×

លាមក​សត្វ​ដំរី​ដែលគេ​ច្នៃ​ជា​ក្រដាស​

NEWS 5 years ago
 
 

​            តាមធម្មតា​គេ​គ្រប់គ្នា​បានដឹង​ហើយ​ថា​ក្រដាស​សៀវភៅ​ឬ​ប្រភេទ​ក្រ​ដាស​ផ្សេង​ៗ​សុទ្ធសឹងតែ​ធ្វើ​ពីដើម​រុក្ខជាតិ​ដែលគេ​យក​ទៅ​បោក​ ​សម្ងួត​និង​កែច្នៃ​។​ ​ដោយ​ការ​តែ​ចង់​កែច្នៃ​របស់​ដែលគេ​លែង​ត្រូវការ​ឲ្យ​ក្លាយជា​មានប្រយោជន៍​វិញ​នោះ​ទើប​ធ្វើឲ្យ​ ​អង្គការ​មិត្តសម្លាញ់​កម្ពុជា​ ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ ​Betelnut​ ​Tours​ ​បាន​កែច្នៃ​លាមក​សត្វ​ដំរី​ឲ្យ​ក្លាយជា​ក្រដាស​សៀវភៅ​ដែល​មានគុណ​ភាព​ខ្ពស់​ក្រោម​ស្នា​ក​យីហោ​ ​«​Friends​ ​‘​n​’​ ​Stufff​»​។​ ​ជាមួយនឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​បង្កើត​បាន​ជា​សង្វាក់​ផលិតកម្ម​មួយ​ដែល​ក្រុមហ៊ុន​ ​Betelnut​ ​Tours​ ​ជា​អ្នក​ប្រមូល​លាមក​សត្វ​ដំរី​នៅ​ឯ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ ​រួច​យក​ទៅ​ហាលឲ្យស្ងួត​។​ ​បន្ទាប់មក​គេ​យក​ទៅ​ចំហុយ​ ​រហូតដល់​រយៈពេល​ ​៤ទៅ៦ម៉ោង​ ​ដើម្បី​សម្លាប់​មេរោគ​និង​បាក់តេរី​កខ្វក់​។​ ​កាលដែល​គេ​យក​ទៅ​ចំហុយ​បែបនេះ​គឺ​ដើម្បីឲ្យ​ដំណើរការ​នៃ​ការផលិត​មាន​សុវត្ថិភាព​ជៀសវាង​អ្នក​ផលិត​ឆ្លង​មេរោគ​និង​ការប្រើ​ប្រាស់​មាន​បញ្ហា​ផ្សេង​ៗ​។​ ​ដំណើរការ​បន្ទាប់​ ​ត្រូវ​បាន​គេ​យក​ទៅ​ត្រាំទឹក​ស្អាត​និង​លាយ​បញ្ចូល​គ្នា​ជាមួយនឹង​ក្រ​ដាស​ផ្សេង​ៗ​បង្កើត​បាន​ជា​ល្បាយ​មួយ​ដែល​នេះ​ជា​ដំណាក់កាល​នៃ​ការផលិត​ក្រដាស​ជាទូទៅ​។​ ​ជា​ជំហាន​ចុងក្រោយ​គេ​ស្រង់​ល្បាយ​ទាំងនោះ​ជាមួយនឹង​សំណាញ់​រាប​ស្មើរ​ ​រួច​យក​ទៅ​ហាល​សម្ងួត​បង្កើត​បាន​ជា​ក្រដាស​ដែល​ជា​សមិទ្ធិ​ផល​ចុងក្រោយ​។​ ​ឆ្លងកាត់​ការផលិត​និង​កែច្នៃ​បាន​ជា​ក្រដាស​បែបនេះ​ ​ត្រូវ​បាន​អង្គការ​មិត្តសម្លាញ់​កម្ពុជា​ ​ប្រមូល​យក​ទៅកាត់​និង​រៀប​យ៉ាង​មាន​សណ្តាប់​ធ្លាប់​ក្លាយជា​ក្រដាស​សៀវភៅ​ដែល​ផលិត​ពីលា​មក​សត្វ​ដំរី​។​

​            គម្រោង​កែច្នៃ​លាមក​សត្វ​ដំរី​នេះ​ត្រូវ​បាន​អង្គការ​មិត្តសម្លាញ់​កម្ពុជា​បាន​ប្រាប់ឲ្យដឹង​ថា​ ​បាន​ធ្វើការ​សាកល្បង​អស់​រយៈពេល​មួយឆ្នាំ​ទើប​អាច​សម្រេច​បាន​សមិទ្ធិ​ផល​ដ៏​កម្រ​មួយ​នេះ​មក​បាន​ ​ព្រោះ​ត្រូវ​ធ្វើការ​សាកល្បង​ ​ដើម្បីឲ្យ​ប្រាកដ​ថា​បំណែក​ក្រដាស​ជាប់គ្នា​បាន​ល្អ​និង​មិន​អាច​ធ្វើឲ្យ​សៀវភៅ​រហែក​នៅពេល​ដែលគេ​ដាក់​នៅក្នុង​កាតាប​ ​។​ ​ក្រដាស​សៀវភៅ​លាមក​ដំរី​នេះ​ត្រូវ​បាន​ដាក់​លក់​ជាលើកដំបូង​ ​តាំងពី​ខែមករា​ឆ្នាំ២០១៨​ ​នៅ​ឯ​ហាង​លក់​សម្ភារៈ​កែច្នៃ​ ​Friends​ ​‘​n​’​ ​Stuff​ ​ដែល​មាន​អាស័យ​ដ្ឋាន​ផ្ទះលេខ៧២​,​ ​ផ្លូវ​ ​១៣​ ​សង្កាត់​ផ្សារ​កណ្តាល​ទីមួយ​ ​ខណ្ឌដូនពេញ​ ​ជិត​សា​រៈ​មន្ទី​ជាតិ​តែម្តង​។​

​            គួរ​បន្ថែម​ផង​ដែរ​ថា​ ​Friends​ ​‘​n​’​ ​Stuff​ ​គឺជា​ម៉ាក​ផលិតផល​ដែល​ផ្តោត​លើ​សម្ភារ​ច្នៃ​ឡើងវិញ​ ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ​២០០៥​ ​ដោយ​អង្គការ​ ​មិត្តសម្លាញ់​ ​ឬហៅ​ថា​ ​Friends​-​International​ ​។​មិន​ត្រឹមតែ​ក្រដាស​ធ្វើ​ពីលា​មក​ដំរី​ប៉ុណ្ណោះទេ​ ​ក្នុង​នោះ​សម្ភារ​ដូចជា​ ​កាបូបស្ពាយ​ ​កាបូប​លុយ​ ​កាបូប​ប៊ិក​ ​ប្រអប់​វ៉ែនតា​ ​ខ្សែក្រវាត់​ ​ក្របសៀវភៅ​ ​និង​បន្តោង​សោ​ជាដើម​ ​សុទ្ធតែ​ច្នៃ​ចេញពី​ពោះវៀនកង់​ម៉ូតូ​ឡាន​ចាស់​ ​ៗ​ដែលគេ​បោះចោល​នៅ​តាម​យានដ្ឋាន​ជួសជុល​នានា​ថែមទៀត​ផង​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS