និមិត្តសញ្ញាប្រាក់រៀល និងសារុងខ្មែរក្នុងខូឡិកហ្សិនថ្មីមួយរបស់អ្នករចនាម៉ូដអាណិកជនខ្មែរអាមេរិក
FASHION & BEAUTY 5 years agoនិមិត្តសញ្ញា ប្រាក់រៀល «៛» និងក្រឡាសារុងខ្មែរត្រូវបានអ្នករចនាម៉ូដអាណិកជនខ្មែរអាមេរិកកាំងវ័យក្មេងមួយរូប បានរចនាបញ្ចូលក្នុងខូឡិកហ្សិនសម្លៀកបំពាក់របស់ខ្លួនមួយដែលមានឈ្មោះថា « Caro Capsule 1»។ ខូឡិកហ្សិនថ្មីនេះមានឈុតសម្លៀកបំពាក់ចំនួន ១៤ ឈុតច្នៃឡើងដោយអ្នករចនាម៉ូដវ័យក្មេង ខារ៉ូលីន សន (Carolyn Son)។ ក្នុងវ័យម្ភៃបួនឆ្នាំ ខារ៉ូលីន ធ្លាប់បំពេញការងារជាច្រើនក្នុងវិស័យហ្វេហ្សិននៅក្រៅប្រទេស ហើយដោយសារតែស្រលាញ់វប្បធម៌ប្រពៃណីនៃទឹកដីកំណើតរបស់ឳពុកម្តាយខ្លួននាឯខេត្តបាត់ដំបង អ្នករចនាម៉ូដរូបនេះមានបំណងចង់បង្កើតស្លាកយីហោមួយឈ្មោះថា «Caro» ដែលជាស្លាកយីហោ និមិត្តរូបនៃការលាយបញ្ចូលគ្នា រវាងវប្បធម៌ខ្មែរ និងទំនោរម៉ូដនាទីក្រុងញូវយ៉ក ។
«Carol Capsule 1»ជាការបង្កើតឡើងដោយផ្តោតសំខាន់លើប្រធានបទមួយដែល ខារ៉ូលីន បានហៅថា «ភាពសម្បូណ៌បែប និងភាពស្ងប់ស្ងាត់» (Abundant and meditation)។ ភាពស្ងប់ស្ងាត់គឺជាការជំរុញទឹកចិត្តមួយពីសំណាក់លោកឪពុកដែលធ្លាប់ជាព្រះសង្ឃ បានបណ្តុះគំនិតនិងអប់រំឲ្យចេះមានភាពអត់អោន និងយកចិត្តទុកដាក់ហើយរស់នៅជាមួយនឹងបច្ចុប្បន្នភាព។ ចំណែកឯប្រាក់រៀលខ្មែរ ជាគំនិតមួយដែលខារ៉ូលីន បានប្រាប់ថាជាការបង្កើតនិមិត្តរូបផ្ទាល់ខ្លួន ជាមួយនឹងភាពសម្បូរហូរហៀរនៃប្រាក់រៀលនៅកម្ពុជា ដែលអ្នកនឹងបានឃើញនូវសញ្ញាប្រាក់រៀលរំលេចទៅដោយពណ៌ទឹកមាសជាច្រើនរាយតាមជាយនៃសម្លៀកបំពាក់ផងដែរ។ ធ្លាប់ស្រមើស្រមៃនិងចង់បង្កើតខូឡិកហ្សិនមួយនេះអស់រយៈពេលពីរឆ្នាំ សម្លៀកបំពាក់ពហុវប្បធម៌ទាំងអស់នេះគ្រោងនឹងដាក់បង្ហាញក្នុងគេហទំព័រមួយនៅ ចុងខែ សីហានិងដើមខែកក្កដាខាងមុខនេះ។ នេះគឺជាឈុតសម្លៀកបំពាក់ដែលអាចប្រើប្រាស់គ្រប់ភេទមិនថាបុរសឬស្រ្តីនោះឡើយ។
នៅក្នុងទស្សនៈមួយជាអ្នករស់នៅក្នុងក្រុងញូវយ៉ក ប៉ុន្តែមានឈាមជ័រជាខ្មែរ ខារ៉ូលីន បានសម្តែងនូវសេចក្តីស្រលាញ់និងការគោរពលើវប្បធម៌របស់ខ្មែរ ហើយមានបំណងចង់ត្រលប់មកកម្ពុជាដើម្បីចែករំលែកបទពិសោធន៍ និងជំរុញលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយតាមរយៈការបង្រៀននៅតាមសាកលវិទ្យាល័យថែមទៀតផងដែរ៕
Article by KEO SONG