×

​ផ្ទះ​បុរាណ​ខ្មែរ​ដែល​បន្សល់ទុក​ជាច្រើន​ឆ្នាំ​ក្លាយជា​បារ​លាក់ខ្លួន​ដ៏​សែ​នរ៉ូ​មែន​តិក​នៃ​ទីក្រុង​សៀមរាប​

TRAVEL & LIVING 5 years ago
 
 

          កាលដែល​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ចំណាយពេល​វេលា​ដ៏​កម្រ​របស់​ពួកគេ​មកដល់​ទឹកដី​នៃ​ខេត្តសៀមរាប​ ​ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​បុ​រា​ណ​ល្បី​ៗ​ ​អស្ចារ្យ​ ​ដែល​បាន​បន្សល់ទុក​ពី​បុព្វបុរស​ខ្មែរ​មួយចំនួន​ ​ដែល​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​ស្ទើរតែ​ពេញមួយថ្ងៃ​រួចហើយ​នោះ​ ​ពួកគេ​តែង​បន្ត​ភាព​សប្បាយរីករាយ​របស់​ពួកគេ​នៅកន្លែង​ផ្សេងទៀត​ដូចជា​បារ​ ​ហាង​កាហ្វេ​ឬ​វិចិត្រសាល​ណាមួយ​ជាមិនខាន​។​ ​នៅ​លើ​ដង​វិថី​នៃ​ផាប់​ស្ទ្រី​ត​ស្ទើរតែ​គ្រប់​ច្រកល្ហក​ទៅ​ហើយដែល​គេ​សង្កេតឃើញ​ ​ពោរ​ ​ពេញ​ទៅ​ដោយ​ ​បារ​ ​ភោជនីយដ្ឋាន​ ​ហាង​លក់​សម្លៀកបំពាក់​ ​ឬវត្ថុ​អនុស្សាវរីយ៍​ ​រួម​ជាមួយនឹង​ការ​ប្រគុំ​តន្ត្រី​យ៉ាង​ពិរោះ​ជាច្រើន​បទ​បាន​ទាក់ចិត្ត​ភ្ញៀវ​មក​កម្សាន្ត​ទីនេះ​ជា​រៀងរាល់ថ្ងៃ​តែម្តង​។

          ប្រសិនបើ​អ្នកធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​តូច​លេខ៧​ ​នៃ​សង្កាត់​ផ្សារចាស់​ ​ក្រុង​សៀមរាប​ ​អ្នក​នឹង​បានឃើញ​គំនូរ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ផ្ទាំង​ដែល​ត្រូវ​បាន​គេ​តាំង​លើ​ជញ្ជាំង​អម​នឹង​ដងផ្លូវ​តូច​នេះ​។​ ​រូបភាព​ដែល​អ្នក​បានឃើញ​លើ​ផ្ទាំងគំនូរ​នេះ​ ​គឺជា​ប្រភេទ​ផ្ទះ​កន្ទាំង​បាន​បន្សល់ទុក​ជាច្រើន​ឆ្នាំ​មក​ហើយ​ប្រសិនបើ​គិត​មកដល់​បច្ចុប្បន្ន​នេះ​ ​រួម​ជាមួយនឹង​អក្សរ​ដែល​មាន​ពណ៌ខៀវចាស់​សរសេរ​ថា​ ​«​អាសា​ណា​»​ ​។​ ​បន្តដំណើរ​លើ​ដងផ្លូវ​ដដែល​ប្រមាណ​ជា២នាទី​ប៉ុណ្ណោះ​ ​អ្នក​នឹង​បានឃើញ​ផ្ទះ​បុរាណ​ដ៏​ស្រស់​ស្អាត​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ទីធ្លា​ដ៏​ធំ​ ​រុក្ខជាតិ​ពណ៌ខៀវខ្ចី​ ​និង​ ​ផ្កា​ចម្រុះ​ពណ៌​ជាច្រើន​ប្រភេទ​ត្រូវ​បាន​គេ​ដាំ​លម្អ​ជុំវិញ​ផ្ទះ​បុរាណ​នេះ​ដែល​សាយភាយ​ក្លិន​ដ៏​ក្រអូប​បង្ក​ឲ្យ​បរិយាកាស​ទាំងមូល​កាន់តែ​ស្រស់ស្រាយ​មួយ​កម្រិត​។

          ​ផ្ទះ​បុរាណ​ដែល​មាន​អាយុកាល​ជា​យូរឆ្នាំ​នេះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា​ ​«​អាសា​ណា​»​ ​ប្រែ​ពី​ពាក្យ​បាលី​សំស្ក្រឹត​ ​មានន័យថា​ ​ជារ​បៀ​បនៃ​ការ​អង្គុយ​របស់​មនុស្ស​ម្នា​ក់ៗ​។​ ​អាសា​ណា​ ​ក៏​ជា​បារ​លាក់ខ្លួន​មាន​ប្រជាប្រិយ​ភាព​មួយ​ ​ជាពិសេស​ ​ភ្ញៀវ​ដែល​មកកាន់​ទីនេះ​តែង​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី​ ​និង​អាច​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ទៀតផង​។​ ​បារ​ ​ដ៏​សែ​នរ៉ូ​មែន​តិកនេះ​បាន​បង្កើត​ឡើង​រយៈពេល​ ​៧ឆ្នាំ​មក​ហើយ​ ​ពោល​តាំងពី​ឆ្នាំ២០១២​ ​ក្រោម​ការគ្រប់គ្រង​របស់​ ​ស្ថាបនិក​ ​អ្នកស្រី​ ​អ៊ុន​ ​សុ​ផា​រី​ ​ជា​អ្នកជំនាញ​ក្នុង​ការបង្កើត​រូបមន្ត​ស្រា​ក្រ​ឡុក​ថ្មី​ៗ​ជាច្រើន​ប្រភេទ​ដែល​មាន​គ្រឿងផ្សំ​ពី​បន្លែ​ ​និង​ផ្លែឈើ​ធម្មជាតិ​ធ្វើឲ្យ​អ្នក​មិន​អាច​បំភ្លេច​នូវ​រសជាតិ​នោះ​ឡើយ​។​ ​ជាក់ស្តែង​ ​Little​ ​Sweet​ ​ជា​ស្រា​ក្រឡុក​មានការ​ពេញនិយម​ទទួលទាន​បំផុត​ ​ដែល​ផ្សំ​ចេញពី​ ​ខ្ជាយ​ ​ទឹក​អំពិល​ ​ល្មៀត​ ​និង​កម្រិត​ជាតិ​អាល់កុល​តិច​បំផុត​ ​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ​ឬ​ធ្វើឲ្យ​អ្នកមាន​អាការ​ធីងធោង​ ​ក្រោយ​ក្រោកពីដំណេក​នោះ​ឡើយ​។​ ​ជាមួយនឹង​បរិយាកាស​ដ៏​កម្រ​នេះ​ ​អ្នក​មិន​គួរ​រំលង​ ​ការ​ទស្សនា​នៃ​ការ​តុបតែង​ដ៏​ប្លែកភ្នែក​ដែល​មិនធ្លាប់​មាន​ ​រួម​ទាំង​ការ​តាំង​ផ្ទាំងគំនូរ​រូបថត​វីរបុរស​ខ្មែរ​ ​ប្រាសាទបុរាណ​ ​និង​ផ្ទាំងគំនូរ​ដទៃទៀត​ដែល​ធ្វើឲ្យ​អ្នក​នឹកឃើញ​ទិដ្ឋភាព​សំ​ខាន់​ៗ​នា​អតីតកាល​ ​ជាពិសេស​ ​ព្រឹត្តិ​ការណ៍​នៃ​សម័យ​អង្គរ​ផ្ទាល់​តែម្តង​។​ ​

          ​យ៉ាងណាមិញ​ ​បារ​ ​ដ៏រ៉ូ​មែន​តិក​នេះ​ ​មិន​ត្រឹមតែ​ផ្តល់​នូវ​បទពិសោធន៍​ ​និង​ផ្តល់​នូវ​បរិយាកាស​ដ៏​បរិសុទ្ធ​តែ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​វា​ក៏បាន​ផ្តល់​នូវ​ចំណេះដឹង​មួយចំនួន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ ​និង​ការ​ផ្សព្វផ្សាយ​អំពី​ ​អរិយធម៌​ ​ប្រពៃណី​របស់​ខ្មែរ​ទៅកាន់​ភ្ញៀវ​អន្តរជាតិ​ដែល​មក​ពី​តំបន់​ខុស​ៗ​គ្នា​លើស​កល​លោក​៕​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS