×

​យូ​ជឿន​ ​នរៈ​សិង្គ្រៈ​ ​តស៊ូ​ដើម្បី​ក្បាច់គុន​បុរាណ​ខ្មែរ​

NEWS 5 years ago
 
 

​            បើ​និយាយ​អំពី​ក្បាច់គុន​បុរាណ​ខ្មែរ​ ​ពលរដ្ឋ​ទូទៅ​ប្រាកដជា​បាន​ស្គាល់​ច្បាស់​អំពី​ក្បាច់​គុន​ល្បុ​ក​តោ​ ​ដែលគេ​និយម​ ​បាន​លឺ​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​និង​បានឃើញ​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាល​សារ​ព័ត៍​មាន​នានា​ ​ក៏ប៉ុន្តែ​មែន​ទែន​ទៅ​ល្បុ​ក​តោ​គឺ​គ្រាន់តែ​ជា​កូន​ក្បាច់​មួយ​ក្នុង​ចំ​នោម​ក្បាច់​គុនបុរាណ​ខ្មែរ​ជាច្រើន​ទៀត​តែប៉ុណ្ណោះ​ ​ហើយ​ចំពោះ​ក្បាច់គុន​ដែល​រួម​ក្តោប​ ​ក្បាច់គុន​ទាំងអស់​នោះ​គឺជា​ ​យុទ្ធ​ក្រម​ខម​។​ ​នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ ​យូ​ជឿន​ ​នរៈ​សិង្គ្រៈ​ ​ប្រធាន​សហ​ពន្ធ័​កីឡា​យុទ្ធ​ក្រម​ខម​កម្ពុជា​។​ ​យុទ្ធ​ក្រម​ខម​ ​គឺជា​ក្បាច់គុន​បុរាណ​ខ្មែរ​ ​ដែល​មានឈ្មោះ​ដើម​ហៅថា​ក្បួន​ពិជ័យសង្គ្រាម​ខ្មែរ​ ​ដែល​កកើត​តាំងពី​សម័យ​អង្គរ​ ​ដោយ​ព្រះបាទ​ជ័យ​វរ​ន្ម័​ទី​ប្រាំពីរ​មក​ម្ល៉េះ​ ​ដោយ​លោក​បាន​ខិតខំ​ប្រមែប្រមូល​ក្បាច់គុន​ ​បី​សម័យកាល​រួមមាន​ ​សម័យ​នគរភ្នំ​ ​សម័យ​នគរចេនឡា​ ​និង​សម័យ​អង្គរ​ ​រួម​បញ្ជូល​គ្នា​បង្កើត​បាន​ជា​ក្បាច់គុន​ដ៏​ខ្លាំងក្លា​មួយ​ដើម្បី​ប្រយុទ្ធ​ក្នុង​សឹកសង្គ្រាម​។​ ​យុទ្ធ​ក្រម​ខម​ ​មានកូន​ក្បាច់​ជាច្រើន​ដែល​ក្នុង​នោះ​រួម​មាន​ល្បុ​ក​តោ​ ​និង​ក្បាច់​ផ្សេង​ៗ​ទៀត​ដូចជា​៖​ ​ក្រពើ​ហារ​,​ ​ខ្លាក្រាប​,​ ​ស្រង៉ែ​ប៉ែន​,​ ​ព្រះរាម​ព័ទ្ធសីមា​ ​ក្របី​លាក់​កូន​ ​និង​ប្រដាល់សេរី​ជាដើម​។​ ​

​            ងាក​មក​មើល​លោកគ្រូ​គុន​និយម​វ័យក្មេង​ម្នាក់​ដែល​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ ​ក្បាច់គុន​យុទ្ធ​ក្រម​ខម​ ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ​ ​គឺ​លោកគ្រូ​យូ​ជឿន​ នរៈ​សិង្គ្រៈ​ ​ដែល​ជា​អ្នកចេះ​អស់​គ្រប់មុខ​វិជ្ជា​ក្បាច់គុន​បុរាណ​ខ្មែរ​ ​និង​ធ្លាប់​ឆ្លងកាត់​ពីសំណាក់​សាស្រ្តា​ចារ្យ​គុន​និ​យម​ល្បី​ៗ​ជាច្រើន​រូប​ទៀតផង​។​ ​មាន​ស្រុកកំណើត​នៅ​ភូមិ​អ៊ូ​ទូក​ ​ឃុំ​អ៊ូ​ទូក​ ​ខេត្តកោះកុង​ ​ហើយ​លោក​ជា​កូន​ទីបី​ក្នុងចំណោម​បងប្អូន​ប្រាំពីរ​នាក់​។​ ​កាលពី​កុមារភាព​ ​នរៈ​សិង្គ្រៈគឺជា​ក្មេង​ម្នាក់​ដែល​ចូលចិត្ត​វាយតប​ ​និ​ងរ​ពិស​ ​ដោយ​មើលទៅ​លោក​ហាក់ដូចជា​មាន​ដុង​ក្នុង​វិស័យ​ប្រដាល់​តាំងពី​ក្មេង​មក​ម្ល៉េះ​។​ ​អង្គុយ​ក្នុង​ស្ទូឌីយោ​របស់​យើង​ជាមួយនឹង​ទឹកមុខ​ពោរពេញ​ទៅ​ដោយ​ភាព​ក្លាហាន​ ​និង​មាន​ភាព​ជឿជាក់​ជាទីបំផុត​ ​លោក​បាន​ប្រាប់​ ​សូ​វរីន​ ​ថា​ ​កាលពី​លោក​ទើបតែ​ចេះ​ដើរ​ ​ឳពុក​ម្តាយ​របស់​លោក​ហាក់ដូច​ឃើញ​ស្រមោល​លោក​ចេះ​លោត​ហក់​ ​ដោយ​មើលទៅ​ហាក់ដូចជា​ចេះ​វាយតប់​គ្នា​អ៊ីចឹង​ ​ក្រោយមក​នៅពេល​ដែល​លោកធំ​បន្តិច​ ​ឳពុក​ម្តាយ​ក៏​សួរ​ថា​ ​តើ​កូន​ធំឡើង​ចង់​ធ្វើអ្វី​?​ ​ដោយ​មិន​បង្អង់​យូរ​លោក​ក៏បាន​ឆ្លើយ​ភ្លាម​ថា​ចង់​ក្លាយជា​អ្នកប្រដាល់​តែម្តង​។​ ​ដោយ​ចាប់ចិត្ត​ប្រតិ​ពទ្ធ័​ក្នុង​វិស័យ​កីឡា​គ្រប់​ប្រភេទ​ជាពិសេស​គឺ​កីឡា​វាយតប់​ ​(​ក្បាច់គុន​)​ ​យូ​ជឿន​ នរៈ​សិង្គ្រៈ ​ក៏​ចាប់ផ្តើម​ចូល​ហាត់​ក្បាច់គុន​តាំងតែពី​អាយុ​ ​១៥ឆ្នាំ​មក​ម្ល៉េះ​។​ ​កាលនោះ​ ​គឺ​នៅ​ឆ្នាំ​ ​១៩៩៩​ ​លោក​ក៏​ចាប់ផ្តើម​ហាត់​ក្បាច់គុន​ខម​នេះ​ជាមួយនឹង​លោកគ្រូ​ ​ស៊ីសុវត្ថិ​ពេជ្រ​ខ្មៅ​ ​ដែល​ជា​អតីត​សាស្រ្តា​ចារ្យ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ម្នាក់​ ​និង​លោក​សាស្រ្តា​ចារ្យ​ ​សូរ​ ​សក័្ត​ ​រហ័ស្សនា​មក្អែ​ក​ខ្មៅ​ ​គឺជា​អតីត​នាយទាហាន​ជាន់ខ្ពស់​មួយ​រូប​ផង​ដែរ​។​ ​ការសិក្សា​រៀនសូត្រ​ជាមួយនឹង​គ្រូ​ខ្លាំង​ទាំងពីរ​រូប​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ ​ដើម្បី​សម្រេច​ឲ្យបាន​នូវ​មហិ​ច្ច​តា​ ​ក្នុង​ការ​ចេះសព្វ​គ្រប់មុខ​វិជ្ជា​ក្បាច់គុន​ទាំងអស់​ ​នៅក្នុង​ឆ្នាំ2001​ ​លោក​ក៏​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់សេរី​ដោយ​ចូល​ហាត់​ក្នុង​ក្លិប​តាព្រហ្ម​មានជ័យ​នៃ​រាជធានី​ភ្នំពេញ​ ​ហើយ​ពេលនោះ​ ​នរៈ​សិង្គ្រៈគឺជា​សិស្សរបស់​លោកគ្រូ​ ​ព្រហ្ម​ ​ឌួង​។​ ​ក្រោយមក​ទៀត​លោក​ក៏បាន​ចូល​ហាត់​បន្ថែម​ ​ជាមួយនឹង​លោកគ្រូ​ ​ទ្រឿ​ ​សុសសាយ​នៅក្នុង​ក្លឹប​ ​សឹង្ហ​កីឡា​ ​ហើយ​ពេលនោះ​ហើយ​ទើប​លោក​មានឱកាស​បាន​ប្រឡូក​ក្នុង​សង្វៀន​ប្រដាល់​ចំនួន​បី​ផង​ដែរ​។​ ​មែនទែន​ទៅ​ ​អ្នក​គុន​និយម​ដែល​មាន​សម្បុរ​ខ្មៅស្រអែម​ ​មាឌ​ល្អិត​ ​និង​ចិត្តធ្ងន់​ម្នាក់​នេះ​ ​មានបំណង​ចង់​សិក្សា​ស្វែងយល់​ឲ្យ​ស៊ីជម្រៅ​ខ្លាំង​ក្នុង​វិស័យ​យុទ្ធ​ក្រម​ខម​នេះ​ខ្លាំង​ណាស់​ ​ដូច្នេះហើយ​ទើប​លោក​សម្រេចចិត្ត​ធ្វើដំណើរ​ទៅកាន់​ខេត្ត​បន្ទាយមានជ័យ​ ​ដើម្បី​សិក្សា​បំប៉ន​បន្ថែម​ជាមួយនឹង​លោកគ្រូ​ ​ភុំ​ណាគ្រី​ ​ហើយ​រឹតតែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​គឺ​លោក​បាន​បន្តដំណើរ​ទៅកាន់​ខេត្តបាត់ដំបង​ ​ដើម្បី​ហាត់គុន​ជាមួយនឹង​លោកគ្រូ​ ​ចាន់​ប៊ុ​ន​ធឿន​ ​នៅក្នុង​ឆ្នាំ​ ​២០០៣​ ​ទៀតផង​។​

​            ​រយៈពេល​ប្រាំមួយ​ឆ្នាំ​ ​ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​ពីសំណាក់​ ​លោកគ្រូ​គុន​និយម​ជាច្រើន​រូប​នៅ​ទូទាំង​ប្រទេស​ ​ជា​លទ្ធផល​លោក​ក៏​សម្រេច​បាន​ក្លាយជា​អ្នក​គុន​និយម​ដ៏​ខ្លាំង​ក្លា​រម្នា​ក់​។​ ​ការ​តស៊ូ​ ​ពិតជា​បាន​ទទួល​នូវ​ភាព​ជោគជ័យ​ជាមួយនឹង​បទពិសោធន៍​យ៉ាង​ក្រាស់ក្រែល​ ​ប្រកបដោយ​ភាព​ប៉ិនប្រសប់​ ​បាន​ធ្វើឲ្យ​ ​យូ​ជឿន​ ​នរៈ​សិង្គ្រៈ​ ​ក្លាយជា​គុន​បុរស​ម្នាក់​ដែល​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​គ្រូគុន​ម្នាក់​ជាទីបំផុត​។​ ​ដូច្នេះហើយ​ ​ដើម្បី​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ជា​កេរមរតក​បុព្វបុរស​ ​និង​ក្បួន​ពិជ័យ​សង្រ្គាម​ខ្មែរ​ ​ទើប​លោក​បាន​ក្លាយជា​គ្រូ​យុទ្ធ​ក្រម​ខម​នៅ​ឆ្នាំ​ ​២០០៦​ ​និង​ចាប់ផ្តើម​បង្ហាត់បង្រៀន​សិស្ស​ ​នៅ​ឯ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​ ​ហើយ​ពេលនោះ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​ ​យុវវ័យ​ខ្មែរ​។​ ​ក្រោយមក​ទៀត​ ​ក្លឹប​កីឡា​ដំបូង​របស់​លោក​ក៏​ចាប់បដិសន្ធិ​ ​ឡើង​នៅ​ឯ​សាល​មហោស្រព​ចេនឡា​ ​ហើយ​កាលនោះ​គឺ​មាន​សិស្ស​ប្រមាណ​ ​តែ​ជាង​ដប់​នាក់​តែប៉ុណ្ណោះ​។​ ​នៅ​ឆ្នាំ​ ​២០០៧​ ​លោក​បាន​ដឹកនាំ​សិស្ស​ដើម្បី​ទៅ​ប្រកួត​ជើងឯក​ជម្រើសជាតិ​ក្បាច់គុន​បុរាណ​កម្ពុជា​ ​ហើយ​ជា​កិត្តិយស​ត្រលប់​មកវិញ​ ​កូនសិស្ស​របស់​លោក​ក៏​ទទួល​បាន​ជ័យលាភី​មេដាយមាស​ចំនួន​ពីរ​គ្រឿង​ ​មេដាយ​ប្រាក់​ចំនួន​ ​២​ ​និង​មេដាយ​សំរឹទ្ធិ​ចំនួន​មួយ​គ្រឿង​ទៀតផង​។​ ​

​            មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​លោកគ្រូ​យូ​ជឿន​ នរៈ​សិង្គ្រៈ​ ​បាន​ប្រមែប្រមូល​អ្នក​គុន​និយម​ ​ប្រាំបួន​រូប​ផ្សេងទៀត​ដើម្បី​ចង​ក្រង​ជា​គម្ពី​ក្បាច់គុន​បុរាណ​ខ្មែរ​ ​និង​ទុកជាឯកសារ​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ក៏ដូចជា​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​។​ ​រហូតមកដល់​សព្វថ្ងៃ​នេះ​ ​លោកគ្រូ​គឺជា​ ​ប្រធាន​សហ​ពន្ធ័​កីឡា​យុទ្ធ​ក្រម​ខម​កម្ពុជា​ ​ដែល​លោក​បាន​បង្កើត​តាំងពី​ឆ្នាំ​ ​២០១៦ មក​ម្ល៉េះ​។​ ​ដោយ​ស្ថិត​ក្រោម​ស្លាក​សហ​ពន្ធ័​នេះ​ហើយ​ ​ទើប​ធ្វើឲ្យ​លោក​មានឱកាស​រួម​សហការ​ជាមួយនឹង​ស្ថាប័នរដ្ឋ​ជាច្រើន​ ​ជាពិសេស​គឺ​ស្ថាប័ន​កងទ័ព​ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​បុរាណ​ខ្មែរ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀតផង​។​ ​ជា​លទ្ធផល​ ​លោក​ក៏បាន​ចុះ​អនុស្សារ​ណៈ​យោគយល់​ជាមួយនឹង​ក្រសួងមហាផ្ទៃ​និង​ក្រសួងការពារជាតិ​ដើម្បី​ដាក់​ក្បាច់គុន​ខម​នេះ​ឲ្យ​ក្លាយជា​ក្បាច់គុន​កងទ័ព​តែម្តង​។​ ​ដោយ​មើលឃើញ​ ​សក្តា​នុ​ពល​ក្បាច់គុន​នេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​ ​សហ​ពន្ធ័​របស់​លោក​ក៏បាន​អញ្ជើញ​ទៅ​បង្ហាត់​នៅ​ឯ​ស្ថាប័នរដ្ឋ​ជាច្រើន​ទៀត​ដូចជា​៖​ ​សាលា​នាយទាហាន​សកម្ម​ ​ត្មាត​ពង​,​ ​កងពលតូច​ទ័ព​ពិសេស​ឆ័ត្រយោង​ ​៩១១​ ​ស្ថាប័ន​កង​អង្គរ​រក្ស​ជាដើម​-​ល​-​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ក្រសួងអប់រំយុវជន​និងកីឡា​ក៏បាន​អនុញ្ញាតិ​ឲ្យ​សហ​ពន្ធ័​របស់​លោក​អាច​ចុះ​ហាត់​នៅ​គ្រប់​សាលា​រដ្ឋ​ ​បាន​ផង​ដែរ​។​

​            កីឡា​នាំមក​នូវ​សុខភាព​ ​ប៉ុន្តែ​ការ​លេង​កីឡា​នេះ​ទៀតសោត​ក៏​គួរតែ​គិតដល់​ប្រយោជន៍អ្វី​មួយ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​ ​ជាចុងក្រោយ​លោកគ្រូ​បាន​ប្រាប់​ថា​ ​សូម​យុវជន​ខ្មែរ​ទាំងឡាយ​លេង​កីឡា​ណា​ដែល​មានប្រយោជន៍​ទៅដល់​ជាតិ​ ​តួរ​យ៉ាងដូច​ជា​ក្បាច់គុន​បុរាណ​ខ្មែរ​ដែល​មិនសូវ​មាន​គ្រូបង្ហាត់​បង្រៀន​នេះ​ជាដើម​។​ ​ដូច្នេះហើយ​ ​សូម​យុវជន​ខ្មែរ​ទាំងឡាយ​ ​ជួយ​គាំទ្រ​និង​ហាត់រៀន​ក្បាច់គុន​បុរាណ​ខ្មែរ​ដើម្បីឲ្យ​ក្លាយជា​គ្រូ​និង​បង្ហាត់​បន្ត​ទៅ​ក្មេង​ៗ​ជំនាន់​ក្រោយ​តទៅទៀត​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS