សារផ្តាំផ្ញើរបស់អង្គការសុខភាពពិភពលោកដល់មហាជនប្រយុទ្ធប្រឆាំងជំងឺ COVID-19
TRAVEL & LIVING 4 years agoកន្លងមកនេះ អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ច្បាស់ជាទទួលបាននូវព័ត៌មានទាក់ទងនឹងសុខភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ពាក់ព័ន្ធនឹងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីឈ្មោះ កូរ៉ូណា (Corona Disease) ឬ Covid 19 រួចមកហើយតាមរយៈការនិយាយប្រាប់តៗគ្នា និង តាមរយៈការផ្សព្វផ្សាយជាផ្លូវការ និងមិនផ្លូវការនៅតាមបណ្តាញសង្គមនានានៅពេលកន្លងមក។យ៉ាងណាមិញក្នុងអំឡុងពេលនៃការផ្ទុះឡើង នៃជំងឺមួយប្រភេទនេះនៅក្នុងប្រទេសកម្ពុជាយើង គេហទំព័រទស្សនាវដ្តីសូវរីនសូមបង្ហាញនូវសារជាផ្លូវការរបស់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO មកកាន់ប្រជាជនទូទាំងពិភពលោក ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ស្ថាប័ននេះកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
១. លាងដៃឲ្យបានញឹកញាប់
លាងដៃអ្នកឲ្យបានស្អាតត្រឹមត្រូវជាប្រចាំជាមួយនឹងអាល់កុលដោយមិនបាច់ប្រើទឹក ឬ លាងសម្អាតដៃរបស់អ្នកដោយប្រើទឹកនិងសាប៊ូលាងដៃ។ ហេតុអ្វី? ការសម្អាតដៃជាមួយនឹងអាល់កុល ឬ លាងដៃដោយប្រើទឹកនិងសាប៊ូជួយសម្លាប់វីរុសដែលអាចទំជាប់នឹងដៃរបស់អ្នកបាន។
២. ថែរក្សាគម្លាតចម្ងាយពីសង្គម
រក្សាគម្លាតពីគ្នាក្នុងចម្ងាយយ៉ាងហោចណាស់១ម៉ែត្រពីអ្នកដែលកំពុងក្អក ឬ កណ្តាស់។ ហេតុអ្វី? ពីព្រោះនៅពេលដែលនរណាម្នាក់កំពុងក្អក ឬ កណ្តាស់ ពួកគេនឹងធ្វើឲ្យខ្ទាតតំណក់ទឹកតូចៗចេញពីមាត់ ឬច្រមុះដែលអាចមានផ្ទុកវីរុសកូរ៉ូណា។ ដូចនេះប្រសិនបើលោកអ្នកស្ថិតនៅកៀកជិតជាមួយអ្នកទាំងនោះ អ្នកអាចនឹងដកដង្ហើមចូលនូវតំណក់ទឹកទាំងនោះដែលផ្ទុកវីរុសជាយថាហេតុប្រសិនបើបុគ្គលដែលក្អកឬ កណ្តាស់នោះកំពុងមានជំងឺ។
៣. ចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ និងមាត់
លោកអ្នកមិនត្រូវប៉ះពាល់ភ្នែក ច្រមុះ និងមាត់នោះទេ ពីព្រោះដៃរបស់អ្នកបានចាប់កាន់ ឬ ប៉ះពាល់វត្ថុជាច្រើនហើយអាចចម្លងមេរោគជាច្រើនមកបាន។ តាមរយៈនេះនៅពេលដែលដៃប្រែជាកខ្វក់ហើយនោះ ដៃអាចចម្លងមេរោគនោះទៅកាន់ភ្នែក ច្រមុះ និងមាត់ ហើយបន្តឆ្លងចូលទៅក្នុងរាងកាយរបស់អ្នកបណ្តាលឲ្យអ្នកមានជំងឺជាមិនខាន។
៤. អនុវត្តអនាម័យផ្លូវដង្ហើម
ធានាឲ្យបានថាអ្នកនិងមនុស្សជុំវិញខ្លួនអ្នកប្រកាន់ខ្ជាប់នូវអនាម័យផ្លូវដង្ហើមជានិច្ច។ នេះមានន័យថា ខ្ទប់មាត់និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬ ក្រដាសជូតមាត់នៅពេលអ្នកក្អក ឬ កណ្តាស់។ បន្ទាប់មក ត្រូវបោះចោលក្រដាសជូតមាត់ដែលបានប្រើរួចភ្លាមៗជាបន្ទាន់។ ហេតុអ្វី? ពីព្រោះទឹកមាត់ និង ទឹកសំបោរ អាចធ្វើឲ្យវីរុសសាយភាយ។ តាមរយៈការអនុវត្តអនាម័យផ្លូវដង្ហើម លោកអ្នកពិតជាអាចជួយមនុស្សជុំវិញខ្លួនអ្នកពីជំងឺជាច្រើន ដូចជា ជំងឺផ្តាសាយ ជំងឺគ្រុនផ្តាសាយធំ និង ជំងឺ Covid-19 ។
៥. ស្វែងរកការថែទាំវេជ្ជសាស្រ្តឲ្យបានឆាប់បំផុត
សូមមេត្តាសម្រាកនៅផ្ទះ ប្រសិនបើលោកអ្នកមានអារម្មណ៍ថាមិនសូវស្រួលខ្លួន។ ប្រសិនបើអ្នកក្តៅខ្លួន ក្អក និងពិបាកដកដង្ហើម សូមស្វែងរកការជំនួយផ្នែកវេជ្ជសាស្រ្តនិងទាក់ទងទៅកាន់ពួកគេជាមុន។ សូមធ្វើតាមបទបញ្ជារបស់មន្រ្តីសុខាភិបាលនៅក្នុងតំបន់របស់លោកអ្នក។ ហេតុអ្វី? ពីព្រោះមន្រ្តីសុខាភិបាលថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋានតំបន់ក្តាប់បានព័ត៌មានថ្មីចុងក្រោយបំផុតដែលទាក់ទងនឹងស្ថានភាពសុខភាពនៅក្នុងតំបន់របស់លោកអ្នក។ សូមរាយការណ៍ទៅពួកគេដើម្បីឲ្យពួកគេបញ្ជូនអ្នកទៅកាន់មណ្ឌលសុខភាពដែលសមស្របបានឆាប់រហ័សទាន់ពេលវេលា។ វិធីនេះនឹងជួយការពារសុវត្ថិភាពរបស់អ្នកនិងជួយបង្ការការឆ្លងរីករាលដាលនៃវីរុសខាងលើនេះ។
៦. រង់ចាំស្តាប់ និងអនុវត្តតាមពាក្យណែនាំរបស់អ្នកផ្តល់សេវាកម្មសុខភិបាល
សូមមេត្តាតាមដានស្តាប់ស្ថានភាពវិវឌ្ឍន៍ថ្មីចុងក្រោយនៃជំងឺ Covid-19។ អនុវត្តតាមពាក្យណែនាំរបស់អ្នកផ្តល់សេវាកម្មសុខភាព មន្រ្តីសុខាភិបាលសាធារណៈនៅតាមតំបន់ ឬ ថ្នាក់ដឹកនាំស្ថាប័នរបស់អ្នកអំពីវិធីការពារខ្លួននិងមនុស្សជុំវិញពីជំងឺ Covid-19 នេះ។ ហេតុអ្វី? មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់នឹងទទួលបានព័ត៌មានថាតើជំងឺនេះមានរីករាលដាលឆ្លងនៅក្នុងតំបន់ដែលអ្នកកំពុងរស់នៅដែរឬទេ។ ពួកគេត្រូវបានចាត់បញ្ជូនមកដើម្បីអប់រំណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានតំបន់ថាតើពួកគាត់គួរធ្វើអ្វីខ្លះដើម្បីការពារខ្លួន៕
Article by SRIN SOKMEAN