×

​មក​ស្គាល់​សារមន្ទីរ​ ​ស្រែ​អំពិល​ ​នៅ​ជិតបង្កើយ​ភ្នំពេញ​តែ​មិនសូវ​មាន​អ្នកទស្សនា​

TRAVEL & LIVING 4 years ago
 
 

           ​សារមន្ទីរ​ស្រែ​អំពិល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​វត្ត​ស្រែ​អំពិល​ ​ភូមិ​ស្រែ​អំពិល​ ​ឃុំ​ឈើទាល​ ​ស្រុក​កៀន​ស្វាយ​ ​ខេត្ត​កណ្តាល​ ​មាន​ចម្ងាយ​២​៣​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​តាមផ្លូវ​៣​៦​៩​ (​ផ្លូវ​ព្រែក​ប្រា​) ​ឬ​ ​ចម្ងាយ​ប្រមាណ​ ​២​៦​គីឡូម៉ែត្រ​ ​បើ​ជិះ​តាម​ផ្លូវជាតិ​លេខ​១​។​ ដើម្ប​ធ្វើដំណើរ​ទៅដល់​សារមន្ទីរ​នេះ​ ​លោកអ្នក​គួរ​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​ ​២​១​ ​បេ​ ​ព្រោះ​វា​មាន​ចម្ងាយ​ជិត​ជាង​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​១​។​ ​អ្នកដំណើរ​ត្រូវ​ឆ្លងស្ពាន​ព្រះ​មុនីវង្ស​ ​ឬ​ ​ស្ពាន​ច្បារអំពៅ​ ​រួច​បត់​ស្តាំ​តាមផ្លូវ​លេខ​៣​៦​៩​ ​ធ្វើដំណើរ​ត្រង់​រហូត​តាមផ្លូវ​វត្ត​ព្រែក​ប្រា​ជាប់​មាត់ទន្លេ​រហូតដល់​ទឹកដី​ឃុំ​ឈើទាល​ ​ស្រុក​កៀន​ស្វាយ​ ​ខេត្ត​កណ្តាល​។​ ​មកដល់​ចំណុច​ស្ថា​នី​យ៍​ប្រេងឥន្ធនៈ​ ​L​.​H​.R ​ជាប់នឹង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ​ឈើទាល​ ​លោកអ្នក​ត្រូវ​ងាកមើល​ឆ្វេងដៃ​ ​នឹង​ឃើញ​ខ្លោងទ្វារ​ ​«​វត្ត​ស្រែ​អំពិល​»​ ​ជាមិនខាន​។​ ​លោកអ្នក​ត្រូវ​បត់​ចូល​តាម​ខ្លោងទ្វារ​វត្ត​ ​ហើយ​បន្ត​ដំណើរ​ប្រមាណ​ ​២​.​៣​ ​គីឡូម៉ែត្រ​ ​ទើប​ឃើញ​វត្ត​ស្រែ​អំពិល​ ​និង​ស្លាក​សញ្ញា​សម្គាល់​សារមន្ទីរ​ស្រែ​អំពិល​ដែល​ស្ថិតនៅ​ក្នុង​វត្ត​តែម្តង​។

           ​​សារមន្ទីរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២​០​០​៦​ ​ជា​អគារ​មួយ​ជាន់​ផ្ទាល់​ដី​ ​មាន​បណ្តោយ​ ​១​០​.​៥​០​ ​ម៉ែត្រ​ ​ទទឹង​ ​៦​.​៥​០​ ​ម៉ែត្រ​ ​និង​ ​ក​ម្ពស់ ​៥​.​៨​០​ ​ម៉ែត្រ​ ​ស្ថិត​ក្រោម​គម្រោង​បុរាណ​វិទ្យា​និង​អភិ​រក្ស​ស្រែ​អំពិល​ក្នុង​គោលបំណង​ធានា​ឲ្យបាន​ការ​អភិ​រ​ឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅ​ស្ថា​នី​យ៍​បុរាណ​វិទ្យា​ស្រែ​អំពិល​។​ ​បើ​តាម​ការ​អះអាង​របស់​លោកតា​ ​រស់​ ឃឿ​ន​ ​ឆ្មាំ​អភិ​រក្ស​សារមន្ទីរ​ស្រែ​អំពិល​ ​កាលពីមុន​ ​សារមន្ទីរ​នេះ​ជា​សារមន្ទីរ​ឯករាជ្យ​របស់​សហគមន៍​ ​ប៉ុន្តែ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៥​ ​រហូតមកដល់​ពេល​សព្វថ្ងៃ​ ​សារមន្ទីរ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​​​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​។​ ​បើ​តាម​គម្រោង​ខាងលើ​ ​វា​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ ​ហ្វឹកហ្វឺន​ជំនាញ​ស្រាវជ្រាវ​ជា​អ​ចិន្រ្តៃយ៍​របស់​និស្សិត​បុរាណ​វិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​និង​អាច​សម្រាប់​និស្សិត​ជំនាញ​នរវិទ្យា​ ​និង​ ​ជំនាញ​ទេសចរណ៍​មកពី​សកលវិទ្យាល័យ​នានា​ផង​ដែរ​។​

លោកតា​ ​រស់​ ឃឿ​ន

           ​​លោកតា​បាន​បញ្ជាក់​ថា​ ​សព្វថ្ងៃនេះ​ ​សារមន្ទីរ​នេះ​មាន​ឆ្មាំ​ការពារ​ចំនួន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ ​ហើយ​ភាគច្រើន​ពួកគាត់​ប្រចាំការ​តែ​ពេលព្រឹក​ប៉ុណ្ណោះ​ ​រីឯ​ពេលរសៀល​ពួកគាត់​ច្រើនតែ​ចុះ​បេ​ស​សក​កម្ម​ទៅតាម​មូលដ្ឋាន​ទីតាំង​ទួល​បុរាណ​ដែល​ស្ថិតនៅ​ក្នុង​បរិវេណ​តំបន់​បុរាណ​វិទ្យា​អំពិល​នោះ​។​ ​នៅ​តំបន់​ជុំវិញ​សារមន្ទីរ​នេះ​ ​មាន​ទួល​បុរាណ​ចំនួន​រហូត​ ​៤​៤​ ​ទីតាំង​ដែល​ត្រូវ​បាន​ចុះទៅ​ក្នុង​បញ្ជី​ស្ថិតិ​របស់​​​ក្រសួង​វប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ ​។​ ​ប៉ុន្តែ​យោង​តាម​ព្រឹត្តិប័ត្រ​ព័ត៌មាន​ ​«​សារមន្ទីរ​ស្រែ​អំពិល​»​ ​ជា​ភាសា​អង់គ្លេស​ ​បោះពុម្ពផ្សាយ​ដោយ​មជ្ឈមណ្ឌល​ខេមរ​សិក្សា​ (CKS) ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​Ford​ ស្ថា​នី​យ៍​បុរាណ​វិទ្យា​ ​ស្រែ​អំពិល​ ​មាន​ទួល​បុរាណ​រហូតដល់​ ​៨​៦​ ​ទីតាំង​ (​បញ្ជី​ផែនទី​បោះពុម្ពផ្សាយ​ឆ្នាំ​២​០​០​៤​) ​ដូចជា​ ​ទួល​អ្នកតា​ស្វា​ ​ទួល​តា​កុក​ ​ទួល​យាយ​មេ​ ​ទួល​យាយ​គិ​ន​ ​ទួល​មហាឧត្តម​ ​ទួល​ត្រពាំង​ម្លិះ​ ​ទួល​បូ​រ​មី​ ​ទួល​គោក​បន្ទាយ​ ​ទួល​ម្កាក់​ ​ទួល​កសិករ​ ​ទួល​គោក​អំពិល​ ​ទួល​ច្រម​ចក​ ​ទួល​គោក​សេដា​ ​ទួល​ថ្ម​រប​ ​ជាដើម​ ​។​

           ​​លោកតា​ ​រស់​ ឃឿ​ន​ ​បាន​រាយការណ៍​ថា​ ​បុរាណភណ្ឌ​ដែល​ត្រូវ​បាន​ប្រមូល​ទុក​តាំងនៅ​ក្នុង​សារមន្ទីរ​ស្រែ​អំពិល​នេះ​សុទ្ធសឹងតែ​ជា​វត្ថុបុរាណ​ត្រូវ​បាន​ជីក​រក​បាន​នៅ​ទី​ទួល​បុរាណ​និង​បរិវេណ​ដី​របស់​អ្នកភូមិ​ក្នុង​ ​តំបន់​ស្រែ​អំពិល​នេះ​ផ្ទាល់​តែម្តង​ ​មិន​មាន​វត្ថុបុរាណ​ពី​ខាងក្រៅ​យកមក​រក្សាទុក​លាយឡំ​នៅ​ទីនេះ​ឡើយ​។​ ​បុរាណភណ្ឌ​ទាំងអស់​ត្រូវ​បាន​បែងចែក​ជា​បួន​សម័យកាល​សំខាន់​ៗ​ ​ដែល​ក្នុង​នោះ​រួម​មាន​ ​សម័យ​បុរេប្រវត្តិ​សា​ស្រ្ត ​សម័យ​បុ​រេ​អង្គរ​ ​សម័យ​អង្គរ​ ​និង​ ​សម័យ​ក្រោយ​អង្គរ​ ​។​ ​វត្ថុបុរាណ​ទាំងនោះ​មាន​ដូចជា​ ​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​ (​ឧទាហរណ៍​ ​ផ្លែ​ពូថៅ​ ​ថ្ម​កិន​ថ្នាំ​ ​ក្រឡ​ ​ជាដើម​) ​បំណែក​សិលាចារិក​ ​សិវលិង្គ​ ​ស្នាន​ទ្រោ​នី​ ​ឬ​ ​យោនី​ ​។​ល​។​ ​ម​ន្រ្តី​របស់​​​ក្រសួង​តែងតែ​ចុះ​អធិការកិច្ច​បុរាណវត្ថុ​នៅ​ក្នុង​សារមន្ទីរ​នេះ​មួយ​ឆ្នាំ​ម្តង​ជា​រៀងរាល់​ឆ្នាំ​។​ ​ដោយឡែក​ ​ភ្ញៀវ​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​នេះ​ភាគច្រើន​មានតែ​និស្សិត​ដែល​មកពី​សាកលវិទ្យាល័យ​ពាក់ព័ន្ធ​ ​និង​ ​មាន​ជនបរទេស​ខ្លះ​ផង​ដែរ​។​ ​ជាមធ្យម​ ​មាន​ភ្ញៀវ​មក​ទស្សនា​សារមន្ទីរ​នេះ​ប្រមាណ​៤​០​នាក់​ក្នុង​មួយ​ខែ​។​

           ​​ប្រភព​ដដែល​ក៏បាន​បន្ថែម​ដែរ​ថា​ ​បច្ចុប្បន្ន​សារមន្ទីរ​ក៏​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ធំ​ៗ​ចំនួន​បី​ ​រួម​មាន​ ​បញ្ហា​អំពូល​អគ្គីស​នី​ខូច​ ​បញ្ហា​ជញ្ជាំង​អគារ​ប៉ែក​ខាងត្បូង​ជាប់នឹង​ទ្វារ​ចូល​ប្រេះ​ស្រាំ​ដោយអន្លើ​ ​និង​ ​បញ្ហា​ទ្វារ​មួយ​នៅ​ជ្រុង​ខាងកើត​អគារ​ខូចខាត​។​ ​បញ្ហា​ទាំង​បី​ខាងលើ​ត្រូវ​បាន​រាយការណ៍​ស្នើ​ជូន​ក្រសួង​វប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ​រួចមក​ហើយ​ ​ប៉ុន្តែ​កំពុង​ស្ថិត​ក្នុង​ការ​រង់ចាំ​ពុំទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។​ ​ជាចុងក្រោយ​ ​លោកតា​ឆ្មាំ​សារមន្ទីរ​នេះ​បាន​ធ្វើសំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​មេត្តា​ជួយ​ដាក់​ត​ម្លើ​ង​ស្លាក​សញ្ញា​សម្គាល់​សារមន្ទីរ​ឲ្យបាន​ធំ​ៗ​នៅតាមផ្លូវ​ជាតិ​ដើម្បីឲ្យ​អ្នកដំណើរ​ជិត​ឆ្ងាយ​ចូល​មក​ទស្សនា​ស្វែងយល់​អំពី​ស្លាកស្នាម​ប្រវត្តិ​សា​ស្រ្ត ​និង​ ​បុរេប្រវត្តិ​សា​ស្រ្ត​នៅ​ទីនេះ​កាន់តែ​បាន​ច្រើន​ដូច​សារមន្ទីរ​ដទៃ​ ​ព្រោះ​សព្វថ្ងៃ​អ្នកដំណើរ​ច្រើនតែ​ឆៀងចូល​មក​ទស្សនា​សារមន្ទីរ​នេះ​ពេល​រដូវ​បុណ្យទាន​ ​ជាពិសេស​ ​រដូវ​បុណ្យភ្ជុំបិណ្ឌ​ ​តែប៉ុណ្ណោះ​ ​ព្រោះ​វា​ស្ថិតនៅ​ក្នុង​បរិវេណ​វត្ត​ស្រាប់​។​ ​ឯ​ថ្ងៃ​ធម្មតា​ ​ទីនេះ​មាន​សភាព​ស្ងប់ស្ងាត់​ ​គ្មាន​មនុស្សម្នា​មក​ទស្សនា​ឡើយ​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN


SUGGESTIONS