×

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​រឹង​មាំ​ប្រឆាំង​នឹង​មេរោគ​បាន​?

TRAVEL & LIVING 4 years ago
 
 

          ក្រៅ​ពី​ការ​ពាក់ម៉ាស់​និង​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាងកាយ​របស់​យើង​ក៏​ជា​កត្តា​មួយ​ជួយ​ឲ្យ​យើង​អាច​រួចផុត​ពី​ វីរុស​ដែល​កំពុង​រាតត្បាត​ជា​សកល​ កូវីដ-១៩ ឬ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះផង​ដែរ​។ តាម​ការ​ប្រកាស​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យដឹង​ថា ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ​ អាច​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ប្រសិន​បើ​ពួក​គេ​បាន​ឆ្លងវីរុសកូវីដ​១៩ នេះ។ ដូច្នេះ​តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​យើង​មាន​ភាព​រឹងមាំល្អ​? វេជ្ជបណ្ឌិត​ជា​ច្រើន​បាន​ណែនាំ​ដូចតទៅ​៖

          ញ៉ាំបន្លែ ផ្លែឈើ​និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន​: បន្លែ​និង​ផ្លែឈើ​គ្រប់​ប្រភេទ​សុទ្ធតែ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខ​ភាព​រាង​កាយ​របស់​មនុស្ស។ បន្លែពណ៌​បៃតង​សំបូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ខ្ពស់​ដើម្បី​ជួយ​ជំរុញ​ឲ្យ​សារ​ពាង្គកាយ​មាន​ភាព​រឹងមាំ​ រីឯ​ផ្លែឈើ​តួរ​យ៉ាង​ដូចជា​ផ្លែប៉ោម​ ផ្លែ​ចេក​ ផ្លែសារី និង​ផ្លែឈើ​ជា​ច្រើន​ទៀត​ពោរពេញ​ទៅ​ដោយ​វីតាមីន​ដែល​ជួយ​ឲ្យ​សុខភាព​មាន​ភាព​មាំទាំល្អ​។ ចំណែក​ឯគ្រាប់​ធុញ្ញជាតិ​ ដូច​ជា​គ្រាប់​អាល​ម៉ុន​ គ្រាប់​ផ្កាឈូក​រ័ត្ន​ សំបូរ​ទៅ​ដោយ​សារធាតុ​ប៉ូតា​ស្យូម​ ដែល​ជួយ​ឲ្យ​សន្លាក់​រឹងមាំ​ ការពារ​ភាព​ស្ពឹក​ដៃ​ស្ពឹកជើង​ និង​អាចជួយ​ប្រឆាំង​នឹង​មេរោគ​ខ្លះផងដែរ​។

          ឧស្សាហ៍ហាត់ប្រាណ: យ៉ាង​តិច​ណាស់​សាម​សិប​នាទី​ក្នុង​មួយថ្ងៃ ​ការ​ហាត់ប្រាណ​ដូចជា​ ការដើរ ការរត់ ជិះកង់​និង​សកម្មភាព​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​សារពាង្គកាយ​អាច​បញ្ចេញ​ជាតិ​ញើស​បាន​គឺ​សុទ្ធសឹង​តែ​ជា​កាយ​វិការ​មួយ​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​សុខ​ភាព​ល្អ​។ ពី​ព្រោះ​នៅ​ពេល​ដែល​យើង​ហាត់​ប្រាណ​ ជាតិ​ញើស​ដែល​ចេញ​ពី​រាងកាយ​របស់​យើង​នឹង​នាំ​មក​ជា​មួយ​នូវ​ជាតិពុល​ដែល​រំខាន​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ចេញ​ផងដែរ​។ ដូច្នេះ​ប្រសិន​បើ​លោក​អ្នក​មិន​អាច​ចេញ​ទៅ​ហាត់​ប្រាណ​នៅ​ក្លិប​កីឡា​ក្តី​ក៏​លោក​អ្នក​គួរ​តែ​ឆ្លៀត​ហាត់ប្រាណ​នៅ​ក្នុង​បរិវេណ​ផ្ទះតាម​តែ​អាច​ធ្វើ​ទៅ​បាន​។

          ញ៉ាំទឹកឲ្យបានច្រើន: ជាទូ​ទៅ​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​មនុស្ស​យើង​បរិភោគ​ទឹក​ស្អាត​យ៉ាង​ហោច​ណាស់​ពីរ​លីត្រ​ក្នុង​មួយថ្ងៃ​។ ការ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​គឺ​ដើម្បី​ឲ្យ​ស្បែក​មាន​សំណើម​ និង​រាងកាយ​អាច​បញ្ចេញ​ជាតិ​ញើស​បាន​។ ក៏​ប៉ុន្តែ​ ប្រសិន​បើ​អ្នក​បរិភោគ​ទឹកកក​ឬ​ទឹក​ត្រជាក់​ខ្លាំង​ជារៀង​រាល់ថ្ងៃ​វា​បែរ​ជា​បង្កនូវ​ហានិភ័យ​ដល់​សុខភាព​ទៅ​វិញ​ទេ​ ព្រោះ​ទឹកកក​ឬទឹក​ត្រជាក់​អាច​ប៉ះពាល់​ដល់​បំពង់​ក ប្រសិន​បើ​ធ្ងន់ធ្ងរ​វានឹង​ធ្វើឲ្យ​បំពង់ក​ រលាក​ឬ​មាន​ជំងឺ​ផ្សេង​វិញបាន​។ ក្រុម​គ្រូពេទ្យ​ណែនាំ​ឲ្យ​ពិសារ​ទឹក​តែក្តៅ​ ពីព្រោះ​វា​ជួយ​ដល់​ប្រព័ន្ធ​ដំណើរ​ការ​ឈាមរត់​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​សុខភាព​ល្អផងដែរ​។

          ត្រូវឲ្យស្បែកប៉ះពន្លឺថ្ងៃខ្លះ: ពន្លឺ​ព្រះអាទិត្យ​នៅ​ពេល​ព្រឹក​គឺ​ជា​ពន្លឺ​ដ៏​ល្អ​សម្រាប់​រាងកាយ​មនុស្ស។​ ប្រសិន​បើ​វាប៉ះ​នឹង​ស្បែក​របស់​យើង​ វា​នឹង​ធ្វើ​សំយោគ​ប្រតិកម្ម​កោសិការ​ស្បែកចាស់ៗ​ក្លាយ​ជា​វីតាមីនដេ​ (Vitamine D) ដែល​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​។ ការ​ឲ្យ​ស្បែក​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក​រយៈ​ពេល​ ១៥នាទី​គឺ​ជា​សកម្មភាព​មួយ​ដ៏​ល្អ​សម្រាប់​ជំនួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ ក៏ប៉ុន្តែ​ពន្លឺព្រះអាទិត្យ​ដែល​ចាំង​ចាប់​ពីម៉ោង១១​ថ្ងៃត្រង់​ទៅ​ វានឹង​ធ្វើឲ្យ​ខូច​ស្បែកវិញ​។ ពីព្រោះ​កាំរស្មី​ យូវី របស់​ព្រះអាទិត្យ​ដែល​ក្តៅខ្លាំង​នឹង​ធ្វើ​ឲ្យ​កោសិការ​ស្បែក​ខូចជាំ​ជ្រាវ​ជ្រួញ​និង​រាងកាយ​ទន់​ខ្សោយ​ផងដែរ​។

           សម្រាកឲ្យបានគ្រប់គ្រាន់: ការ​សម្រាក​គឺ​ជា​រឿង​សំខាន់​។ សម្រាក​យ៉ាង​ហោច​ណាស់​៧ម៉ោង​ក្នុង​មួយ​យប់​សម្រាប់​មនុស្ស​ពេញវ័យ​នឹង​ធ្វើឲ្យ​អាវយាវ​ មាន​ពេល​សម្រាក​ផងដែរ​។ រីឯ​ការ​សម្រាក​នៅពេល​ថ្ងៃពី ៣០នាទី ទៅ១ម៉ោង​ ឬហៅ​ម្យ៉ាង​ទៀត​ថា​គេង​មួយ​ស្របក​ចាប់ពី​ ម៉ោង ១២ ដល់ម៉ោង ៣ថ្ងៃ ក៏ជា​រឿង​ល្អដែរ​។ ក៏​ប៉ុន្តែ​ប្រសិន​បើ​សម្រាក​ពេលថ្ងៃ​ជា​រៀង​រាល់ថ្ងៃ​ពេក​នោះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​សរសៃ​ប្រសាទ​នៅ​ពេល​ចាស់​ទៅ​។ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​យើង​សម្រាក​ពេល​ថ្ងៃ​ ពី ២ ទៅ ៣ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ហើយ​ការ​សម្រាក​ម្តង​ពី​ ៣០នាទី ទៅ ១ម៉ោង នឹង​ធ្វើ​ឲ្យ​ស្មារតី​នឹង​នរល្អ​។

          គិត​រឿងល្អៗ​ឲ្យ​បាន​ច្រើន​: ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​មាន​ភាព​រឹងមាំ​ល្អ​យើង​មិនមែន​ពង្រឹង​តែ​សុខភាព​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ​ តែ​សុខភាព​ផ្លូវចិត្ត​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ហ្វឹក​ហាត់ផងដែរ​។ អារម្មណ៍ស្រ្តេស​ពេក​ ឆាប់ខឹង ឆេវឆាវ និង​គិត​រឿង​ដែល​មិន​ល្អ​ច្រើន​ពេក​ក៏​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ផងដែរ​៕

Article by KEO SONG


SUGGESTIONS