កោះអន្លង់ចិន ទីស្ថានដែលសម្បូរទៅដោយដំណាំជាច្រើនប្រភេទនិងទេសភាពដ៏ស្រស់ត្រកាល
TRAVEL & LIVING 5 years agoបើនឹកភ្នកទៅដល់ កោះអន្លង់ចិន មិត្តអ្នកអានប្រាកដជាស្រមៃទៅដល់ប្រភពផ្គត់ផ្គង់ បន្លែបង្ការដ៏ធំមួយដែលរួមមានទាំងដំណាំហូបផ្លែនិងបន្លែចម្រុះដែលកសិករដាំទៅតាមរដូវកាលនោះជាក់ជាមិនខាន។ សម្រាប់ខែនេះដែលជារដូវវស្សាផងនោះ សូវរីន សូមនាំអារម្មណ៍មិត្តអ្នកអានទៅកម្សាន្តអារម្មណ៍លើទឹកដីនៃឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ។ បើយើងធ្វើដំណើរទៅតាមផ្លូវនៅក្រុងតាខ្មៅឆ្ពោះទៅកាន់ស្ពានព្រែកសំរោងមកដល់ចំណុចរង្វង់មូលស្ពានយើងអាចបន្តដំណើរទៅតាមក្រោមស្ពានព្រែកសំរោងឆ្ពោះទៅកាន់កោះក្របីប្រហែលជា១០kmយើងនឹងមកដល់កំពង់ចម្លងឬស្សីស្រុក ដែលជាកំពង់ចម្លងអាចនាំយើងទៅកាន់កោះអន្លង់ចិនដែលហុំព័ទ្ធទៅដោយទន្លេបាសាក់ដ៏ខៀវស្រងាត់គួរជាទីគយគន់។ សូមបញ្ជាក់ផងដែរថាមានកំពង់ចម្លងតូចៗជាច្រើនទៀតដែលអ្នកអាចធ្វើដំណើរឆ្លងកាត់បាន ដោយឡែកមូលហេតុដែល សូវរីន ជ្រើសរើសយកកំពង់ចម្លងឬស្សីស្រុកក៏ព្រោះតែកំពង់ចម្លងនេះអាចផ្ទុករថយន្តឆ្លងកាត់បានហើយក៏ជាកំពង់ចម្លងធំជាងគេនៅកោះអន្លង់ចិនផងដែរ។ សាឡាងកំពុងឈប់សុំចតនៅត្រើយម្ខាងនៃកោះក្របីកំពុងតែរង់ចាំទទួលភ្ញៀវឬអ្នកដំណើរជិតឆ្ងាយដើម្បីទៅកាន់កោះអន្លង់ចិនដែលពោរពេញទៅដោយធម្មជាតិបៃតងស្រស់គួរជាទីទាក់ភ្នែក។ រថយន្តបានបន្តដំណើរយឺតៗចូលសាឡាង ហើយអ្នកដំណើរខ្លះក៏បានចុះពីលើរថយន្តដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៃជំនោរខ្យល់ទន្លេ។ មិនទាន់ទាំងបានគយគន់ទិដ្ឋភាពកោះពីចម្ងាយបានសព្វគ្រប់ផងស្រាប់តែសាឡាងបានមកដល់ត្រើយម្ខាងទៀតនៃកោះអន្លង់ចិនយ៉ាងរហ័សដោយប្រើរយៈពេលប្រហែល៥នាទីប៉ុណ្ណោះ។
កោះដែលស្ថិតនៅកណ្ដាលនៃផ្ទៃទឹកទន្លេបាសាក់នេះបានឡោមព័ទ្ធទៅដោយដំណាំយ៉ាងចម្រុះបៃតងស្រស់ បង្កទៅជាសោភ័ណភាពមួយប្លែកភ្នែកក្រៃលែង។ គ្រាន់តែបានឈានជើងជាន់លើទឹកដីកោះអន្លង់ចិនភ្លាមយើងហាក់មានអារម្មណ៍ថាត្រជាក់ស្រស់ស្រាយក៏ព្រោះតែដើមឈើតូចធំនៅលើដីកោះនេះបានជះជាម្លប់ដ៏ត្រជាក់ត្រឈឹងត្រឈៃអមទៅដោយសម្លេងរ៉ៃយំយ៉ាងពិរោះរណ្ដំ បង្កឱ្យបរិយាកាសលើផ្ទៃកោះទាំងមូលស្រស់បំព្រងគួរជាទីគយគន់។ សូមបញ្ជាក់ផងដែរថា ឃុំកោះអន្លង់ចិនគឺជាឃុំមួយក្នុងចំណោមឃុំជាច្រើនទៀតរបស់ស្រុកស្អាងខេត្តកណ្ដាលក្នុងនោះផងដែរឃុំកោះអន្លង់ចិនមានចំនួន៤ភូមិគឺ ភូមិក្បាលកោះ ភូមិកណ្ដាលកោះ ភូមិស្វាយពុំត្រង់និងភូមិចុងកោះ។ បន្ទាប់ពីសាឡាងបាននាំយើងមកដល់លើទឹកដីកោះនេះគឺយើងបានមកដល់ចំណុចកណ្ដាលកោះ។ គ្រាន់តែមកដល់ត្រើយម្ខាងនៃកោះអន្លង់ចិនភ្លាមយើងក៏បានពើបប្រទះនឹងអ៊ុំប្រុសម្នាក់ដែលកំពុងតែធ្វើចំការជាមួយនឹងកូនៗរបស់គាត់នៅក្នុងដីចំការដែលមានទំហំទទឹង១៦ម៉ែត្រនិងបណ្តោយជាង១០០ម៉ែត្រនៅក្បែរកំពង់ចម្លងនោះ។ ឈ្លៀតក្នុងឱកាសនោះយើងក៏ជួបសំណេះសំណាលជាមួយនឹងអ៊ំប្រុសដែលជាប្រជាកសិករកំពុងតែមមាញឹកជាមួយនឹងការភ្ជួររាស់ដីដើម្បីដាំដំណាំ។ អ៊ំប្រុសដែលមានវ័យ៧០ឆ្នាំប្លាយដែលកំពុងតែឈូសឆាយដីដែលកាលពីមុនលោកបានដាំដំណាំចេកពងមាន់ ក្រោយមកក៏ផ្លាស់ប្តូរមកដាំដំណាំម្រេះព្រៅ ជាមួយនឹងចបកាប់ក្នុងដៃបានមានប្រសាសន៍ឱ្យដឹងថា “ខ្ញុំប្រកបរបរដាំដំណាំនេះយូរណាស់មកហើយ ហើយជានិច្ចកាលខ្ញុំតែងតែធ្វើការផ្លាស់ប្ដូរការដាំដំណាំបន្លែទៅតាមតម្រូវការទីផ្សារ ជាក់ស្ដែងឥឡូវនេះខ្ញុំកំពុងតែដាំគូឆាយ និងម្រះព្រៅ។” ជាមួយនឹងទឹកមុខញញឹមពព្រាយនិងរួសរាយរាក់ទាក់គួរឲ្យចង់មានទំនាក់ទំនងជាមួយ តាមបែបអ្នកស្រុកកោះអន្លង់ចិន លោកអ៊ុំ ទូចគង់ បានប្រាប់ឲ្យដឹងទៀតថា “នៅលើកោះនេះភាគច្រើនគេដាំមៀននិងគូឆាយ។ ហើយបន្ទាប់មកគេដាំចេកពងមាន់ម្រេះព្រៅ។” ឆ្លើយតបជាមួយនឹងសំនួរពីមូលហេតុដែលបណ្តាលឲ្យលោកអ៊ុំផ្លាស់ប្តូរពីការដាំដំណាំចេកពងមាន់មកដាំដើមម្រេះព្រៅនិងគូឆាយ លោកអ៊ុំក៏បានប្រាប់ពីមូលហេតុគឺដោយសារតែលោកនិងអ្នកស្រុកនៅទីនោះបានលឺគេនិយាយប្រាប់តៗគ្នាពីតម្រូវការទីផ្សារនិងបច្ចេកទេសនៃការដាំដុះពីមាត់មួយទៅមាត់មួយ។ មិនត្រឹមតែដំណាំប៉ុន្មានមុខនេះប៉ុណ្ណោះទេអ្នកស្រុកកោះអន្លង់ចិននេះក៏ប្រកបមុខរបរដាំដំណាំផ្សេងៗទៀតដែលក្នុងនោះរួមមាន៖ ដំណាំស្អំ, ល្ហុង, ស្លឹកបាស, និងកូនដំណាំតូចៗជាច្រើនមុខទៀត ផងដែរ។
លោកអ៊ុំ ទូចគង់
ដោយមិនរំខានលោកអ៊ុំយូរពួកយើងក៏បានបន្តដំណើរទៅមុខទៀត ដោយរថយន្តឆ្ពោះសម្តៅទៅភូមិចុងកោះដែលសម្បូរទៅដោយដំណាំបន្លែបន្លុកនិងផ្លែឈើហូបផ្លែជាច្រើនមុខទៀតដែលប្រជាជននៅទីនោះបានធ្វើតជំនាន់ជាយូរណាស់មកហើយ។ នៅតាមដងផ្លូវដែលក្រាលដោយបេតុងអាមេដ៏ក្រាស់គេនឹងប្រទះឃើញសឹងតែគ្រប់ផ្ទះសុទ្ធតែដាំដើមមៀនជាច្រើនដើមនៅខាងមុខផ្ទះនិងក្រោយផ្ទះដុះអមសងខាងផ្លូវប្រកបដោយម្លប់ត្រឈឹងត្រឈៃបង្កើតបានជាផ្ទាំងទស្សនីយភាពមួយដែលធ្វើឲ្យអ្នកដំណើរគយគន់មើលយ៉ាងស្រស់ស្រាយជាទីបំផុត។ បើក្រលេកទៅមើលខាងក្រោយផ្ទះរបស់ប្រជាជន យើងបានសម្លឹងឃើញមានចំការ គូរឆាយដ៏ធំដុះទាបនឹងដីដែលមើលទៅហាក់ដូចជាវាលស្រែយ៉ាងខៀវស្រងាត់រៀបជាជួរៗយ៉ាងមានសណ្តាប់ធ្នាប់គួរជាទីគយគន់ពន់ពេក។ មានចំការខ្លះគេបានដាំដំណាំចម្រុះដោយមានឃើញដើមល្ហុងដុះឡើងយ៉ាងស្រុះគ្នានៅលើរងចំការជាខ្សែៗដែលធ្វើឲ្យយើងសម្លឹងកាន់តែយូរកាន់តែមានអារម្មណ៍ថាស្រស់ស្រាយសប្បាយអារម្មណ៍បានមួយកម្រិតទៀតផង។
កំពុងតែប្រមូលផលដំណាំគូឆាយនៅក្នុងចំការក្រោមកម្តៅថ្ងៃចែងចាំងត្រឹមម៉ោង ១១ អ្នកស្រី ថាសុកខៃ គឺជាប្រជាកសិករមួយរូបទៀតដែលបានប្រកបមុខរបរជាអ្នកដាំគូរឆាយជាយូរមកហើយ។ រៀបរាប់ទាំងស្នាមញញឹមនិងតំណក់ញើសហូរដូចទឹកអ្នកស្រីបានប្រាប់ពីការប្រមូលផលដំណាំគូរឆាយថា“ដំណាំគូរឆាយនេះវាទាមទារដីថ្មីខ្លាំងណាស់ ប្រសិនបើដីនេះខ្វះជីវជាតិនិងសោះករក្រោះនោះវានឹងងាប់ដូច្នេះយើងត្រូវតែទិញដីដែលគេជីកពីទន្លេមកចាក់និងកាយដីចាស់ចេញវិញទើបវារស់” ។ លោកស្រីមានដីចំការក្នុងទំហំទទឹង ប្រាំបីម៉ែត្រនិងបណ្តោយមួយរយម៉ែត្រក្បាលដីស្ថិតនៅពីក្រោយផ្ទះនិងចុងដីឡយទៅដល់មាត់ទន្លេដែលដាំសុទ្ធតែដំណាំគូរឆាយទាំងអស់។ លោកស្រីក៏បានពន្យល់ពីរបៀបដាំដំណាំគូរឆាយរបស់លោកស្រីទាំងរីករាយថាដំបូងឡើយយើងត្រូវព្រូសគ្រាប់នៅក្នុងរងតូចមួយនៅខាងមុខផ្ទះសិនលុះដល់ពេលវាដុះរៀងខ្ពស់បន្តិចលោកស្រីបានដកវាទៅដាំនៅខាងក្រោយផ្ទះដោយតម្រៀបជាជួរៗតាមខ្សែបន្ទាប់ឲ្យវាដុះមានរបៀបរៀបរយ។ ធ្វើដូចនេះគឺដើម្បីឲ្យដំណាំគូរឆាយនេះផ្តល់ផលបានល្អម្យ៉ាងវាងាយស្រួលសម្រាប់ប្រជាកសិករដូចលោកស្រីក្នុងការថែទាំដូចជាដកស្មៅដាក់ជីរនិងស្រោចទឹកជាដើម។ និយាយបណ្តើរជូតញើសបណ្តើរ លោកស្រី ថាសុកខៃ បានប្រាប់ឲ្យដឹងទៀតថាជាទូទៅក្នុងការដាំដំណាំគូរឆាយនេះចាប់តាំងពីការព្រូសគ្រាប់រហូតដល់ប្រមូលផលបានយើងត្រូវការរយៈពេលថែទាំរហូតដល់ទៅបីខែឯណោះ។ ក្នុងរយៈពេលបីខែនេះដំណាំគូរឆាយត្រូវការថែទាំយ៉ាងខ្ជាប់ខ្ជួនដោយមិនត្រូវធ្វេសប្រហែសនោះឡើយជាពិសេសនោះគឺប្រភេទដីដែលតម្រូវឲ្យប្រជាកសិករត្រូវតែចាក់ដីល្បាប់ថ្មីដែលបានដឹកពីទន្លេដោយទិញពីឈ្មួញជានិច្ចមុននឹងធ្វើការដាំដុះនេះ។ ពិតជាគួរឲ្យមានការភ្ញាក់ផ្អើរខ្លាំងណាស់នៅពេលដែលប្រជាកសិករមួយរូបទៀតដែលជាអ្នកភូមិផងរបងជាមួយនឹងលោកស្រី ថាសុកខៃ បានបង្ហើរពាក្យសម្តីពីចម្ងាយថាដីក្នុងមួយឡានមានតម្លៃ បីម៉ឺនរៀល ក្រោយពីបានលឺយើងសួរពីតម្លៃដីដែលឈ្មួញបានដឹកយកមកលក់ឲ្យអ្នកចំការនៅលើទីស្ថានដីកោះអន្លង់ចិនមួយនេះ។ នេះប្រហែលជាតម្លៃដ៏សមរម្យមួយប្រសិនបើយើងវិភាគពីសង្វាក់នៃការជីកដីនិងនាំដីយកមកចាក់រហូតដល់ចំការរបស់ប្រជាពលរដ្ឋជាមួយនឹងឡានដឹកដីដែលមានទំហំប្រហែលជាពីរគូបកន្លះនេះ។ ពីមួយឆ្នាំទៅមួយឆ្នាំអ្នកស្រុកចំការនេះតែងតែទិញដីពីឈ្មួញដើម្បីយកមកបំពេញតម្រូវការជីវជាតិដែលដំណាំរបស់ខ្លួនត្រូវការដោយចាំបាច់ត្រូវកាយដីចាស់ជំរៅបីតឹកចាក់ចូលទៅក្នុងទន្លេវិញហើយនេះពិតជាគំនិតដ៏ល្អមួយក្នុងការធ្វើដំណើរវិវដ្តនៃគុណភាពដីដែលខ្សោះជីវជាតិឲ្យមានគុណភាពល្អឡើងវិញដោយចរន្តទឹកទន្លេហូរច្រោះសាធាតុចិញ្ចឹមពីក្នុងទឹកមកវិញផងដែរ។
អ្នកស្រី ថាសុកខៃ
ក្រោយពីបានជួបសំណេះសំណាលជាមួយនឹងអ្នកដាំគូរឆាយដ៏រួសរាយរាក់ទាក់ដូចលោកស្រី ថាសុកខៃ និងអ្នកជិតខាងរួចមកពួកយើងក៏បានបន្តដំណើរទៅមុខទៀតដើម្បីទស្សនាទេសភាពតាមដងផ្លូវនៃស្រុកអ្នកចំការនេះដែលសឹងតែគ្រប់ផ្ទះទាំងអស់គឺគេឃើញសុទ្ធតែមានវត្តមានដើមមៀននៅគ្រប់ទីកន្លែងទាំងអស់។ ចម្ងាយប្រមាណជាបួនគីឡូម៉ែត្រពីកំពង់ចម្លងភូមិកណ្តាលកោះរហូតដល់ចុងកោះនៅទីបំផុតយើងក៏បានប្រទះឃើញចំការមួយកន្លែងដែលមានទំហំផ្ទៃដីយ៉ាងធំដែលបានដាំដំណាំចម្រុះមុខខណ្ឌចែកគ្នាដោយរងខ្ពស់ៗបង្កើតបានជាចំណីចក្ខុមួយដ៏គួរឲ្យទាក់ទាញជាទីបំផុត។ គ្រាន់តែបើកទ្វាររថយន្តភ្លាមវាយោទន្លេយ៉ាងត្រជាក់ក៏បានហោះមកប៉ះរាងកាយរបស់យើងមិនឲ្យមានអារម្មណ៍ថាហត់នឿយនោះឡើយតែបែរជាធ្វើឲ្យយើងបានសប្បាយចិត្តនៅពេលដែលយើងបានឈរលើទីទួលមួយដើម្បីទស្សនាទិដ្ឋភាពវាលចំការក៏ខៀវស្រងាត់ ដែលត្រូវខ្យល់បក់ស្លឹកឈើរវិចៗឲ្យមានចលនាដូចទឹករលកនៅកណ្តាលទន្លេបៃតងដ៏ស្រស់បំព្រង ។ ទ្រនិចនាឡិការបានចង្អុលត្រឹមម៉ោង១២ ដែលជាពេលវេលាមួយសម្រាប់យើងក្នុងការសម្រាកទទួលទានបាយថ្ងៃត្រង់ដែលក្រុមការងារយើងបានត្រៀមទុករួចជាស្រេចព្រោះយើងដឹងច្បាស់ក្នុងចិត្តថា នៅក្នុងតំបន់អ្នកស្រុកចំការដែលម្នាក់ៗរវល់ជាមួយនឹងការងារចំការរបស់ខ្លួនដូច្នេះមិនមានឡើយនូវភោជនីយដ្ឋាននិងកន្លែងលក់បាយតាមផ្ទះ។ អង្គុយហូបបាយក្រោមដើមឈើយ៉ាងត្រជាក់រហឹមស្តាប់សម្លេងរ៉ៃយំយ៉ាងរណ្តំនិងគយគន់មើលខ្យល់បក់ស្លឹកដំណាំរាប់រយមើមនិងដើមបានបង្កឲ្យបរិយាកាសនៃការទទួលអាហារថ្ងៃត្រង់របស់យើងហាក់មានសេចក្តីសុខជាទីបំផុត។ ក្រោយពីបានសម្រាកពីការទទួលទានអាហារថ្ងៃត្រង់រួចមកយើងក៏បានបន្តដំណើរទៅមុខទៀតទាំងដែលនៅមិនដាច់អាល័យនិងដក់ក្នុងចិត្តនូវទិដ្ឋភាពបាយថ្ងៃត្រង់មួយពេលជាប់រហូត។ កំពុងតែធ្វើដំណើរតាមដងផ្លូវយើងក៏ស្រាប់តែប្រទះឃើញមានចំការស្អំមួយកន្លែងដែលស្ថិតនៅក្បែរផ្ទះមួយខណៈដែលអ្នកនៅក្បែរខាងបានដាំសុទ្ធតែដើមគូរឆាយនិងម្រះព្រៅ។ ចំការស្អំនោះជារបស់លោក ប៉ៅងី ដែលជាអ្នកស្រុកនៅក្នុងភូមិស្វាយពុំត្រង់ ស្រុកអន្លង់ចិនខេត្តកណ្តាលនិងជាអតីតអ្នកដាំម្រះព្រៅមួយរូបផងដែរ។ បុរសក្នុងវ័យ៤២ឆ្នាំរូបនេះបានប្រាប់ថា ដំណាំស្អំនេះរកចំណូលមិនបានច្រើនឡើយពោលគឺក្នុងមួយគីឡូលោកលក់ឲ្យឈ្មួញបានត្រឹមតែ៤ពាន់រៀលតែប៉ុណ្ណោះខណៈដែលគូរឆាយគេអាចលក់បាន ជិតមួយម៉ឺនរៀលឯណោះ។ បើទោះបីជាយ៉ាងនេះក្តី លោក ប៉ៅងី ក៏បានប្រាប់ដែលថា ថ្វីត្បិតតែគូរឆាយរកចំណូលបានច្រើនជាងក៏ពិតមែនក៏ប៉ុន្តែដំណាំគូរឆាយហាក់ពិបាកក្នុងការថែទាំជាងស្អំខ្លាំងណាស់។ ក្នុងទំហំផ្ទៃដីដែលមានទំហំទទឹង ៨ម៉ែត្រ និងបណ្តោយជាង ១០០ម៉ែត្រ លោកប៉ៅងី និងក្រុមគ្រួសារបានដាំដើមស្អំនេះជាងពីរឆ្នាំរួចមកហើយ ហើយក៏បានប្រមូលផលបានជាច្រើនដងរួចមកដែរ។ លោក ប៉ៅងី “បើនិយាយពីស្អំនេះវាស្រួលដាំណាស់ព្រោះវាមិនត្រូវការជ្រើសរើសដីថ្មីដូចគូរឆាយនោះទេហើយក៏ត្រូវប្រើដើមទុនតិចផងដែរប៉ុន្តែមូលហេតុដែលអ្នកស្រុកមិនសូវដាំស្អំក៏ដោយសារតែវាមិនសូវបានចំណូលច្រើនជាងដំណាំផ្សេងដែរបើយនិយាយទៅចំពោះស្អំនេះគឺសម្រាប់តែអ្នកខ្ចិលតែប៉ុណ្ណោះ។” មិនខុសពីអ្នកចំការដទៃទៀតដែលនៅលើកោះអន្លង់ចិននេះលោកប៉ៅងីមានអត្តចរិករួសរាយរាក់ទាក់សកម្មភាពរហ័សរហួននិយាយសម្តីច្បាស់ៗនិងមានទំនុកចិត្តក្នុងខ្លួនជាទីបំផុត។ លោកក៏បានបន្ថែមទៀតថាមូលហេតុដែលលោកសម្រេចចិត្តដាំដំណាំស្អំដែលខុសប្លែកពីគេនោះគឺដោយសារតែក្រុមគ្រួសាររបស់លោកខ្វះកម្លាំងម្យ៉ាងមិនចង់ជួលឈ្នួលពីខាងក្រៅដើម្បីមើលថែទាំចំការរបស់ខ្លួនឡើយ។
បន្ទាប់ពីបានជួបនិយាយជាមួយនឹងអ្នកដាំស្អំដែលពោលពេញទៅដោយបទពិសោធន៍ក្នុងការដាំដំណាំជាច្រើននេះរួចមកយើងក៏បានបង្ហួសទៅដល់ភូមិដើមកោះដែលនរណាៗនៅលើកោះអន្លង់ចិននោះបានដឹងថាជាភូមិរបស់ឈ្មួញកណ្តាលដែលបានដើរទិញដំណាំពីអ្នកស្រុកកណ្តាលកោះរហូតដល់ចុងកោះដើម្បីនាំយកទៅបោះដុំនៅឯផ្សារតាខ្មៅ។ គ្រាន់តែបានចូលទៅដល់ទឹកដីភូមិក្បាលកោះភ្លាមអ្វីៗហាក់មិនដូចភូមិដទៃឡើយ ដោយយើងឃើញមិនសូវមានចំការនៅពីក្រោយផ្ទះរបស់ប្រជាជននោះឡើយ។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏គេនៅតែប្រទះឃើញដាច់កន្ទុយភ្នែកនូវដើមមៀនរាប់រយដើមដែលអ្នកភូមិបានដាំនៅខាងមុខផ្ទះផងដែរ។ នេះជាដំណើរចុងក្រោយក្នុងការទស្សនាមើលទិដ្ឋភាពកោះអន្លង់ចិនដែលជាទីស្ថានសម្បូរទៅដោយដំណាំហូបផ្លែនិងបន្លែហូបស្លឹកដែលអ្នកស្រុកនៅទីនោះបានធ្វើតាំងតែពីជំនាន់ឱពុកម្តាយជីដូនជីតាមកម្ល៉េះហើយវាពិតជាដំណើរកំសាន្តដ៏មានន័យក្នុងការសិក្សារស្វែងយល់ពីជីវភាពនិងរបៀបក្នុងការដាំដុះដំណាំឲ្យបានផលល្អមួយផងដែរ។ កោះអន្លង់ចិនពិតជាធ្វើឲ្យយើងទទួលបាននូវការកម្សាន្តតាមបែបអ្នកចំការជាមួយដែលធ្វើឲ្យយើងកោតសរសើរនូវការតស៊ូព្យាយាមមិនទំនេរដៃរបស់អ្នកស្រុកនៅទីនោះ ហើយសកម្មភាពរបស់ពួកគេពិតជាបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចតាមរយៈវិស័យកសិកម្មស្រុកដែលដាំដោយប្រជាជនកម្ពុជាផ្ទាល់ ជៀសជាងមានការនាំចូលបន្លែបន្លុកពីក្រៅប្រទេសផងដែរ៕
Article by KEO SONG