វិធីថែរក្សាសម្ផស្សសាមញ្ញៗដែលអ្នកមិនគួរមើលរំលង ពេលអាកាសធាតុក្តៅខ្លាំង
TRAVEL & LIVING 5 years agoពីមួយឆ្នាំទៅមួយឆ្នាំអាកាសធាតុតែងប្រែប្រួលមិនទៀងទាត់ ឈានដល់ឆ្នាំ២០១៩នេះ អាកាសធាតុនៅកម្ពុជាអាចកើនឡើងរហូតដល់ ៤២អង្សារ ដែលនេះអាចធ្វើឲ្យមនុស្សប្រឈមមុខយ៉ាងខ្លាំងទៅនឹងបញ្ហាផ្សេង។ ជាពិសេសក្នុងខែមេសានិងខែឧសភា ដែលអាកាសធាតុមានសភាពក្តៅហួតហែង ស្ថានភាពបែបនេះ គឺងាយនឹងបង្កឲ្យមាន ផលប៉ះពាល់ដល់សម្រស់យ៉ាងខ្លាំងប្រសិនបើគ្មានការការពារនិងថែទាំទេនោះ។ខាងក្រោមនេះគឺជាវិធីងាយៗមួយចំនួនដែលអាចជួយថែរក្សាសម្រស់របស់អ្នកឲ្យនៅស្រស់ថ្លាដូចដើម៖
1. បំពេញជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់
ទឹកមានសារៈសំខាន់យ៉ាងខ្លាំងចំពោះរាងកាយមនុស្ស យ៉ាងហោចណាស់អ្នកគួរទទួលទានទឹក៨កែវក្នុងមួយថ្ងៃ បើអាចធ្វើបានចូរយកដបទឹកតាមខ្លួន ហើយផឹកយ៉ាងតិចណាស់ម្តងរៀងរាល់៣០នាទី។ ទឹកមិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយទប់ស្កាត់ការបាត់បង់ជាតិទឹកពីក្នុងស្បែកនិងជួយលាងសម្អាតជាតិពុលជាច្រើនផងដែរ។ដាច់ខាតកុំមើលរំលងអំពីសំណើមដែលស្បែកអ្នកមាន ព្រោះពេលដែលអ្នកបែកញើសដោយកត្តាផ្សេងៗ នោះនឹងធ្វើឲ្យស្បែករបស់អ្នកកាន់តែស្ងួតប្រសិនបើមិនបំពេញជាតិទឹកឲ្យបានគ្រប់គ្រាន់ដល់រាងកាយបូករួមនឹងពន្លឺព្រះអាទិត្យផង ស្បែករបស់អ្នកនឹងឆាប់ស្ងួតបាត់ភាពភ្លឺថ្លាជាក់ជាមិនខាន។ មិនគួរចាំដល់ស្រេកទឹកទើបទទួលទាននោះឡើយ ព្រោះខ្លួនប្រាណរបស់អ្នកបានបាត់បង់ជាតិទឹកអស់ ១ទៅ២ភាគរយនៃរាងកាយរួចទៅហើយ ការរង់ចាំដល់ពេលអ្នកស្រេកទឹកទើបផឹក មិនមែនជាការល្អទេ។
2. ឡេការពារកម្តៅថ្ងៃគឺចាំបាច់ជាទីបំផុត
មិនថាអ្នកមានទម្លាប់លាបយ៉ាងណានោះទេ ក៏ប៉ុន្តែស្ថិតក្នុងរដូវក្តៅបែបនេះត្រូវតែលាបឡេការពារកម្តៅថ្ងៃឲ្យបានទៀងទាត់ ព្រោះកម្តៅខ្លាំងបែបនេះអាចបង្កជាផលវិបាកដល់ស្បែក ហើយបើធ្ងន់ធ្ងរអាចបង្កទៅជាមហារីកស្បែកថែមទៀតផង។ រាល់ផលិតផលការពារកម្តៅព្រះអាទិត្យអាចការពារប្រឆាំងនឹងកាំរស្មី UVB ដែលធ្វើឲ្យស្បែកអ្នកខូច។ រីឯកាំរស្មី UVA ក៏រួមចំណែកផងដែរនៃជំងឺមហារីកស្បែកនិងភាពវ័យចំណាស់មុនអាយុ។អ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមាន(SPF) ចាប់ពី 30 ឡើងទៅ។ ចំនួន SPF គឺជាកម្រិតនៃការការពារនិងប្រឆាំងស្បែកពីកាំរស្មី UVB។ អ្នកគួរលាបឡេការពារកម្តៅថ្ងៃនៅលើស្បែកមុននឹងចេញទៅក្រៅយ៉ាងហោចណាស់20នាទីដើម្បីឲ្យជាតិឡេជ្រាបចូលទៅក្នុងស្បែកបានសព្វល្អ។រាល់ផលិតផលថែរក្សាសម្រស់គួរតែរក្សាទុកនៅកន្លែងត្រជាក់ល្មមដើម្បីរក្សាគុណភាពនៃផលិតផលទាំងនោះបានយូរ។
3. រក្សាអនាម័យឲ្យបានស្អាតល្អ
រដូវក្តៅនឹងធ្វើឲ្យរាងកាយរបស់អ្នកងាយនឹងបែកញើស រីឯជាតិខ្លាញ់លើស្បែកក៏កើនឡើងច្រើនជាងធម្មតាជាពិសេសគឺនៅលើស្បែកមុខតែម្តង។ ប្រសិនជាអាច អ្នកគួរគប្បីលាងមុខនិងងូតទឹកយ៉ាងហោចណាស់ឲ្យបាន២ដងក្នុងមួយថ្ងៃ ព្រោះមិនត្រឹមតែធ្វើឲ្យស្បែកមានសភាពត្រជាក់ ស្រស់ថ្លានោះទេ តែក៏ជាការលាងជម្រះមេរោគផ្សេងៗដែលបានបញ្ចេញមកតាមញើសនិងការពារការឆ្លងមេរោគដែលបង្កមកពីបរិយាកាសដ៏ក្តៅអាប់អួរផងដែរ។
4. កាត់បន្ថយការផាត់មុខ
ក្នុងរដូវក្ដៅបែបនេះ បើសិនជាអាចអ្នកគួរកាត់បន្ថយការតុបតែងមុខឲ្យនៅតិចតួចបំផុត។ស្ថិតនៅក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅហួតហែង ការផាត់មុខបែបធម្មជាតិៗគឺល្អបំផុត។ ប្រសិនបើអ្នកចាំបាច់ប្រើប្រាស់ foundation អ្នកគួរតែប្រើប្រាស់រួមជាមួយ powder ដែលមានផ្ទុក SPF ដើម្បីចៀសវាងស្បែកដែលមិនធ្វើឱ្យរលាក។ មិនត្រូវភ្លេចក្នុងការការពារបបូរមាត់របស់អ្នកពីកម្តៅព្រះអាទិត្យនោះឡើយ គប្បីប្រើប្រាស់គ្រែមរលោង ឬក្រែមលាបបបូរមាត់ប្រភេទណាមួយដែលមានផ្ទុក SPF យ៉ាងហោចណាស់15ឡើង ដើម្បីធ្វើឲ្យបបូរមាត់របស់អ្នកស្រស់ថ្លា។
5. ប្រើប្រាស់ផលិតផលដែលមានផ្ទុកសារធាតុ antioxidants
ជាការល្អប្រសើរប្រសិនបើអ្នកប្រើប្រាស់ serums, moisturizers, និង sunscreens ដែលមានផ្ទុកសារធាតុ antioxidants ។ វីតាមីន C ដែលមានក្នុង antioxidants អាចការពារស្បែករបស់អ្នកពីការខូចខាតដែលទទួលរងពីបរិស្ថាននិងបង្កើនសារធាតុcollagenនៃស្បែកថែមទៀតផង។ Creams និង serums ផ្ទុកទៅដោយសារធាតុដែលចម្រាញ់ពីធម្មជាតិជាច្រើនប្រភេទដែលអាចកាត់បន្ថយការរលាកនៃស្បែក (ដែលជារឿងធម្មតានៅក្នុងរដូវក្តៅ) និងជួយជួសជុលបញ្ហានៃស្បែកថែមទៀតផង៕
Article by TAING KIMLY