វីតាមីន C គឺជាសារធាតុចិញ្ចឹមធម្មជាតិដ៏សំខាន់ដែលកើតឡើងដោយឯកឯងសម្រាប់បង្ការពីការកកើតផ្តាសាយតូចនិងគ្រុនផ្តាសាយធំ បង្កើតឡើងវិញនូវជាលិកាឆ្អឹងនិងសរសៃឈាម ព្រមទាំងបង្កើនសមត្ថភាពរបស់រាងកាយក្នុងការសំយោគជាតិកាល់ស្យូម។ ដោយសារតែ វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយសម្រាប់កម្ទេចរ៉ាឌីកាល់សេរី របបអាហារប្រចាំថ្ងៃដែលខ្វះវាអាចនាំឱ្យមានបញ្ហាសុខភាពក្នុងរយៈពេលខាងមុខ។ ជាក់ស្ដែងក្រុមប្រឹក្សាអាហារនិងអាហារូបត្ថម្ភនៅវិទ្យាស្ថានវេជ្ជសាស្ត្របានណែនាំថាយើងទាំងអស់គ្នាគួរតែបរិភោគអាហារដែលមានវីតាមីន C ជារៀងរាល់ថ្ងៃ ដែលជាទូទៅបុរសត្រូវការប្រហែល 90 មីលីក្រាម រីឯស្ត្រីត្រូវការ 75 មីលីក្រាម។ ដើម្បីកុំឲ្យប្រិយមិត្តអ្នកអានមានភាពច្របូកច្របល់ សូវរីននឹងបង្ហាញពីប្រភេទផ្លែឈើរបស់ខ្មែរដែលសម្បូរដោយសារធាតុវីតាមីន C ខ្ពស់ មកនិយាយប៉ុណ្ណោះ ក្រៅពីផ្លែក្រូចផងដែរ។
ផ្លែម្នាស់៖
ជាប្រភេទផ្លែឈើតំបន់ត្រូពិច ស្រស់ និងសម្បូរទឹក ដែលជាទូទៅវាមានផ្ទុកវីតាមីន C ចំនួន 79 មីលីក្រាមក្នុងមួយពែង។ មិនដូចជាផ្លែឈើដទៃទៀត ផ្លែម្នាស់ផ្ទុកបរិមាណអង់ស៊ីម Bromelain ក្នុងកម្រិតមួយដែលអាចជួយដល់ការរំលាយប្រូតេអ៊ីន បំបែកអាហារ (ជាតូចៗ) និងកាត់បន្ថយការហើមពោះក្នុងរាងកាយ។ អង់ស៊ីម Bromelain នេះដែរក៏ដើរតួជាអ្នកប្រឆាំងនឹងការរលាកដោយឯកឯងដែលអាចជួយឲ្យប្រិយមិត្តត្រលប់មកសភាពដើមវិញយ៉ាងលឿនបន្ទាប់ពីការធ្វើលំហាត់ប្រាណ។
ផ្លែល្ហុង៖
ផ្ទុកទៅដោយវីតាមីន C ខ្ពស់ ដែលក្នុងមួយផ្លែតូចរបស់វាអាចផ្ដល់ឲ្យ100% នៃបរិមាណចាំបាច់សម្រាប់ទ្រទ្រង់រាងកាយជាប្រចាំ។ ក្រៅពីផ្ទុកវីតាមីន C ផ្លែល្ហុងក៏សម្បូទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្មដទៃទៀតដូចជាវីតាមីន A និងជាតិសរសៃ។ តាមរយៈការស្រាវជ្រាវបានបង្ហាញថា ដោយសារតែវាមានអង់ស៊ីម Papain និង Chymopapain វាជាអ្នកជួយបន្ថយឬបំបាត់ការរលាកឬវីរុសដែលមានក្នុងរន្ធ (នៅក្នុង) ឆ្អឹង (Sinuses) ហើយធ្វើអោយស្បែកស្រស់ថ្លានិងពង្រឹងឆ្អឹងឲ្យរឹងមាំ។
ផ្លែត្របែក៖
បើធៀបផ្លែត្របែកទៅនឹងផ្លែក្រូច គេសង្កេតឃើញថាមួយផ្លែត្របែកមានបរិមាណវីតាមីន C ច្រើនជាងដល់ទៅ 4 ដងនៃផ្លែក្រូច (មួយផ្លែដូចគ្នា)។ មិនមែនតែសាច់ផ្លែត្របែកទេដែលសម្បូរដោយវីតាមីន C ទោះបីជាប្រេងគ្រាប់ (ប្រេងដែលមានក្នុងគ្រាប់ផ្លែត្របែក) ក៏សម្បូរដែរ ហើយវាក៏ជាប្រភពនៃសារធាតុសំខាន់ៗមួយចំនួនទៀតដូចជា បេតាការ៉ូទីន (Beta Carotene) វីតាមីន A ទង់ដែង ស័ង្កសី និងសេលេនីញ៉ូម (Selenium)។ ផលប្រយោជន៍សុខភាពដែលទទួលបានក្រោយពីទទួលទានផ្លែត្របែករួមមាន៖ ការព្យាបាលជំងឺរាគរួស រោគមួល ការទល់លាមក ក្អក ជំងឺផ្តាសាយ ការថែទាំស្បែក សម្ពាធឈាមខ្ពស់ សម្រកទម្ងន់ និងជំងឺ Scurvy (កើតឡើងដោយសារកង្វះសារជាតិវីតាមីន C ជាហេតុនាំឲ្យហើមអញ្ចាញធ្មេញនិងហូរឈាមជាដើម)។ គួរបញ្ជាក់ផងដែរថា គ្រប់ផ្នែកទាំងអស់នៃផ្លែត្របែក ដូចជាសម្បក និងគ្រាប់ជាដើមសុទ្ធតែអាចញ៉ាំបាន ហើយជាពិសេសនោះវាពោរពេញទៅដោយសារជាតិបំប៉ន។
ផ្លែស្វាយ៖
ត្រូវបានគេចាត់ទុកថាជាស្ដេចផ្លែឈើនៅតំបន់ត្រូពិចដោយសារឱជារសផ្អែម ឬជូរផ្អែម និងលក្ខណៈទន់សម្បូរទឹក (ពេលទុំ)។ មួយផ្លែនៃផ្លែស្វាយមានវីតាមីន C ចំនួន 122 មីលីក្រាម ហើយវាថែមទាំងជាប្រភពដ៏មានឥទ្ធិពលមួយនៃសារធាតុ Zeaxanthan ដែលជាអង់ទីអុកស៊ីដង់ Antioxidant (សារធាតុប្រឆាំងអុកស៊ីតកម្ម) ជួយរក្សាភ្នែករបស់អ្នកឱ្យមានសុខភាពល្អដោយធ្វើការរារាំងនូវកាំរស្មីពន្លឺពណ៌ខៀវដែលជាកាំរស្មីបង្កគ្រោះថ្នាក់ដល់ការចុះខ្សោយនៃសាច់ដុំភ្នែក។
ផ្លែកន្ទួតព្រៃ៖
ផ្លែកន្ទួតព្រៃក៏ជាផ្លែឈើហូបផ្លែដែលសម្បូរវីតាមីន C ហើយវាក៏ត្រូវបានគេឲ្យដឹងថាមានផ្ទុកសារជាតិ ETs និង Polyphenols ផ្សេងៗទៀតរួមមានសារជាតិ Emblicanins A និង B.4 ផងដែរ។ បន្ថែមទៀតផ្លែកន្ទួតព្រៃត្រូវបានគេយកមកប្រើប្រាស់ដើម្បីព្យាបាលជំងឺថ្លើម ដំបៅក្រពះ ជំងឺរលាក ព្រមទាំងរារាំងការលូតលាស់ដុំសាច់នៅក្នុងរោគទឹកនោមផ្អែម និងរោគចាស់ជរា។ វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងវីរុសនិងមីក្រូសរីរាង្គ (Antimicrobial) បង្កើនការស្រូបយកអាហារ ធ្វើឲ្យមានតុល្យភាពអាស៊ីតក្រពះជួយទ្រទ្រង់បេះដូង ពង្រឹងសួត ធ្វើនិយ័តកម្មលុបបំបាត់រ៉ាឌីកាល់សេរី បង្កើនសមត្ថភាពមានកូន ជួយប្រព័ន្ធទឹកនោម បង្កើនសុខភាពស្បែកនិងសក់ឲ្យមានសុខភាពល្អ បញ្ចេញជាតិពុលចេញពីរាងកាយ បង្កើនសុខភាពភ្នែក ហើយព្រមទាំងដើរតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។
ផ្លែបំពេញរាជ្យ៖
វាមិនត្រឹមតែសម្បូរដោយវីតាមីន B ទេ តែវាក៏មានវីតាមីន C ច្រើន ដែលអាចបង្ការជំងឺ Scurvy។ ផ្លែបំពេញរាជ្យនេះមានជាតិស្ករសម្រាប់បង្កើតថាមពល ផូស្វ័រ និងជាតិកាល់ស្យូមសម្រាប់ឆ្អឹងរឹងមាំ រួមផ្សំជាតិដែកសម្រាប់កម្ចាត់ភាពស្លេកស្លាំង។ រីឯជាតិសរសៃ និងរំអិលរបស់វាវិញជួយបន្ថយកម្រិតកូឡេស្តេរ៉ុលនិងការពារជំងឺសរសៃឈាមបេះដូង ជាពិសេស ជួយជំរុញប្រព័ន្ធភាពស៊ាំ ហើយវាក៏ផ្ទុកសារជាតិ Quercetin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលសម្រាប់បង្កើនភាពស៊ាំផងដែរ។ សារធាតុធម្មជាតិដែលមាននៅក្នុងផ្លែបំពេញរាជតួយ៉ាង Steroidal Sapogenin និង Alkaloidsជួយព្យាបាលជំងឺកន្ទួលក្រហម ជំងឺស្បែករបកក្រហម និងជំងឺស្បែកផ្សេងៗទៀត ពីព្រោះប្រៀបបានដូចជាមេនាំមុខបង្កើតអរម៉ូន Cortisone ។ សម្រាប់ស្លឹកវិញក៏អាចប្រើបានដើម្បីព្យាបាលស្បែករលាក៕
Article by SOVRIN