ក្លិនឈ្ងុយស្រួយឆ្ងាញ់ពីម្ទេសឆាអប់ទៅដោយខ្ទឹមបំពងរួមនឹងសណ្ដែកដីលីង
TRAVEL & LIVING 5 years ago ម្ទេសគឺជាគ្រឿងបន្ថែមរសជាតិម្យ៉ាងដែល មនុស្សភាគច្រើននិយមចូលចិត្តទទួលទានវា។ ក្រៅពីរសជាតិហឹរហើយនោះម្ទេសជាប្រភពនៃវីតាមីន A B C និង E និងសារធាតុរ៉ែជាច្រើនមានដូចជា molybdenum ម៉ង់ហ្គាណែស អាស៊ីតហ្វូលីក ប៉ូតាស្យូម Thiamine និងទង់ដែង ។ ម្ទេសមានបរិមាណវីតាមីន C ច្រើនជាងក្រូចចំនួនប្រាំពីរដង។ បើយើងនិយាយពីម្ទេសឆាវិញ អ្នកណាៗក៏ចូលចិត្តនិងនិយមទទួលទានផងដែរ ប៉ុន្តែសម្រាប់លេខថ្មីនេះ សូវរីន សូមលើកបង្ហាញពីគន្លឹះងាយៗក្នុងការឆាម្ទេសសណ្ដែកដីលីងមកបង្ហាញជូនមិត្តអ្នកអានទុកគ្រាន់ជាមេរៀនតូចមួយសម្រាប់យកទៅអនុវត្តន៍។
ជាដំបូងអ្នកអាចទិញម្ទេសស្រស់ចំនួនកន្លះគីឡូ បន្ទាប់មកបេះទងវាចេញរួចសឹមលាងទឹកចេញឱ្យស្អាតទុកឱ្យស្រក់ទឹក រួចយកម្ទេសទាំងនោះមកចិញ្ច្រាំឱ្យម៉ដ្ឋល្មម(កុំឱ្យម៉ដ្ឋពេក)។ ដោយឡែកគ្រឿងផ្សំដែលមិនអាចខ្វះបានមួយទៀតនោះគឺខ្ទឹមសចំនួនកន្លះគីឡូក្រាម ហើយបកសម្បកចេញ និងចិញ្រ្ចាំវាលៃយ៉ាងណាឱ្យប្រហាក់ប្រហែលជាមួយនឹងម្ទេសដែលយើងបានចិញ្រ្ចាំ។ បានជាយើងចិញ្ច្រាំម្ទេសនិងខ្ទឹមកុំឱ្យម៉ដ្ឋពេក ដោយសារតែពេលដែលយើងចិញ្ច្រាំវារាងដុំៗបន្តិចនៅពេលដែលយើងបំពងវាហើយ យកមកទទួលទានអ្នកនឹងទទួលបាននូវរសជាតិឈ្ងុយស្រួយឆ្ងាញ់ពីម្ទេសឆានិងខ្ទឹមបំពងតែម្តង។ គ្រឿងផ្សំមួយទៀតនោះគឺប្រេងឆា ប្រហែល៨០០ក្រាម យកទៅដាក់លើខ្ទះដែលកំពុងតែក្ដៅខ្លាំងបន្ទាប់មកចាក់ខ្ទឹមសដែលបានចិញ្ច្រាំរួចចូល និងបន្តបំពងវារហូតដល់ក្រហម(ពងកន្លាត)សឹមយើងចាក់ម្ទេសចូល បន្ទាប់មកយើងដាក់ប៊ីចេងចំនួន១ស្លាបព្រាកន្លះកូរឱ្យសព្វ។ ចំណុចពិសេសនៃការឆាម្ទេសសណ្ដែកដីលីងនេះគឺការគ្រប់គ្រងភ្លើងដែលជាធាតុផ្សំយ៉ាងចាំបាច់ក្នុងការចម្អិន ព្រោះកាលណាតែកម្ដៅភ្លើងខ្លាំងអាចធ្វើឱ្យម្ទេសវាឆាប់ខ្លោច។
ក្នុងការចម្អិនអ្នកអាចប្រើរយៈពេល៣០ទៅ៤០នាទី វានឹងឆ្អិនទៅតាមលំដាប់លំដោយហើយម្ទេសក៏វាក្រៀមស្រួយទៅតាមហ្នឹងដែរ។ គួរបញ្ជាក់ផងដែរថាក្នុងអំឡុងពេល៣០ទៅ៤០នាទីនេះ អ្នកមិនអាចដាក់វែកឆាចុះបានទេគឺត្រូវតែកូរវាទៅមកៗ ចូលដល់បាតខ្ទះរហូតទាល់តែវាឆ្អិន។ ក្នុងអំឡុងពេលឆាអ្នកគួរតែពិនិត្យផងដែរថា បើម្ទេសវារាងក្រៀមក្រហមក្រមៅហើយអ្នកគួរប្រញាប់ពន្លត់ភ្លើងចង្រ្កាន។ នៅគ្រឿងផ្សំដ៏ពិសេសមួយទៀតនោះគឺសណ្ដែកដីលីង អ្នកអាចដាក់វាទៅតាមបរិមាណដែលអ្នកចូលចិត្តបានឬបើផ្អែកតាមបរិមាណម្ទេសដែលសូវរីនបានបង្ហាញអ្នកអាចដាក់សណ្ដែកដីលីងចំនួន ៤០០ក្រាម។ នៅពេលដែលម្ទេសឆារបស់យើងបានបញ្ចប់បេសកកម្មនៅលើភ្លើងចង្ក្រានរួចហើយនោះ អ្នកអាចយកសណ្ដែកដីលីងដាក់ច្របល់ចូលជាមួយក៏បានប៉ុន្តែប្រសិនបើអ្នកគិតថាចំនួនម្ទេសទាំងនោះអ្នកមិនងាយទទួលទានអស់ អ្នកអាចចាំបន្ថែមសណ្ដែកដីលីងនៅខាងក្រៅក៏បាន ព្រោះបើអ្នកដាក់លាយចូលតែម្ដងវាអាចឆាប់ខូចរសជាតិសណ្ដែកដីវាទន់លែងសូវមានរសជាតិឆ្ងាញ់ពិសា៕