×

លាង​ ​ស៊ី​កន​ ​វិចិត្រករ​គំនូរ​សហសម័យ​កម្ពុជា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ដល់​បរទេស​

NEWS 5 years ago
 
 

​            ​“​ពិភព​របស់​សិល្បករ​”​ ​ជា​ឈ្មោះ​ពិព័រណ៍​សិល្បៈ​បែប​សហសម័យ​ដ៏​ថ្មីសន្លាង​មួយ​ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ ​ទីតាំង​វិចិត្រសាល​នៃ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ ​(​CCF​)​ ​រាជធានី​ភ្នំពេញ​។​ ​ពិព័រណ៍​នេះ​ជា​ពិព័រណ៍​គំនូរ​ធំ​បំផុត​ប្រចាំខែ​ ​ឧសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ​របស់​វិចិត្រករ​ ​លាង​ ​ស៊ី​កន​ ​ហើយដែល​កម្មវិធី​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពីសំណាក់​ ​សិល្បករ​ ​សិល្ប​ការិនី​ ​និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូប​ ​ដែល​ម្នា​ក់ៗ​តុបតែង​លម្អ​កាយ​ដោយ​ម៉ូត​ ​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ ​យ៉ាង​ល្អ​ប្រណិត​ចម្លែក​អស្ចារ្យ​ជាង​កម្មវិធី​ពិព័រណ៍​គំនូរ​ទូទៅ​ដែល​លោកអ្នក​ធ្លាប់​បានដឹង​ពីមុន​មក​។​ ​តើ​ម្ចាស់​គម្រោង​ ​ពិព័រណ៍​ដ៏​លេចធ្លោ​នេះ​មាន​ប្រវត្តិ​ការងារ​សិល្បៈ​យ៉ាងដូច​ម្តេច​ខ្លះ​?​ ​ហើយ​តើ​លោក​មាន​ទស្សនៈ​វិស័យ​យ៉ាងណា​ខ្លះ​ ​ចំពោះ​អាជីព​នេះ​?​ ​

​            ​ក្រោម​ពន្លឺ​អគ្គិសនី​យ៉ាង​ស្រាល​ស្រទន់​នៅក្នុង​បន្ទប់​វិចិត្រសាល​ ​ផ្ទាំងគំនូរ​នី​មួយ​ៗ​ដែល​ដាក់​តាំង​បាន​រំលេច​ ​សោភ័ណភាព​របស់​ខ្លួន​យ៉ាង​ស្រស់​ប្លែក​គួរ​ជាទី​ទស្សនា​ ​ហើយ​ថែមទាំង​បាន​បង្កប់​នូវ​អត្ថន័យ​ឆ្លុះបញ្ចាំង​អំពី​ទស្សន​ ​វិជ្ជា​យ៉ាង​ជ្រាលជ្រៅ​របស់​ម្ចាស់​ស្នាដៃ​ដែល​ពិបាក​នឹង​នឹកស្មាន​ដល់​។​ ​ក្រោយពី​បាន​ពន្យល់​អំពី​អត្ថ​ន័យ​ត្រួស​ៗ​នៃ​ ​ផ្ទាំង​រូបភាព​នី​មួយ​ៗ​ ​លោក​ ​លាង​ ​ស៊ី​កន​ ​បាន​ចាប់ផ្តើម​រៀបរាប់​រំឭក​អំពី​អតីតកាល​របស់​លោក​ថា​ ​លោក​បាន​ ​ចាប់កំណើត​ក្នុង​គ្រួសារ​មួយ​ដែល​រស់នៅ​ស្រុក​ពារាំង​ ​ខេត្តព្រៃវែង​។​ ​ដោយសារតែ​មាន​ឪពុក​ជាជាង​ធ្វើ​តុ​ទូរ​ ​និង​ ​ម្តាយ​ជាជាង​កាត់ដេរ​ ​ទើប​ធ្វើឲ្យ​រូបលោក​មាន​ឧបនិស្ស័យ​ខាង​ការងារ​ជំនាង​សិល្បៈ​នេះ​តាំងពី​តូច​មក​ម្ល៉េះ​។​ ​លោក​នៅចាំ​ ​បាន​ថា​ ​កាលពី​នៅ​វ័យ​កុមារ​ ​លោក​ចូលចិត្ត​សូន​រូប​សត្វ​ធ្វើអំពី​ដីឥដ្ឋ​ ​និង​ ​ប្រមូល​ស្លឹកឈើ​មក​ដេរ​ភ្ជាប់​ជា​អ្វី​ផ្សេង​ៗ​ ​គ្រាន់​លេង​កំសាន្ត​កែ​អផ្សុក​។​ ​ទាំងនេះ​ហើយ​ជា​និស្ស័យ​សិល្បៈ​ដំណាក់កាល​ដំបូង​បំផុត​ដែល​ជំរុញចិត្ត​របស់​លោក​ឲ្យ​កាន់តែ​ជក់ចិត្ត​ដិតអារម្មណ៍​នឹង​ការងារ​សិល្បៈ​រហូតដល់​ពេល​ពេញវ័យ​។​ ​

​            ​អតីត​និស្សិត​ជំនាញ​វិចិត្រកម្ម​ ​និង​ ​តុបតែង​លម្អ​ស្ថាបត្យកម្ម​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រូប​នេះ​ ​បាន​បន្ត​ថា​ ​មុនដំបូង​លោក​បាន​សិក្សា​ខាង​ផ្នែក​គំនូរ​ ​តែ​ក្រោយមក​លោក​ក៏បាន​បន្ថែម​ផ្នែក​តុបតែង​លម្អ​ស្ថាបត្យកម្ម​(​ខាង​ដេ​គ័រ​)​ ​ទៀត​។​ ​ទោះបីជា​យ៉ាងណា​ ​លោក​បានសម្រេច​ចិត្ត​ត្រឡប់ទៅ​ចាប់​អាជីព​ខាង​គំនូរ​វិញ​ ​ដោយសារ​ ​រូបលោក​ស្រឡាញ់​ឯកទេស​នេះ​ជាង​។​ ​តាម​ការ​អះអាង​របស់​លោក​ ​អាជីព​ជាជាង​គំនូរ​ក្នុង​ដំណាក់​ ​កាល​ដំបូង​ពុំ​ ​ទទួល​បាន​ជោគជ័យ​ដូច​អ្វី​ដែល​លោក​រំពឹង​ទុក​ឡើយ​ ​“​យើង​រៀន​ផង​ ​យើង​បង្កើត​ស្នាដៃ​ផង​។​ ​អ្វី​ដែល​ខ្ញុំ​គូរ​យក​ទៅ​ដាក់​តាំង​លក់​នោះ​គឺ​ដូច​អ្វី​ដែល​ធ្លាប់​គូរ​ពីមុន​មក​តាមផ្លូវ​សាលារចនា​ដែល​រៀមច្បង​គាត់​លក់​ហ្នឹង​។​ ​ពេល​ដែលគេ​(​អតិថិជន​)​យក​ទៅ​ ​គេ​ថា​គំនូរ​យើង​មិន​ដូច​គំនូរ​រៀមច្បង​។​ ​គេ​លក់​បាន១០​ ​ដុល្លារ​ ​យើង​លក់​បាន​ត្រឹម៥ដុល្លារ​។​ ​”​ ​

​            ​ដោយសារតែ​ការ​មិនសូវ​ឲ្យ​តម្លៃ​ចំពោះ​ស្នាដៃ​គំនូរ​របស់​លោក​ពីសំណាក់​អតិថិជន​ ​សិល្បករ​រូប​នេះ​បាន​បង្វែរ​ ​មក​ផ្តោត​លើ​ប្រភេទ​សិល្បៈគំនូរ​បែប​ផ្សេង​វិញ​ដើម្បី​មានឱកាស​បង្ហាញ​ពី​ក្តី​ស្រមើស្រមៃ​របស់​ខ្លួន​នៅ​លើ​ផ្ទាំងគំនូរ​ក៏​ដូច​ ​ជា​ដើម្បី​បង្កើត​អត្តសញ្ញាណ​សិល្បៈ​ឲ្យ​មហាជន​បាន​ស្គាល់​។​ ​គាប់​ជួន​ស្នាដៃ​មួយ​ដែល​លោក​បាន​គូរ​ត្រូវ​បាន​កាសែត​ ​ល្បី​មួយ​ចាប់អារម្មណ៍​ ​ហើយ​គេ​ក៏បាន​ទាក់ទង​លោក​ឲ្យ​គូររូប​ទៅតាម​ប្រធាន​បទ​ផ្សេង​ៗ​ដែលគេ​ដាក់ឲ្យ​ ​តែ​វា​មិនមែន​ ​ជា​ប្រភេទ​គំនូរ​មើលឃើញ​ដែល​ត្រូវ​គូរ​តាម​រូប​ពិត​ជាក់ស្តែង​នោះ​ទេ​ ​វា​ជារ​បត់​ប្រវត្តិ​សាស្រ្ត​នៃ​អាជីព​គំនូរ​របស់​លោក​ ​ដោយសារ​នោះ​ជា​ឱកាស​ដំបូង​ដែល​លោក​ប្រើប្រាស់​ការស្រមើស្រមៃ​ច្រើន​ដើម្បី​គូរ​តម្រូវ​តាម​ប្រធានបទ​ទាំងនោះ​។​ ​

លោក​ លាង​ ​ស៊ី​កន

​            ​បន្ថែម​លើ​នេះ​ទៅទៀត​ ​វិចិត្រករ​សហសម័យ​ ​លាង​ ​ស៊ី​កន​ ​បាន​ឈានជើង​ចូល​ប្រឡង​គំនូរ​លំដាប់ថ្នាក់​ ​អន្តរជាតិ​នៅ​ទីក្រុង​ញូ​វយ៉​ក​ ​សហរដ្ឋអាមេរិក​ ​ដែល​រៀបចំឡើង​ដោយ​អង្គការសហប្រជាជាតិ​ ​ដោយ​ទទួល​បាន​លទ្ធ​ ​ផល​ចំណាត់ថ្នាក់​លេខ១​ ​និង​ ​ប្រឡង​គំនូរ​ដែល​រៀបចំឡើង​ដោយ​អង្គ​កា​រយូនេស្កូ​ ​ប្រទេស​កម្ពុជា​ ​ទទួល​បាន​ចំណាត់​ ​ថ្នាក់​លេខ២គួរ​ជាទី​មោទនភាព​ក្រៃលែង​ក្នុង​ជីវិត​ជា​សិល្បករ​។​ ​ការសិក្សា​ពីរ​ជំនាញ​ ​គួបផ្សំ​នឹង​បទពិសោធន៍​នៃ​ការ​គូររូប​ឲ្យ​ខាង​សារព័ត៌មាន​ ​និង​ការចូលរួម​ប្រឡង​បាន​ជំរុញ​ឲ្យ​សិល្បករ​រូប​នេះ​កំណត់​គោលដៅ​នៃ​វិថី​សិល្បៈ​របស់​គាត់​ ​បាន​ច្បាស់​ឈាន​ទៅ​រក​ភាព​ល្បីល្បាញ​ទ្វេដង​ទាំង​នៅ​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​ ​“​ខ្ញុំ​សម្រេចចិត្ត​ថា​ដេរ​ ​បិត​ ​ផ្គុំ​ ​រូប​ ​ទាំងឡាយ​ដែល​កើត​ចេញពី​សម្ភារៈ​ដែលគេ​គ្រវាត់​ចោល​ក្តី​ ​សម្រាម​ក្តី​ ​ឲ្យតែ​យើង​មានគំនិត​ច្បាស់លាស់​ចេះ​យក​ ​មក​បញ្ចូល​គ្នា​ ​វា​នឹង​ទៅជា​សិល្បៈ​មួយ​ដ៏​ត្រចះត្រចង់​។​ ​”​

​            ​លោក​បាន​បញ្ជាក់​ដែរ​ថា​ ​ស្នាដៃ​សិល្បៈគំនូរ​របស់​លោក​ខុសពី​ស្នាដៃ​គំនូរ​របស់​រៀមច្បង​ល្បី​ជំ​នាន់​មុន​ៗ​ ​ព្រោះ​ ​ពួកគាត់​សុទ្ធតែ​ប្រើ​ពណ៌​ប្រេង​ក្នុង​ការ​គូរ​ ​រី​ឯ​រូបគំនូរ​របស់​លោក​កើត​ចេញពី​ការ​រួមផ្សំ​រវាង​វត្ថុធាតុដើម​ជាច្រើន​ ​តួយ៉ាង​ ​ក្រដាស​កាសែត​ ​ទស្សនាវដ្តី​ ​ផ្ទាំង​ឃោសនា​ ​(​Poster​)​ ​និង​ ​ប្លាស្ទិក​ ​ជាដើម​។​ ​លក្ខណៈ​ពិសេស​មួយទៀត​នៃ​ស្នាដៃ​របស់​ ​លោក​គឺ​ ​ការ​រៀប​រូប​ឲ្យ​ចេញ​ជា​ស្រទាប់​ ​(​layer​)​ ​ផ្សេង​ៗ​ ​ដើម្បី​រំលេច​រវាង​រូប​ខាងមុខ​(​Foreground​)​ ​និង​ ​ផ្ទៃខាងក្រោយ​ ​(​Background​)​។​

​            ​ផ្ទាំងគំនូរ​ដែល​រំលេច​ឡើង​ដោយ​ប្រើ​បច្ចេកទេស​សិល្បៈ​ថ្មីនេះ​គឺជា​ជោគជ័យ​ការងារ​ដ៏​ធំ​មួយ​របស់​លោក​តាំង​ ​ពី​អំឡុង​ឆ្នាំ២០០១​-​២០០២ម្ល៉េះ​ ​ដែល​កាលនោះ​សូម្បីតែ​សម្តេច​ចៅ​ហ្វា​វាំង​គង់​សំ​អុល​ ​រដ្ឋមន្រ្តី​ក្រសួង​ព្រះបរមរាជវាំង​ ​ក៏បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​និង​ជួយ​ជាវ​ស្នាដៃ​សិល្បៈ​សហសម័យ​នេះ​ពី​ក្នុង​កម្មវិធី​ពិព័រណ៍​ថែមទៀត​ផង​។​ ​ខណៈ​ ​នោះ​ដែរ​ ​ផ្ទាំងគំនូរ​របស់​លោក​ដែល​ដាក់​តាំង​ក្នុង​កម្មវិធី​ពិព័រណ៍​ទាំងអស់​ត្រូវ​បាន​លក់ដាច់​គ្មាន​សល់​ឡើយ​ ​ហើយ​ត្រូវ​ ​បាន​សារព័ត៌មាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​អំពី​ជោគជ័យ​នៃ​គំនូរ​សហសម័យ​របស់​លោក​ ​ដែល​លោក​ចាត់ទុកជា​ថ្ងៃ​ ​ប្រវត្តិ​សាស្រ្ត​សម្រាប់​ការងារ​សិល្បៈ​មួយ​នេះ​។​ ​ក្រៅពី​ជោគជ័យ​ក្នុង​ប្រទេស​ ​លោក​ក៏​ធ្លាប់​បាន​ចេញពី​តាំងពិព័រណ៍​ ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ជាបន្តបន្ទាប់​ ​ក្នុង​នោះ​រួមមាន​ ​សហរដ្ឋអាមេរិក​ ​ចក្រភព​អង់គ្លេស​ ​ប្រទេស​ជប៉ុន​ ​ប្រទេស​ ​ហុងកុង​ ​ប្រទេស​ថៃ​ ​ប្រទេស​សឹង្ហ​បុរី​ ​និង​ ​ប្រទេស​មីយ៉ាន់ម៉ា​។​ ​

​            ​ដោយឡែក​ ​ចំពោះ​កម្មវិធី​ពិព័រណ៍​“​ពិភព​របស់​សិល្បករ​”​ ​ថ្មីនេះ​វិញ​ ​លោក​បាន​សម្រិតសម្រាំង​គំនូរ​ចំនួន​ប្រមាណ​ជាង២០ផ្ទាំង​ដែល​សុទ្ធសឹងតែ​មាន​លក្ខ​ណៈ​ប្លែក​ៗ​ ​ដោយមាន​ការ​បញ្ចូល​កែច្នៃ​វត្ថុធាតុដើម​ដូចជា​ ​ក្រណាត់​ ​សារុង​ ​និង​ ​ស្បែក​គោ​ដាប់​ដោយ​ពន្លាក​ច្នៃ​ជា​ក្បាច់ក្បូរ​រចនា​ឬ​និមិត្តសញ្ញា​បង្កប់​ផ្សេង​ៗ​ ​ជាដើម​ ​ដែល​ទស្សនិកជន​ ​គ្រប់គ្នា​ប្រាកដជា​នឹកស្មាន​មិនដល់​ ​អត់​ទ្រាំ​មិន​ស្ញើច​សរសើរ​មិនបាន​។​ ​ថ្វីត្បិតតែ​រូបលោក​ជា​សិល្បករ​សហសម័យ​ ​និយម​អ្វី​ដែល​ថ្មី​ប្លែក​ ​ប៉ុន្តែ​លោក​ពុំ​ដែល​បោះបង់ចោល​ការស្រាវជ្រាវ​ផ្នែក​សិល្បៈ​វប្បធម៌​ជាតិ​នោះ​ទេ​ ​ហើយ​ថែមទាំង​ ​ព្យាយាម​បញ្ចូល​អត្តសញ្ញាណ​ជាតិ​ទៅ​ក្នុង​ស្នាដៃ​សិល្បៈ​របស់​លោក​ជានិច្ច​។​ ​លោក​បាន​ពន្យល់​ត្រង់​ចំណុច​នេះ​ថា​ ​“​យើង​បាន​ដកស្រង់​(​ពី​វប្បធម៌​ដើម​)​ ​យើង​បាន​គោរព​ ​រសជាតិ​យើង​នៅតែ​ជាខ្មែរ​ ​តែ​យើង​ដើរទៅ​មុខ​ឲ្យ​ទាន់​ពិភព​ ​ខាងក្រៅ​។​”​

​            ​ជា​កិច្ចបញ្ចប់​ ​លោក​បាន​សុំ​សំណូមពរ​ឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំងអស់​ជួយ​គាំទ្រ​និង​លើកទឹកចិត្ត​សិល្បករ​ ​ចៀសវាង​ ​ការរិះគន់​ជាន់ពន្លិច​។​ ​ប្រសិនបើ​យល់ថា​មានការ​មិន​យល់​ត្រង់​ចំណុច​ណាមួយ​ ​លោកអ្នក​គប្បី​សួរ​មកកាន់​សិល្បករ​ ​ផ្ទាល់​ដើម្បី​ទទួល​បាន​នូវ​ការ​ពន្យល់​បកស្រាយ​ច្បាស់លាស់​ ​ចៀសវាង​ការ​ភ័ន្ត​ច្រលំ​ជាយថាហេតុ​។​ ​លោក​ជឿជាក់​ ​យ៉ាង​មុតមាំ​ថា​ ​វិស័យ​សិល្បៈគំនូរ​សហសម័យ​នឹង​រីក​លូតលាស់​ទៅមុខ​ ​ដោយហេតុថា​ ​វិស័យ​ស្ថាបត្យកម្ម​ក្នុង​ស្រុក​ ​សព្វថ្ងៃ​មាន​ភាព​រីកចម្រើន​។​ ​ដូចនេះ​ ​ប្រជាជន​ចាប់ផ្តើម​ចង់បាន​គំនូរ​យក​ទៅ​ដាក់​តាំង​លម្អ​កាន់តែ​ច្រើន​ឡើង​ៗ​ ​ហើយ​ទំនោរ​នៃ​ការប្រើ​ប្រាស់​គំនូរ​បែប​សហសម័យ​ក៏​កាន់តែ​ទទួល​បាន​នូវ​ការ​ពេញនិយម​ខ្លាំង​ជាង​មុន​។​ ​ម្យ៉ាង​វិញ​ ​ទៀត​ ​គំនូរ​ប្រភេទ​នេះ​មាន​តួនាទី​ឆ្លុះបញ្ចាំង​អំពី​តថភាព​នៃ​ព្រឹត្តិ​ការណ៍​សង្គម​ក្នុង​ពេល​បច្ចុប្បន្ន​ឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​ ​បាន​យល់ដឹង​៕​ ​

​Article​ ​by​ ​SOVRIN​


SUGGESTIONS