ចូលឆ្នាំប្រពៃណីខ្មែរគឺជាពិធីបុណ្យដែលបានបង្ហាញអំពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ ដែលកូនខ្មែរគ្រប់រូប គ្រប់ស្រទាប់វណ្ណៈក៏ដូចជាជាតិខ្មែរទាំងមូលតែងតែប្រារព្ធធ្វើតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះមិនដែលអាក់ខានមួយឆ្នាំណាឡើយ។ ការប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយទឹកចិត្តស្មោះសរបរិសុទ្ធនេះ គឺជាការរៀបចំស្វាគមន៍ទទួលទេវតាឆ្នាំថ្មី ដែលនឹងយាងមកប្រោសព្រំពរជ័យវិបុលសុខឃុំគ្រងថែរក្សាប្រជាជាតិខ្មែរទាំងមូលឱ្យបានសេចក្ដីសុខចម្រុងចម្រើនវារចាកឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយក៏ជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងនាម៉ឺន មន្រ្ដីរាជការ អ្នកស្រែចម្ការសព្វមុខងារមានឱកាសបានឈប់សម្រាកដើម្បីជួបជុំក្រុមគ្រួសារ ធ្វើបុណ្យទានផ្សេងៗ និង ធ្វើដំណើរកម្សាន្តទៅតាមរមណីដ្ឋាននានាក្រោយពីបំពេញការងារអស់រយៈពេលមួយឆ្នាំពេញផងដែរ ។
ជាការពិតណាស់ សង្គមមានការវិវត្តរីឯផ្នត់គំនិតរបស់ប្រជាជន ជាពិសេសក្មេងៗជំនាន់ក្រោយក៏មានការផ្លាស់ប្ដូរទៅតាមនោះដែរ ដោយចំណុចមួយចំនួនវាអាចជាសញ្ញាវិជ្ជមានដើម្បីឱ្យខ្មែរយើងដើរឱ្យទាន់សម័យវិទ្យាសាស្រ្តដ៏ទំនើបនេះ ប៉ុន្តែចំណុចមួយចំនួនទៀតបែរជាធ្វើឱ្យបាត់បង់តម្លៃវប្បធម៌ដ៏ល្អផូរផង់ដែលដូនតាខ្មែរយើងបានបន្សល់ទុកតាំងពីបុរាណកាលមកទៅវិញ ។ តួយ៉ាងដូចជាការស្លៀកពាក់របស់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនក្នុងរដូវកាលចូលឆ្នាំខ្មែរនេះជាដើម។ បច្ចុន្ននេះការស្លៀកពាក់បែបប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនបានក្លាយជាប្រធានបទនៃការជជែកវែកញែកដ៏ក្ដៅគគុកពី សំណាក់អ្នកដែលគោរពស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរព្រោះថាបញ្ហានេះវាបានជះឥទ្ធិពល មិនល្អសោះឡើយដល់តម្លៃនៃទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។
យុវជន យុវនារី ក៏ដូចជាអ្នកដែលមានទំនោរទៅរកវប្បធម៌បរទេសមួយចំនួនបានបំភ្លេចអស់ហើយនូវការស្លៀកពាក់ ហូល ផាមួង អាវប៉ាក់ សំពត់បត់ ក្នុងការចូលរួមក្នុងពិធីបុណ្យទានផ្សេងៗ ជាពិសេសគឺពេលបុណ្យចូលឆ្នាំខ្មែរនេះតែម្ដង ដោយជំនួសមកវិញនូវសំពត់ខើចលើខើចក្រោមអាវរឹបរាងចំហដើមទ្រូង ឬ ក៏ខោខូវប៊យមានម៉ូដប្រហោងៗ បញ្ចេញសាច់ភ្លៅដោយអន្លើថែមទាំងមានការលាបពណ៌សក់យ៉ាងចម្រុះពណ៌បែបអឺរ៉ុប ដែលការស្លៀកពាក់ និង រៀបចំខ្លួនមិនសមបែបបទនេះបានធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើងយ៉ាងធ្ងន់ធ្ងរហើយក៏នឹងឈានទៅដល់ ការបាត់បង់តម្លៃវប្បធម៌គួរឱ្យព្រួយ បារម្ភផងដែរ។ ការស្លៀកពាក់បានសមរម្យថ្លៃថ្នូរមិនខើចលើខើចក្រោម មិនត្រឹមតែផ្ដល់តម្លៃដល់ខ្លួនឯង និងគាប់ភ្នែកអ្នកផងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពីអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិខ្មែរយើងផងដែរ។
ដូចយើងបានជ្រាបស្រាប់ហើយថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ មិនត្រឹមតែជាឱកាសដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មី និង ជួប ជុំបងប្អូនសាច់ញាតិបង្កើតឱ្យមានបរិយាកាសសិរីសួស្ដីក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ជាការទាក់ ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើនលើសលុប ឱ្យធ្វើដំណើរមកកម្សាន្តដែនដីសុវណ្ណភូមិដ៏អច្ឆរិយនេះផងដែរ តួយ៉ាងដូចជាកម្មវិធី អង្គរសង្រ្កានដែលរៀបចំឡើងនៅក្នុងទឹកដីអង្គរដ៏បវរនៃយើងជាតឹកតាងស្រាប់។ ដូច្នេះការរៀបចំខ្លួនឱ្យបានសមរម្យថ្លៃថ្នូរសមជាម្ចាស់ដែនដីអង្គរនេះ មិនត្រឹងតែជាការជួយអភិរក្សដល់កេរដំណែលវប្បធម៌របស់ខ្មែរយើងប៉ុណ្ណោះទេប៉ុន្តែវាជាការដែលយើងត្រូវបង្ហាញឱ្យសកលលោកបានស្គាល់ថា ប្រទេសខ្មែរដ៏បវររុងរឿងនេះ គឺជាប្រទេសដែលមានសម្បត្តិវប្បធម៌ដ៏ល្អផូរផង់ រាប់បញ្ចូលតាំងពីការស្លៀកពាក់រៀបចំខ្លួននេះឡើងទៅ ដែលនេះបានពីតម្លៃសិល្បៈល្អផ្ដាច់មិនអាចកាត់ថ្លៃបាន ។
មានកត្តាច្រើនយ៉ាងដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនមានការរៀបចំខ្លួនមិនសមទំនងប្រាស់ចាកពីប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ជាពិសេសគឺពេលមានពីធីបុណ្យជាតិធំៗ រួមបញ្ចូលទាំងពិធីបុណ្យចូលឆ្នាំខ្មែរនេះផង។ កត្តាទាំងនោះមានដូចជា លំហូរចូលនៃវប្បធម៌បរទេស ដែលក្នុងនោះមួយចំនួនធំយើងអាចមើលតាមរយៈសម្លៀកបំពាក់ ដែល គេ បានច្នៃម៉ូដឡើងតម្រូវទៅតាមប៉ែកខាងបស្ចិមប្រទេស ដែលបងប្អូនមួយចំនួនបានបើកចិត្តទទួលយកទាំងស្រុងដោយមិនបានកែខៃឱ្យក្លាយជារបស់ជាតិខ្លួននោះឡើយ ។ ការមិនឱ្យតម្លៃ និង មិនយល់ច្បាស់ពីសារៈសំខាន់នៃប្រពៃណីទំនៀមទម្លាប់របស់ខ្លួន ហើយបើកចិត្តទទួលយករបស់ថ្មីដោយមិនបានត្រិះរិះពិចារណាក៏ជាបញ្ហាចម្បងដែលធ្វើឱ្យមានការរៀបចំខ្លួនមិនសមទំនងចាកឆ្ងាយពីប្រពៃណីផងដែរ ។
យើងបានជ្រាបយ៉ាងប្រត្យក្សហើយថាទំនៀមទម្លាប់ដ៏មានវ័យចំណាស់ និង ល្អផូរផង់របស់ខ្មែរយើងក្រៅពីការប្រារព្ធពិដីបុណ្យទានផ្សេងៗហើយនោះ យើងក៏បានរាប់បញ្ចូលផង ដែរនូវការស្លៀកពាក់រៀបចំខ្លួនបានសមរម្យ ថ្លៃថ្នូរ និង ចរិយាមាយាទរមទមសុភាពរាបសារសក្ដិសមជាកុលបុត្រកុលធីតាក្នុងដែនអាណាចក្រអង្គរនេះ។ ពីសម័យកាលមួយទៅសម័យកាលមួយជនជាតិខ្មែរយើងបានកំណត់យកសម្លៀកបំពាក់សមរម្យថ្លៃថ្នូរមួយបែបមួយបែបជានិច្ចសម្រាប់សម្គាល់លក្ខណៈនៃការតុបតែងខ្លួនរបស់ជាតិ។ តួយ៉ាងសម័យបច្ចុប្បន្ននេះបើយើងក្រឡេកទៅមើលផ្នែកខាងសុភាពនារីវិញ ក្នុងពេលមានបុណ្យទាន ឬក៏ចូល វត្តអារាមសម្លៀកបំពាក់ដែលសមរម្យថ្លៃថ្នូរនោះគឺមិនអាចអត់បាននោះឡើយជាមួយនឹងសំពត់ហូល ឬ ផាមួង ផ្សំជាមួយអាវប៉ាក់ពណ៌សជាមួយម៉ូដបែបសុភាពៗ មិនលេចលើលេចក្រោម ដែលជាសញ្ញាបង្ហាញថាមានទឹកចិត្តជ្រះថ្លាបរិសុទ្ធអមជាមួយនឹងក្រមាពានាមួយយ៉ាងសមរម្យផង។ ចំណែកខាងសុភាពបុរសវិញក្នុងពេលមានបុណ្យទាន ឬចូលវត្តអារាមជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ត្បិតថាមិនមានការតុបតែងខ្លួនច្រើនដូចជាសុភាពនារីក៏ពិតមែនប៉ុន្តែគឺមិនដែលអាចខ្វះបាននោះឡើយនូវអាវស ឬអាវសាច់ក្រណាត់លាត ជាមួយនឹងខោជើងវែងពណ៌ខ្មៅ ឬណពណ៌បែបស្រគាំ ប៉ុន្តែវានឹងមិនសមរម្យនិង ថ្លៃថ្នូរនោះឡើយ បើសិនជាលោកអ្នកស្លៀកខោខូវប៊យ មូរដៃអាវ ពាក់មួក ឬពាក់វែនតាកញ្ចក់ខ្មៅចូលវត្តអារ៉ាមនោះ ឬក្នុងឱកាសបុណ្យទានផ្សេងៗក៏ដោយ។
ដោយហេតុថាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាពិធីបុណ្យវប្បធម៌ដំធំប្រចាំប្រទេស ដូច្នេះហើយ ក្នុងនាមយើងជាកូនខ្មែរ ជាអ្នកបន្ដនូវមរតកដូនតាជំនាន់មុនគួរគប្បីរៀបចំខ្លួនប្រាណឱ្យបានសមរម្យបូករួមទាំងការស្លៀកពាក់ឱ្យត្រឹមត្រូវតាមប្រពៃណី និង រៀបចរិយាមាយាទឱ្យបានថ្លៃថ្នូរចៀសវាងធ្វើឱ្យអាប់ឱនដល់តម្លៃវប្បធម៌ខ្មែរ និង តម្លៃនៃពិធីបុណ្យចូលឆ្នាំរបស់ជាតិទាំងមូល ដូចពាក្យស្លោកមួយឃ្លាពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាថ្កើងថ្កាន » ៕
Article by SOY SINA