រ៉ាម៉ាឌនគឺជាឈ្មោះខែទីប្រាំបួននៅក្នុងមហាម៉ាត់សករាជ ដែលតម្រូវឲ្យអ្នកកាន់សាសនាឥស្លាមទាំងឡាយត្រូវប្រតិបត្តិកាតព្វកិច្ចរបស់ខ្លួនដោយការតមអាហារ និងទឹកឬគេអាចហៅម្យ៉ាងទៀតថាជាខែបួស។ រយៈពេលមួយខែនៃខែរ៉ាម៉ាឌនដែល សាសនិកឥស្លាមទាំងឡាយ បានបួសដោយការតមអាហារចាប់តាំងពីថ្ងៃរៈរហូតដល់ថ្ងៃលិចនេះត្រូវបានបិទបញ្ចប់ហើយនៅដើមសប្តាហ៍នេះ ក៏ប៉ុន្តែអត្ថន័យនៃការតមអាហារឬបួសនេះនៅតែមានមហាជនជាច្រើនមិនទាន់យល់និងមានការភ័ណ្ឌច្រលំមួយចំនួនក្នុងន័យអវិជ្ជមានទៅវិញ។ សូវរីនបានទៅជួបជាមួយនឹង លោក «ឡេះរ៉សាលី» ដែល បងប្អូនខ្មែរឥស្លាមភាគច្រើនហៅថា «គឹម» (អ្នកយល់ដឹង) ជាអ្នកដែលធ្លាប់បានឆ្លងកាត់ការសិក្សាសាសនានៅប្រទេសអារ៉ាប់រយៈពេល ប្រាំបីឆ្នាំ ដើម្បីបានជ្រាបច្បាស់ពីអត្ថន័យដែលនៅពីក្រោយការតមអាហារឬបួសនេះ។
មិនមែនជាការចាប់បង្ខំ តែនេះជាលក្ខណ្ឌរបស់សាសនាដែលបានបង្រៀនមនុស្សឲ្យចេះយល់ទុកលំបាកគ្នា ចេះធ្វើទានឲ្យគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នាផងដែរ។ «ជីវិតអ្នកក្រអត់ តើគ្នាស្រេកឃ្លានយ៉ាងណា?» ជាសំនួនដែលសាសនិកឥស្លាមទាំងអស់ត្រូវតែដឹង និងជាចំណុចគោលដែលជម្រុញឲ្យមានការតមអាហារនេះឡើង។ កាតព្វកិច្ចនៃការតមអាហារនេះត្រូវធ្លាក់ទៅលើមនុស្សអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ឬសម្រាប់មនុស្សប្រុសដែលសុបិន្តឃើញថាចង់រួមសង្វាស ឬចាប់ផ្តើមមានដុះរោមកេរ្តិ៍ខ្មាស់ ចំណែកឯស្រ្តីភេទ ចាប់ផ្តើមមានរដូវ ដែលសាសនាឥស្លាមបានកំណត់ថាជាពេលដែលពេញវ័យហើយនោះ។ ព្រឹកព្រលឹមស្រាងៗនៅពេលដែលពន្លឺថ្ងៃចាប់ផ្តើមរៈ គឺជាពេលដែលសាសនិកឥស្លាមទាំងអស់បញ្ឈប់ការញ៉ាំអាហារឬទឹក រហូតដល់ពេលដែលពន្លឺថ្ងៃបានរលត់ទៅវិញទើបពួកគេអាចចាប់ផ្តើមទទួលទានអាហារនិងពិសារទឹកបាន។ ដោយឡែកសម្រាប់ស្រ្តីមានផ្ទៃពោះ ស្រ្តីដែលកំពុងបំបៅទឹកដោះកូន អ្នកដែលកំពុងមានជម្ងឺ ចាស់ជរានិងអ្នកដំណើរ គឺជាករណីលើកលែងដែលមិនអាចធ្វើការតមអាហារបាន តែត្រូវបួសសងវិញនៅពេលណាមួយដែលពួកគេអាចធ្វើទៅបាន។ លោក ឡេះរ៉សាលី៖ «ក្នុងអំឡុងពេលក្នុងខែបួសនេះ សម្រាប់ស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន អ្នកដែលមានជម្ងឺ ពួកគេអាចបរិភោគអាហារបានធម្មតា ក៏ប៉ុន្តែពួកគេត្រូវបួសសងវិញនៅខែណាមួយ ឬពេលណាដែលពួកគេគិតថាអាចធ្វើបានឲ្យគ្រប់ចំនួនថ្ងៃដែលពួកគេមិនបានបួស»។
ជាមួយគ្នានេះដែរមានមតិមួយចំនួនតែងមានការយល់ច្រលំ ក្នុងចំណុចខ្លះ ក្នុងអំឡុងពេលនៃខែបួសនេះ ក៏ប៉ុន្តែ លោក ឡេះរ៉សាលី បានពន្យល់៖ «មានការយល់ច្រលំមួយចំនួនបានលើកលែងថា ក្នុងអំឡុងពេលខែបួស សូម្បីតែប្តីប្រពន្ធក៏មិនអាចប៉ះគ្នាបានដែរ តែការពិត សាសនាហាមមិនឲ្យប្តីប្រពន្ធធ្វើការរួមមេត្រីគ្នាក្នុងរយៈពេលខែបួសតែប៉ុណ្ណោះ ហើយក្នុងន័យនេះមិនមែនមិនឲ្យពួកគេប៉ះគ្នាឬមិននិយាយរកគ្នានោះឡើយ»។ លោក ឡេះរ៉សាលី បានបន្ថែម៖ «ខ្លះក៏យល់ច្រលំថាសូម្បីតែទឹកមាត់ក៏មិនអាចលេបបានដែរ តែក្នុងច្បាប់សាសនាមិនបានចែងបែបនេះទេ»។
ថ្វីដ្បិតតែរ៉ាម៉ាឌនគឺជាខែតមអាហារក៏ពិតមែន តែក្រោយថ្ងៃលិចគេសង្កេតឃើញ សាសនិកឥស្លាមមិនថាអ្នកមានឬអ្នកក្របានមកជួបជុំពិសារអាហាររួមគ្នា ប្រកបដោយក្តីមេត្តា សប្បុរសលាយឡំជាមួយនឹងបរិយាកាសសប្បាយរីករាយនៅសឹងតែគ្រប់«ម៉ាស្ចិត» ព្រះវិហារទាំងអស់៕
Article by KEO SONG