រដូវវស្សាមកដល់ បានពាំនាំយកទឹកភ្លៀងសម្រាប់ស្រោចស្រពកសិផលដំណាំនានា ដែលជាគុណប្រយោជន៍ធំមួយសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែទន្ទឹមនឹងនោះ ការផ្លាស់ប្តូរអាកាសធាតុមិនទៀងទាត់ពីខ្យល់មូសុងនេះ ក៏រមែងបង្កជាផលប៉ះពាល់ដល់បញ្ហាសុខភាពផងដែរ ដែលបណ្ដាលឲ្យកើតជាជម្ងឺឆ្លងនានា ពិសេសគឺជម្ងឺដែលពាក់ព័ន្ធនឹងផ្លូវដង្ហើម ឬជម្ងឺផ្សេងៗទៀតដែលបង្កពីភាពកខ្វក់។ល។ ស្របពេលដែលការរាតត្បាតនៃវីរុសកូវីដ-១៩ នៅបន្ត ហានិភ័យក្នុងឆ្លងជម្ងឺក៏កាន់តែច្រើន។ តើយើងនឹងប្រឈមមុខនឹងជម្ងឺអ្វីខ្លះទៀតកំឡុងពេលរដូវធ្លាក់ភ្លៀងនេះ ហើយគួរមានវិធានការសុខភាពអ្វីខ្លះដើម្បីបង្ការការពារឲ្យសមស្រប?
រដូវកាលភ្លៀងធ្លាក់នេះរមែងបង្កជាទឹកដក់ដែលជាជម្រកដ៏ប្រពៃសម្រាប់សត្វមូស ពិសេសមូសខ្លា ក្នុងការបង្កជាជម្ងឺគ្រុនឈាមដ៏កាចសាហាវ។ ជម្ងឺគ្រុនចាញ់ក៏ជាជម្ងឺមួយប្រភេទទៀតដែលបង្កដោយសត្វមូសផងដែរ វាច្រើនបង្កហេតុនៅពេលយប់កំឡុងពេលដែលយើងទទួលទានដំណេក។ ក្នុងរដូវនេះ អាកាសធាតុប្រែប្រួលមិនទៀងដែលអាចបង្កជាជម្ងឺឆ្លងតាមផ្លូវដង្ហើមដូចជា ជម្ងឺផ្ដាសាយ និងគ្រុនផ្ដាសាយធំ ដែលបង្កជាអាការៈក្ដៅខ្លួន ហៀរសំបោរ ឈឺក និងល្ហិតល្ហៃជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ជម្ងឺឆ្លងតាមប្រភពទឹកដូចជារាគរុស អាសន្នរោគ ឬការឆ្លងមេរោគតាមរយៈអាហារ និងទឹកជាដើម សុទ្ធតែបង្កជាបញ្ហាសុខភាពយ៉ាងងាយ ក្នុងករណីមិនមានការប្រុងប្រយ័ត្នអំពីអនាម័យនានា។ ជម្ងឺមួយប្រភេទទៀតដែលមានឈ្មោះថា Leptospirosis ដែលបង្កដោយបាក់តេរីពីទឹកនោមសត្វ (កណ្ដុរ)នៅពេលមនុស្សឬសត្វបានប៉ះពាល់នឹងប្រភពទឹកឬដីដែលស្រោចស្រពដោយទឹកនោមនោះ។ ជម្ងឺនេះមានហានិភ័យខ្ពស់ក្នុងរដូវកាលភ្លៀងធ្លាក់នេះដោយមេរោគនេះត្រូវបានពាំនាំនូវប្រភពមេរោគតាមរយៈទឹកជំនន់។
ហេតុដូច្នេះ យើងគប្បីធ្វើការបង្ការការពារខ្លួនតាមវិធានការដូចខាងក្រោម៖
១. រក្សាអនាម័យឲ្យបានស្អាតជានិច្ច៖ សម្អាតគេហដ្ឋាន និងទីកន្លែងជុំវិញខ្លួនឲ្យមានអនាម័យ ចៀសវាងបង្កើតនូវទីជម្រកដល់ពពួកបាក់តេរីនានា ពិសេសកុំឲ្យមានទឹកដក់នៅជុំវិញកន្លែងស្នាក់នៅ ព្រោះវាជាទីកន្លែងបង្កកំណើតរបស់សត្វមូស។ ម្យ៉ាងវិញទៀត ការរក្សាអនាម័យផ្ទាល់ខ្លួនក៏ជារឿងសំខាន់ដើម្បីលុបបំបាត់ការកកើតបាក់តេរី ឬវីរុសឆ្លងនានា តួយ៉ាងវីរុសកូវីដ-១៩។ ក្រៅពីការសម្អាតរាងកាយជាប្រចាំ គួរឧស្សាហ៍លាងដៃនឹងសាប៊ូ ឬជែលលាងដៃដែលមានជាតិអាកុលជាដើម និងជូតដៃឲ្យបានស្ងួតល្អ ពិសេសមុននឹងប្រើដៃចាប់កាន់អាហារទទួលទានជាដើម។
២. ការពារខ្លួនពីទឹកភ្លៀង៖ គប្បីធ្វើការពាក់អាវភ្លៀង ឬបាំងឆ័ត្ររាល់ពេលចេញទៅក្រៅកំឡុងពេលមានភ្លៀងធ្លាក់។ ហើយគួរងូតទឹកសម្អាតខ្លួនឲ្យបានស្អាត ក្នុងករណីទទឹកខ្លួននឹងទឹកភ្លៀង ដើម្បីចៀសវាងការឆ្លងមេរោគនានាជាយថាហេតុ។
៣. ទទួលទានទឹកឲ្យបានគ្រប់គ្រាន់៖ រដូវកាល មេឃចុះត្រជាក់ ធ្វើឲ្យយើងមិនសូវជាស្រេកទឹក ប៉ុន្តែយើងគប្បីទទួលទានទឹកឲ្យបានគ្រប់គ្រាន់ដូចសព្វមួយដង ព្រោះសព៌ាង្គកាយមនុស្សត្រូវការជាតិទឹកជាចាំបាច់ ដូច្នេះមិនត្រូវកាត់បន្ថយការទទួលទានទឹកឡើយ។ គប្បីរក្សាសំណើមដោយសារធាតិទឹកជាប្រចាំ ដោយម្ដងបន្តិចៗ កុំប្រឹងទទួលទានម្ដងក្នុងចំណុះច្រើនហួសកម្រិត។
៤. ទទួលទានវីតាមីន C បន្ថែម៖ សារធាតុវីតាមីន C អាចជំរុញឲ្យយើងជាសះស្បើយពីជម្ងឺផ្ដាសាយឆាប់រហ័ស និងបង្កើនអង់ទីករក្នុងការការពារជម្ងឺផ្ដាសាយ ឬជម្ងឺនានាឲ្យកាន់តែខ្លាំង។ ដួច្នេះ គប្បីបន្ថែមសារធាតុវីតាមីន C ក្នុងរបបអាហារ និងទទួលទានផ្លែឈើឲ្យបានច្រើន។
៥. ប្រុងប្រយ័ត្ននឹងម្ហូបអាហារដែលទទួលទាន៖ អនាម័យម្ហូបអាហារជារឿងសំខាន់ក្នុងរដូវវស្សានេះ ព្រោះម្ហូបអាហារងាយខូចគុណភាព បង្កឲ្យយើងមានអាការៈរាគរុស ឬក្អួតចង្អោរនានា។ គប្បីញ៉ាំអាហារដែលចម្អិតឆ្អិនល្អ និងមានអនាម័យខ្ពស់។
៦. ធ្វើលំហាត់ប្រាណជាប្រចាំ៖ វាជួយបញ្ចេញជាតិពុលនានា និងបង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយយើងបានយ៉ាងល្អ។ ការធ្វើលំហាត់ប្រាណនេះ ក៏ជួយឲ្យអារម្មណ៍មានភាពស្រស់ថ្លាឡើងវិញ ពីភាពអាប់អួរនៃអាកាសធាតុ និងភាពហ្មងសៅនានា ដើម្បីចៀសវាងការមានសម្ពាធផ្លូវចិត្ត ដែលបង្កឲ្យសមត្ថភាពប្រព័ន្ធស៊ាំធ្លាក់ចុះ និងធ្វើឲ្យជម្ងឺនានាបៀតបៀនបានយ៉ាងងាយ៕
Article by LENG CHANREASEY