×

គំនូរ​ដែល​បង្កប់​សារ​ដ៏​គួរឲ្យ​ទាក់ទាញ​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​មិន​សមគួរ​របស់​ប្រជាជន​

NEWS 5 years ago
 
 

​            ​បម្រាម​ជាច្រើន​ដូចជា​ ​«​ហាម​ចាក់សំរាម​»​ ​«​បន្ថយល្បឿន​»​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​សឹងតែ​នៅ​គ្រប់​ប្លុក​ ​នៃ​ក្រុងភ្នំពេញ​ ​ក៏ប៉ុន្តែ​បើ​ទោះបី​មាន​បម្រាម​បែបនេះ​ក្តី​ក៏​នៅ​មាន​ប្រជាជន​កម្ពុជា​មួយចំនួន​នៅតែ​មិន​ចាប់អារម្មណ៍​ ​និង​នៅ​បន្តសកម្មភាព​របស់​ពួកគេ​ជា​ទំ​លាប់​។​ ​ខុសប្លែក​ពី​កន្លែង​ផ្សេង​ៗ​បម្រាម​ ​«​ហាម​ចាក់សំរាម​»​ ​និង​ ​«​បន្ថយ​លឿន​»​ ​មានន័យថា​ ​«​បន្ថយល្បឿន​»​ ​នៅក្នុង​ប្លុក​មួយ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ ​ត្រូវ​បាន​គូរ​ចេញ​ជា​ផ្ទាំងគំនូរ​ដ៏​គួរឲ្យ​ទាក់ទាញ​និង​ពោរពេញ​ទៅ​ដោយ​សិល្បៈ​និយម​ជាទីបំផុត​។​ ​ផ្ទាំងគំនូរ​ដែល​មាន​សារ​ ​«​បន្ថយ​លឿន​»​ ​ត្រូវ​បាន​គូរ​នៅ​លើ​របង​នៃ​វិចិត្រសាល​ ​N​ ​O​ ​W​ ​H​ ​E​ ​R​ ​E​ ​Art​ ​Studio​ ​ដែល​ស្ថិតនៅ​ចំកន្លែង​ដែល​មានផ្លូវ​តូច​ពីរ​កាត់​គ្នា​ ​និង​សារ​គំនូរ​ ​«​ហាម​ចាក់សំរាម​»​ ​នៅ​លើ​របង​ដី​ឡូត៍​មួយ​នៅ​ក្បែរ​នោះ​ដែល​ត្រូវ​បាន​ម្ចាស់​ទុកចោល​ ​និង​ធ្លាប់តែ​ជាទី​ចោល​សម្រាម​របស់​អ្នកភូមិ​។​ ​គំនូរ​ទាំងនោះ​ជា​ការ​គូរ​រួម​សហការ​គ្នា​រវាង​សិល្បៈ​ករ​ជនជាតិ​ ​ម៉ាឡេស៊ី​ ​«​Mulo​»​ ​និង​សិល្បៈ​ករ​វ័យក្មេង​កម្ពុជា​ ​«​កេត​ ​មុ​នី​រ័ក្ស​»​។​ ​

​            នេះ​ពិតជា​គំនិត​ច្នៃប្រឌិត​ដ៏​ល្អ​មួយ​ដែល​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​អ្នកភូមិ​ដែល​នៅ​ក្បែរ​នោះ​ពី​សកម្មភាព​មិន​សមគួរ​ប្រចាំថ្ងៃ​ឲ្យ​ក្លាយជា​អ្នក​ស្រលាញ់​សិល្បៈគំនូរ​នៅ​លើ​ជញ្ជាំង​វិញ​។​ ​មុ​នី​រ័ក្ស​ ​បាន​ប្រាប់​សូ​វរីន​ថា​ ​បន្ទាប់ពី​បាន​បញ្ចប់​ការ​គូរគំនូរ​ទាំងនោះ​រួចមក​ ​គេ​ឃើញ​មាន​ប្រជាជន​នៅ​ទីនោះ​ ​ពិតជា​បាន​បន្ថយល្បឿន​ ​នៅត្រង់​កន្លែង​ផ្លូវកាត់​ ​និង​ឈប់​ចោល​សម្រាម​ដូច​រាល់ដង​ពិតមែន​។​ ​«​នៅពេល​គេ​ធ្វើដំណើរ​មកដល់​កន្លែង​ផ្លូវកែង​ ​គេ​ក៏​បន្ថយល្បឿន​ដើម្បី​ឆ្លៀត​មើល​គំនូរ​ ​ហើយ​ត្រង់កន្លែង​ដែល​ធ្លាប់​មាន​សម្រាម​ក៏​លែង​មាន​ព្រោះ​គេ​ឃើញ​គំនូរ​ស្អាត​ ​ហើយ​នេះ​ជា​ផល​មួយ​ដែល​បាន​មក​ពី​ការងារ​យើង​ដែរ​។​»​ ​មុន​ពេល​ដែល​បាន​លទ្ធផល​វិជ្ជមាន​បែបនេះ​ ​មុ​នី​រ័ក្ស​ ​និង​ ​Mulo​ ​ក៏​ជួប​នូវ​ឧបសគ្គ​មួយចំនួន​ដែល​ត្រូវ​ប្រឈម​នឹង​ការ​លុប​គំនូរ​នោះ​ចោល​ផង​ពីសំណាក់​ម្ចាស់​កន្លែង​ ​ឬ​អាជ្ញាធរ​ដែល​មានសមត្ថកិច្ច​ ​តែ​ជា​ភ័ព្ទ​សំណាង​ក្រោយពី​បាន​បង្ហាញ​ពី​បង្ហាញ​គម្រូ​ដែល​ពូក​គេ​បាន​គូរ​ព្រាងទុក​ក្នុង​ ​ឧបករណ៍​ ​iPad​ ​រួចមក​ ​មុ​នី​រ័ក្ស និង​ ​Mulo​ ​ក៏​ទទួល​បានការ​អនុញ្ញាតិ​ឲ្យ​មានការ​គូរគំនូរ​ពូក​គេ​ទាំង​មានទំនុក​ចិត្តជា​ទីបំផុត​។​ ​ជាមួយគ្នា​នេះ​ដែល​មុ​នី​រ័ក្​សក៏​គ្រោង​នឹង​គូរ​ច្នៃ​គំនូរ​ជាមួយនឹង​សារ​ជាច្រើន​ទៀត​នៅ​ក្បែរ​នោះ​ ​ដើម្បី​ដាស់តឿន​ប្រជាជន​និង​អ្នកដំណើរ​ ​តាមរយៈ​គំនូរ​លើ​ជញ្ជាំង​ដែល​ពោរពេញ​ទៅ​ដោយ​ពណ៌​ចម្រុះ​ ​និង​ស្រស់​ស្អាត​ជាច្រើន​ផង​ដែរ​។​ ​

​            កេត​ ​មុ​នី​រ័ក្ស​ ​គឺជា​សិល្បៈ​ករ​គំនូរ​មួយ​រូប​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ ​ទាំង​គំនូរដៃ​និង​គំនូរ​ឌីជីថល​។​ ​មាន​ឧបនិស្ស័យ ​និង​ដុង​ក្នុង​ការ​គូររូប​តាំងពី​កុមារភាព​ ​កេត​មុ​នី​រ័ក្ស​ ​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​រចនា​ក្រាហ្វិក​ ​(​Graphic​ ​Design​)​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន​នៅ​វិទ្យាស្ថាន​សិល្បៈ​ភ្នំពេញ​អន្តរជាតិ​ ​(​PPIIA​)​។​ ​ឆ្លងកាត់​ការសិក្សា ​និង​ភាព​ប៉ិនប្រសប់​បែបនេះ​ ​បាន​ធ្វើឲ្យ​ ​មុ​នី​រ័ក្ស​ ​ទទួល​បាន​គម្រោង​ក្នុង​ការ​គូរគំនូរ​ជាច្រើន​រួមមាន​ទាំង​ហាង​កា​ហ្វេ​ប្រោន​ ​និង​ក្លាយជា​អ្នក​រចនា​ក្រាហ្វិក​ប្រចាំ​ក្រុមហ៊ុន​ការិយាល័យ​រួម​ដែល​មានឈ្មោះ​ថា​ ​«​សហការ​»​ ​ថែមទៀត​ផង​។​ ​លើស​ពីនេះ​ទៅទៀត​នោះ​ ​មុ​នី​រ័ក្ស​ ​ក៏​ធ្លាប់​ឈ្នះ​ការប្រកួត​រចនា​ចំនួន​បីដង​របស់​ ​Adobe​ ​ក្រោម​ប្រធានបទ​ដូចជា​៖​ ​Hand​ ​lettering​,​ ​Graphic​ ​Design​,​ ​illustration​ ​ថែមទៀត​ផង​។​

កេត​ ​មុ​នី​រ័ក្ស​ (Image courtesy by Kun Sunrethy)

​            មុ​នី​រ័ក្ស​៖​ ​«​មិនថា​គំនូរ​លើ​ជញ្ជាំង​ ​ឬមួយ​ក៏​បង្ហោះ​នៅក្នុង​ហ្វេ​សប៊ុ​ក​ ​ប្រសិនបើ​គំនូរ​នោះ​មាន​គោលបំណង​មួយ​ដែល​ច្បាស់លាស់​ និង​មិន​ប៉ះពាល់​ដល់​គេ​ ​នោះ​គេ​នឹង​គាំទ្រ​ ​តែបើ​ទោះបីជា​គេ​មិន​គាំទ្រ​ក៏​មិន​ទើស​វា​ដែរ​។​ ​ខ្ញុំ​គិតថា​ ​ការ​ឌីហ្សាញ​គឺជា​ការ​ដោះស្រាយ​បញ្ហា​។​ ​ដូច្នេះ​មុននឹង​យើង​គូរ​ឬ​ឌីហ្សា​ញយើង​គួរ​សិក្សា​មើល​សិន​ថា​វា​ប៉ះពាល់​អ្វីខ្លះ​និង​អាច​ដោះស្រាយ​អ្វីខ្លះ​៕​»​ ​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS