×

មនុស្ស​ម្នា​ច្រើន​កុះករ​ចូលរួម​ពិព័រណ៍​ឌីជីថល​ដ៏ធំ​ប្រចាំឆ្នាំ ​២០១៩

NEWS 5 years ago
 
 

          គ្រាន់តែ​ថ្ងៃទី​មួយ​នៃ​ពិព័រណ៍​ឌីជីថល​ ​(​Digital​ ​Cambodia​)​ ​គេ​សង្កេតឃើញ​មាន​សិស្ស​ ​និស្សិត​ ​និង​យុវជន​យ៉ាងច្រើន​កុះករ​បាន​ចូលរួម​ដើម្បី​ស្វែងយល់​ពី​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​ ​បើ​យោង​តាម​គេហទំព័រ​របស់​ ​Digital​ ​Cambodia​ ​បាន​បង្ហាញថា​ ​យ៉ាងហោចណាស់​ក៏​មាន​ក្រុមហ៊ុន​ចំនួន​មួយ​រយ​បាន​សហការ​ក្នុង​ពិ​ព័​ណ៍​នេះ​ ​និង​មាន​វាគ្មិន​ចំនួន​ ​មួយ​រយ​នាក់​ ​ដែល​មក​ពី​ក្នុង​តំបន់​អាស៊ាន​និង​ក្រសួង​ពាក់ព័ន្ធ​ ​ទាំង​ស្ថាប័ន​សាធារណៈ​ ​និង​ស្ថាប័នឯកជន​បាន​ចូលខ្លួន​ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​និង​បទពិសោធន៍​នានា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ឌីជីថល​ជាមួយនឹង​សិក្ខាសាលា​ចំនួន​ ​៥០​ ​នេះ​ផង​ដែរ​។​ ​

          ពិព័រណ៍​ឌីជីថល​ ​ឬ​ ​Digital​ ​Cambodia​ ​ប្រព្រឹត្ត​ឡើង​ចំនួន​បី​ថ្ងៃ​ ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ​១៥​ ​ដល់​ ​ទី​ ​១៧​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ ​នៅ​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កោះ​ពេជ្​យ​។​ ​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ធំ​ប្រចាំឆ្នាំ​នេះ​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​NIPTICT​)​ ​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​បរិយាកាស​ ​និង​បង្កើន​ការយល់​ដឹង​របស់​សាធារណជន​ ​និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ ​ពី​វឌ្ឍនភាព​នៃ​វិស័យ​បច្ចេកវិទ្យា​ដែល​បាន​កំពុង​រីក​លូតលាស់​នៅក្នុង​ប្រទេស​ ​និង​បំផុស​ឲ្យ​មានគំនិត​នវានុវត្តន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ ​ក៏ដូចជា​បង្កើន​ឱកាស​សម្រាប់​សហគ្រិន​ ​និង​អ្នក​វិនិយោគ​នានា​ឲ្យ​ចាប់អារម្មណ៍​លើ​វិស័យ​នេះ​ផង​ដែរ​។​ ​

          ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ពិព័រណ៍​នេះ​នឹង​មានការ​បង្ហាញ​ពី​បច្ចេកវិទ្យា​ជាច្រើន​រួមមាន​ ​បច្ចេកវិទ្យា​រូបភាព​សិប្បនិម្មិត​ ​(​AR​)​ ​បច្ចេកវិទ្យា​ទូទាត់ប្រាក់​អន​ឡាញ​ ​(​Fintech​)​ ​ឧបករណ៍​ ​VR​ ​ហ្គេម​ទូរសព្ទ​ដែល​ផលិត​ដោយ​កូនខ្មែរ​ ​និង​មានការ​ចូលរួម​ពី​ក្រុម​យុវជន​បង្កើត​គំ​និ​ត​ថ្មី​ៗ​ ​(​Start​ ​Up​ ​team​)​ ​ជាច្រើន​ក្រុម​ថែមទៀត​ផង​៕​

​​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS