ថ្ងៃពិសេសដូចទិវានៃក្តីស្រលាញ់បែបនេះ តើអ្នកគួរទៅកន្លែងបែបណា?
TRAVEL & LIVING 5 years agoស្ទើរតែគ្រប់ប្រទេស ឬចម្រុះជាតិសាសន៍ទៅហើយដែលបានជ្រាបថាជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ គឺជាថ្ងៃដ៏ពិសេសដែលត្រូវបានគេកំណត់ថាជាទិវានៃសេចក្តីស្រលាញ់ ឬ Valentine’s Day សម្រាប់ថ្ងៃដ៏ពិសេសនេះ មនុស្សម្នាជាច្រើនបានរៀបចំនូវអនុស្សាវរីយ៍ ទីកន្លែងដែលប្រកបទៅដោយភាពរ៉ូមែនតិកសម្រាប់មនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ សាច់ញាតិជាដើម។ ទន្ទឹមនឹងនៅក្នុងថ្ងៃនេះ សូវរីន នឹងណែនាំនូវទីកន្លែងមួយចំនួនដែលផ្តល់នូវភាពងាយស្រួលក្នុងការចំណាយពេលវេលារបស់អ្នកជាមួយនឹងមនុស្សជាទីស្រលាញ់ បើទោះបីអ្នកធ្វើការមួយចំនួនទំនេរត្រឹមតែ១ម៉ោង ឬ២ម៉ោងនាថ្ងៃត្រង់ក៏ដោយ ក៏អ្នកនៅតែអាចចំណាយពេលវេលាជាមួយនឹងមនុស្សសំខាន់ផងដែរ។
១. ភោជនីយដ្ឋាន ម្លិះ (Malis Restaurant)
បរិយាកាសស្រស់បំព្រង រួមនឹងក្លិនផ្កាដ៏ក្រអូបដែលមាននៅក្នុងភោជនីយដ្ឋានម្ហូបខ្មែររះចំកណ្តាលរាជធានីភ្នំពេញ ម្លិះ (Malis Restaurant) ជាភោជនីយដ្ឋានដែលស័ក្តិសមបំផុតសម្រាប់នៃថ្ងៃសេចក្តីស្រលាញ់ ក៏ព្រោះតែភោជនីយដ្ឋានដ៏មានប្រជាប្រិយនេះបានបម្រើនូវម្ហូបខ្មែរជាច្រើនមុខដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាទីនេះជាគេហដ្ឋានរបស់អ្នកពិតៗតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចពិភាក្សាការងារបណ្តើរ ទទួលទានអាហារដ៏មានឱជារសបណ្តើរផងដែរ ទោះបីជាអ្នកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងថ្ងៃពិសេសសម្រាប់អ្នករួមការងារ ឬគ្រួសារពិតមែន ប៉ុន្តែជាមួយនឹងបទពិសោធន៍ថ្មីនៃការទទួលទានអាហារនេះនឹងផ្តល់ជាបទពិសោធន៍យ៉ាងល្អសម្រាប់អ្នក ក៏ដូចជាមនុស្សសំខាន់របស់អ្នកដែរ។ យ៉ាងណាមិញ អ្នកបានចំណាយពេលវេលាជាមួយនឹងមនុស្សសំខាន់របស់អ្នកត្រឹមរយៈពេលមួយម៉ោងក៏មានន័យសម្រាប់យ៉ាងដូច្នេះ។
២. ភោជនីយដ្ឋាន តូប៉ាស (Topaz Restaurant)
ប្រសិនបើប្រិយមិត្តជាអ្នកចូលចិត្តទទួលទានអាហារអ៊ឺរ៉ុបដែលមានរសជាតិឆ្ងាញ់ពិសា សូវរីនមានសោមនស្សរីករាយបំផុតក្នុងការណែនាំអ្នកមកកាន់ភោជនីយដ្ឋាន តូប៉ាស (Topaz Restaurant)។ ជាភោជនីយដ្ឋានរសនិយម មានការតុបតែងបែបសហសម័យ ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម។ ម៉្យាងវិញទៀត អាហារដែលបានបម្រើទីនេះមានការសម្រិតសម្រាំងយ៉ាងខ្ពស់ក្នុងការចម្អិនម្ហូបនីមួយៗ ជាពិសេសតូប៉ាស មានការរៀបចំយ៉ាងល្អប្រណីតសម្រាប់បន្ទប់ប្រជុំពិភាក្សាពិសាភោជនាហារជាលក្ខណៈឯកជនផងដែរ។
៣. Veata SkyLounge & Restaurant)
សូវរីន ជឿថាប្រិយមិត្តកំពុងស្វែងរកនូវទីតាំងដែលប្រកបដោយខ្យល់អាកាសបរិសុទ្ធ ជាអំណោយផលដ៏មានតម្លៃពីធម្មជាតិ តើមែនដែរទេ? ប្រសិនបើយ៉ាងដូច្នេះ អ្នកគួរសាកល្បងមកទទួលយកនូវបទពិសោធន៍ថ្មីនៃការទទួលទានអាហារ និងក្រេបរសជាតិភេសជ្ជៈជាច្រើនប្រភេទដែលមាននៅវាតា។ ស្ថិតនៅក្នុងទីនេះផងដែរ អ្នកមិនត្រឹមតែអាចទទួលទានអាហារ ឬភេសជ្ជៈបណ្តើរតែម៉្យាងនោះទេ ប៉ុន្តែអ្នកអាចគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃទន្លេមេគង្គ ជាមួយនឹងការរៀបចំបែបរ៉ូមែនតិកពីត្រើយម្ខាងនៃទីក្រុងភ្នំពេញនាឯជ្រោយចង្វារថែមទៀតផង។ សូវរីន ជឿថាអ្នកនឹងមិនខកបំណកក្នុងការចំណាយពេលវេលាដ៏មានតម្លៃនេះឡើយ មិនត្រឹមតែប៉ុណ្ណោះ វាតា ក៏មានការប្រគុំតន្ត្រីផ្ទាល់ផងដែរ ហើយនេះជាផ្នែកមួយដែលកាន់តែធ្វើឲ្យបរិយាកាសកាន់តែមានភាពរ៉ូមែនតិកបន្ថែមទៀត។
៤. សេឡេសស្កាយបារ (Celeste Skybar)
ស្ថិតនៅជាន់ទី ៤៣ នៃអគារផេនហោសន៍ (The Pent house Residence) ទល់មុខសណ្ឋាគារសូហ្វីតែលភ្នំពេញ សេឡេស គឺជាបារ និងភោជនីយដ្ឋានដែលធ្វើចលនាវិល ៣៦០ ដឺក្រេដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ខណៈពេលដែលថ្ងៃនៃសេចក្តីស្រលាញ់មួយឆ្នាំមានតែម្តង អ្នកមិនគួររំលងទីនេះនោះទេ ក៏ព្រោះតែ សេឡេស ជាបារដ៏ទំនើបដែលបង្ហាញទិដ្ឋភាពជុំវិញនៃទីក្រុងភ្នំពេញទាំងមូលក្នុងរយៈពេល៣០នាទីម្តង។ ដូច្នេះ សេឡេស មិនត្រឹមតែជាបាររ៉ូមែនតិកតែម៉្យាងនោះទេ ប៉ុន្តែ សេឡេស ជាបារមួយដែលមានលក្ខណៈពិសេសខុសពីបារដ៏ដទៃដែលពុំធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ ជាពិសេស វាកាន់តែញុំាងឲ្យបរិយាកាសរបស់អ្នករឹតតែពិសេស។
៥. វេហា (Vehaa Restaurant &Bar)
ភោជនីយដ្ឋាន និង បារលើអាកាស វេហា ចាប់ផ្តើមបើកដំណើរការណ៍នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ គឺជាប្រភេទភោជនីយដ្ឋាន និងបារលើដំបូលអគារ ដែលមានទីតាំងស្ថិតនៅជាន់ទី៩និងទី១០ក្នុងអគារដ៏ទាក់ទាញមួយដែលមានឈ្មោះថា ទ្រនំ ស្ថិតតាមបណ្តោយមហាវិថីសុធារសម្តុំអតីតអគារស (White Building)។ ភោជនីយដ្ឋាន និង បារ ជាទីខ្ពស់ហ៊ុំព័ទ្ធដោយខ្យល់អាកាស និងលម្អទៅដោយរុក្ខជាតិពណ៌បៃតងយ៉ាងរមនា។ ការរចនា និងការតុបតែងទីនេះ ជាអត្តសញ្ញាណខ្មែរទំនើប និងបរិស្ថានដែលរួមបញ្ចូលរវាងវត្ថុធាតុដើមធម្មជាតិ ជាពិសេស ភ្ញៀវដែលបានមកដល់ វេហា ទាំងអស់ប្រាកដជាទទួលបានភាពរីករាយត្រឡប់ទៅវិញដោយសាររសជាតិដ៏ឈ្ងុយឆ្ងាញ់នៃអាហារនិងភេសជ្ជៈដ៏មានឱជារសនៅទីនេះជាមួយនឹងគំនិតច្នៃប្រតិដ្ឋទំនើបនិយមផងដែរ៕
Article by PAN SIVLY