×

យន ពេជរតនៈ ​ស្ថាបនិក​នៃ​គំនូរ​របាំ​ព្រះរាជទ្រព្យ​​សម្រាប់​បុណ្យភូមិ​

NEWS 5 years ago
 
 

          ប្រិយមិត្ត​ប្រហែលជា​បានឃើញ​គំនូរ​ល្ខោនខោល​ដែលគេ​គូរ​តាម​បែប​ឌីជីថល​យ៉ាង​ស្រស់​ស្អាត​មួយ​សម្រាប់​បុណ្យ​ភូមិ​រូច​មក​ហើយ​។​ ​គំនូរ​ឌីជីថល​មួយ​ផ្ទាំង​នោះ​ដកស្រង់​ចេញពី​រឿង​ ​«​ព្រះ​សមុទ្ទ»​ ​ក្នុង​ឈុត​ ​«​ព្រះ​សមុទ្ទ​លោមនាង​បុត​សុមាលី​»​ ​ដែល​ត្រូវ​បាន​មហាជន​ទូទៅ​កោតសរសើរ​ពី​សោភ័ណភាព​គំនូរ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​បំផុត​ដោយ​សិល្បករ​ផ្នែក​គំនូរ​ឌីជីថល​មួយ​រូប​ ​គឺ​លោក​ ​«​យន​ ​ពេជ​រតនៈ​»​ ​ឬ​រហ័ស​នាម​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​«​ពេជ​ ​តូច​»​ ​សហការ​ជាមួយនឹង​បុណ្យ​ភូមិ​។​ ​តើ​អ្វីទៅ​ជា​កត្តា​ជ​ម្រុ​ញ​ឱ្យ​យុវជន​រូប​នេះ​បង្កើត​ស្នាដៃ​គំនូរ​ឌីជីថល​ស្តី​ពី​របាំ​ព្រះរាជទ្រព្យ​ដែល​ ​មើលទៅ​មាន​លក្ខណៈ​ដាច់ដោយឡែក​ពី​ស្នាដៃ​គំនូរ​របស់​អ្នកដទៃ​?​ ​តើ​រូបគេ​មាន​ទស្សនៈ​វិស័យ​យ៉ាងដូច​ ​ម្តេច​ខ្លះ​ចំពោះ​ការងារ​នេះ​?​

          ​លោកអ្នក​ប្រហែលជា​កំពុង​យល់​ច្រលំ​ថា​យុវជន​ ​យន​ ​ពេជ​រតនៈ​ ​ប្រាកដជា​និស្សិត​ផ្នែក​នាដ​សាស្រ្ត​ ​ឬ​ ​ផ្នែក​ក្រា​ហ្វិ​ក​ឌីហ្សា​ញនៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ហើយ​មើលទៅ​!​ ​តាមពិត​ ​ម្ចាស់​ស្នាដៃ​គំនូរ​ ​ស្ទីក​គ័រ​នេះ​ជា​អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៃ​សាកល​វិទ្យាល័យ​លី​មកុ​ក​វី​ង​ដែល​ជាសាកល​វិទ្យាល័យ​ឯកជន​លំដាប់​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​មួយ​ក្នុង​ក្រុងភ្នំពេញ​។​ ​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ប្រកបដោយ​ជោគជ័យ​នៅ​ទីនោះ​ ​រតនៈ​បាន​ចាប់​ប្រឡូក​ក្នុង​អាជីព​ការងារ​ផ្នែក​តុបតែង​លម្អ​ស្ថាបត្យកម្ម​ ​(​Interior​ ​Design​)​ ​នៅក្នុង​ក្រុមហ៊ុន​មួយ​ ​ដោយសារ​រូបគេ​ចង់​សិក្សា​ស្វែងយល់​ពី​វិស័យ​នេះ​តាម​ ​រយៈ​ការងារ​ ​ទោះបីជា​វា​ខុសពី​ជំនាញ​ដែល​ខ្លួន​បាន​រៀន​នៅ​សាកល​វិទ្យាល័យ​ក៏ដោយ​។​ ​ទាំង​ការសិក្សា​ ​និង​ ​បទពិសោធន៍​ការងារ​ហាក់បីដូចជា​មិន​ស្រប​ទៅ​នឹង​អ្វី​ដែល​ខ្លួន​គេ​កំពុង​ល្បីល្បាញ​នៅ​លើ​បណ្តាញ​សង្គម​ ​ទាល់តែសោះ​។​ ​ចុះ​គំនូរ​ឌីជីថល​បែប​សហសម័យ​អំពី​របាំ​បុរាណ​ខ្មែរ​កើតឡើង​បាន​ដោយ​របៀបណា​?

          ​អតីត​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​ដែល​មាន​ស្រុកកំណើត​នៅ​ភ្នំពេញ​រូប​នេះ​បាន​ឆ្លើយតប​ថា​ ​«​ខ្ញុំ​ចាប់ផ្តើម​ ​ចាប់អារម្មណ៍​ខ្លាំង​លើ​គំនូរ​នៅពេល​រៀន​ថ្នាក់​ទី១២​។​ ​ខ្ញុំ​អត់​សូវ​ចេះ​គូរមុខ​ ​និង​ ​ដៃ​ ​ដល់​អ៊ីចឹង​ខ្ញុំ​គិត​ចុះ​ឡើង​ៗ​ ​បើ​អត់​ចេះ​គូរមុខ​ ​កុំ​គូរ​ ​(​មុខ​)​ ​តែម្តង​ទៅ​ ​គិត​យ៉ាងម៉េច​ឲ្យ​គូរ​ស្អាត​តាមរបៀប​យើង​តែម្តង​ទៅ​!​។​»​ ​ដោយសារតែ​ ​មាន​ចំណង់​ចំណូលចិត្ត​លើ​ផ្នែក​គំនូរ​ ​និង​ ​មានបំណង​ចង់​លើកស្ទួយ​របាំ​ព្រះរាជទ្រព្យ​បុរាណ​ខ្មែរយើង​ផង​ ​នោះ​ ​យុវជន​រតនៈ​បាន​ខិតខំ​ចំណាយពេល​លើ​ការងារ​នេះ​បន្តិច​ម្តង​ៗ​រហូត​ទទួល​បាន​ជោគជ័យ​ ​និង​ ​មាន​ ​ការចាប់អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ៗ​ពី​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​រតនៈ​ ​ជា​យុវជន​ដែល​មានគំនិត​ច្នៃ​ប្រតិដ្ឋ​កែប្រែ​ចំណុចខ្សោយ​របស់​ខ្លួន​លើ​ផ្នែក​គំនូរ​ឲ្យ​ទៅជា​លក្ខណៈ​ពិសេស​ ​កម្រ​រកបាន​ ​បង្កើត​ទៅជា​អត្តសញ្ញាណ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ដែល​ពុំ​ទាន់​មាន​វិចិត្រករ​ឌីជីថល​ក្នុង​ស្រុក​ ​ណា​ម្នាក់​បាន​ប្រើប្រាស់​វិធី​សាស្រ្ត​នេះ​ទៅលើ​ស្នាដៃ​គំនូរ​របស់​ពួកគេ​នៅឡើយ​ទេ​។​ ​វិចិត្រករ​ភាគច្រើន​ច្រើន​ ​ផ្តោត​លើ​ទម្រង់​មុខ​ឲ្យ​ស្រស់​ស្អាត​ទាក់ទាញ​ ​តែរ​ត​នៈ​ផ្តោត​លើ​កាយវិការ​ក្បាច់​របាំ​ដែលគេ​ចង់​បង្ហាញ​ច្រើន​ ​ជាង​។​ ​រតនៈ​បាន​អះអាង​ថា​ ​គេ​ធ្លាប់​បាន​សិក្សា​ស្រាវជ្រាវ​លើ​គំនូរ​ចាស់​ៗ​ពី​សម័យ​បារាំង​ ​ហើយ​ឃើញ​អ្នក​ ​គំនូរ​ជនជាតិ​បារាំង​ក៏បាន​គូរគំនូរ​នាដកា​របាំ​បុរាណ​ខ្មែរ​បែប​ខ្វៀក​ៗ​ស្រដៀង​នេះ​ដែរ​ ​ប៉ុន្តែ​រូបគេ​បាន​ប្រើ​គំនិត​ ​ស្រមើស្រមៃ​បន្ថែម​ឲ្យ​គំនូរ​នាដកា​របាំ​មាន​លក្ខណៈ​ប្លែក​ដាច់ពីគេ​ដោយ​ការប្រើ​ប្រាស់​កម្មវិធី​កុំព្យូទ័រ​ឈ្មោះ​ ​Illustrator​ ​គូស​ជា​ទម្រង់​បន្ទា​ត់​ជ្រុង​ៗ​និង​ប្រើប្រាស់​ពណ៌​ស្រគត់ស្រគំ​តាម​លំនាំ​គំនូរ​បែប​បុរាណ​ខ្មែរ​ដែល​ ​បាន​ដកស្រង់​គំនិត​ចេញពី​គំនូរ​បុរាណ​នៅ​លើ​ថែវ​ព្រះវិហារ​ព្រះកែវមរកត​នៅក្នុង​ព្រះបរមរាជវាំង​។

          “​កាលពី​ដំបូង​ ​មាន​អ្នកវប្បធម៌​(​និយម​)​គាត់​អត់បើ​ក​គំនិត​ទទួល​របស់​ដែល​ថ្មី​ ​គាត់​មក​ចង់​សាកល្បង​ ​យើង​ ​ថា​នេះ​មិនមែន​ជា​រូប​នាដកា​ខ្មែរទេ​ ​ជា​នាដកា​សៀម​។​ ​ខ្ញុំ​មិនដឹង​ថា​គេ​ចង់​ផ្ចាញ់​ខ្ញុំ​ឬ​យ៉ាងម៉េច​ទេ​ ​តែ​ជា​ ​ទូទៅ​គាត់​មិនសូវ​បើក​គំនិត​។​ ​យើង​ត្រូវ​ថែ​ ​(​វប្បធម៌​)​ ​តែ​ ​(​បើ​ថែ​ពេក​)​ ​មកដល់​ជំនាន់​នេះ​គឺ​ ​អត់មាន​អ្វី​ដែល​ ​ថ្មី​បន្ថែម​!​”​ ​រតនៈ​បាន​បកស្រាយ​អំពី​ព្យុះភ្លៀង​ដែលគេ​បាន​ឆ្លងកាត់​នៅពេល​ដែល​ខ្លួន​កំពុង​ព្យាយាម​ធ្វើ​ ​សំយោគ​កម្ម​រវាង​ទម្រង់​សិល្បៈ​បុរាណ​និង​គំនិត​សហសម័យ​។​ ​ទោះបីជា​មាន​មតិ​រិះគន់​អវិជ្ជមាន​ខ្លះ​ក៏ដោយ​ ​ក៏​រតនៈ​នៅតែ​បន្តការងារ​ដែល​ខ្លួន​ស្រលាញ់​មិន​បោះបង់​វា​ចោល​ឡើយ​ ​ហើយ​គេ​ក៏​មិន​រវីរវល់​តបត​នឹង​ការ​រិះ​ ​គន់​បែប​ជាន់ពន្លិច​របស់​បុគ្គល​ជ្រុលនិយម​មួយចំនួន​នោះ​ដែរ​ ​ព្រោះ​គេ​គិតថា​វា​អាច​ប៉ះពាល់​ដល់​ការ​ប្រមូល​ ​អារម្មណ៍​ស្វែងរក​គំនិត​សិល្បៈ​ដែល​ថ្មី​ៗ​។​ ​ប៉ុន្តែ​ផ្ទុយទៅវិញ​ ​រតនៈ​តែងតែ​ព្យាយាម​ស្រាវជ្រាវ​ស្វែងរក​ឯកសារ​ ​ចាស់​ៗ​ទាក់ទង​នឹង​ទម្រង់​ក្បាច់​របាំ​ ​ព្រមទាំង​ប្រភេទ​សម្លៀកបំពាក់​នៃ​តួអង្គ​របាំ​នី​មួយ​ៗ​ដើម្បី​ទុក​ធ្វើជា​អំ​ណះ​ ​អំ​ណាង​ដើម្បី​ចៀសវាង​ការរិះគន់​ទិតៀន​វាយប្រហារ​កើតមានឡើង​ជាយថាហេតុ​។​

          ​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ ​យន​ ​ពេជ​រតនៈ​ ​រហស្សនាម​ ​ពេជ​ ​តូច​ ​បាន​បង្ហាញ​ស្នាដៃ​គំនូរ​ឌី​ជី​ ​ថល​របស់​ខ្លួន​លើ​បណ្តាញ​សង្គម​បាន​ជិត២០រូប​ហើយ​ ​ហើយ​រូបគំនូរ​ទាំងនោះ​ត្រូវ​បាន​អ្នកគាំទ្រ​របស់​គេ​បន្ត​ ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​យ៉ាងច្រើន​ ​ក្នុង​នោះ​រួមមាន​ជាអាទិ៍​ ​រូប​ ​តួ​នាង​វឌ្ឍនា​ទេវី​ ​តួ​ទេវ​បុ​ត្រ​សមិទ្ធា​ ​តួ​មនុស្ស​មាស​ ​ឈុត​តា​យ៉ែ​ ​ជាដើម​។​ ​ចំពោះ​គម្រោង​នៅពេលអនាគត​ ​រតនៈ​ចង់​គូររូប​តួអង្គ​របាំ​ជាច្រើន​ ​ទៀត​ ​ដូចជា​ ​តួអង្គ​គ្រុឌ​ ​តួអង្គ​ប្រើស​ ​តួ​នាង​ ​និង​ ​តួ​នាយ​រោង​នៃ​របាំ​ផ្កាមាស​ ​ផ្កាប្រាក់​ ​-​ល​-​។​ ​ក្នុងនាម​ជា​វិចិត្រ​ ​ករ​ឌីជីថល​ស្តី​ពី​ប្រធានបទ​របាំ​ព្រះរាជទ្រព្យ​ ​រតនៈ​ ​ឬ​ ​ពេជ​ ​តូច​ ​យល់ឃើញ​ថា​ ​វា​ពិតជា​មាន​សារៈសំខាន់​ ​ណាស់​ព្រោះ​វា​មាន​ទម្រង់​ពាក់កណ្តាល​បុរាណ​ ​និង​ ​ពាក់កណ្តាល​សម័យ​ ​ដូចនេះ​ ​វា​អាច​ជួយ​បង្វែរ​អារម្មណ៍​ ​យុវវ័យ​ដែល​ចូលចិត្ត​បែប​សម័យ​ឲ្យ​ងាក​មក​ចូលចិត្ត​បែប​បុរាណ​ខ្លះ​ដែរ​។​ ​សម្រាប់​គោលបំណង​ទៅ​អនាគត​ ​រតនៈ​ចង់បើ​ក​តាំងពិព័រណ៍​ស្នាដៃ​របស់​ខ្លួន​ឲ្យ​មហាជន​ជាតិ​និង​អន្តរជាតិ​ឃើញ​និង​យល់ដឹង​កាន់តែ​ច្រើន​៕​

​Article​ ​by​ ​SRIN​ ​SOKMEAN


SUGGESTIONS