×

យល់​ដឹង​ពី​គន្លឹះ​ស​ម្អា​ត​សម្ភារ​ផ្ទះបាយ​ដ៏​ត្រឹមត្រូវ​រវាង​ចង្ក្រាន​ហ្គា​ស​និង​ម៉ាស៊ីន​ដុត​អគ្គិសនី​

TRAVEL & LIVING 4 years ago
 
 

            ចង្ក្រាន​ហ្គា​ស​និង​ម៉ាស៊ីន​ដុត​អគ្គិសនី​ឬ​ហៅថា​ ​Micro​wave​ ​គឺជា​សម្ភារ​ផ្ទះបាយ​ទំនើប​ដែល​នៅក្នុងផ្ទះ​បាយ​សម័យថ្មី​កំពុង​មាន​ប្រើប្រាស់​ស្ទើរគ្រប់​ផ្ទះ​ទៅ​ហើយ​។​ ​មិនថា​ផ្ទះបាយ​ប្រណីត​ប៉ុនណា​ ​ទំនើប​ប៉ុនណា​ ​ការ​ច​ម្អិ​ន​ខ្ទាត​ខ្លាញ់​បង្ក​ចង្ក្រាន​កខ្វក់​នៅតែ​មិន​អាច​ជៀស​ផុត​។​ ​ស​ម្អា​ត​បាន​មួយថ្ងៃ​ ​ថ្ងៃស្អែក​ឡើង​ត្រូវ​ជម្នះ​ការ​ជូត​ស​ម្អា​ត​ជាថ្មី​ម្តងទៀត​ ​តែ​ទោះ​យ៉ាងណា​ប្រសិនបើ​ទុក​ចង្ក្រាន​ឲ្យ​នៅ​កខ្វក់​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ក​ម្អែ​ល​កខ្វក់​នឹង​កក​ពូន​ផ្តុំ​គ្នា​បង្កបង្កើន​មេរោគ​ ​ជាពិសេស​ធ្វើឲ្យខូច​ខាត​ដល់​ផ្ទៃ​រលោង​នៃ​ចង្ក្រាន​ក៏ដូចជា​កាត់បន្ថយ​អាយុកាល​ប្រើប្រាស់​នៃ​ចង្ក្រាន​ដ៏​ប្រណីត​របស់​អ្នកផង​ដែរ​។​ ​មួយ​ចង្ក្រាន​បញ្ឆេះ​ភ្លើង​ច​ម្អិ​ន​ ​មួយ​ម៉ាស៊ីន​អគ្គិសនី​ប្រើ​ក​ម្តៅ​ច​ម្អិ​ន​ក្នុង​ប្រអប់​បិទ​ជិត​ ​បើ​និយាយ​ពី​ភាព​កខ្វក់​របស់​ពួកវា​គឺ​មិនចាញ់​គ្នា​ប៉ុន្មាន​ឡើយ​ ​ហើយ​បើ​ចំពោះ​ការ​ស​ម្អា​ត​ក៏​តម្រូវ​ស្វែងយល់​ពី​ពួកវា​ឲ្យបាន​ច្បាស់លាស់​ជាមុន​សិន​ផង​ដែរ​។​ ​ចុះ​តើ​យើង​គួរ​ស​ម្អា​ត​យ៉ាងដូចម្តេច​?

            ​ចង្ក្រាន​ហ្គា​ស​
​រាល់​ពេល​បញ្ចប់​ការ​ច​ម្អិ​ន​ ​បេសកកម្ម​ចម្បង​របស់​ស្ត្រី​មេផ្ទះ​គឺ​ការ​ស​ម្អា​ត​ផ្ទៃរាប​ជុំវិញ​ចង្ក្រាន​ ​ចំណែក​ឯជើង​ទ្រ​នៃ​ចង្ក្រាន​ ​និង​ដុំ​បញ្ចេញ​ហ្គា​ស​បញ្ឆេះ​ភ្លើង​អាច​ធ្វើការ​ស​ម្អា​ត​ត្រឹម​រយៈពេល​មួយ​ខែ​ម្តង​ក៏បាន​។​ ​យ៉ាងណាមិញ​ការ​ស​ម្អា​ត​ដុំ​បញ្ចេញ​ហ្គា​ស​យើង​ត្រូវ​យល់​ដឹង​ពី​វិធី​អនុវត្ត​ដ៏​ត្រឹមត្រូវ​ជាមុន​សិន​។​ ​ក្នុង​នោះ​ការ​ស​ម្អា​ត​ងាយ​ៗ​សូវ​រី​ន​បាន​បែង​ចែកចេញជា​ពីរ​របៀប​ដូច​ខាងក្រោម​៖​

            • ​របៀប​ទី​១​៖​ ​របស់របរ​សម្រាប់​ស​ម្អា​ត​ត្រូវ​ត្រៀម​៥​យ៉ាង​ក្នុង​ដៃ​ដូចជា​ ​ទឹកខ្មេះ​៣​ទៅ​៤​ស្លាបព្រា​បាយ​ ​ម្សៅ​សូ​ដា​(​baking​ ​soda​) ​១​ពែង​ អេ​ប៉ុង​លាង​ ​ចានគោម​ធំ​ល្មម​ ​ស្លាបព្រា​ ​កន្សែង​ឬ​ក្រណាត់​ទន់​។​ ​ចាប់ផ្តើម​ជំហាន​ទី​១​ ​ធ្វើការ​ដោះ​ជើង​ទ្រ​ចង្ក្រាន​ទាំងប៉ុន្មាន​ចេញ​ដាក់​ក្នុង​ឡា​បូ​ ​បន្ទាប់មក​យក​កន្សែង​ទៅ​បោស​ឬ​ជូត​ក​ម្ទេ​ចក​ម្ទី​អាហារ​ដែល​ជាប់​នៅនឹង​បរិវេណ​ទាំងនោះ​ចេញ​។​ ​នៅ​ពេល​ក​ម្អែ​ល​និង​ខ្លាញ់​ជាប់នឹង​កន្សែង​ជូត​ ​ចូរ​យក​កន្សែង​នោះ​ទៅ​ដាក់​ត្រាំទឹក​ក្តៅ​ឧណ្ហ​ៗ​ ​ឬ​ត្រាំទឹក​សាប៊ូ​ដើម្បី​ងាយស្រួល​បោក​ជម្រះ​នៅ​ពេលក្រោយ​។​ ​ជំហាន​បន្ទាប់​ ​ធ្វើការ​លាយ​ម្សៅ​សូ​ដា​១​ពែង​នៅ​ក្នុង​ចានគោម​ដោយ​ចាក់​ទឹកខ្មេះ​បណ្តើរ​យក​ស្លាបព្រា​កូរ​ថ្នមៗ​បណ្តើរ​រហូត​ឡើង​ក្លាយ​ជា​ពពុះ​។​ ​ដួស​ម្សៅ​សូ​ដា​លាយ​រួចមក​លាប​លើ​បរិវេណ​ដាក់​ជើង​ទ្រ​ ​លើ​ផ្ទៃ​របស់​ចង្ក្រាន​ ​និង​ដោះ​គម្រប​ក្បាល​បញ្ចេញ​ហ្គា​សម​កលាប​ពពុះ​ម្សៅ​សូ​ដា​ផង​ដែរ​។​ ​ប្រើ​ផ្ទៃ​អេ​ប៉ុង​ខាង​រឹង​មក​ដុស​ក​ម្អែ​លក​ក​គ្រប់​ជ្រុង​ទាំងប៉ុន្មាន​ចេញ​ ​រីឯ​គម្រប​ក្បាល​បញ្ចេញ​ហ្គា​ស​អាច​ប្រើ​អេ​ប៉ុង​ឬ​ច្រាស​ដុសធ្មេញ​ដុស​បន្ថែម​ ​ប៉ុន្តែ​សម្រាប់​បំពង់​បញ្ចេញ​ហ្គា​សត្រូវ​ប្រុងប្រយ័ត្ន​ដោយ​មិន​ឲ្យទឹក​ឬ​ពពុះ​ម្សៅ​ហូរ​ចូល​នោះ​ទេ​។​ ​បន្ទាប់ពី​ធ្វើការ​ដុសខាត់​យើង​ទុក​ម្សៅ​សូ​ដា​ចោល​រយៈពេល​១​៥​ទៅ​២​០​នាទី​ទើប​ប្រើ​កន្សែង​ឬ​អេ​ប៉ុង​ពូត​ទឹកជ្រលក់​ជូត​ស​ម្អា​ត​ម្តង​ហើយ​ម្តងទៀត​រហូត​ឃើញ​ថា​ស្អាត​ល្អ​។​ ​នៅ​ខណៈ​ពេល​កំពុង​រង់ចាំ​១​៥​ទៅ​២​០​នាទី​យើង​ឆ្លៀត​ងាក​មក​ស​ម្អា​តជើង​ទ្រ​ចង្ក្រាន​ដែល​ដោះ​មក​ដោយ​ប្រើ​ម្សៅ​សូ​ដា​សេសសល់​ទាំងប៉ុន្មាន​ឬ​លាយ​ថ្មី​រូបមន្ត​ដូចដើម​មក​ដុស​ស​ម្អា​ត​ជាមួយ​អេ​ប៉ុង​ហើយ​ទុក​រយៈពេល​១​០​នាទី​ទើប​លាង​ទឹក​ជម្រះ​ចេញ​។​ ​ត្រូវ​ប្រាកដ​ថា​រាល់​ឧបករណ៍​ដែល​ដោះចេញ​មក​ស​ម្អា​ត​ត្រូវ​ដាក់​ស​ម្ងួ​ត​ឲ្យ​ស្ងួត​សិន​ទើប​យកទៅ​ដំ​ឡើងវិញ​។​

            • ​វិធី​ទី​២​៖​ ​របស់របរ​សម្រាប់​ស​ម្អា​ត​ត្រូវ​ត្រៀម​ ​៧​យ៉ាង​ក្នុង​ដៃ​ដូចជា​ ​ផលិតផល​ស្ព្រៃ​បាញ់​ស​ម្អា​ត​សម្ភារ​ផ្ទះបាយ​ អេ​ប៉ុង​ ​ស្រោមដៃ​ ​ម៉ា​ស​ ​កន្សែង​ ​សាប៊ូ​លាងចាន​ ​និង​សំបក​នំ​ខាប់​ខេ​ក​៤​ទៅ​៦​(​អាស្រ័យ​លើ​ចំនួន​បំពង់​បញ្ឆេះ​នៃ​ចង្ក្រាន​)​។​ ​ជំហាន​ដំបូង​ត្រូវ​ដោះ​ជើង​ទ្រ​ចង្ក្រាន​ ​និង​ក្បាល​បំពង់​បញ្ចេញ​ហ្គា​ស​ទាំងប៉ុន្មាន​ចេញ​ដាក់​ទៅ​ក្នុង​ឡា​បូ​ ​បន្ទាប់មក​ពាក់​ម៉ា​ស​ពាក់​ស្រោមដៃ​ ​រួច​យក​ស្ព្រៃ​បាញ់​ឧបករណ៍​ទាំងនោះ​និង​ទុកចោល​រយៈពេល​ពី​១​៥​ទៅ​២​៥​នាទី​ទើប​លាង​ទឹក​ជម្រះ​ចេញ​ជូត​ឲ្យ​ស្ងួត​។​ ​កំឡុង​ពេល​រង់ចាំ​យើង​ឆ្លៀតយក​សំបក​នំ​ខាប់​ខេ​ក​(​បើ​គ្មាន​អាច​ប្រើ​ពែង​ឬ​កែវ​ជំនួស​) ​ដាក់​ផ្កាប់​គ្រប​ពីលើ​បំពង់​បញ្ចេញ​ហ្គា​ស​បន្ទាប់មក​ធ្វើការ​បាញ់​ស្ព្រៃ​ទៅលើ​ចង្ក្រាន​ឲ្យ​សព្វ​និង​ទុកចោល​រយៈពេល​ពី​២​០​ទៅ​៣​០​នាទី​។​ ​ក្រោយ​ទុក​ស្ព្រៃ​ឲ្យ​ធ្វើការ​បំបែក​កំណក​គ្រប់​នាទី​ហើយ​យើង​យក​អេ​ប៉ុង​ជ្រលក់​ទឹក​ជូត​ទឹក​ស្ព្រៃ​ចេញ​ ​ហើយ​ដាក់​ទឹក​សាប៊ូ​ជ្រលក់​ជូត​ជម្រះ​ក​ម្អែ​ល​ម្តងទៀត​។​ ​ជំហាន​ចុងក្រោយ​ប្រើ​អេ​ប៉ុង​ឬ​កន្សែង​ជ្រលក់​ទឹក​ស្អាត​ជូត​ពូត​ទឹក​ម្តង​ហើយ​ម្តងទៀត​រហូត​ឃើញ​ថា​ស្អាត​ល្អ​ជាការស្រេច​។​

            ​ម៉ាស៊ីន​ដុត​អគ្គិសនី​
​ម៉ាស៊ីន​ដុត​អគ្គិសនី​ឬ​យើង​ហៅថា​ម៉ាយ​ក្រូវេ​វ​ (​Micro​wave​) ​គឺជា​ប្រភេទ​ម៉ាស៊ីន​ប្រើ​ក​ម្តៅ​ដើម្បី​ក​ម្តៅ​និង​ច​ម្អិ​ន​អាហារ​។​ ​នៅ​ពេល​សម្គាល់​ឃើញ​ថា​ផ្នែក​ខាងក្នុង​នៃ​ម៉ាស៊ីន​ប្រឡាក់​ទៅ​ដោយ​ប្រេង​និង​សំណល់​ហៀរ​ពី​អាហារ​ ​ពិសេស​មាន​ក្លិនអាក្រក់​ ​វា​ជា​សញ្ញា​បង្ហាញ​ថា​ដល់ពេល​ដែល​អ្នក​ត្រូវ​ស​ម្អា​ត​វា​ចេញ​ហើយ​។​ ​ខុស​ពី​ចង្ក្រាន​ប្រើ​ហ្គា​ស​ ​ម៉ាស៊ីន​ប្រើ​ថាមពលអគ្គិសនី​នេះ​ទាមទារ​ការ​ស​ម្អា​ត​ដ៏​ត្រឹមត្រូវ​មួយ​។​ ​ខាងក្រោម​នេះ​ជា​វិធី​ស​ម្អា​ត​ម៉ាស៊ីន​ដុត​អគ្គិសនី​តាម​លំដាប់លំដោយ​ពី​ខាងក្នុង​រហូតដល់​ខាងក្រៅ​។​

            • ​វិធី​ស​ម្អា​ត​៖​ ​របស់របរ​សម្រាប់​ស​ម្អា​ត​ត្រូវ​ត្រៀម​៦​យ៉ាង​ក្នុង​ដៃ​រួម​មាន​ ​ចានគោម​ថ្ម​ ​ទឹកខ្មេះ​ ​ស្រោមដៃ​ចាប់កាន់​របស់​ក្តៅ​ ​ក្រដាស​អនាម័យ​រឹង​ឬ​កន្សែង​ អេ​ប៉ុង​ ​និង​ស្ព្រៃ​បាញ់​ស​ម្អា​ត​សម្ភារ​ផ្ទះបាយ​។​ ​ជំហាន​ដំបូង​ ​យក​ចានគោម​ចាក់ទឹក​មួយ​ពែង​និង​ទឹកខ្មេះ​កន្លះ​ពែង​ចូល​កូរ​ចូលគ្នា​ ​ឬ​ប្រសិនបើ​គ្មាន​ទឹកខ្មេះ​អាច​លាយ​ទឹកជា​មួយ​សាប៊ូ​លាងចាន​១​ស្លាបព្រា​កាហ្វេ​ជំនួស​ ​បន្ទាប់មក​យកទៅ​ដាក់​នៅ​ក្នុង​ម៉ាស៊ីន​ម៉ាយ​ក្រូវេ​វ​ហើយ​បើក​ក​ម្តៅ​ក្តៅ​ទុក​រយៈពេល​១​ទៅ​២​នាទី​ ​ឬ​អាស្រ័យ​ទៅតាម​ថាមពល​ចរន្តអគ្គិសនី​របស់​ម៉ាស៊ីន​ ​តួយ៉ាង​ ​ប្រសិនបើ​ម៉ាស៊ីន​ប្រើ​ថាមពល​ភ្លើង​ ​១​២​០​០​វ៉ាត់​ ​ឬ​លើស​ពី​នេះ​ ​ការ​ប្រើ​ពេល​ក​ម្តៅ​រយៈពេល​១​ទៅ​១​នាទី​កន្លះ​គឺ​គ្រប់គ្រាន់​ ​តែ​បើ​ម៉ាស៊ីន​ប្រើ​ថាមពល​ភ្លើង​ ​៧​០​០​វ៉ាត់​អាច​ចំណាយ​ពេល​ក​ម្តៅ​យូរ​ជាង​គឺ​២​នាទី​។​ ​កា​រដាក់​ទឹក​ក​ម្តៅ(​តែ​មិនដល់​ពុះ​) ​នៅ​ក្នុង​ម៉ាស៊ីន​នេះ​គឺ​ធ្វើឡើង​ដើម្បី​បង្កើត​ចំហាយទឹក​ស្ទី​ម​ផ្នែក​ខាងក្នុង​នៃ​ម៉ាស៊ីន​ ​ដូច្នេះ​នៅ​ពេល​ដាក់​ក​ម្តៅ​គ្រប់​នាទី​ហើយ​យើង​ទុក​ទឹកក្តៅ​នោះ​នៅ​ក្នុង​ម៉ាស៊ីន​រយៈពេល​៣​នាទី​ទៀត​ដើម្បីឲ្យ​ចំហាយទឹក​សាយ​សព្វ​ពេញ​ផ្ទៃ​ខាងក្នុង​នៃ​ម៉ាស៊ីន​។​ ​ក្រោយ​រង់ចាំ​៣​នាទី​ ​យើង​ចាប់ផ្តើម​ពាក់​ស្រោមដៃ​និង​បើកទ្វារ​ម៉ាស៊ីន​យក​ចានគោម​ចេញ​។​ ​យក​ក្រដាស​ឬ​កន្សែង​មក​ជូត​ស​ម្អា​ត​ក​ម្អែ​ល​ចេញ​ ​ប្រសិនបើ​ក​ម្អែ​ល​ណា​កក​ខ្លាំង​អាច​ប្រើ​អេ​ប៉ុង​ដុស​បន្ថែម​។​ ​ងាក​មក​ធ្វើការ​ជូត​ស​ម្អា​ត​ពី​ផ្នែក​ខាងក្រៅ​ ​ដោយ​យក​ចានគោម​លាយ​ទឹក​សាប៊ូ​ថ្មី​រួច​យក​កន្សែង​ឬ​ក្រដាស​អនាម័យ​ជ្រលក់​ហើយ​ជូត​ស​ម្អា​ត​ផ្នែក​ខាងក្រៅ​សព្វគ្រប់​ជ្រុង​។​ ​បន្ទាប់មក​ទៀត​យក​ស្ព្រៃ​បាញ់​មក​ស​ម្អា​ត​ប៉ុន្តែ​មិន​ត្រូវ​បាញ់​ផ្ទាល់​ទៅលើ​ម៉ាស៊ីន​នោះ​ទេ​ ​ព្រោះ​វា​អាច​ធ្វើឲ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បញ្ចេញខ្យល់​ ​ដូចនេះ​យើង​យក​ស្ព្រៃ​បាញ់​លើ​ក្រដាស​ឬ​កន្សែង​ហើយ​ធ្វើការ​ជូត​ស​ម្អា​ត​វិញ​។​ ​ចំណែក​ឯ​ផ្នែក​ខាងក្នុង​ ​យើង​យក​ក្រដាស​អនាម័យ​ជ្រលក់​ទឹក​សាប៊ូ​ជូត​ស​ម្អា​ត​ជុំវិញ​ទ្វារ​ម៉ាស៊ីន​ ​និង​ផ្អែក​ខាងក្នុង​ទាំងមូល​ជាពិសេស​ ​ដោះ​ជើង​ទ្រម​ក​ជូត​ស​ម្អា​ត​ផង​ដែរ​។​ ​ជំហាន​ចុងក្រោយ​យើង​ប្រើ​កន្សែង​ឬ​ក្រដាស​ជ្រលក់​ទឹក​ស្អាត​មក​ជូត​ម្តង​ហើយ​ម្តងទៀត​រហូត​ជ្រះ​ស្អាត​ល្អ​ជាការស្រេច​។​ ​ដោយឡែក​នៅ​ក្នុង​វិធី​ស​ម្អា​ត​នេះ​ ​ត្រង់​ចំណុច​ដាក់​ទឹក​ស្ទី​ម​ប្រសិនបើ​គ្មាន​សាប៊ូ​ឬ​ទឹកខ្មេះ​ទេ​ ​យើង​អាច​ច្របាច់​ក្រូចឆ្មារ​មួយ​ចំហៀង​ផ្លែ​ដាក់​ចូលក្នុង​ចាន​ទឹក​ហើយ​ធ្វើការ​បើកភ្លើង​ក​ម្តៅ​ក្តៅ​រយៈពេល​៥​នាទី​។​

            ​សរុប​មក​ការ​អនាម័យ​សម្ភារ​ផ្ទះបាយ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ​យើង​ច​ម្អិ​ន​យើង​ស្ល​យើង​ហូបចុក​ចេញពី​កន្លែង​តែមួយ​ ​ដូច្នេះ​ការ​ទម្លាប់​ស​ម្អា​ត​សម្ភារ​នានា​នឹង​ធ្វើឲ្យ​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​ ​និង​ភាព​ថ្លៃថ្នូរ​បំផុត​។​ ​ការ​ស​ម្អា​ត​ចង្ក្រាន​ហ្គា​ស​ ​និង​ម៉ាស៊ីន​ដុត​អគ្គិសនី​អាច​ជា​រឿង​ងាយ​ ​ប៉ុន្តែ​អ្វី​ដែល​ស្ត្រី​មេផ្ទះ​តែង​មើល​រំលង​នោះ​គឺ​ ​ការ​ស​ម្អា​ត​ដ៏​ត្រឹមត្រូវ​ ​និង​ការ​ស​ម្អា​ត​ឲ្យ​ត្រូវ​ទៅតាម​ប្រភេទ​សម្ភារ​ ​ដែល​សំខាន់​គឺ​សម្ភារ​គ្រឿង​អេ​ឡិច​ត្រូនិ​ច​តែម្តង​។​ ​ទាំងនេះ​គ្រាន់តែ​ជា​គន្លឹះ​សំខាន់​មួយ​ផ្នែក​នៅក្នុងផ្ទះ​បាយ​ ​ហើយ​សម្រាប់​លេខ​បន្ទាប់​សូវ​រី​ន​នឹង​បង្ហាញ​អំពី​អាថ៌កំបាំង​ផ្សេងទៀត​ដែល​ស្ត្រី​មេផ្ទះ​មិនធ្លាប់​គិតដល់​។​ ​ដូចនេះ​កុំ​ភ្លេច​រង់ចាំ​តាមដាន​អាន​នៅ​លេខ​ថ្មី​បន្ត​ទៀត​ទាំងអស់គ្នា​ណា​! ​៕​

Article​ ​by​ ​HEM SOKKHIM


SUGGESTIONS