ការស្លៀកពាក់តុបតែងខ្លួនគឺជាការបង្ហាញឲ្យឃើញពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ របស់ជាតិសាសន៍នីមួយៗនៅលើសកលលោកយើងនេះដែរ។ យ៉ាងណាមិញដោយគេឮពាក្យថា «ខ្មែរ» គេតែងនឹកឃើញទៅដល់ទឹកដីនៃប្រទេសកម្ពុជា ភាពទន់ភ្លន់នៃស្ត្រីខ្មែរ ព្រមទាំងការស្លៀកពាក់ផងដែរ។ ជាការពិតណាស់តាមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរយើងនៅពេលជិតដល់ចូលឆ្នាំថ្មីប្រពៃណីខ្មែរជារៀងរាល់ឆ្នាំមិនថាប្រុសឬស្រីចាស់ក្មេងនោះទេ ពួកគាត់តែងតែត្រៀមរៀបចំនូវសម្លៀកបំពាក់ថ្មីៗ ដើម្បីត្រៀមធ្វើដំណើរកម្សាន្តទៅកាន់ទីជិតទីឆ្ងាយ ក៏ដូចជាត្រៀមសម្លៀកបំពាក់បែបប្រពៃណីដូចដែលឃ្លាចម្រៀងមួយបានលើកឡើងថា “ផាមួងកទា ខ្ញុំស្លៀកទៅវត្ត មើលគេទាញព្រ័តរដូវចូលឆ្នាំ....” មិនខុសពីសម័យមុនប៉ុន្មានឡើយ ការរៀប ចំ ស្ដាយ៍នាសម័យថ្មីនេះនៅតែរក្សាទម្រង់ដើមដែលជាទំនៀមមួយដែលបញ្ជាក់ពីអត្តសញ្ញាណខ្មែរយើង។ ដោយឡែកសម្រាប់ការចេញផ្សាយក្នុងខែមេសា ដែលកៀកនឹងចូលឆ្នាំប្រពៃណីជាតិផងដែរនោះ សូវរីន សូមលើកបង្ហាញពីស្ដាយ៍នៃការរៀបចំសម្លៀកបំពាក់តាមបែបសម័យនិងប្រពៃណីមកធ្វើការបង្ហាញជូនដូចមានបង្ហាញក្នុងរូបភាពជាគំរូស្រាប់។
1. ក្រឡេកមួយភ្លេតវាហាក់សាមញ្ញបន្តិចចំពោះសម្លៀកបំពាក់មួយឈុតនេះ ប៉ុន្តែបើអ្នកធ្វើការគិតគូរពិចារណាឱ្យដិតដល់បានដឹងថាវាជាស្ដាយ៍ មួយ ដែលជួយធ្វើឱ្យអ្នកមានភាពងាយស្រួលធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ ឬទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃបាន។ ដោយឡែកពណ៌សម្លៀកបំពាក់វិញមិនរើសកាលទេសៈណាមួយនោះទេ។
2. អាវសដៃវែងប៉ាក់ស្បៃ គ្រងជាមួយខោជើងធំរលុងៗ វាក៏មិនខុសឆ្ងាយពីស្ដាយ៍ទី១ដែរ ដោយគ្រាន់តែក្នុងឈុតនេះយើងចង់បង្ហាញថា ក្នុងឱកាសចូលឆ្នាំ ប្រពៃណីខ្មែរតាំងពីបុរាណកាលមកនារីៗតែងតែប្រើសំពត់បត់អាវក្រណាត់ឬប៉ាក់ពណ៌សជាដើម។ ប៉ុន្តែសម្រាប់ឆ្នាំ២០១៧ សូវរីន សូមផ្លាស់ប្ដូរស្ដាយ៍បែបសម័យបន្តិចដូចដែលបង្ហាញជូនក្នុងរូបស្រាប់។
3. សំពត់ភ្លីសេពណ៌ខ្មៅត្រឹមជង្គង់ឈុតជាមួយអាវសាច់ក្រណាត់ពណ៌សដែលមានម៉ូដរំភាយៗ នៅលើស្មាហាក់បង្កើនសោភ័ណមួយប្លែកភ្នែក សម្រាប់សុភាពនារីក្នុងការបង្ហាញស្ទីលថ្មីសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះរៀបចំបង្ហាន់ទៅវត្តជាមួយក្រុមគ្រួសារសាច់ញាតិឬមិត្តភក្តិជាដើម។
4. សម្រាប់មួយឈុតនេះយើងនៅរក្សាទ្រង់ទ្រាយជាលក្ខណៈប្រពៃណីបន្តិចដោយយើងប្រើសំពត់បត់(ផាមួង) ដោយឡែកអាវយើងជ្រើសប្រើអាវបែបសាច់ក្រណាត់ធម្មតាហើយម៉ូដទៀតសោតក៏យើងបង្ហាញពីភាពរម្យទមថ្លៃថ្នូរសក្តិសមជាកុលធីតាខ្មែរ។
ជាការពិតណាស់ដោយសារតែអាកាសធាតុខែចែត្រក្ដៅហែង ហេតុដូច្នេះ សូវរីន សូមលើកបង្ហាញមិត្តអ្នកអាននូវប្រភេទសាច់ក្រណាត់និងម៉ូដដែលសក្តិសមសម្រាប់រដូវកាលនេះ ហើយក៏មិនវៀរចាកពីសម្លៀកបំពាក់ប្រពៃណីយើងជ្រុលហួសហេតុផងដែរ៕
Article by HENG CHANMAKARA