×

សម្លៀកបំពាក់​ដែល​ច្នៃ​ពី​សំរាម​មានឈ្មោះ​ថា​ ​«​គឺ​អ្នក​»​ ​បង្កប់​នូវ​អត្ថន័យ​ ​និង​ ​សារ​អប់រំ​សម្រាប់​មនុស្ស​ជុំវិញ​ពិភពលោក​

NEWS 5 years ago
 
 

            ព្រឹត្តិ​ការណ៍​ ​«​ស្អាត​ ​មហោស្រព​សិល្បៈ​ទីក្រុង​ ​២០១៩​»​ ​ដែល​បាន​ប្រារព្ធ​ស្ថិតនៅ​ក្នុង​ទីក្រុង​បាត់ដំបង​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​បាន​បង្ហាញ​អំពី​សកម្មភាព​ ​ស្នាដៃ​ ​ការបង្កើត​នូវ​មិត្តភាព​ ​ឬ​សាមគ្គីភាព​ ​និង​ការ​សម្តែង​មួយចំនួន​ជាច្រើន​ដែល​ទាក់ទង​ទៅ​នឹង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​ក៏ដូចជា​សកម្មភាព​ធ្វេសប្រហែស​របស់​មនុស្ស​ទូទៅ​ជុំវិញ​ពិភពលោក​ ​ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មានផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​​។​ ​ជាក់ស្តែង​ ​ជាមួយនឹង​ការ​សម្តែង​ដែល​ពោរពេញ​ទៅ​ដោយ​ការ​គាំទ្រ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​បាត់ដំបង​ ​បាន​សរសើរ​ទៅលើ​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​និស្សិត​ឆ្នើម​នៃ​សាលា​ ​ហ្វា​ពន្លឺ​សិល្បៈ​ ​ដែល​បាន​យក​កាកសំណល់​ថង់​ប្លា​ស្ទិ​ចម​ក​ធ្វើជា​សម្លៀកបំពាក់​ ​អម​ដោយ​បំពង់​អុក​ស៊ី​សែន​យក​មក​តុបតែង​ទៀតផង​។​ ​

​            តើ​សម្លៀកបំពាក់​ដែល​រចនា​ពី​កាកសំណល់​ថង់​ប្លា​ស្ទិ​ចនេះ​ ​បាន​បង្កប់​នូវ​ខ្លឹមសារ​ ​និង​សារ​ដាស់តឿន​អ្វីខ្លះ​?​

Image Courtesy: Reaksmey Yean

​            ​កញ្ញា​ ​រី​ ​មុនី​សុវណ្ណ​យ៉ា​ ​និស្សិត​ឆ្នើម​នៃ​សាលា​ ​ហ្វា​ពន្លឺ​សិល្បៈ​ ​មាន​ស្រុកកំណើត​ក្នុង​ទីក្រុង​បាត់ដំបង​ជា​អ្នក​រចនា​ម៉ូត​សម្លៀក​បំពាក់​បា្លស្ទិច​ ​ដើម្បី​ផ្សព្វផ្សាយ​នូវ​ផលវិបាក​នៃ​ការប្រើ​ប្រាស់​ថង់​ប្លា​ស្ទិច​ ​និង​ជា​សារ​ដាស់តឿន​ឲ្យ​មនុស្ស​គ្រប់រូប​ត្រូវ​មានទម្លាប់​ល្អ​ក្នុង​ការ​បោះចោល​សំរាម​ឲ្យ​នៅក្នុង​ធុងសំរាម​។​ ​«​គឺ​អ្នក​»​ ​ជា​ប្រធានបទ​គួរឲ្យ​កត់សម្គាល់​យ៉ាង​ខ្លាំង​នៃ​ការ​សម្តែង​ព្រឹត្តិ​ការណ៍​ ​«​ស្អាត​ ​មហោស្រព​សិល្បៈ​ទីក្រុង​ ​២០១៩​»​ ​កញ្ញា​​បាន​លើកឡើង​ដូច្នេះ​ដែរ​ថា​៖​ ​«​មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​ដាក់ឈ្មោះ​ ​«​គឺ​អ្នក​»​ ​ក៏​ព្រោះតែ​ខ្ញុំ​ចង់​សំដៅ​ទៅលើ​យើង​ទាំងអស់គ្នា​ ​ជា​អ្នកបង្កើត​សំរាម​ ​ហើយ​យើង​ទាំងអស់​ជា​អ្នកទទួល​រង​ឥទ្ធិពល​ពី​សំរាម​ ​ប្រសិនបើ​យើង​នៅតែ​បន្ត​បោះចោល​សំរាម​ក្រៅ​ធុងសម្រាម​ ​នោះ​នៅ​ថ្ងៃ​អនាគត​យើង​នឹង​បាត់បង់​នូវ​ខ្យល់​បរិសុទ្ធ​សម្រាប់​ដកដង្ហើម​»​។​ ​ជា​ការពិត​ណាស់​ ​ពី​មួយថ្ងៃ​ ​ទៅ​មួយថ្ងៃ​ ​សំរាម​តែង​មាន​គ្រប់​ទីកន្លែង​ ​មិនថា​នៅ​តាម​ដងផ្លូវ​ទី​សាធារណៈ​ ​រមណីយដ្ឋាន​ជិត​ ​ឬ​ឆ្ងាយ​នោះ​ទេ​ ​តែង​មាន​សំរាម​ ​និង​ជះក្លិន​អាក្រក់​ ​ហើយ​នេះ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​បរិស្ថាន​បាត់បង់​សោ​ភណ្ឌ​ភាព​ ​ក៏ដូចជា​ផ្តល់​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ម្នា​ក់ៗ​។

Image Courtesy: Tamas György

​            ជាមួយគ្នា​នេះ​ដែរ​ ​កញ្ញា​ ​រី​ ​មុនី​សុវណ្ណ​យ៉ា​ ​ក៏បាន​បន្ត​លើកឡើង​ដូច្នេះ​ ​«​សម្លៀកបំពាក់​ដែល​មាន​ពណ៌ស​ ​គឺ​សំដៅ​ទៅលើ​សកម្មភាព​របស់​មនុស្ស​ម្នា​ក់ៗ​ពី​ដំបូង​គាត់​មិនទាន់​បង្កើត​នូវ​សកម្មភាព​ចោលសំរាម​ក្រៅ​ធុង​ ​ហើយ​បន្ទាប់មក​ទៀត​សំរាម​មាននៅ​លើ​ខ្លួនប្រាណ​ ​ក៏​ព្រោះតែ​មនុស្ស​ម្នា​ក់ៗ​បាន​បោះចោល​សំរាម​ក្រៅ​ធុង​ ​រហូតដល់​ខ្វះ​ខ្យល់​បរិសុទ្ធ​ ​មនុស្ស​ទាំងនោះ​ត្រូវការ​អុក​ស៊ី​សែន​ ​ដើម្បី​ដកដង្ហើម​»​។​ ​កញ្ញា​ក៏បាន​បន្ត​ដូច្នេះ​ដែរ​ ​«​សំរាម​ដែល​ខ្ញុំ​យក​មក​ច្នៃ​នោះ​ ​គឺជា​សំរាម​ដែល​ខ្ញុំ​បាន​រើស​ភ្លាម​ៗ​ ​ហើយ​វា​មិនមែន​ជា​សំរាម​ដែល​កែច្នៃ​រួច​នោះ​ទេ​ ​គឺ​វា​មាន​ក្លិនអាក្រក់​ ​ស្ទើរតែ​ធ្វើឲ្យ​ខ្ញុំ​មិន​អាច​ទ្រាំ​នឹង​ក្លិន​នោះ​បាន​»​។​

​            ​បន្ទាប់ពី​បាន​បង្ហាញ​នូវ​ស្នាដៃ​របស់​កញ្ញា​ដែល​ផ្តោត​សំខាន់​ទៅលើ​សកម្មភាព​នៃ​ការ​ធ្វេសប្រហែស​របស់​មនុស្ស​គ្រប់រូប​ពី​មជ្ឈដ្ឋាន​មួយ​ ​ទៅកាន់​មជ្ឈដ្ឋាន​មួយទៀត​នោះ​ ​កញ្ញា​ក៏បាន​សំណូមពរ​ឲ្យ​យើង​ទាំងអស់គ្នា​ ​គួរតែ​ជួយគ្នា​ថែរក្សា​អនាម័យ​ ​បោះចោល​សំរាម​ក្នុង​ធុងសំរាម​ឲ្យបាន​ត្រឹមត្រូវ​ ​និង​គួរតែ​កាន់​បន្ថយ​ការប្រើ​ប្រាស់​ចង់​ប្លាស្ទិក​ដែល​វា​អាច​បំផ្លាញ​ដល់​សម្រស់​បរិស្ថាន​ ​ក៏ដូចជា​អាយុជីវិត​របស់​យើង​នា​ថ្ងៃ​អនាគត​ផង​ដែរ​៕​ ​​

Article​ ​by​ ​PAN​ ​SIVLY

Image Courtesy: Home Image

Image Courtesy: Mok Ratha​

Image Courtesy: Tamas György

Image Courtesy: មន្ទីទេសចរណ៍ខេត្តបាត់ដំបង


SUGGESTIONS