×

ដំណើរ​វិវឌ្ឍ​អូ​ប៉េ​រ៉ា​និង​លោក​ញ៉ឹង​ ​កា​ណុល​ ​គ្រូបង្រៀន​ ​Opera​ ​ក្មេង​ជាងគេ​នៅ​កម្ពុជា​

NEWS 5 years ago
 
 

​          អូ​ប៉េ​រ៉ា​ ​(​Opera​)​ ​ដែល​ប្រជាជន​កម្ពុជា​ទូទៅ​បាន​សម្លឹង​មើលឃើញ​តែមួយ​ជ្រុង​ថា​គ្រាន់តែ​ជា​ការ​ស្រែកច្រៀង​នៅ​លើ​ឆាក​តែប៉ុណ្ណោះ​ ​ក៏ប៉ុន្តែ​ ​Opera​ ​ក៏​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ដើម្បីឲ្យ​ការ​ស្រែកច្រៀង​ត្រូវ​នឹង​ ​មេ​ឡូ​ឌី ​(​Melody​)​ ​បាន​ត្រឹមត្រូវ​ ​និង​មិន​ឆ្គាំឆ្គង​។​ ​ឧទាហរណ៏​ ​នៅពេល​គេ​ស្រែកច្រៀង​បទ​គោរព​ទង់ជាតិ​ ​សម្រាប់​មនុស្ស​ទូទៅ​គេ​នឹង​ស្រែកច្រៀង​នូវ​សម្លេង​រាប​ស្មើរ​ធម្មតា​ ​ក៏ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចេះ​ ​អូ​ប៉េ​រ៉ា​ ​គេ​នឹង​ស្រែកច្រៀង​តាម​ចង្វាក់​នៃ​សាច់ភ្លេង​ ​និង​មេ​ឡូ​ឌី​ ​បាន​ត្រឹមត្រូវ​និង​មានសម្លេង​ពិរោះ​រណ្តំ​នៅពេល​ដែលគេ​ស្រែក​ដំណាលគ្នា​។​ ​នេះ​បើ​តាម​ ​លោក​ ​ញ៉ឹង​ ​កា​ណុល​ ​ដែល​ជា​លោកគ្រូ​បង្រៀន​អូ​ប៉េ​រ៉ា​វ័យក្មេង​មួយ​រូប​ក្នុងចំណោម​គ្រូ​ដែល​នៅ​សេសសល់​ភាគតិច​បំផុត​នៅ​កម្ពុជា​។​ ​លោក​ ​ញ៉ឹង​កា​ណុល​ ​បាន​ប្រាប់ឲ្យដឹង​ថា​ ​អូ​ប៉េ​រ៉ា​ខុសប្លែក​និង​មាន​លក្ខណៈ​មួយ​ដែល​ធ្វើឲ្យ​មនុស្ស​ទូទៅ​ស្ងើចសរសើរ​និង​ព្រឺ​សម្បុរ​នៅពេល​ដែល​បាន​ស្តាប់​ឮ​ ​គឺថា​នៅពេល​ដែលគេ​ច្រៀង​អូ​ប៉េ​រ៉ា​ ​សម្លេង​របស់​ពួកគេ​បាន​លឺ​ខ្ទរ​និង​លាន់រំពង​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ក្បាល​មេក្រូ​នោះ​ឡើយ​។​ ​«​នៅ​អ៊ឺ​រ៉ុប​គេ​ឲ្យ​តម្លៃ​លើ​ ​Opera​ ​ខ្លាំង​ណាស់​ឲ្យតែ​មានការ​សម្តែង​ម្តង​ៗ​ ​សំបុត្រ​មិនដែល​សល់​ទេ​ ​ហើយ​សំបុត្រ​ក៏​ថ្លៃ​ដែរ​ ​ដោយ​សំបុត្រ​ ​VIP​ ​មួយ​មានតម្លៃ​រហូតដល់​ ​៥០០​ ​ទៅ​ ​៦០០​ ​ដុល្លារ​ ​សំបុត្រ​ធម្មតា​ ​តម្លៃ​ ​៣០០​ ​ទៅ​ ​៤០០​ ​ដុលា្លរ​ឯណោះ​»​ ​លោក​បាន​បន្ថែម​ទៀត​ថា​ ​ថ្វី​ដ្បិតតែ​ខ្មែរ​មិនសូវ​ឲ្យ​តម្លៃ​អូ​ប៉េ​រ៉ា​ក៏​ពិតមែន​ ​ក៏ប៉ុន្តែ​ឲ្យតែ​មានការ​ប្រកួត​អូ​ប៉េ​រ៉ា​ខ្នាត​អន្តរ​ជា​តិ​ម្តង​ៗ​ ​អ្នកចម្រៀង​អូ​ប៉េ​រ៉ា​ខ្មែរ​តែងតែបាន​ចំណាត់ថ្នាក់​លេខ​ ​២​ ​និង​ ​៣​ ​ជា​ញឹកញាប់​។​ ​លោក​ ​ញ៉ឹង​ ​កា​ណុល​ ​គឺជា​អតីត​គ្រូ​របស់​ ​បុស្បា​ប៉ាន​ ​ដែល​ជា​អ្នកចម្រៀង​អូ​ប៉េ​រ៉ា​ជនជាតិ​ខ្មែរ​វ័យក្មេង​មួយ​រូប​ដែល​កំពុងតែ​ល្បីឈ្មោះ​នៅ​ក្រៅប្រទេស​ ​ហើយ​បច្ចុប្បន្ន​លោក​កំពុងតែ​បណ្តុះបណ្តាល​វិស័យ​ចម្រៀង​ដល់​ ​កុមារី​ ​នរោត្តម​ ​ចេ​នណា​ ​ជា​អ្នកចម្រៀង​វ័យ​ ​៦​ ​ឆ្នាំ​ ​ដែល​កំពុងតែ​ល្បីល្បាញ​និង​បាន​លេចមុខ​ជាបន្តបន្ទាប់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​។​ ​កើត​នៅ​ថ្ងៃទី១០​ ​ខែសីហា​ ​ឆ្នាំ១៩៨៧​ ​ក្នុងទឹក​ដី​ខេត្តក្រចេះ​ ​លោក​ជា​អ្នកចម្រៀង​អូ​ប៉េ​រ៉ា​វ័យក្មេង​សម្លេង​តេន័​រ​ (​Tenor​)​ ​ដែល​ជា​ប្រភេទ​សម្លេង​ខ្ពស់​របស់​បុរស​ ​លោក​មាន​ឧបនិស្ស័យ​ផ្នែក​ចម្រៀង​តាំងពី​កុមារភាព​ ​ហើយ​សព្វថ្ងៃ​នេះ​លោក​ជា​សាស្រ្តា​ចារ្យ​បង្រៀន​ផ្នែក​ចម្រៀង​បស្ចឹម​ប្រទេស​នៅ​ ​ក្នុង​មហា​វិទ្យាល័យ​តូ​រ្យ​តន្រ្តី​ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​ ​ដោយសារតែ​ចម្រៀង​អូ​ប៉េ​រ៉ា​នេះ​ហើយដែល​ផ្តល់​ឱកាស​ឲ្យ​លោក​បាន​ធ្វើដំណើរ​ទៅជា​ច្រើន​ប្រទេស​ ​ជាពិសេស​គឺ​ប្រទេស​នៅ​ខាង​ប៉ែ​ក​អ៊ឺ​រ៉ុប​ ​ហើយ​ថែមទាំង​បង្រៀន​លោក​ឲ្យ​ចេះនិយាយ​បាន​ដល់ទៅ​ ​៦ភាសា​ ​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង​។​ ​ក្នុង​ឆ្នាំ២០០៦​ ​លោក​ត្រូវ​បាន​សម្តេច​ ​ព្រះ​បរម​រត​នៈ​កោដ​ ​សព្វព្រះរាជហឫទ័យ​​ជ្រើស​ឲ្យ​ចូល​ច្រៀង​ក្នុង​ក្រុម​តន្រ្តី​សម្លេង​ស្រាល​ ​ដើម្បី​ច្រៀង​ក្នុង​កម្មវិធី​លៀង​សាយ​ភោជន៍​ ​ក្នុង​ព្រះបរមរាជវាំង​សម្រាប់​ច្រៀង​ថ្វាយ​ ​និង​ច្រៀង​ទទួល​ភ្ញៀវ​ជាតិ​ ​និង​ភ្ញៀវ​អន្តរជាតិ​រហូតដល់​បច្ចុប្បន្ន​។​ ​ក្នុង​ឆ្នាំ២០១៧​ ​លោក​បាន​ជ្រើស​ចូល​ច្រៀង​ក្នុង​ល្ខោន​ ​អូ​ប៉េ​រ៉ា​ ​ដែល​មាន​ចំណងជើង​ថា​ ​(​Magic​ ​flute​)​ ​ដើរ​តួរ​ជា​បុព្វ​ជិ​ក​ ​រហូតមកដល់​ឆ្នាំ២០១៨​ ​លោក​បាន​ជ្រើស​ចូល​សម្តែង​ក្នុង​លោ្ខន​អូ​ប៉េ​រ៉ា​ដែល​មាន​ចំណងជើង​ថា​ ​(​ ​CAVALLERIA​ ​RUSTICANA​ ​)​ ​។​ ជាពិសេស​ចាប់តាំងពី​ឆ្នាំ២០១០​ ​រហូតមកដល់​បច្ចុប្បន្ន​លោក​បាន​ចែករំលែក​ចំណេះដឹង​របស់​លោក​ដល់​កូនខ្មែរ​ ​ក៏ដូចជា​ ​ការចែក​រំលែក​ទៅដល់​ជន​ពិការ​ ​ក្មេងកំព្រា​ ​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម​ ​យុវជន​កាយ​រឹ​ទ្ធ​ហើយនឹង​បាន​បង្រៀន​ដល់​និស្សិត​តាម​បណ្តាសា​កល​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន​ជាង៣០០០នាក់​ ​រួចមក​ហើយ​។​

​          ចម្រៀង​ ​អូ​ប៉េ​រ៉ា​ ​ថ្វី​ដ្បិតតែ​មិនមែន​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​ក៏​ពិតមែន​ ​ក៏ប៉ុន្តែ​វា​បាន​ធ្វើឲ្យ​កម្ពុជា​បាន​ស្គាល់​នូវ​សកល​ភាព​ដែល​ពិភពលោក​កំពុងតែ​ឲ្យ​តម្លៃ​ ​ហើយ​អូ​ប៉េ​រ៉ា​អាច​ធ្វើឲ្យ​ពិភពលោក​ដឹង​ថា​ ​កម្ពុជា​គឺជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​វប្បធម៌​ចម្រុះ​ជាតិសាសន៍​ផង​ដែរ​។​ ​លោក​ ​ញ៉ឹង​ ​កា​ណុល​ ​បាន​មើលឃើញ​ថា​ ​បច្ចុប្បន្ន​ ​យុវជន​កម្ពុជា​កំពុងតែ​ចាប់ផ្តើម​និង​មានការ​ចាប់​អារម្មណ៍​បន្តិច​ម្តង​ៗ​ពី​វិស័យ​ចម្រៀង​អូ​ប៉េ​រ៉ា​នេះ​ ​ខណៈ​ដែល​អូ​ប៉េ​រ៉ា​បាន​សម្តែង​នៅ​កម្ពុជា​បាន​ចំនួន​បីដង​រួចមក​ ​ហើយ​លោក​ក៏​សង្ឃឹមថា​ ​កូនខ្មែរ​នឹង​យល់​ក៏ដូចជា​ស្គាល់​អូ​ប៉េ​រ៉ា​ឲ្យ​កាន់តែ​ច្រើន​តាមរយៈ​ការ​បង្ហាញ​អូ​ប៉េ​រ៉ា​នៅ​ស្រុកខ្មែរ​យើង​នេះ៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS