«21 Engine» ខូឡិកហ្សិនថ្មីបង្ហាញភាពអង់អាចក្លាហានរបស់ស្ត្រីក្នុងសតវត្សន៍ទី២១ ពីអ្នកច្នៃម៉ូតវ័យក្មេង ជួប វិទ្យា
FASHION & BEAUTY 5 years agoសព្វថ្ងៃនេះប្រសិនបើយើងសង្កេតទៅលើវិស័យហ្វេហ្សិនក្នុងប្រទេសកម្ពុជា ឃើញថាមានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ពិសេស វិស័យនេះបានបំផុសគំនិត និងជំរុញឲ្យអ្នកច្នៃម៉ូតសម្លៀកបំពាក់ច្រើនរូប អាចបង្ហាញនូវសមត្ថភាពនៃភាពច្នៃប្រតិដ្ឋរបស់ពួកគេតាមរយៈការរចនាម៉ូតសម្លៀកបំពាក់ ឬការប្រើប្រាស់ពណ៌នៃសម្លៀកបំពាក់នីមួយៗឲ្យមានភាពលេចធ្លោ និងពេញនិយមដែលមិនចេះសាបសូន្យផងដែរ។
និស្សិតទើបតែបញ្ចប់ការសិក្សាលើមុខជំនាញផ្នែកហ្វេហ្សិនឌីហ្សាញ នៃសាកលវិទ្យាល័យលីម កុក វីង «ជួប វិទ្យា» ជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ឯករាជ្យ និងមានការគាំទ្រយ៉ាងច្រើនពីសំណាក់យុវជនក្នុងរាជធានីភ្នំពេញ។ ក្រោយពីបានបញ្ចប់ការសិក្សាមិនយូរប៉ុន្មាន វិទ្យា ក៏បានបង្កើតនូវខូឡិកហ្សិនដំបូងរបស់ខ្លួនមានឈ្មោះថា «21 Engine» ដែលក្នុងនោះមានសម្លៀកបំពាក់ចំនួនប្រាំមួយឈុត ក្នុងឈុតនីមួយៗសុទ្ធសឹងតែមានការរចនាឡើងជាមួយនឹងគ្រឿងមេកានិច និងដេរបន្ថែមនៃពណ៌ទឹកមាសលើសម្លៀកបំពាក់នីមួយៗធ្វើឲ្យខូឡិកហ្សិនថ្មីនេះមានភាពទាក់ទាញយ៉ាងខ្លាំង។ យ៉ាងណាមិញ ជាមួយនឹងខូឡិកហ្សិនថ្មីនេះ មិនត្រឹមតែផ្តល់នូវភាពទាក់ទាញ ស្រស់ស្អាត និងទាន់សម័យតែម៉្យាងនោះទេ ប៉ុន្តែវាបានបង្កប់នូវអត្ថន័យដ៏សំខាន់ដែលឆ្លុះបញ្ចាំងអំពី អត្តចរិក អាកប្បកិរិយា និងវត្តមានដ៏សំខាន់របស់ស្ត្រីគ្រប់រូបជុំវិញពិភពលោក។
ជាមួយគ្នានេះដែរ វិទ្យា បានលើកឡើងថា «សម្រាប់ខូឡិកហ្សិននេះ ខ្ញុំច្នៃចេញជាមានពីរពណ៌ មានពណ៌ស និងពណ៌ខៀវចាស់ ចំពោះពណ៌ទាំងអស់នេះបានបង្ហាញអំពីអត្តចរិករបស់មនុស្សស្រីដែលពួកគាត់មានភាពស្មោះត្រង់ និងរឹងមាំក្នុងការធ្វើកិច្ចការអ្វីមួយ»។ វិទ្យា ក៏បានបន្ត «អ្វីដែលខ្ញុំចង់ផ្តោតសំខាន់នោះគឺស្ត្រីគ្រប់រូបគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍ ក្នុងវិស័យបច្ចេកវិទ្យាដូចបុរសដែរ ហេតុនេះយើងគួរតែលើកស្ទួយស្ត្រីគ្រប់រូបឲ្យមានភាពក្លាហានជាងនេះបន្ថែមទៀត»។ ជាការពិតណាស់ ស្ត្រីប្រៀបបានជាមាតានៃពិភពលោកដែលពុំអាចខ្វះបាន ជាពិសេស ស្ត្រីក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមរាល់សកម្មភាពតាមមជ្ឈដ្ឋាននីមួយៗផងដែរ។ យ៉ាងណាមិញ ការរចនាម៉ូតសម្លៀកបំពាក់នីមួយៗតែង ចំណាយពេលវេលាច្រើនក្នុងការគិតពិចារណាមុននឹងច្នៃសម្លៀកបំពាក់ទាំងនោះឲ្យស្របទៅនឹងទំនោរដែលមានក្នុងមជ្ឈដ្ឋានផ្សេងៗគ្នា។
ឆ្លៀតក្នុងឱកាសនេះដែរ វិទ្យា ក៏បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងរឹងមាំក្នុងការលើកទឹកចិត្តដល់យុវជនគ្រប់រូបដែលស្រឡាញ់វិស័យហ្វេហ្សិននេះគួរតែមានការយកចិត្តទុកដាក់ និងត្រូវមានការអត់ធ្មត់ខ្ពស់ ក្នុងការសម្រិតសម្រាំងខូឡិកហ្សិននីមួយៗ៕
Article by PAN SIVLY
Photo by RA YUTH