អ្នកនាង សូ ភីណា ស្រ្តីឆ្នើមដែលបានដឹកនាំការអភិវឌ្ឍន៍និងលើកកម្ពស់អក្សរសិល្ប៍ខ្មែរ
NEWS 5 years ago មហោស្រពអក្សរសិល្ប៍បាត់ដំបង ២០១៩ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២២ និង ២៣ ខែមិថុនា នេះ នៅឯពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ ក្នុងបរិវេណវត្តដំរីស។ គោលបំណងនៃការបង្ហាញពីគុណតម្លៃរបស់អក្សរសិល្ប៍ទៅកាន់ប្រជាជនខ្មែរឲ្យបានគ្រប់រូបនេះ គឺជាកម្លាំងចលករជំរុញឲ្យអ្នកនាង សូ ភីណា ដែលជាអ្នកនិពន្ធមួយរូបឲ្យផ្តួចផ្តើមបង្កើតមហោស្រពអក្សរសិល្ប៍ខ្មែរ ប្រចាំឆ្នាំនេះឡើង ដើម្បីបង្កើតឱកាសឲ្យអ្នកនិពន្ធនិងអ្នកអានមានទំនាក់ទំនងគ្នាកាន់តែសកម្ម។ ស្ថាបនិកនៃមហោស្រពអក្សរសិល្ប៍ខ្មែររូបនេះ មិនត្រឹមតែជាអ្នកនិពន្ធមួយរូប ប៉ុន្តែក៏ជានាយិកាគ្រឹះស្ថានបោះពុម្ព កម្ពុមេរា និងជាជនសកម្មមួយរូប ដែលបានប្រឡូកក្នុងការងារអភិវឌ្ឍន៍ ការអប់រំ និងការចែករំលែកចំណេះដឹងរយៈកាលប្រមាណជិត ២០ឆ្នាំមកហើយ។ អ្នកនាងបានបញ្ចប់ការសិក្សាផ្នែកចិត្តវិទ្យានៅទីក្រុងភ្នំពេញ និងបន្តការសិក្សានៅប្រទេសអូស្រ្តាលីរយៈពេល២ឆ្នាំ មុននឹងត្រលប់មកប្រទេសកម្ពុជាវិញហើយបម្រើការងារនៅក្នុងអង្គការក្រៅរដ្ឋាភិបាល។ បច្ចុប្បន្នអ្នកនាង សូ ភីណា គឺជាប្រធានកម្មវិធី ចំណេះដឹង បណ្តាញ និងគោលនយោបាយ នៃអង្គការសិល្បៈខ្មែរអមតៈ។ ភាពជោគជ័យក្នុងការរៀបចំមហោស្រពតាំងពីលើកដំបូង បានផ្តល់ជាកម្លាំងចិត្តយ៉ាងធំធេងដល់ស្ថាបនិកនេះ ឲ្យព្យាយាមរកប្រធានបទ និងផ្សព្វផ្សាយដល់អ្នកនិពន្ធ និងអ្នកចូលចិត្តសរសេរគ្រប់ទិសទីមកចូលរួមក្នុងកម្មវិធីមហោស្រព ទោះបីជាមានការលំបាកជានិច្ចជាកាលក៏ដោយ។
ជួបជាមួយសូវរីន អ្នកនាង សូ ភីណា បានបញ្ជាក់ថា គោលបំណងនៃការបង្កើតមហោស្រពអក្សរសិល្ប៍ខ្មែរមាន៣ធំៗគឺ៖ ១) លើកកម្ពស់គុណតម្លៃរបស់អក្សរសិល្ប៍ និងអ្នកនិពន្ធសម្រាប់ប្រជាជននិងសង្គមជាតិ ២) បង្កើតឱកាសឲ្យអ្នកនិពន្ធ និងអ្នកអានមានទំនាក់ទំនង និងទីផ្សារ ៣) ពាំនាំសិល្បៈកម្រដែលជិតនឹងបាត់បង់ទៅចូលរួមក្នុងមហោស្រព។ អ្នកនាងនិយាយថា៖ «ខ្ញុំរៀបចំមហោស្រពនេះព្រោះក្នុងនាមជាអ្នកនិពន្ធម្នាក់ ខ្ញុំមានទស្សនវិស័យផ្ទាល់ខ្លួន ខ្ញុំគិតថាអ្នកនិពន្ធ ឬប្រជាជនកម្ពុជាគួរតែទទួលបានអក្សរសិល្ប៍បែបច្នៃប្រឌិត និងសម្បូរបែប និងយល់ពីគុណតម្លៃរបស់អក្សរសិល្ប៍ ដែលឆ្លុះបញ្ចាំងពីសង្គម និងជីវភាពប្រចាំថ្ងៃ។ ដើម្បីឲ្យទស្សនវិស័យនេះអាចសម្រេចបានលុះត្រាតែមានការរៀបចំកម្មវិធីផ្សេងៗ ដើម្បីឲ្យមនុស្សយល់ដឹងថាស្នាដៃអក្សរសិល្ប៍ពិតជាសំខាន់ ហើយអ្នកនិពន្ធពិតជាមានគុណតម្លៃសម្រាប់សង្គម វប្បធម៌ និងសេដ្ឋកិច្ច ដូច្នេះហើយទើបយើងរៀបចំមហោស្រពនេះឡើង។» កម្មវិធីមហោស្រពរយៈពេលពីរថ្ងៃនេះត្រូវបានបែងចែកកម្មវិធីជាក់លាក់មួយចំនួន ដូចជាពិធីសូត្រមន្ត ពិព័រណ៍សៀវភៅ ការសម្តែងសិល្បៈ (គែន សៀក របាំ) សិក្ខាសាលា អំពីការតាក់តែងនិពន្ធ និងកំណាព្យ ការធ្វើបទបង្ហាញពីសំណាក់អ្នកមានបទពិសោធន៍ក្នុងការនិពន្ធ ការជួបជុំជាមួយអ្នកនិពន្ធ និងការសម្តែងសិល្បៈកម្រឲ្យអ្នកចូលរួមបានទស្សនាផងដែរ។ មហោស្រពដែលមានអាយុកាល៣ឆ្នាំមកហើយនេះ បានស្រូបយកមិត្តអ្នកអានជាច្រើនដែលសុទ្ធជាសិស្សនិស្សិតវ័យជំទង់ឲ្យមកចូលរួមជាក្រុមៗយ៉ាងច្រើនកុះករ។ រំឭកទៅមហោស្រពអក្សរសិល្បិ៍បាត់ដំបងកាលពីឆ្នាំ ២០១៨ គេបានឃើញមានវត្តមានព្រះសង្ឃដែលមកចូលរួមអបអរនិងទស្សនកិច្ចកម្មវិធីមហោស្រពចាប់តាំងពីថ្ងៃដំបូងនៃកម្មវិធី ដែលធ្វើឲ្យអ្នករៀបចំកម្មវិធីត្រេកអរចងចាំមិនភ្លេច។ «ពេលនោះយើងធ្វើពិធីសូត្រមន្តបើកកម្មវិធីដោយនិមន្តព្រះសង្ឃ៥អង្គ ហើយពេលនោះមានព្រះសង្ឃដទៃទៀតមកពីវត្តផ្សេងៗដែលស្រលាញ់គាំទ្រមហោស្រពអក្សរសិល្ប៍បានមកចូលរួមដែររហូតដល់ជាង ១០អង្គ។ ពេលនោះយើងមានការព្រួយបារម្ភព្រោះបានត្រៀមបច្ច័យសម្រាប់ប្រគេនព្រះសង្ឃតែ ៥អង្គប៉ុណ្ណោះ ប៉ុន្តែព្រះសង្ឈបានមានសង្ឈដីកាប្រាប់មកយើងវិញថា សូមកុំបារម្ភ លោកគ្រាន់តែមកគង់ចូលរួមពិធី ដោយសារតែការរីករាយសាទរនឹងមហោស្រពតែប៉ុណ្ណោះ។» អ្នកនាងភីណារំឭក។
កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ បានស្រូបយកអ្នកនិពន្ធថ្មីៗជាច្រើនឲ្យចូលរួមក្នុងកម្មវិធី ត្បិតអីបច្ចុប្បន្ននេះអ្នកនិពន្ធវ័យក្មេងដែលព្យាយាមចាប់អាជីពជាអ្នកនិពន្ធត្រូវបានសង្កេតឃើញថា មានការបោះពុម្ពសៀវភៅច្រើនជាងអ្នកនិពន្ធជើងចាស់ទៅទៀត។ អ្នកនាង សូ ភីណា បានបញ្ជាក់ការយល់ឃើញផ្ទាល់ខ្លួនផងដែរថា អ្នកដែលស្រលាញ់ការសរសេរនិងយកចិត្តទុកដាក់លើការសរសេរ ឬមានគម្រោងសរសេរ ឬធ្លាប់ឆ្លងកាត់ការសរសេរ គឺអាចហៅខ្លួនឯងថាអ្នកនិពន្ធបាន មិនចាំបាច់ទាល់តែបានបោះផ្សាយស្នាដៃនិពន្ធរបស់ខ្លួនឡើយ។ អ្នកនាងពន្យល់យ៉ាងដូច្នេះថា «បើសិនជាយើងមិនបើកទូលាយ និងមិនផ្តល់សិទ្ធិអំណាចដល់អ្នកនិពន្ធថ្មីៗទេ អ្នកនិពន្ធក្មេងៗដែលទើបតែចាប់ផ្តើមកាន់ប៊ិចសរសេរមិនហ៊ានហៅខ្លួនគាត់ថាអ្នកនិពន្ធទេ។ បើពួកគេមិនហ៊ានហៅខ្លួនពួកគេថាជាអ្នកនិពន្ធទេ ពួកគេអាចខ្វះទំនុកចិត្ត និងភាពជឿជាក់ ដូចនេះ ប្រការនេះនាំឱ្យបង្អាក់សកម្មភាពសរសេរ និងកម្លាំងបណ្តាលចិត្តសម្រាប់ពួកគេ។ ដូច្នេះសម្រាប់ខ្ញុំ អ្នកដែលស្រលាញ់ការសរសេរ ការអាន និងយកចិត្តទុកដាក់សម្រាប់សំណេររបស់គាត់ នោះគាត់អាចហៅខ្លួនឯងថាជាអ្នកនិពន្ធបានហើយ។»
ទន្ទឹមនឹងភាពជោគជ័យនៃការរៀបចំកម្មវិធីកន្លងមក អ្នកនាង សូភីណា ក៏មិនភ្លេចអរគុណដល់បណ្តាអ្នកនិពន្ធខ្មែរ ដែលបានចូលរួមស្ម័គ្រចិត្តចូលរួមជួយជាគណៈកម្មការរៀបចំមហោស្រព ដែលចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្តចាត់ចែងកម្មវិធីនេះ ស្ទើរតែពេញមួយឆ្នាំ។ អ្នកនាងក៏អរគុណដល់ឧបត្ថម្ភ និងអ្នកគាំទ្រ សម្រាប់ការចូលរួមជ្រោមជ្រែងតាមលទ្ធភាពរៀងៗខ្លួនធ្វើយ៉ាងណាឲ្យអក្សរសិល្ប៍ខ្មែរកាន់តែមានភាពរីកចម្រើនបន្ថែមពីមរតកដើម ដែលដូនតាបានបន្សល់ទុក។ អ្នកនាងរំពឹងថា បន្ទាប់ពីបានជោគជ័យនៅបាត់ដំបង ក្រុមការងារមហោស្រពអក្សរសិល្ប៍ខ្មែរ កំពុងជួយ និងផ្តល់ការគាំទ្រដល់សហគមន៍នៅបាត់ដំបងអាចរៀបចំមហោស្រពដដែលនេះ សម្រាប់ឆ្នាំក្រោយទៀត។ បើសិនជា មហោស្រពនោះអាចកើតមានឡើងនៅខេត្តបាត់ដំបង ដែលមានការជួយផ្តួចផ្តើម ពីក្រុមការងារដែលមានបទពិសោធន៍ រួមនឹងអ្នកបាត់ដំបង នោះពិតជាជោគជ័យដ៏ធំធេងមួយនៃមហោស្រពអក្សរសិល្ប៍ខ្មែរ៕
Article by VA SONYKA