×

​ពិព័រណ៍​រួម​របស់​សិល្បករ​វ័យក្មេង​បី​រូប​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​នៃ​ជីវិត​ដែលគេ​មិនសូវ​រាប់រក​

NEWS 5 years ago
 
 

          ​កាលពី​ថ្ងៃទី១៩​ ​ខែមករា​ ​កន្លងទៅ​នេះ​ ​ក្រុម​សិល្បករ​វ័យក្មេង​បី​រូប​បាន​ដាក់​បង្ហាញ​នូវ​ផ្ទាំងគំនូរ​ ​រួម​ជាមួយ​
​នឹង​ស្នា​ដៃ​ផ្សេង​ៗ​ទៀត​ជាច្រើន​របស់​ពួកគេ​នៅ​វិចិត្រសាល​ ​«​Bong​ ​The​ ​Gallery​»​ ​រាជធានី​ភ្នំពេញ​។​ ​បន្ថែម​ពីនេះ​ទៅទៀត​ ​នៅក្នុង​ពិព័រណ៍​ក្រោម​ប្រធានបទ​ ​«​I​ ​Do​ ​Not​ ​Belong​ ​Here​»​ ​របស់​សិល្បករ​វ័យក្មេង​បី​រូប​ដែល​មាន​រហ័ស​នាម​ ​«​Homeless​»​ ​នេះ​បាន​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ការរើសអើង​យ៉ាង​ខ្លាំង​របស់​មនុស្ស​ដែល​រស់នៅ​ជុំវិញ​ខ្លួន​របស់​ពួកគេ​។​

          ​វ័យ​ទើបតែ​ ​២១​ ​ឆ្នាំ​ ​ចាង​ ​សៀងហៃ​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ដ៏​ឆ្នើម​នៅក្នុង​វិ​ស័យ​ហ្វេ​ហ្សិន​ ​និង​ជា​វិចិត្រករ​ ​(​Visual​ ​Artist​)​ ​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ​។​ ​រូបថត​ដែល​យើង​កំពុងតែ​ឃើញ​នៅ​លើ​ជញ្ជាំង​នៃ​ពិព័រណ៍​នេះ​ជា​ស្នាដៃ​របស់​សៀងហៃ​ដែល​បាន​ដកស្រង់​ចេញពី​ខ្សែភាពយន្ត​បរទេស​មួយ​ ​ហើយ​វា​ជាផ្នែក​ថ្មី​មួយ​ក្នុង​ការបង្កើត​នូវ​ចលនា​នៃ​សិល្បៈ​ថ្មី​ៗ​។​ ​ជាក់ស្តែង​ ​ចំពោះ​លក្ខណៈ​រូបថត​របស់​ ​សៀងហៃ​ ​នោះ​ផ្តោត​សំខាន់​ទៅលើ​ ​Dark​ ​Art​ ​ឬហៅ​ថា​សិល្បៈ​ងងឹត​ ​និង​ថតរូប​អាក្រាត​កាយ​ ​(​Nude​ ​Photography​)​ ​ហើយ​វា​ក៏​បង្ហាញ​អំពី​អត្តចរិត​របស់​គាត់​ដែល​មិនសូវ​ចូលចិត្ត​និយាយ​ជាមួយ​មនុស្ស​ច្រើន​ ​ជាពិសេស​ ​ការ​ស្លៀកពាក់​ដែល​មាន​លក្ខណៈ​ខុសប្លែក​ពី​អ្នកដទៃ​ដែល​ធ្វើឲ្យ​គាត់​ទទួលរង​នូវ​ការរិះគន់​ជា​ខ្លាំង​។​

ចាង​ ​សៀងហៃ

          ​ងាក​មក​ផ្ទាំងគំនូរ​ជាច្រើន​ផ្ទាំង​ដែល​ជា​ស្នាដៃ​របស់​វិចិត្រករ​ ​សូ​ ​សុទ្ធ​សុវណ្ណ​គង់​ ​ដែល​លោក​គឺជា​វិចិត្រករ​គូររូប​លើ​ជញ្ជាំង​តាម​ដងផ្លូវ​ម្នាក់​។​ ​សុវណ្ណ​គង់​ ​បាន​លើកឡើង​ថា​ ​«​គំនូរ​នៅ​លើ​ជញ្ជាំង​ដែល​បាន​គូរ​នៅ​តាម​ដងផ្លូវ​ ​ហាក់បីដូចជា​មិនសូវ​មាន​អ្នកចូលចិត្ត​ ​និង​ស្រឡាញ់​នោះ​ទេ​ ​ប៉ុន្តែ​គំនូរ​ទាំងអស់​នេះ​វា​បាន​បង្ហាញ​អំពី​ភាព​ច្នៃ​ប្រឌិត​ថ្មី​ៗ​របស់​វិចិត្រករ​គូរ​លើ​ជញ្ជាំង​គ្រប់រូប​»​។​ ​ជា​ការពិត​ណាស់​ ​គំនូរ​នៅ​លើ​ជញ្ជាំង​នេះ​មើលទៅ​ពិតជា​គ្មានអ្វី​ដែល​ទាក់ទាញ​នោះ​ទេ​ ​ប៉ុន្តែ​ប្រសិនបើ​យើង​ដឹង​អំពី​អត្ថន័យ​របស់​គំនូរ​នោះ​ ​យើង​ប្រាកដជា​មើល​មិន​ដាក់ភ្នែក​ឡើយ​។​ ​

សូ​ ​សុទ្ធ​សុវណ្ណ​គង់

          ដោយឡែក​ ​គ្រប់គ្នា​ចូល​មកដល់​កន្លែង​តាំងពិព័រណ៍​ប្រាកដជា​ឆ្ងល់​ហើយ​ថា​ ​គ្រាន់តែ​ចម្រឹងបង្អួច​សោះ​ ​ហេតុអ្វី​បាន​ត្រូវ​យក​មក​ដាក់​តាំងនៅ​ក្នុង​ពិព័រណ៍​នេះ​?​ ​ជា​ការពិត​ណាស់​ ​ចម្រឹងបង្អួច​ដែល​មាន​លក្ខណៈ​ទ្រុឌទ្រោម​ ​ពោរពេញ​ទៅ​ដោយ​ច្រេះ​នោះ​ ​គឺជា​ការ​បង្ហាញ​នូវ​សំណង់​អ​គារ​ចាស់​ៗ​ដែល​មាននៅ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ និងសម័យអាណានិគមមក​ម្ល៉េះ​ ​ហើយ​នេះ​ជា​ស្នាដៃ​របស់​វិចិត្រករ​ ​ស៊ិន​ ​ម៉ា​នី​ ​មក​ពី​ខេត្តបាត់ដំបង​។​ ​ម៉ា​នី​ ​បាន​ប្រាប់​មក​ ​សូ​វរីន​ ​ថា​ ​«​ចម្រឹងបង្អួច​នេះ​ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​ស្ទើរតែ​គ្រប់​ទីកន្លែង​មក​ហើយពី​កន្លែង​ដែលគេ​វាយកម្ទេច​សំណង់​អ​គារ​ចាស់​ៗ​ពី​សង្គម​រាស្ត្រនិយម និងសម័យ​អាណានិគម​ ​ហើយ​វា​គឺជា​ការ​ចង្អុលបង្ហាញ​មួយ​ដែល​អាច​ធ្វើឲ្យ​មនុស្ស​គ្រប់រូប​មានការ​ចងចាំ​នៃ​អនុស្សាវរីយ៍​ជាច្រើន​ដែល​មាននៅ​ក្នុង​អតីតកាល​»​។​ ​ជាក់ស្តែង​ ​វត្ថុ​ប្រើប្រាស់​ ​និង​សំណង់​អគារ​មួយចំនួន​ត្រូវ​បាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង​តែម្តង​ ​ហើយ​នេះ​អាច​ជា​បញ្ហា​មួយ​ដែល​អាច​ធ្វើឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ភ្លេច​នូវ​ទម្រង់​មួយចំនួន​ដែល​មាននៅ​ក្នុង​អតីតកាល​។​

ស៊ិន​ ​ម៉ា​នី

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​តាំងពិព័រណ៍​ស្នាដៃ​របស់​ ​«​Homeless​»​ ​បើក​ជូន​ឲ្យ​មហាជន​ចូល​ទស្សនា​ដោយសេរី​ដែល​ធ្វើឡើង​នៅ​វិចិត្រសាល​ ​«​Bong​ ​The​ ​Gallery​»​ ​ដោយមាន​អាសយដ្ឋាន​ ​ផ្ទះលេខ​ ​18E2​ ​ស្ថិតនៅ​លើ​ដង​វិថី​សុធារស​ ​រាជធានី​ភ្នំពេញ​៕​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS