×

​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ ​រី​ចំណាន​ ​កល្យាន​ ​ប្រាប់​ពី​គោលជំហរ​យ៉ាង​រឹងមាំ​មុន​ពេល​ឡើង​ប្រកួត​ឆាប់​ៗ​នេះ​

NEWS 5 years ago
 
 

          ​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​កម្មវិធី​ប្រកួត​បវរកញ្ញា​ ​Miss​ ​Planet​ ​International​ ​នឹង​ឈាន​ចូល​មកដល់​ ​ពោល​គឺ​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី​ ​២១​ ​ខែកុម្ភៈ​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃទី០២ខែ​មី​នា​ឆ្នំា២០១៩នេះ​។​ ​កម្មវិធី​នេះ​ដែរ​មានការ​ចូលរួម​ប្រកួត​ពី​បវរកញ្ញា​មក​ពី៦០ប្រទេស​ដែល​កម្ពុជា​គឺជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​កម្មវិធី​ប្រកួត​លក្ខណៈ​អន្តរជាតិ​លើកដំបូង​នេះ​តែម្តង​។​ ​យ៉ាងណាមិញ​ ​ថ្មី​ៗ​នេះ​ប្រិយមិត្ត​ប្រាកដជា​បាន​ជ្រាប​រួចមក​ហើយ​ថា​បវរកញ្ញា​ដែល​តំណាង​ឲ្យ​កម្ពុជា​នោះ​គឺ​កញ្ញា​ ​រី​ចំណាន​ ​កល្យាន​ ​ដែល​នាង​គឺជា​បេក្ខនារី​មក​ពី​រាជធានី​ភ្នំពេញ​ ​មាន​កម្ពស់​ខ្ពស់​រូប​សម្រស់​ស្រស់​ស្អាត​ព្រម​ទំាង​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង​ ​និង​សមត្ថភាព​មិនធម្មតា​ឡើយ​។​ ​ខណៈ​កម្មវិធី​កាន់តែ​កៀក​ជិត​ចូល​មកដល់​ ​តើ​កញ្ញា​បាន​ត្រៀមខ្លួន​យ៉ាងដូច​ម្តេច​ខ្លះ​?​ ​ហើយ​តើ​កញ្ញា​មាន​ប្រវត្តិ​ដូចម្តេច​ខ្លះ​មុន​ពេល​បោះជំហាន​រហូត​ក្លាយជា​បេក្ខភាព​តំណាង​ឲ្យ​កម្ពុជា​?​ ​

          ​​ស្ថិតនៅ​ក្នុង​គ្រួសារ​ជីវភាព​មធ្យម​ដែល​មាន​ឪពុក​ប្រកបរបរ​ជា​អ្នកលក់​ទោចក្រយាន​យន្ត​ ​និង​ម្តាយ​ជា​ស្ត្រី​មេផ្ទះ​ ​រី​ចំណាន​ ​កល្យាន​ ​មាន​បងប្អូន​ប្រុសស្រី​ចំនួន​ពីរ​នាក់​ ​(​កល្យាន​ជា​កូន​ទី២​)​។​ ​និស្ស័យ​ចូលចិត្ត​សិល្បៈ​បាន​បណ្តុះ​ទឹកចិត្ត​ ​កល្យាន​ ​ឲ្យ​ស្រឡាញ់​អាជីព​ដើរ​ម៉ូត​តាំងតែពី​កុមារភាព​មក​ម្ល៉េះ​ ​ដែល​នេះ​ជាហេតុ​ផល​ចម្បង​ដែ​លក​ល្យាន​ ​រមែង​ចិញ្ចឹមចិត្ត​រំពឹង​ថា​ថ្ងៃណាមួយ​នឹង​បាន​បោះជំហាន​លើ​ថ្នាល​សិល្បៈ​នឹងគេ​។​ ​ឈាន​ដល់​វ័យ​ ​១៩ឆ្នាំ​ ​ក្រោយពេល​ប្រលង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ ​កញ្ញា​ត្រូវ​បាន​ឪពុក​ម្តាយ​ទំនុកបម្រុង​ផ្តួចផ្តើម​បើក​អាជីវកម្ម​ហាង​កាហ្វេ​ផ្ទាល់ខ្លួន​ ​និង​លក់​គ្រឿង​រក្សា​សម្រស់​នៅ​លើ​បណ្តាញ​សង្គម​ ​ហើយ​ជាមួយគ្នា​នេះ​ដែរ​វា​គឺជា​ពេល​ដែល​ ​កល្យាន​ ​ចាប់ផ្តើម​ដាក់ពាក្យ​ចូល​ប្រកួត​ក្នុង​កម្មវិធី​ ​Miss​ ​Planet​ ​Cambodia​ ​ដើម្បី​សម្រេច​ក្តី​ស្រមៃ​ដែល​ខ្លួន​មាន​តាំងពី​តូច​។​ ​«​ខ្ញុំ​ស្រឡាញ់​សិល្បៈ​តាំងពី​តូច​ ​ជាពិសេស​ចូលចិត្ត​ការ​ដើរ​ម៉ូត​ខ្លាំង​ណាស់​ ​ម្យ៉ាង​ដោយមាន​ការជំរុញ​ទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផង​ ​និង​ឪពុក​ម្តាយ​ផង​ទើប​ខ្ញុំ​សម្រេចចិត្ត​ចូល​ប្រកួត​ ​និង​ខិតខំ​ប្រឹងប្រែង​រហូត​មាន​ថ្ងៃនេះ​»​។​ ​ជា​លទ្ធផល​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​រួម​ជាមួយ​ទេពកោសល្យ​ ​និង​រូប​សម្រស់​អំណោយផល​ពី​ធម្មជាតិ​ ​រី​ចំណាន​ ​កល្យាន​ ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ​១នៃ​កម្មវិធី​ ​Miss​ ​Planet​ ​Cambodia​ ​ដែល​តំណាង​ឲ្យ​កម្ពុជា​ដើម្បី​ទៅ​ប្រកួត​ដណ្តើម​ម្កុដ​ក្នុង​កម្មវិធី​លក្ខណៈ​អន្តរជាតិ​ ​Miss​ ​Planet​ ​International​ ​2019​។​

          ​​ជា​ការពិត​ណាស់​ ​ខណៈ​កម្មវិធី​ប្រកួត​លក្ខណៈ​អន្តរជាតិ​រំកិល​ជិត​ចូល​មកដល់​ ​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​វ័យក្មេង​កម្ពស់​ ​១,៧០​ ​ម៉ែត្រ​ ​ទម្ងន់​ ​៥១គីឡូក្រាម​រូប​នេះ​ ​ក៏បាន​បង្ហើប​អំពី​គោលជំហរ​ក្នុង​ការចូលរួម​ប្រកួត​ដែរ​ថា​ ​«​ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​ការប្រកួត​នេះ​ ​ខ្ញុំ​បាន​ត្រៀម​អ្វី​ៗ​គ្រប់យ៉ាង​រួចជាស្រេច​មិនថា​ការហាត់​ដើរ​ ​ការ​ឆ្លើយ​សំណួរ​ ​និង​ចំណេះ​ដឹង​ផ្សេង​ៗ​ដើម្បី​បង្ហាញថា​បវរកញ្ញា​កម្ពុជា​មាន​ទាំង​រូប​សម្រស់​ស្រស់​ស្អាត​ ​ភាព​ស្រស់​ស្អាត​ពី​ខាងក្នុង​ ​មាន​ភាព​វ័យ​ឆ្លាត​ ​មាន​សមត្ថភាព​ ​អ្វី​ដែល​សំខាន់​ជាង​នេះ​ខ្ញុំ​នឹង​ពាំនាំ​យក​សិល្បៈ​វប្បធម៌​ ​និង​អរិយធម៌​ខ្មែរ​រួម​ទាំង​តំបន់​ទេសចរណ៍​នានា​ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​ទៅ​បង្ហាញ​ពិភពលោក​ឲ្យបាន​ស្គាល់​កាន់តែ​ច្បាស់​នៅ​លើឆាកអន្តរជាតិ​»​។​

           តួយ៉ាង​ ​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​យើង​នឹង​គ្រង​ឈុត​ ​«​ទេពធីតា​ ​មហាសង្ក្រាន្ត​»​ ​ដែល​តំណាង​ឲ្យ​បុត្រី​កបិល​មហាព្រហ្ម​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។​ ​ទាក់ទិន​នឹង​ឈុត​តំណាង​ជាតិនេះ​ដែរ​ ​កញ្ញា​រំដួល​លិចទឹក​ដែល​ជា​អ្នកចាត់ចែង​កម្មវិធី​ផ្ទាល់​បាន​ឲ្យដឹង​ដែរ​ថា​ ​ឈុត​តំណាង​ជាតិ​ ​គឺ​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ល្អិតល្អន់​បំផុត​ដោយ​រួម​សហការ​អ្នក​រចនា​ចំនួន​បី​នាក់​ ​គឺ​លោក​ ​គួន​ ​មាឃ​ ​ជា​អ្នក​គូររូប​ ​ចំណែក​កញ្ញា​រំដួល​លេច​ទឹក​ ​និង​លោក​ ​អ៊ី​ ​សុខ​ជា​ ​ជា​អ្នក​ច្នៃ​ឈុត​រួមគ្នា​។​ ​ក្បាច់​នៃ​ឈុត​នេះ​ត្រូវ​បាន​ច្នៃ​លាយ​គ្រឿង​ធម្ម​ជា​តិ​ខ្លះ​ៗ​ដូចជា​ ​ក្រូចឆ្មារ​ ​ប្រេង​អូ​លីវ​ ​និង​ម្សៅ​អង្ករដំណើប​ជាដើម​។​ ​មកទល់​ពេលនេះ​ឈុត​តំណាង​ជាតិ​ច្នៃ​សម្រេច​បាន​ ​៨០ភាគរយ​ហើយ​។​ ​ដោយសារ​កម្មវិធី​ ​Miss​ ​Planet​ ​International​ ​ផ្តោត​សំខាន់​ទៅលើ​ ​សិល្បៈ​ ​បរិស្ថាន​ ​និង​ការងារ​សង្គម​ ​កញ្ញា​រំដួល​លិចទឹក​បាន​លើកឡើង​ថា​ ​ការចូលរួម​ប្រកួត​កម្មវិធី​លក្ខណៈ​អន្តរជាតិ​នេះ​គឺ​យើង​មិន​សំខាន់​ថា​ដាច់ខាត​ត្រូវតែ​ដណ្តើម​ម្កុដ​ឲ្យ​ទាល់តែបាន​នោះ​ទេ​ ​អ្វី​ដែល​យើង​រំពឹង​ទុក​គឺ​បវរកញ្ញា​កម្ពុជា​នឹង​បង្ហាញ​ពី​សមត្ថភាព​ ​រូប​សម្រស់​ ​និង​អ្វី​ដែល​ជា​សិល្បៈ​វប្បធម៌​ ​និង​អរិយធម៌​ខ្មែរ​ឲ្យ​មហាជន​បរទេស​បាន​ស្គាល់​។​ ​ដូចនេះ​ ​កញ្ញា​ក៏​សំណូមពរ​ឲ្យ​ប្រជាជន​ខ្មែរយើង​ទាំងអស់​ចូលរួម​លើកទឹកចិត្ត​គាំទ្រ​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ឲ្យបាន​ច្រើន​ដើម្បីឲ្យ​បវរកញ្ញា​យើង​ ​ក៏ដូចជា​ក្រុមការងារ​មាន​កម្លាំងចិត្ត​តស៊ូ​យកជ័យ​ជម្នះ​នៅក្នុង​កម្មវិធី​នេះ​៕​ ​

Article​ ​by​ ​Hem​ ​Sokkhim​ ​


SUGGESTIONS