×

អត្ថប្រយោជន៍​នៃ​គ្រាប់​ផាសិន​ដែល​គ្រប់គ្នា​មិន​ធ្លាប់​ដឹង​ពីមុន​

TRAVEL & LIVING 5 years ago
 
 

          ផា​សិន​ត្រូវ​បាន​គេ​និយម​យក​មក​ច្នៃ​ជា​ភេសជ្ជៈ​ច្រើនមុខ​យ៉ាង​សម្បូរ​បែប​មិនថា​ជា​ប្រភេទ​ទឹក​ ​បែប​ក្រឡុក​ ​ឬ​លាយ​ជាមួយ​ស្រា​ក្រឡុក​ឡើយ​ ​ដោយហេតុ​វា​មាន​រសជាតិ​ជូរអែម​ផ្អែម​ជាប់មាត់​ ​និង​ក្លិន​ឈ្ងុយ​ដែល​បង្កើន​ឲ្យ​ភេសជ្ជៈ​កាន់តែ​មានឱជារស​ឆ្ងាញ់​ពិសា​។​ ​ជាទូទៅ​ផ្លែ​ផា​សិន​យើង​អាច​ពិសា​បាន​ទាំង​សាច់​ ​និង​គ្រាប់​ ​ប៉ុន្តែ​អ្នក​ពិសា​មួយចំនួន​មិនសូវ​ចំណូល​ពិសា​ទាំង​គ្រាប់​ប៉ុន្មាន​នោះ​ទេ​ក៏​ព្រោះតែ​វា​គ្មាន​រសជាតិ​ ​និង​រំខាន​ដល់​ការ​បឺត​ទទួលទាន​។​ ​យ៉ាងណាមិញ​ ​គ្រាប់​ទំ​ពារ​ក្រុប​ៗ​នេះ​ហើយ​ជា​ស្នូល​ដ៏​សំខាន់​ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ ​បន្ទាប់ពី​សាច់​ផា​សិន​ដែល​មាន​អត្ថ​ប្រយោជន៍​ជួយ​បង្កើន​ថាមពល​ ​ជួយ​ដល់​សុខភាព​បេះដូង​ ​ការពារ​ជំងឺ​ទឹកនោមផ្អែម​ ​និង​បង្កើន​សម្រស់​ស្បែក​ក្មេង​ជាង​វ័យ​ជាដើម​។​ ​ខាងក្រោម​នេះ​គឺជា​អាថ៌កំបាំង​ចំពោះ​សុខភាព​នៃ​គ្រាប់​ផា​សិន​ដែល​គ្រប់គ្នា​មិនធ្លាប់​ដឹងពី​មុន​។​ ​

1​.ឱសថ​ការពារ​ជំ​ងឺ​រុំា​រ៉ៃ​ ​និង​សម្រស់​ ​ គ្រាប់​ផា​សិន​ផ្ទុក​នូវ​សារធាតុ​ ​Piceatannol​ ​និង​ ​Scirpusin​ ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​បំផុត​។​ ​សារ​ធា​តុប្​រ​ឆាំ​អុកស៊ីតកម្ម​នេះ​ហើយដែល​ជួយការ​ពារ​រាងកាយ​ពី​រ៉ាឌីកាល់​សេរី​ ​និង​ការ​មាន​ប្រតិកម្ម​ម៉ូលេគុល​ខ្ពស់​ដែល​អាច​បំផ្លាញ​ឌី​អិន​អេ​នៅក្នុង​កោសិកា​។​ ​ករណី​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី​អាច​ធ្វើឲ្យ​ប្រឈម​ភាព​អន់ថយ​ ​និង​ជំ​ងឺ​រុំា​រ៉ៃ​មួយចំនួន​ដូចជា​ ​ជំងឺ​ត្បៀត​សរសៃឈាម​ ​ជំងឺ​វង្វេងវង្វាន់​ ​បញ្ហា​ប្រព័ន្ធ​ការពារ​ ​ជំងឺបេះដូង​ ​ជំងឺ​សន្លាក់ឆ្អឹង​ ​បញ្ហា​ផ្លូវចិត្ត​ ​និង​ជំងឺ​ទឹកនោមផ្អែម​។​ ​គ្រាប់​ផា​សិន​ក៏​ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​សម្រស់​ស្បែក​ដោយ​ជួយការ​ពារ​ភាព​ជ្រីវជ្រួញ​ដែល​បង្ក​មក​ពី​កាំរស្មី​យូ​វី​ ​ព្រមទាំង​បង្កើត​អង់ស៊ីម​ម្យ៉ាង​ហៅថា​ ​metalloproteinase​ ​ដែល​ជួយ​ជួសជុល​ខូ​លេ​ជិន​ដែល​បំផ្លាញ​ដោយ​ពន្លឺ​ព្រះអាទិត្យ​។​ ​

2​.បី​ក្នុង​សារធាតុ​មួយ​អត្ថ​ប្រយោជន៍​ទ្វេ​ ៖ គេ​បាន​រក​ឃើញថា​សារ​ធា​តុ​ប៉ូលី​ហ្វី​ណូល​ ​(​Polyphenol​)​នៅក្នុង​គ្រាប់​ផា​សិន​បាន​ផ្ទុក​នូវ​សារធាតុ​សំ​ខាន់​ៗ​ចំនួន​បី​ដែល​មានគុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។​ ​ក្នុង​នោះ​ ​សារ​ធា​តុ​ហ្លា​វ៉ូ​ណយ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ពី​ឈាម​ខាប់​ ​និង​គ្រោះថ្នាក់​ពី​កូ​ឡេ​ស្តេ​រ៉ូល​ ​ការពារ​ជំងឺ​រលាក​អញ្ចាញធ្មេញ​ ​ជំងឺឆ្លង​តាម​ប្រព័ន្ធ​ផ្លូវ​នោម​។​ ​ចំណែក​សារធាតុ​ ​អា​ស៊ី​ដ​ហ្វី​ណូល​ជួយការ​ពារ​កោសិកា​មហារីក​ ​ការពារ​ជំងឺ​ផ្លូវ​នោម​ ​ជួយ​ទប់ទល់​នឹង​វីរុស​ ​និង​បាក់តេរី​ដែល​ជា​មូលហេតុ​នៃ​ជំងឺ​រលាក​តម្រង់​នោម​ ​និង​ការ​ហើម​រលាក​ ​ព្រមទាំង​បញ្ហា​ស្បែក​ដែល​បណ្តាល​មក​ពី​កាំរស្មី​យូ​វី​។​ ​រី​ឯ​សារធាតុ​ ​ហ្វី​តូ​អេ​សស្ត្រូ​ចេន​ជួយ​កាត់បន្ថយ​បញ្ហា​នៅក្នុង​មជ្ឈិមវ័យ​របស់​ស្ត្រី​ដូចជា​ការពារ​ពី​ជំងឺមហារីក​សុដន់​ ​មហារីក​ភ្នាស​ស្បូន​ ​និង​មហារីក​ក្រពេញ​ប្រូ​ស្តាត​ ​ជួយ​កាត់បន្ថយ​បរិមាណ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ ​និង​សម្ពាធ​ឈាម​ខ្ពស់​។​ ​

​3​.ជាតិ​ម៉ា​ញ៉េស្យូម​ខ្ពស់​ ​៖ ​គ្រាប់​ផា​សិន​ផ្ទុក​នូវ​ម៉ា​ញ៉េស្យូម​ខ្ពស់​ដែល​ជា​ជាតិ​ខនិជ​យ៉ាង​សំខាន់​មាន​តួនាទី​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ ​ពង្រឹង​ប្រព័ន្ធ​រំលាយអាហារ​ ​ធ្វើឲ្យ​ចង្វាក់​បេះដូង​ដើរ​ស្រួល​ ​និង​ប្រព័ន្ធ​សរសៃប្រសាទ​ល្អ​ប្រសើរ​ផង​ដែរ​។​ ​ការ​ទទួលទាន​គ្រាប់​ផា​សិន​ជាប្រចាំ​នឹងអាច​បំពេញ​គ្រប់គ្រាន់​នូវ​ជាតិ​ម៉ា​ញ៉េស្យូម​ដែល​រាងកាយ​ត្រូវការ​ ​ដោយឡែក​កត្តា​ហានិភ័យ​ដែល​បង្កើន​ឱកាស​នៃ​ការ​កង្វះ​ម៉ា​ញ៉េស្យូ​មរួម​មាន​ភាព​តានតឹង​ ​ការប្រើ​ថ្នាំបញ្ចុះ​ទឹកនោម​រយៈពេល​យូរ​ ​កើតជំងឺ​ក្រពះ​ពោះវៀន​ ​និង​ផឹកសុរា​ច្រើន​ជាដើម​។​ ​

4​.ជួយ​សុខភាព​ពោះវៀន​ ​៖ អ្នកជំនាញ​បាន​ស្រាវជ្រាវ​ឃើញថា​នៅក្នុង​គ្រាប់​ផា​សិន១០០ក្រាម​មាន​ផ្ទុក​ហ្វៃ​ប័រ​ដល់ទៅ​ ​៦៤,១ក្រាម​។​ ​ជាតិ​សរ​សៃ​ហ្វៃ​ប័​រមិ​នរ​លាយ​នេះ​ហើយ​មានមុខ​ងារ​ជួយ​ដល់​ការរំលាយអាហារ​ដែល​ជួយ​ជំរុញ​បាក់តេរី​មិនល្អ​ចេញពី​រាងកាយ​ ​ជំរុញ​ចលនា​ពោះវៀនធំ​ ​ជំរុញ​ជាតិពុល​ចេញពី​រាងកាយ​តាមរយៈ​ការ​បន្ទោបង់​ ​និង​ការពារ​ជំងឺ​ទល់លាមក​ក៏ដូចជា​ជំងឺ​ឫសដូងបាត​៕​ ​

Article​ ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS