ព្រះអាទិត្យបានរំលេចពន្លឺពេលព្រឹកយ៉ាងត្រចះត្រចង់ពាសពេញផ្ទៃមេឃ ផ្តល់ជាសញ្ញាប្រាប់ថាថ្ងៃថ្មីគឺបានឈានចូលមកដល់។ ពេលព្រលឹមថ្ងៃនេះនៅខេត្តសៀមរាប ហាក់បីដូចជាខុសប្លែក។ ប្រហែលជាខ្ញុំមានវេលាតិចតួចពេកហើយមើលទៅសំរាប់ការគយគន់ទស្សនីយភាពដ៏ល្អល្អះ និងសម្រស់ទាក់ទាញយ៉ាងសំបូរបែបនៃខេត្តមួយនេះ។ ប៉ុន្តែវាមិនជាអ្វីធំដុំនោះទេ ព្រោះខ្ញុំនឹងត្រូវធ្វើដំណើរបន្តទៅកាន់ខេត្តបន្ទាយមានជ័យ ទៅលេងប្រាសាទបន្ទាយឆ្មារ ដែលដាច់ស្រយាលពីគេ និងក្រសោបកាយាបន្ទំសម្រស់ប្រកបដោយក្បូរក្បាច់រចនាក្នុងជំរំនៃព្រៃព្រឹក្សាយ៉ាងស្ងាត់ជ្រងំ។ ម៉ោងប្រហែលជា ៨ និង ៣០នាទី ក្រុមការងារទស្សនាវដ្តី សូវរីន បានបញ្ចប់ការទទួលទានអាហារពេលព្រឹកនៅឯសណ្ឋាគារ និងបានរៀបចំអីវ៉ាន់ និងត្រៀមខ្លួនធ្វើដំណើរទៅកាន់ប្រាសាទដែលមានវ័យចំនាស់មួយនេះដែលមានអាយុកាលតាំងពីសម័យអង្គរដ៏រុងរឿង។ ព្រះអាទិត្យបាននឹងកំពុងបង្អុរសូរិយា កាន់តែក្រាស់ឡើងក្នុងវេលាពេលព្រឹកដ៏សែនស្រស់ត្រកាលដែលមានសំណើមបន្តិចៗ ស្របពេលដែលរថយន្តបានមកដល់សណ្ឋាគារ ហើយក្រុមការងារក្នុងសំលៀកបំពាក់ទាន់សម័យតាមបែបស្ទាយ៍ដំណើរកំសាន្ត បានលើករៀបចំរបស់របរដាក់ក្នុងរថយន្ត។ ដំណើរកំសាន្តទៅកាន់ដែនដីប្រាសាទបន្ទាយឆ្មារបានចាប់ផ្តើម។ ពេលវេលាជាក់ស្តែងនៃការចេញដំណើរ គឺម៉ោង ៨ និង ៥០នាទីព្រឹក។
ការធ្វើដំណើរអាចនឹងចំនាយពេលប្រហែលជា ២ម៉ោង និង ២០នាទី ដើម្បីទៅដល់ចំនុចគោលដៅក្នុងចំងាយផ្លូវប្រហែលជាង ១៧០គម។ តាមការជាក់ស្តែង ការធ្វើដំណើរទៅកាន់ប្រាសាទបន្ទាយឆ្មារអាចនឹងត្រូវបានធ្វើឡើងតាមមធ្យោបាយ និងការកំនត់ផ្សេងៗគ្នា។ លោកពូតៃកុងឡាន ដែលមានមាឌធំ និងមាំ មានអាយុស្របាល ៤០ឆ្នាំ បានកាច់ចង្កូតរថយន្តអោយរត់លើផ្លូវជាតិលេខ៦។ នៅតាមដងផ្លូវ ពួកយើងធ្វើការសំណេះសំណាលពីនេះពីនោះ ជាពិសេសពីព័ត៌មានមួយចំនួនទាក់ទងនឹងដំណើរកំសាន្តនេះពោល គឺការធ្វើដំណើរទៅកាន់ប្រាសាទបន្ទាយឆ្មារ និងរឿងរ៉ាវមួយចំនួនដែលទាក់ទងនឹងប្រាសាទនេះតែម្តង។ កំណាត់ផ្លូវជាតិលេខ ៦ មានភាពរលោង និងងាយស្រួលសំរាប់ការធ្វើដំណើរ។ នៅសងខាងផ្លូវ ពីស្រុកមួយទៅស្រុកមួយ វាលស្រែ និងស្មៅយ៉ាងខៀវស្រងាត់ដែលសំឡឹងមិនដាច់កន្ទុយភ្នែកសោះឡើយ បានលេចរូបរាងឡើងបំពេញនូវទស្សនីយភាពដ៏ស្រស់គយគន់នៃទីជនបទស្រុកស្រែ ក្រោមពន្លឺថ្ងៃដែលក្តៅហួតហែង គួបផ្សំនឹងវាយោដ៏រំហើយនៃរដូវកត្តិកដ៏ត្រជាក់នេះ។ បង្គោលខ្សែភ្លើងដ៏ខ្ពស់ៗ និងឆ្វាត់ឆ្វែងតំរៀបបន្តគ្នាជាជូរ ដោយទុកចន្លោះធំល្មមឈរឃ្លាតពីគ្នា ហាក់ដូចជាបានលេចរូបរាងឡើង និងខ្សាត់បាត់ទៅវិញក្នុងពេលមួយព្រព្រិចភ្នែក ស្របពេលរថយន្តបាននឹងកំពុងបន្តដំណើរទៅមុខក្នុងល្បឿនប្រមាណជាង ៧០-៨០គម/ម៉ោង។ សំណេះសំណាលបណ្តើរ គយគន់ទេសភាពបែបស្រុកស្រែដ៏ស្រស់បំព្រងបណ្តើរ (និងលួចថតរូបទេសភាពទាំងនោះទុកជាអនុស្សាវរីយ៍បណ្តើរ) ខ្ញុំទទួលបានអារម្មណ៍ថា ពិតជាមានភាពខុសប្លែក ព្រោះធ្លាប់តែនៅជុំវិញដោយការងារយ៉ាងមមាញឹក ភាពកកកុញក្នុងទីក្រុង បែរជាមកបានកំសាន្តអារម្មណ៍ជាមួយនឹងចំណីចក្ខុដ៏សែនមនោរម្យទាំងនេះ។ ពិតជាមានអារម្មណ៍ល្អមែន! មិនយូរប៉ុន្មានរថយន្តបានបត់ឡើងលើកំណាត់ផ្លូវជាតិលេខ៦៨ បន្តឆ្ពោះទៅកាន់ប្រាសាទដែលត្រូវឆ្លងកាត់ទីរួមខេត្តឧត្តរមានជ័យ។ ក្រៅពីវាលស្រែ យើងឃើញមានប្រជាកសិករកំពុងញាប់ដៃញាប់ជើងប្រមូលកណ្តាប់ និងធ្វើការច្រូត អមដោយដើមត្នោតឈរទ្រឹងញញឹមដូចមានវិញ្ញាណ ឯក្មេងៗមុជទឹកប្រឡែងក្នុងព្រែកយ៉ាងសប្បាយរីករាយ ខ្លះទៀតកំពុងឃ្វាលគោ ខ្លះកំពុងដាក់សន្ទូច និងសំណាញ់បង់រកត្រី ក្តាមខ្យង តាមអូរដែលនៅជាប់នឹងវាលស្រែ។ ផ្ទះខ្លះទៀតប្រកបរបរទទួលទានលក់ដូរបន្តិចបន្តួចធម្មតា។ សាលារៀន និងអគារស្ថាប័នរដ្ឋ និងអាជីវកម្មមួយចំនួនក៏បានជ្រៀតចូលក្នុងទស្សនីយភាពទាំងនោះផងដែរ។
ថ្ងៃកាន់តែក្រាស់បន្តិច ខ្ញុំលបសំរាកបានមួយសន្ទុះ។ ពិភពខាងក្រៅហាក់ប្រែជាស្ងប់ស្ងាត់នៅសល់តែសំលេងវាយោរវូៗ។ មិនយូរប៉ុន្មានម៉ោងប្រហែលជា ១០ និង ២០នាទី លោកពូតៃកុងឡាន ដែលមានសក់រួញអង្គារដី បានបន្លឺប្រាប់អោយដឹងថា យើងបានឈានដល់ផ្លូវបំបែកមួយទៀត (ក្រុងសំរោង) ដែលម្ខាងត្រូវបន្តទៅខេត្តឧត្តរមានជ័យ និងម្ខាងឆ្ពោះចូលបរិវេណខេត្តបន្ទាយមានជ័យ ទៅកាន់ប្រាសាទបន្ទាយឆ្មារ ដែលផ្លូវឆ្ពោះទៅនោះកំពុងស្ថិតក្រោមការជួសជុល និងអាចរលាក់ខ្លាំង។ ពិតជាដូចអ្វីដែលគាត់បានប្រាប់មែន។ ផ្លូវមិនរលោង និងមានគ្រឡុកច្រើន ហើយជិះរលាក់ បុកក្បាលនឹងដំបូលឡានប៉ុន្មានដងទៀត។ នៅតាមដងផ្លូវ មិនមានអ្វីក្រៅពីព្រៃព្រឹក្សា ផ្ទះប្រជាជនដែលមានសួនបន្លែ និងកសិដ្ឋានចិញ្ចឹមសត្វតូចៗ បែបគ្រួសារ និងវាលស្រែដែលនៅក្បែរ និងប្រជាជនធ្វើដំណើរទៅមកដោយត្រាក់ទ័រ កង់ និងម៉ូតូ។ ព្រះសូរិយា បានបន្ថែមកំដៅមកលើផ្ទៃដីស្រុកស្រែនេះ ហើយរថយន្តបានមកដល់ផ្លូវបត់ចូលប្រាសាទ។ ពេលមកដល់មុខប្រាសាទ នាឡិកាដៃខ្ញុំលោតប្រាប់ថាម៉ោង១១ និង ៣០នាទី។
បន្ទាប់ពីបានឈប់សំរាកទទួលទានភេសជ្ជៈត្រជាក់ដើម្បីប៉ូវភាពនឿយហត់ដែលមាននៅជិតនោះ ពួកយើងបានធ្វើមដំណើរចូលគយគន់ប្រាសាទបន្ទាយឆ្មារ ដែលបានលាក់សម្រស់យ៉ាងត្រចះដ៏កម្រក្នុងទីព្រៃព្រឹក្សាដ៏ស្ងាត់ជ្រងំនេះ។ ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទបុរាណខ្មែរមួយដែលបានបន្សល់ទុកពីសម័យអង្គរដ៏រុងរឿង។ សព្វថ្ងៃមានទីតាំងស្ថិតនៅក្នុង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រាសាទបន្ទាយឆ្មារ គឺជាព្រះរាជស្នាដៃ និងត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ (១១៨១- ១២១៧/២០) ក្នុងគោលបំណងឧទ្ទិសដល់បុត្រាទ្រង់ និងមេទ័ព ៤នាក់ ទៀត ដែលបានពលីជីវិតក្នុងសមរភូមិ (ដែលទទួលបានជ័យជំនះ) ក្នុងការបណ្តេញសត្រូវឈ្លានពានចាមអោយចេញពីផ្ទៃដីអច្ឆរិយនៃយើងក្នុងឆ្នាំ១១៧៧។ ប្រាសាទនេះជាប្រាសាទមួយដែលមានផ្ទៃក្រឡាធំសម្បើម ដោយមានបណ្តោយប្រវែង ៨៨៥ម និងទទឹងប្រវែង ៨០៥ម ហើយសំបូរដោយក្បាច់រចនា និងចំលាក់យ៉ាងប្រពៃ និងល្អល្អះនៅតាមផ្ទៃជញ្ជាំងក្នុងចំនោមប្រាសាទដទៃដែលបន្សល់ទុកពីរជ្ជកាលសម័យអង្គរ។ នៅឯក្លោងទ្វារប្រាសាទ គឺបង្កាន់ដៃថ្មពីរជួរ រំលេចចេញនូវរូបសេនាធិការជាច្រើនបន្តគ្នា ដែលសំញែងចេញឡើងនូវទឹកមុខដ៏អង់អាច និងសាមគ្គីភាពដ៏មោះមុត។ ពេលឈានជើងចូលដល់ក្នុងប្រាសាទ ខ្ញុំហាក់បីដូចជាបានឈានជើងចូលក្នុងពិភពថ្មីមួយទៀត ដែលមានភាពស្រស់ស្អាតប្រកបដោយភាពស្ងប់ស្ងាត់ មានតែសំលេងខ្យល់រងំ និងសំលេងកងរំពងយ៉ាងគ្រលួចនៃព្រៃព្រឹក្សា និងធម្មជាតិដ៏ស្រស់បំព្រង។ វិនាទីដ៏ស្ងប់ស្ងាត់នោះ ខ្ញុំលួចស្រមៃដល់ខ្សែជីវិតបែបសំរាកលំហែកាយបែបនេះថា “ប្រសិនបើបានវិស្សមកាលបែបនេះញឹកញាប់ ពិតជាល្អខ្លាំងណាស់។” ទេសភាពយ៉ាងស្រស់ត្រកាលនេះ ត្រូវបានថតជារូបភាពទុកមើលទុកគ្រាន់បានកំសាន្តអារម្មណ៍ និងរំលឹកភាពស្រស់ត្រកាលពេលធ្វើដំណើរត្រលប់ទៅវិញ។ នៅពីចំងាយខាងមុខខ្ញុំ ខ្ញុំឃើញជញ្ជាំងតួប្រាសាទដែលមានថ្មបន្តុបពីលើគ្នា និងមានដើមឈើធំៗនៅដុះក្បែរ។ ដើរដល់មុខបន្តិច បរិវេណទីធ្លានៅតែបន្តរំលេចក្រាលដោយស្មៅដែលដុះស្តើងៗ ដែលលាយឡំនឹងកម្រាលពណ៌ត្នោតទង់ដែងនៃល្បាយស្លឹកឈើចាស់ៗ។ នៅបរិវេណនោះផងដែរ ក៏មានតង់បោះជំរំសំរាប់ស្នាក់អាស្រ័យយ៉ាងប្រណីត ដែលត្រូវបានរៀបចំដោយក្រុមហ៊ុនភ្នាក់ងារទេសចរ Khiri។ ប្រិយមិត្ត ដែលទៅកំសាន្តរយៈពេលយូរ ក៏អាចនឹងជ្រើសរើសការស្នាក់អាស្រ័យតាមបែប Homestay ជាមួយប្រជាជនក្នុងតំបន់បានផងដែរ។
ផ្ទាំងទស្សនីយភាព និងសំលេងយ៉ាងគ្រលួចនៃធម្មជាតិ នៅតែបន្តមានវត្តមានពីមួយជំហានទៅមួយជំហាន ហើយខ្ញុំបន្តការស្ញប់ស្ញែងក្នុងចិត្តពីការលំហែបែបនេះ។ ចូល ដល់ក្នុងប្រាសាទ ក្រុមការងារ និងខ្ញុំបានចំនាយពេលប្រហែលជាជិត ២ម៉ោង ក្នុងការទស្សនាប្រាសាទ។ ទោះបីជាមានកន្លែងខ្លះនៃប្រាសាទរងការបែកបាក់ និងបាត់បង់នូវក្បាច់រចនាក៏ដោយ វានៅតែជាការពិតមួយដែលគួរអោយស្ញប់ស្ញែង និងទ្រាំមិនកោតសរសើរមិនបានពីស្នាដៃស្ថាបត្យកម្មរបស់ព្រះរាជាក៏ដូចជាបុព្វបុរសខ្មែរសម័យអង្គរក្នុងការសាងសង់ប្រាសាទ។ ថ្មជាច្រើនបន្តុបលើគ្នា (កន្លែងខ្លះទ្រទំងន់ដើមឈើដ៏ធំទៀត) នៅតែជាប់រឹងមាំបានរាប់រយឆ្នាំ ហើយកាន់តែពិសេសរកគណនាមិនបាននោះ គឺចំលាក់នៅលើផ្ទាំងថ្មយ៉ាងចំណាន រកប្រៀបផ្ទឹមមិនបាន (ដែលជាតឹកតាងយ៉ាងមហស្ចារ្យនៃវប្បធម៌ និងអរិយធម៌ខ្មែរបុរាណ) ដែលមានផ្ទាំងទស្សនីយភាពដូចជាព្រះពោធិសត្វអវលោកេស្វារៈ និងរូបទេវៈមួយចំនួនទៀត រូបកងទ័ពខ្មែរយ៉ាងអង់អាច និងការធ្វើសឹកសង្រ្គាមរបស់កងទ័ពខ្មែរសម័យដើម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនាសម័យអង្គរជាដើម។ ជាដំណឹងល្អមួយដែរ ដែលប្រាសាទបន្ទាយឆ្មារត្រូវបានយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស ដោយរដ្ឋាភិបាល សមាគមន៍ និងដៃគូអន្តរជាតិដូចជា អង្គការមូលនិធិបេតិកភណ្ឌពិភពលោក (Global Heritage Fund) និង Heritage Watch និងស្ថិតក្នុងបញ្ជីនៃតំបន់ទេសចរ (ក្រោមការសិក្សាវាយតំលៃ) ដើម្បីសំរេចអោយក្លាយជាសម្បត្តិបេតិភណ្ឌពិភពលោក។
រសៀលកាន់តែជ្រេ ការទស្សនាកំសាន្តនៅតែមិនទាន់បានសព្វគ្រប់ជ្រុងជ្រោយ ដោយនៅមានផ្នែកខ្លះនៃប្រាសាទដែលពួកយើងមិនទាន់បានចូលទៅដល់។ ពួកយើងសំរាកបន្តិចយកកំលាំង និងគយគន់ទស្សនីយភាពនៃវាលស្មៅដ៏ខៀវស្រងាត់ អមដោយបុប្ផារីកយ៉ាងស្គុសស្គាយ ដែលបន្ថែមអត្ថរសដល់ភាពទាក់ទាញនៃប្រាសាទ ដែលស្ថិតនៅប៉ែកខាងកើត និងក្រោយនៃប្រាសាទ។ បន្តដំណើរចូលទស្សនាគយគន់ប្រាសាទបានមួយ ស្របក់ធំទៀតថ្ងៃកាន់តែរាងជ្រេ ហើយថាមពលកាន់តែរាងខ្សត់ទៅ ពួកយើងបានចាក ចេញពីប្រាសាទមកខាងក្រៅវិញ។ ពិភពធម្មតា បានវិលត្រលប់មកវិញ។ អ្ហើយ! ពិតជាខ្លី មែនពេលវេលាសំរាប់ការកំសាន្ត និងសំរាកលំហែ! តែវាក៏ពិតជាមានន័យ និងគួរអោយចង ចាំណាស់ផងដែរ។ អ្វីដែលកាន់តែសោកស្តាយនោះ គឺពួកយើងមិនបាននៅស្នាក់អាស្រ័យ អោយបានយូរ ព្រោះថានៅមានសកម្មភាពជាច្រើនទៀត ដែលជាទីមនោរម្យ និងជាបទ ពិសោធន៍យ៉ាងមានន័យ ដូចជាការទៅទស្សនាបារាយណ៍ទឹក ការទទួលទានអាហារបែប picnic ជាក្រុមក្នុងបរិវេណប្រាសាទ ការទទួលទានអាហារពេលល្ងាចយ៉ាងមានន័យ ដោយមានការប្រគំតន្ត្រីបែបខ្មែរបុរាណក្នុងប្រាសាទ ការគយគន់ថ្ងៃលិចពីកំពូលប្រាសាទ និងការទៅទទួលយកបទពិសោធន៍ពិតៗជាក់ស្តែងផ្ទាល់ភ្នែកនៃជីវិតរស់នៅរបស់ប្រជាជនក្នុងសហគមន៍ និងសកម្មភាពរបស់ពួកគេ ដូចជាការនេសាទ ការដាល់អំបុក ជាដើម ហើយជា ពិសេសការភ្លក់រសជាតិម្ហូបបែបខ្មែរ ដែលចំអិនដោយចុងភៅយ៉ាងចំណានក្នុងសហគមន៍ នោះ។
ហ្អឹម! រយៈពេលមួយថ្ងៃ ពិតជាមានភាពរហ័សណាស់! ដំណើរកំសាន្តនេះ ទោះបីជា មានភាពនឿយហត់បន្តិច និងការលំបាកក្នុងការធ្វើដំណើរយ៉ាងណា ក៏យើងនៅតែមិនអាចបំភ្លេចបាននូវភាពស្រស់ត្រកាល និងបរិយាកាសដ៏ស្ងាត់ជ្រងំ យ៉ាងសែនមនោរម្យនៃ បរិវេណប្រាសាទបន្ទាយឆ្មារ ដែលពិតជាសម្រស់លាក់ខ្លួននៅក្នុងព្រៃព្រឹក្សា និងទីដាច់ស្រយាល។ ម៉ោងប្រហែល ៣ជាង ពួកយើងចាកចេញពីប្រាសាទទាំងចិត្តមិនដាច់។ អ្វីដែលខ្ញុំបានទទួល (ហើយខ្ញុំគិតថាក្រុមការងារក៏ដូចគ្នា) គឺដំណើរកំសាន្តស្វែងរកមួយដែលមិនងាយនឹងបំភ្លេចបាន។ និយាយត្រង់ទៅ ពេលនៅក្នុងរថយន្តពួកយើងបញ្ចេញដោយមិនដឹងខ្លួននូវស្នាមញញឹម និងរំលឹកឡើងវិញដោយក្តីសោមនស្សនូវទស្សនីយភាពដ៏ស្រស់បំព្រងទាំងនោះដែលលាក់កំបាំង និងបញ្ចេញមកក្រៅដោយប្រាសាទបន្ទាយឆ្មារ។ ដំណើរកំសាន្តនេះពិតជាស័ក្តិសម និងមានតំលៃ! Banteay Chmar Temple, a hidden charm in Cambodian land!
Article by SOVRIN