ផឹកតែទឹកសោះក៏ឡើងគីឡូដែរ ឬអត់ញ៉ាំអីសោះក៏ធាត់ដែរ” ពាក្យត្អូញត្អែរទាំងនេះគេតែងតែលឺជាញឹកញាប់ចំពោះអ្នកដែលមានរាងធាត់ៗមួយចំនួនជាពិសេសគឺមិត្តនារីយើងតែម្តង។ នាពេលបច្ចុប្បន្ននេះ បញ្ហានៃការឡើងទម្ងន់របស់មនុស្សម្នាក់ៗកំពុងតែជាឧបសគ្គដ៏ធ្ងន់ធ្ងរមួយចំពោះមនុស្សគ្រប់រូបដែលជាកត្តាមួយគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។ តាមការស្ទង់មតិរបស់អ្នកជំនាញតាមរយៈការពិភាក្សាបញ្ហាសុខភាពបានឲ្យដឹងថា អត្រានៃការឡើងទម្ងន់នេះភាគច្រើនបណ្តាលមកពីទម្លាប់ ឬសកម្មភាពកំប៉ិកកំប៉ុកប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗតែម្តង។ ដូចនេះតើទំលាប់និងសកម្មភាពអ្វីខ្លះដែលបណ្តាលឲ្យអ្នកធាត់ដោយមិនដឹងខ្លួន?
ទម្ងន់របស់អ្នកគឺអាស្រ័យទៅលើបរិមាណនៃកាល់ឡូរី (Calorie) ដែលមាននៅក្នុងខ្លួនរបស់អ្នក ដូច្នេះអ្នកស្រាវជ្រាវបានឲ្យដឹងថាមូលហេតុចម្បងដែលធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួនបានកើតឡើងដោយសារកត្តាមួយចំនួនដូចខាងក្រោម៖
១. កង្វះនូវការគ្រប់គ្រងរបបអាហារ៖ កង្វះនូវការគ្រប់គ្រងរបបអាហារ សំដៅទៅលើការទទួលទានអាហារឥតឈប់ឈរ ឬការទទួលទានអាហារដែលមានជាតិកាល់ឡូរីខ្ពស់ដូចជាអាហារដែលមានជាតិខ្លាញ់ច្រើន (ភីហ្សា បឺហ្គឺរ នំដូរណាត់) ជាដើម ។ មួយវិញទៀតអាហារសម្រន់ ក៏ជាផ្នែកមួយដែលសម្បូរទៅដោយកាល់ឡូរីខ្ពស់ជាងប្រូតេអ៊ីនផងដែរ ដែលអាចធ្វើឲ្យអ្នកធាត់បានយ៉ាងឆាប់រហ័ស ព្រោះអាហារសម្រន់មិនមែនជាអាហារចម្អែតនោះទេ ដែលនេះមានន័យថាវាតែងតែធ្វើឲ្យអ្នកឃ្លានគ្រប់ពេល។ ដូច្នេះអ្នកគួរតែកាត់បន្ថយនូវការបរិភោគអាហារសម្រន់ ហើយប្រសិនជាមិនចាំបាច់ទេអ្នកគួរតែកុំបរិភោគតែម្តង ព្រោះវាអាចនឹងធ្វើឲ្យអ្នកចេះតែនឹកឃើញនូវការញ៉ាំជានិច្ច ឬគេហៅម្យ៉ាងទៀតថាមាត់មិនទំនេរជាដើម។
២. ការមិនទទួលទានទឹកឲ្យបានគ្រប់គ្រាន់៖ តាមការសិក្សាស្រាវជ្រាវបានប៉ាន់ស្មានថាមនុស្សពេញវ័យចាប់ពី 15% ទៅ 38% មានថាមពលអន់ថយដោយសារការទទួលទានទឹកមិនគ្រប់គ្រាន់។ តាមរយៈការសិក្សាមួយអ្នកវិទ្យាសាស្ត្របានរកឃើញថា ការបរិភោគភេសជ្ជៈដែលមានជាតិស្ករច្រើន គឺជាបញ្ហាមួយដែលអាចធ្វើឲ្យកាឡូរីឡើងខ្ពស់បានរហូតដល់ 200 កាឡូរីក្នុងមួយថ្ងៃ។ ដូច្នេះប្រសិនបើអ្នកមិនកាត់បន្ថយនូវការទទួលទានភេសជ្ជៈ (ដែលមានជាតិស្ករខ្ពស់) ទេនោះអ្នកអាចនឹងប្រឈមនឹងការឡើងទម្ងន់យ៉ាងឆាប់រហ័ស។
៣. ការគេងមិនគ្រប់គ្រាន់៖ យោងតាមក្រុមអ្នកស្រាវជ្រាវដដែលបានធ្វើការវិភាគទៅលើទម្លាប់នៃការគេងរបស់មនុស្សជុំវិញពិភពលោកនោះ បានឲ្យដឹងថាមនុស្សដែលទទួលទានដំណេកតិចជាង 5 ម៉ោងក្នុងមួយថ្ងៃមានហានិភ័យខ្ពស់ក្នុងការឡើងទម្ងន់យ៉ាងខ្លាំង បើប្រៀបទៅនឹងអ្នកដែលគេង បាន 7 ម៉ោង។ អ្នកដែលគេងមិនបានគ្រប់គ្រាន់បានធ្វើឲ្យអ័រម៉ូនរបស់ពួកគេមានការផ្លាស់ប្តូរឆាប់រហ័សពេក ដែលរួមជាមួយនឹងកង្វះការធ្វើលំហាត់ប្រាណទៀតនោះទើបធ្វើឲ្យគេឡើងទម្ងន់ដោយមិនដឹងខ្លួន។
៤. ការធ្វើដំណើរ៖ ជាការពិតណាស់ មធ្យោបាយធ្វើដំណើរពិតជាសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ក៏ប៉ុន្តែប្រសិនបើអ្នកធ្វើដំណើរដោយការជិះរថយន្ត ម៉ូតូ ការធ្វើដំណើរតាមជណ្តើរយន្ត (នៅកន្លែងធ្វើការ) ញឹកញាប់ពេកនោះវាមិនមែនជារឿងមួយដែលល្អនោះទេ។ ផ្ទុយទៅវិញអ្នកកំពុងតែធ្វើឲ្យខ្លួនឯងឡើងទម្ងន់ជាគំហក ព្រោះវាជាកត្តាដែលរាំងស្ទះក្នុងការខកខានធ្វើលំហាត់ប្រាណ ដើម្បីបញ្ចេញនូវជាតិពុលនិងជាតិខ្លាញ់ដែលមាននៅក្នុងខ្លួន ។ ហេតុដូចនេះហើយ អ្នកមិនគួរពឹងផ្អែកទៅលើបច្ចេកវិទ្យាក្នុងការធ្វើដំណើរទាំងស្រុងពេកនោះទេ អ្នកគួរតែធ្វើសកម្មភាពខ្លះ ដើម្បីបញ្ចេញជាតិខ្លាញ់។
៥. ការរំលងអាហារ៖ មតិភាគច្រើនគិតថា ការតមអាហារជារៀងរាល់ថ្ងៃអាចនឹងធ្វើឲ្យទម្ងន់មានការថយចុះដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើលំហាត់ប្រាណ។ ផ្ទុយទៅវិញ ការធ្វើបែបនេះរឹតតែធ្វើឲ្យអ្នកកើនទម្ងន់ទ្វេដង ព្រោះនៅពេលដែលអ្នកឃ្លាន អ្នកនឹងទទួលទានអាហារកាន់តែច្រើនជាងមុន។ ដូចនេះអ្នកគួរតែទទួលទានអាហារឲ្យបានទៀងទាត់ទើបជាការប្រសើរ។
ជារួម កត្តាខាងលើនេះហើយដែលអាចបញ្ជាក់បានថា គ្រាន់តែទម្លាប់ដ៏សាមញ្ញបំផុតក៏អាចធ្វើឲ្យរាងកាយរបស់អ្នកផ្លាស់ប្តូរបានមួយរំពេច។ ដូចនេះប្រសិនបើអ្នកកំពុងតែមានទំលាប់ណាមួយក្នុងចំណោម ចំណុចខាងលើនេះ អ្នកគួរតែផ្លាស់ប្តូរ ឬរៀបចំការរស់នៅសារជាថ្មីម្តងទៀត ដើម្បីរក្សារាងកាយ ឬទម្ងន់ឲ្យបានល្អ។ ម៉្យាងវិញទៀត ប្រសិនបើអ្នកធាត់ខ្លាំងពេកនោះ វាក៏អាចបណ្តាលឲ្យក្លាយទៅជាហានិភ័យក្នុងការកើតជម្ងឺផ្សេងៗទៀតនាពេលអនាគត ដូច្នេះដើម្បីបញ្ចៀសរាល់ជម្ងឺកាចសាហាវនោះ ជម្រើសដ៏ល្អបំផុតអ្នកគួរតែធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃឲ្យបានយ៉ាងតិច២០នាទី ទៅ៣០នាទី៕
Article by PAN SIVLY