×

ឈុត​តំណាង​ជាតិ​ ​«​ទេពធីតា​មហាសង្ក្រាន្ត​»​ ​បង្ហាញ​ពីអ​ត្ថ​ន័យ​យ៉ាង​ជ្រាលជ្រៅ​ក្នុង​កម្មវិធី​ការ​ប្រកួតប្រជែង​បវរកញ្ញា​ភពផែន​ដី​ ​២០១៩​

NEWS 5 years ago
 
 

          កម្មវិធី​ប្រកួត​បវរកញ្ញា​លក្ខណៈ​អន្តរជាតិ​ ​Miss​ ​Planet​ ​International​ ​2019​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ ​កំពុងតែ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​ដែល​មាន​វត្តមាន​ចូលរួម​ពី​បវរកញ្ញា​រហូតដល់​ទៅ​ ​៣៤​ ​ប្រទេស​ ​ដែល​នឹង​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅដើម​ខែ​មី​នា​ឆាប់​ៗ​ខាងមុខនេះ​។​ ​យ៉ាងណាមិញ​ ​បើ​យើង​ក្រឡេកមក​គយគន់​ជាមួយនឹង​ឈុត​តំណាង​ជាតិ​ ​«​ទេពធីតា​មហាសង្ក្រាន្ត​»​ ​របស់​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ ​(​Miss​ ​Planet​ ​International​)​ ​រី​ចំណាន​ ​កល្យាន​ ​វិញ​បាន​បង្កប់​អត្ត​ន័យ​យ៉ាង​ជ្រាលជ្រៅ​ ​ពិសេស​តាមរយៈ​ការ​បង្ហាញ​ឈុត​ទេពធីតា​មហាសង្ក្រាន្ត​នេះ​ ​ប្រៀបបានទៅ​នឹង​ប្រទេស​កម្ពុជា​កំពុងតែ​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ ​អរិយធម៌​ ​ទំនៀមទម្លាប់​ ​និង​ប្រពៃណី​ខ្មែរ​ទៅកាន់​បរទស​ឲ្យបាន​ស្គាល់​ពី​តម្លៃ​កិត្តិនាម​របស់​កម្ពុជា​ដែល​មាន​តាំងពី​បុរាណកាល​មក​។​ ​ជាមួយនឹង​ការ​ធ្វើ​ឈុត​នេះ​ឡើង​មក​ដែរ​ ​ប្រិយមិត្ត​ទាំងអស់​ប្រាកដជា​មិនបាន​ដឹង​ទេ​ថា​ការ​ធ្វើ​ឈុត​ ​«​ទេពធីតា​មហាសង្ក្រាន្ត​»​ ​នេះ​មាន​ឧបសគ្គ​ជាច្រើន​ដែល​មិន​នឹកស្មាន​ដល់​។​ ​

​          ​ឈុត​តំណាង​ជាតិ​ ​«​ទេពធីតា​មហាសង្ក្រាន្ត​»​ ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អិតល្អន់​ដែល​មានការ​ចូលរួម​ ​ពី​វត្តមាន​បុគ្គល​បី​រូប​គឺ​លោក​ ​គួន​ ​មាឃ​ ​កញ្ញា​ ​រំដួល​លិច​ទឹក​ ​និង​លោក​ ​អ៊ី ​សុខ​ជា​ ​ដែល​បាន​រួមដៃគ្នា​សម្រិតសម្រាំង​តាំងពី​រូបគំនូរ​រហូតដល់​ចេញ​ជា​រូប​សម្រេច​ផ្លូវ​ការតែម្តង​។​ ​ឈុត​នេះ​ដែរ​ធ្វើការ​រចនា​ក្នុង​គោលបំណង​ផ្តោត​សំខាន់​ទៅលើ​ ​«​ទិដ្ឋភាព​នៃ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះសិរ​សាក​បិ​លម​ហា​ព្រហ្ម​»​ ​ដែល​មាននៅ​ក្នុង​រឿង​ ​ធម្មបាល​កុមារ​ ​និង​ ​កបិល​មហាព្រហ្ម​ ​ដើម្បី​ផ្សារភ្ជាប់​ទៅ​នឹង​ការ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែល​ខិត​ជិត​ចូល​មកដល់​នា​ពេល​ខាងមុខនេះ​។​ ​បន្ថែម​ពីនេះ​ទៅទៀត​ ​ឈុត​ ​«​ទេពធីតា​មហាសង្ក្រាន្ត​»​ ​មាន​អត្ថន័យ​ដូចតទៅ​៖​ ​

​1​ ​.​ម្កុដ​កំពូលចេតិយ ​៖​ ​ជា​និមិត្តរូប​នៃ​ភ្នំព្រះសុមេរុ​ ​ឬ​ភ្នំ​កៃលាស​ដែល​ជា​ឋាន​នៃ​ពពួក​អ​ទិ​ទេព​គង់នៅ​។​ ​ខាងស្តាំ​មាន​ផ្លិត​ប្រាំពីរ​ ​ខាងឆ្វេង​មាន​ផ្លិត​ប្រាំពីរ​រាប់​ត្រឹម​ក្លស់​ចុះ​មក​ក្រោម​ជា​និមិត្តរូប​នៃ​ជួរភ្នំ​ទាំង​ប្រាំពីរ​ជាន់​ ​និង​សមុទ្រ​សិទន្ថ​រប្រាំ​ពីរ​ជាន់​ដែល​ព័ទ្ធជុំវិញ​ភ្នំ​ព្រះ​សមេ​រុ​ឬ​ភ្នំ​កៃ​ឡាស់​តាម​លោកធាតុ​ឬចក្រ​វាល​។​

​2​.​ ​ក្លស់​ ​បាំង​សូរ្យ​ ​ចាមរ​ ​បៃមន់​ ​បាំងសែង​ ​សែងត្វ័ន​ ​ភូ​តាន​ ​ចាមរី ​៖​ ​ជា​គ្រឿង​រណ្តាប់​មួយ​បែបយ៉ាង​សំខាន់​ដែល​ខ្មែរ​បាន​ប្រើ​តាំងពី​បុរាណកាល​មកទល់​បច្ចុប្បន្ន​ ​និង​មានការ​ប្រែប្រួល​រូប​រាង​ខ្លះ​ៗ​ទៅតាម​សម័យកាល​ក្នុង​រាជ្យ​របស់​ព្រះរាជា​នី​មួយ​ៗ​។​ ​គ្រឿង​រណ្តាប់​ទាំងនេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ព្រះបរមរាជវាំង​ ​ក្នុង​ពិធី​ដង្ហែ​ក្បួន​ធំៗ​ក្នុង​ព្រះ​ពិធី​សាសនា​ ​ ​ក្បួន​ព្រះមហាក្សត្រ​ ​ក្បួន​សង្គ្រាម​ ​និង​បុណ្យប្រពៃណី​។​

​3​.​ ​សត្វ​ទាំង12 ​៖​ ​តំណាង​ឆ្នាំ​កំណើត​ទាំង12របស់​មនុស្ស​នៅក្នុង​ប្រតិទិន​មហាសង្ក្រាន្ត​ (​ឆ្នាំ​ចន្ទ​គិ​តិ​)​ ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​សំខាន់​រវាង​សត្វព្រៃ​ ​និង​មនុស្ស​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​ ​សត្វ​ខ្លះ​ជា​តំណាង​នៃ​សេចក្តី​ក្លាហាន​ ​ភាពរឹងមាំ​ ​សប្បុ​រ​ធម៌​ ​ការ​ការពារ​ ​សេចក្តី​ស្រលាញ់​ ​និង​តំណាង​លក្ខ​ណៈ​ផ្សេង​ៗ​នៃ​ទំនាក់ទំនង​រវាង​មនុស្ស​ ​និង​សត្វ​។​ ​សត្វ​ទាំងនេះ​ក៏​មាន​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ​ទៅ​ក្នុង​រឿងនិទាន​ ​រឿងព្រេង​ដែល​បង្កើត​បាន​ជា​មូលដ្ឋាន​នៃ​អ​ក្ស​រសិល៍​ខ្មែរ​។​

​4​.​ ​ក្បាច់​ភ្ញីទេស ​៖​ ​ក្នុង​រូបរាង​ជាដើម​ចក​នៅ​ចំ​កណ្តាល​ជា​និមិត្តរូប​នៃ​ធម្មជាតិ​ ​និង​ជា​និមិត្តរូប​ឲ្យទឹក ​(​ស្ត្រី​)​ ​និង​ការ​អណ្តែត​។​ ​ទឹកជា​គ្រឿង​លាង​ជម្រះ​រាល់​មន្ទិល​ចង្រៃ​ទាំងពួង​នៅក្នុង​ជំនឿ​ ​និង​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្សសត្វ​នៅក្នុង​លោក​។​ ​ភ្ញីទេស​ក្បាច់​ដើម​ចក​ ​នៅ​ផ្នែក​ក្រោម​ដើម្បី​ទ្រ​ពពួកសត្វ​ទាំង១២និង​ទេព​ប្រណម​ព្រមទាំង​គ្រឿង​សក្ការៈ​ផ្សេង​ៗ​ទៀត​ជា​និមិត្តរូប​នៃ​ការ​អណ្តែត​ក្បួន​ប្រទាក់​សិ​ណ​ជុំវិញ​ភ្នំព្រះសុមេរុ​នៅក្នុង​លំហ​។​

​5​.​ ​ទេព​ប្រណម​មាន​ពីរ​អង្គ​បូក​នឹង​ទេពធីតា​មួយ​អង្គ​កណ្តាល ៖ ​តំណាង​នូវ​សិរី​សួស្តី​ទាំង​បី​ប្រការ​នៅក្នុង​មហាសង្ក្រាន្ត​ ​និង​ជា​និមិត្តរូប​នៃ​ការគោរព​តំណាង​នូវ​ពពួក​ទេវតា​ទាំងឡាយ​ដែល​បាន​រួម​ក្បួន​ក្នុង​ការ​ដង្ហែ​ព្រះសិរ​សាក​បិ​លម​ហា​ព្រហ្ម​ប្រទាក់​សិ​ណ​ជុំវិញ​ភ្នំព្រះសុមេរុ​ទៅ​តំ​កល់​នៅ​ភ្នំ​កៃលាស​។​

​6​.​ ​ព្រះព្រហ្ម​ ៖​ ​និមិត្តរូប​នៃ​មេ​សាសនា​ដ៏​ធំ​មួយ​ក្នុង​ព្រហ្មញ្ញ​សាសនា​ ​និង​ជា​និមិត្តរូប​ឲ្យ​ប្រាសាទបាយ័ន​ដែល​ជា​តួខ្លួន​ ​ឬ​ជា​អារ្យធម៌​ដែល​មានព្រលឹង​ទាំង​ ​4នៃ​វប្បធម៌​គង់នៅ​នោះ​គឺ​ធម៌​ទាំងបួន​រួមមាន​៖​
មេត្តា​ ​៖​ ​ការ​ចង់​ឲ្យ​អ្នកដទៃ​មាន​សេចក្តី​សុខចម្រើន​
​ករុណា​ ​៖​ ​សេចក្តី​អាណិតអាសូរ​
​ឧប្តេ​ក្ខា​ ​៖​ ​ការ​តាំងចិត្ត​កណ្តាល​មិន​លម្អៀង​ទៅ​ខាងណា​
មុទិតា​ ​៖​ ​សេចក្តី​រីករាយ​ត្រេកអរ​កាលបើ​ឃើញ​អ្នកដទៃ​បាន​សុខចម្រើន​ ​ដោយ​មិន​មានចិត្ត​ច្រណែន​ ​និន្ទា​ឈ្នានីស​។​

​7​.​ ​ក​ណ្តឹង​ ​និង​ចង្ក្រង់​ ​ផ្នែក​ខាងក្រោម ៖​ ​ជា​និមិត្តរូប​ជំនួស​ឲ្យ​សម្លេង​តន្ត្រី​ទាំងឡាយ​ក្នុង​ក្បួន​ពិធី​ដង្ហែ​ព្រះ​សិរិ​សាក​បិ​លម​ហា​ព្រហ្ម​ ​ជា​និមិត្តរូប​ឲ្យ​គ្រឿងលម្អ​ទាំងឡាយ​ដែល​មាន​បំពាក់​ទៅលើ​ពួក​សត្វ​ទាំងឡាយ​ដែល​ខ្មែរ​និយម​លម្អ​ទៅលើ​សត្វ​ចិញ្ចឹម​ ​និង​សត្វ​ក្នុង​ជំនឿ​តាំងពី​សម័យ​បុរេ​មកទល់​បច្ចុប្បន្ន​នេះ​។​ ​

​          បន្ទាប់ពី​បាន​ជ្រាប​អំពី​អត្ថន័យ​នៃ​ឈុត​តំណាង​ជាតិ​របស់​កម្ពុជា​យើង​ ​ចុះ​ទម្រាំ​រំលេច​ឈុត​នេះ​ចេញ​ជារូបរាង​ទាំងស្រុង​ឡើង​តើមាន​ផលវិបាក​អ្វីខ្លះ​?​។​ ​តាមរយៈ​ ​កញ្ញា​ ​រំដួល​លិច​ទឹក​ ​បាន​ប្រាប់​មកកាន់​សូវ​រី​នថា​ ​«​ការ​ធ្វើ​ឈុត​នេះ​ពិតជា​មាន​ភាព​លំបាក​ជាច្រើន​ ​ទីមួយ​យើង​មាន​រយៈពេល​ខ្លី​ក្នុង​ការរចនា​ ​ទីពីរ​ពួក​យើង​នៅ​ឆ្ងាយ​ពីគ្នា​ ​ម្នាក់​នៅ​ភ្នំពេញ​ ​ម្នាក់​នៅ​ព្រៃវែង​ ​និង​ម្នាក់ទៀត​នៅ​ឯ​សៀមរាប​ ​ដូចនេះ​ពួក​យើង​ត្រូវ​ធ្វើដំណើរ​ទៅ​ជុំគ្នា​នៅ​ខេត្តព្រៃវែង​ដើម្បី​ច្នៃ​ឈុត​ទាំងអស់គ្នា​ស្ទើរតែ​រៀងរាល់​អាទិត្យ​»​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​កញ្ញា​ ​ក៏បាន​បន្ត​ទៀត​ថា​ ​«​ចំពោះ​ភាព​លំបាក​ខ្លាំង​បំផុត​សម្រាប់​ពួក​យើង​នោះ​ ​គឺ​ការស្វែងរក​គ្រឿងអលង្ការ​ដែល​មាន​ក្បាច់រចនា​តាំងពី​បុរាណ​តែម្តង​ ​ព្រោះ​ក្បាច់រចនា​ខ្មែរ​កម្រមាន​ណាស់​ ​ហើយ​ក្បាច់​គ្រឿងអលង្ការ​ដែល​មាន​ក្នុង​សម័យនេះ​ត្រូវ​បាន​គេ​ក្លែង​ម៉ូត​ជាច្រើន​ ​ខុសពី​ម៉ូត​បុរាណ​ដាច់​»​។​ ​

​          ជាមួយគ្នា​នេះ​ដែរ​ ​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ ​រី​ចំណាន​ ​កល្យា​នក៏​បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​រឹងមាំ​ ​ដើម្បី​ដណ្តើម​ជ័យលាភី​ក្នុង​ការប្រកួត​បវរកញ្ញា​ផែនដី​អន្តរជាតិ​ ​Miss​ ​Planet​ ​International​ ​2019​។​ ​ដូច្នេះ​ ​សូម​ប្រិយមិត្ត​ទាំងអស់​ជួយ​ផ្តល់​ជា​កម្លាំងចិត្ត​ឲ្យបាន​ច្រើន​ដល់​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ ​ក៏ដូចជា​ក្រុមការងារ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​សម្របសម្រួល​នៅក្នុង​កម្មវិធី​នេះ​៕​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS