យុទ្ធនាការផ្តល់ទឹក «RefillNotLandfill Asia» ជួយកាត់បន្ថយការប្រើប្រាស់ដបផ្លាស្ទិកនៅកម្ពុជា
NEWS 6 years agoស្របពេលដែលកំណើនប្រជាជនមានការកើនឡើងពីឆ្នាំមួយទៅមួយឆ្នាំ តម្រូវការនៃសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក៏កាន់តែមានកំណើនច្រើនដូចគ្នា ដែលនេះបានបង្កើតឲ្យមានកាកសំណល់ផ្លាស្ទិកជាច្រើនតួយ៉ាងដូចជាដបទឹកសុទ្ធដែលគេប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ការសម្លឹងមើលឃើញពីហានិភ័យដែលបណ្តាលមកពីការប្រើប្រាស់ដបទឹកសុទ្ធនេះ បានជម្រុញឲ្យជនជាតិហូឡង់មួយរូប និងជនជាតិអូស្ត្រាលីមួយរូបបានបង្កើតនូវយុទ្ធនាការមួយដែលមានឈ្មោះថា « RefillNotLandfill Asia»។ យុទ្ធនាការនេះធ្វើឡើងដោយសហការជាមួយនឹងភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ និងបណ្តាលហាងជាច្រើនទៀតដែលមានស្លាកសញ្ញា របស់ RefillNotLandfill Asia អនុញ្ញាតិឲ្យសាធារណៈជនទូទៅអាចចូលទៅដាក់ទឹកពិសារបាន។ ស្ថានីយដាក់ទឹក RefillNotLandfill Asia មិនត្រឹមតែមាននៅប្រទេសកម្ពុជាតែប៉ុណ្ណោះទេតែក៏មានទីតាំងជាច្រើនទៀតនៅប្រទេសចំនួនប្រាំបីក្នុងតំបន់អាស៊ីតួយ៉ាងដូចជា៖ កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា វៀតណាម ស្រីលង្ការ ជាដើម ជាមួយនឹងស្ថានីយដាក់ទឹកជាងប្រាំបួនរយកន្លែង។ លោក ចំរើន ភារៈ ជាសហការីសម្របសម្រួលនៃយុទ្ធការនេះបានឲ្យដឹងថា៖ «រហូតមកដល់ពេលនេះគឺមានស្ថានីយដាក់ទឹកប្រមាណ ជាង ២០០ កន្លែងហើយនៅប្រទេសកម្ពុជា ហើយយើងក៏កំពុងតែបញ្ចុះបញ្ចូលនិងបញ្ជ្រាបការយល់ដឹងទៅដល់កន្លែងមួយចំនួនទៀតផង។» ដើម្បីឲ្យមានភាពងាយស្រួលក្នុងការស្វែងរកស្ថានីយដាក់ទឹកនេះ បានជម្រុញឲ្យក្រុមយុទ្ធនាការបង្កើតជាប្រភេទដបទឹកដែលមាន QR Code អាចអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ស្កេនដើម្បីស្វែងរកស្ថានីយដាក់ទឹក (Refilled Here) តាមរយៈទូរសព្ទដៃបានថែមទៀតផង។ ដបទឹកដែលមានសរសេរអក្សរថា «ឈប់ប្រើប្រាស់ដបទឹកផ្លាស្ទិក» ឬជាភាសាអង់គ្លេស «RefillNotLANDFILL» អាចរកជាវបានតាមស្ថានីយដាក់ទឹកមួយចំនួន។ ចំពោះគម្រោងទៅថ្ងៃអនាគត លោក ចំរើន ភារៈ បានបន្ថែមទៀតថាក្រុមការងារកំពុងតែរៀបចំដើម្បីបង្កើតជាស្ទីកគ័រ QR CODE សម្រាប់បិទទៅលើដបទឹកសុទ្ធទូទៅ ដែលអាចឲ្យយើងអាចស្កេនដោយមិនចាំបាច់ត្រូវទិញដបនោះឡើយ។
រួមគ្នាដើម្បីការពារភពផែនដី ឈប់ប្រើប្រាស់ដបផ្លាស្ទិកឬត្រូវសន្សំសម្បកដបដើម្បីទុកប្រើប្រាស់នៅថ្ងៃក្រោយ ហើយស្វែងរកស្ថានីយដាក់ទឹកសេរីដែលនៅក្បែរអ្នកបំផុត។ ការចូលរួមរបស់យើងមិនត្រឹមតែជួយបរិស្ថានប៉ុណ្ណោះទេហើយថែមទាំងអាចបង្កើតជាសហគមន៍មួយដែលយើងអាចបង្កើន ទំនាក់ទំនងល្អជាមួយគ្នាប្រកបដោយស្នាមញញឹមដាក់គ្នាទៅវិញទៅមកថែមទៀតផង៕
Aticle by KEO SONG