក្នុង​កែវ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​ ​លោក​ ​នូ​ ​ឧត្តម​ ​គឺជា​អ្នកជំនាញ​ខាង​រចនា​ទេសភាព​ ​(​Landscape​ ​designer​)​ ​តែ​ដោយសារតែ​ការ​ស្រលាញ់​ធម្មជាតិ​ ​និង​រុក្ខជាតិ​ទើប​ធ្វើឲ្យ​លោក​បាន​សិក្សា​ស្រាវជ្រាវ​ពី​ ​រុក្ខជាតិ​ដាំ​ក្នុង​កែវ​នេះ​រយៈពេល​ពីរ​ឆ្នាំ​ហើយក៏​មានការ​គាំទ្រ​ពីសំណាក់​យុវវ័យ​និង​ជនបរទេស​ជាច្រើន​ទៀតផង​។​ ​ឧត្តម​បាន​បន្ថែម​ទៀត​ថា​ ​Terrarium​ ​ក៏បាន​ជួយ​ជំរុញ​ទឹកចិត្ត​យុវវ័យ​ឲ្យ​ចេះ​ស្រលាញ់​ធម្មជាតិ​ផង​ដែរ​ ​ពីព្រោះ​វា​គឺជា​រុក្ខជាតិ​ពិ​តៗ​ដែល​ធ្វើឲ្យ​អារម្មណ៍​ពួកគេ​មាន​ភាព​ស្រស់ស្រាយ​។​

​          ​​ការរស់នៅ​ក្នុង​កែវ​ដែល​បិត​គម្រប​ជិត​បែបនេះ​បាន​ធ្វើឲ្យ​រុក្ខជាតិ​នោះ​អាច​រស់នៅ​ដោយខ្លួនឯង​ដោយ​មិន​ចាំបាច់​ធ្វើការ​ថែទាំ​ច្រើន​នោះ​ឡើយ​ព្រោះ​វា​បាន​ធ្វើដំណើរ​វិ​វដ្ត​វិលចុះវិលឡើង​ ​នៃ​ចំហាយ​ញើស​ដែល​ចេញពី​រុក្ខជាតិ​នោះ​ធ្លាក់ចុះ​មក​ស្រោចស្រព​រុក្ខជាតិ​នោះ​វិញ​ ​ចំណែក​ឯ​ប្រព័ន្ធ​ខ្យល់​ក៏​មានការ​វិល​ចុះឡើង​នៅពេល​យប់​និង​ថ្ងៃ​ ​ដែល​អាច​ឲ្យ​វា​រស់នៅ​ក្នុង​កែវ​បាន​រហូតដល់​ ​១០​ ​ទៅ​ ​២០​ ​ឆ្នាំ​ឯណោះ​។​ ​បើ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​លោក​ ​នូ​ ​ឧត្តម​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​អ្នក​ដែល​ដាំ​ ​Terrarium​ ​ក៏​គួរតែ​ឲ្យ​រុក្ខជាតិ​ត្រូវ​ពន្លឺ​ខ្លះ​ផង​ដែរ​ ​«​បើ​អ្នក​ដែល​មាន​បន្ទប់​ជិតឈឹង​ ​គួរតែ​មានកូន​អំពូល​តូច​មួយ​ដើម្បី​ចាំង​លើ​ ​Terrarium​ ​តែ​ប្រសិនបើ​បន្ទប់​មាន​បង្អួច​គួរតែ​ដាក់​នៅ​ក្បែរ​បង្អួច​ទើប​ល្អ​ ​ព្រោះ​វា​ត្រូវការ​ពន្លឺ​ដើម្បី​ធ្វើ​រស្មីសំយោគ​ផង​ដែរ​»​។​ ​រុក្ខជាតិ​ភាគច្រើន​គឺជា​ដើម​រុក្ខជាតិ​ដែ​លតូចៗ​មិន​អាច​ដុះ​ធំ​ខ្ពស់​បាន​ ​ដេ​គ័រ​អម​ជាមួយនឹង​ស្មៅ​ដែល​ ​ឧត្តម​បាន​ប្រាប់​ថា​ ​ខ្លះ​យក​ពី​ព្រៃ​ ​ខ្លះ​នាំចូល​ពី​បរទេស​ ​និង​ខ្លះទៀត​យើង​អាច​រកបាន​នៅ​គ្រប់​ទីកន្លែង​ផង​ដែរ​៕​

Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS