“កន្ត្រកខ្មែរ” ជាឈ្មោះអាជីវកម្មអនឡាញទំនើបទើបមានដំណើរការរយៈពេលថ្មីចុងក្រោយនេះដែលកើតចេញពីគំនិតរបស់យុវស្ថាបនិកខ្មែរមួយរូប គឺ យុវជន ឈួ តុងហៃ វ័យ ២៥ឆ្នាំ ដែលមានអាជីពជាជាងថតរូប។ ថ្វីដ្បិតតែមិនមានឈាមជ័រជាសិប្បករតម្បាញផ្ទាល់ក៏ពិតមែន តែយុវជនរូបនេះធ្លាប់បានចុះទៅថតរូបតាមទីជនបទស្រែចម្ការរហូតមានឱកាសជួបប្រជាជនខ្មែរតាមមូលដ្ឋានដែលមានជំនាញផលិតសម្ភារប្រើប្រាស់បែបប្រពៃណីដោយផ្ទាល់ ហើយបង្កើតជាចំណាប់អារម្មណ៍ពាំនាំយកវាមកកាន់ទីផ្សារអនឡាញ។
ស្ថាបនិកខាងលើបានបញ្ជាក់អំពីគោលបំណងនៃអាជីវកម្មរបស់ខ្លួនថា ដោយសារតែឃើញទេពកោសល្យផលិតកន្រ្តកបែបប្រពៃណីរបស់ប្រជាជនតាមសហគមន៍មានលក្ខណៈស្រស់ស្អាតប៉ុន្តែពុំមានទីផ្សារលក់គ្រប់គ្រាន់ ទើបលោកបានសម្រេចសិក្សាលម្អិតបន្ថែមអំពីផលិតផលទាំងនេះហើយសហការជាមួយដៃគូពីរនាក់ផ្សេងទៀតដើម្បីជួយស្វែងរកទីផ្សារលក់ប្រកបដោយនិរន្តរភាពនៅទីក្រុងភ្នំពេញ។ លោកបាន ចំណាយពេលចន្លោះ៦-៨ខែ ទើបបានចាប់ផ្តើមបើកដំណើរការប្រតិបត្តិការ“កន្ត្រកខ្មែរ” អនឡាញដំបូងក្នុងឆ្នាំ២០១៨។ ប៉ុន្តែដំណើរការដំបូងមានជួបឧបសគ្គខ្លះទើបក្រុមការងាររបស់លោកបានផ្អាកមួយរយៈរហូតដល់ដើមឆ្នាំ២០១៩ ទើបបានបន្តឡើងវិញជាប់រហូតមកដល់សព្វថ្ងៃនេះ។
ការបង្កើតអាជីវកម្មអនឡាញក្នុងគោលបំណងលើកស្ទួយផលិតផលក្នុងស្រុកមិនមែនជារឿងងាយស្រួលនោះទេ ពោលគឺលោកបានជួបប្រទះនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួននាពេលកន្លងមក។ បញ្ហាដំបូង គឺការទទួលបាននូវទំនុកចិត្តពីអ្នកផ្គត់ផ្គង់ ព្រោះពួកគាត់ព្រួយបារម្ភខ្លាចឈ្មួញបោកប្រាស់ពុំផ្តល់ផលកម្រៃច្បាស់លាស់ជាមួយពួកគាត់ ដែលនេះតម្រូវឲ្យលោកត្រូវប្រមូលប្រាក់ដើម្បីទិញពីគ្រួសារអ្នកផលិតតាមភូមិនីមួយៗដោយផ្ទាល់រហូតទាល់តែពួកគាត់ជឿជាក់។ បញ្ហាមួយទៀត គឺ ការត្បាញសម្ភារដោយដៃមិនអាចទទួលបានទិន្នផលច្រើននិងឆាប់រហ័សដូចសង្វាក់ផលិតកម្មរោងចក្រនោះឡើយ។ ទោះបីជាយ៉ាងនេះក្តី ក៏លោកអះអាងថា វាជាប្រការវិជ្ជមានមួយដែរ ព្រោះនៅពេលគាត់ផលិតបានតិចបែបនេះ វាងាយស្រួលសម្រាប់រូបលោកដែលជាឈ្មួញកណ្តាលក្នុងការគ្រប់គ្រងថវិកាដើម្បីទិញយកទៅចែកចាយបន្ត។
“កន្ត្រកខ្មែរ” បានសហការប្រមូលទិញយកផលិតផលតម្បាញស្លឹកលក្ខណៈគ្រួសារពីតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង ខេត្តកំពង់ធំ ។ ផលិតផលសំខាន់ៗ រួមមាន កន្ត្រកផ្លែឈើ កន្ដ្រកផ្កា ចានស្រាក់ ស្មុក និង កាបូបយួរដៃ ជាដើម។ រីឯវត្ថុធាតុដើមផលិតសុទ្ធសឹងតែជារុក្ខជាតិក្នុងស្រុកខ្មែរយើងពិត១០០ភាគរយ ដូចជា ផលិតផលស្លឹកទ្រាំង មកពីខេត្តកំពង់ស្ពឺ, ប្ញស្សី មកពីខេត្តកំពង់ឆ្នាំងនិងតាកែវ, ស្លឹកត្នោត មកពីខេត្តតាកែវ, រពាក់ មកពីខេត្តកំពង់ធំនិងកំពង់ស្ពឺ និង វល្លិថ្នឹង មកពីខេត្តកំពង់ឆ្នាំងនិងកំពង់ស្ពឺ។ គួរបញ្ជាក់ដែរថា សព្វថ្ងៃផលិតផលដែលកំពុងលក់នៅលើទីផ្សារមាន ស្លឹកទ្រាំង ចំនួនជាង១០ម៉ូដ, ប្ញស្សី ចំនួនជាង១០ម៉ូដ, ស្លឹកត្នោត ចំនួនជិត១០ម៉ូដ, រពាក់ ចំនួន៥ម៉ូដ និង វល្លិថ្នឹង ចំនួន២០ម៉ូដ ។ ម៉ូដផលិតផលភាគច្រើនសុទ្ធសឹងតែជាគំនិតច្នៃប្រតិដ្ឋរបស់ប្រជាជនមូលដ្ឋាន គួបផ្សំនឹងការកែសម្រួលសោភ័ណភាពតែបន្តិចបន្តួចប៉ុណ្ណោះពីហាង។ ត្រង់ចំណុចនេះ លោកបានបន្ថែមថា “ចំពោះទីផ្សារ មានគេគាំទ្រច្រើន ប៉ុន្តែនៅពេលម៉ូដយើងប្រណិតពេក (អ្នកខ្លះ) គេថាវាជារបស់ថៃ! ” ។ ប៉ុន្តែសម្រាប់ជនបរទេស ពួកគាត់មានការយល់ដឹងពីតម្លៃផលិតផលដោយដៃខ្មែរច្រើនជាង ហើយជួនកាលពួកគេទិញឲ្យថ្លៃលើសតម្លៃកំណត់លក់ក៏មាន។
ចាប់តាំងពីពេលបង្កើតដំបូងរហូតមកដល់ពេលបច្ចុប្បន្ន មិនទាន់បានច្រើនឆ្នាំប៉ុន្មានផង អាជីវកម្មនេះទទួលបានការគាំទ្រកាន់តែច្រើន ដោយសារតែគុណភាពផលិតផលរឹងមាំជាប់ធន់បានយូរ ធ្វើឲ្យអតិថិជនមានទំនុកចិត្ត ហើយបន្តបញ្ជាទិញកាន់តែច្រើនជាលំដាប់ ល្បីរហូតមានអ្នកទិញយកទៅប្រើប្រាស់នៅក្រៅស្រុកថែមទៀតផង។ អតិថិជនរបស់កន្រ្តកខ្មែរមានទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តស្វាយរៀង។ ទោះបីជាមិនទាន់មានសាលតាំងផលិតផលរបស់ខ្លួនក៏ពិតមែន ប៉ុន្តែចំពោះអតិថិជនដែលមានបំណងចង់ឃើញផលិតផលពិតៗមុននឹងសម្រេចចិត្តជាវ ក៏អាចទៅទស្សនាផលិតផលជាក់ស្តែងក្នុងស្តុកផ្ទាល់របស់ផេកកន្រ្តកខ្មែរបានដែរ។
សម្រាប់ថ្ងៃអនាគត កន្រ្តកខ្មែរមានចក្ខុវិស័យបន្តលើកកម្ពស់ផលិតផលដោយដៃក្នុងស្រុកនិងផ្សព្វផ្សាយផលិតផលទាំងនេះឲ្យកាន់តែទូលំទូលាយជាងនេះ ពោលគឺឈានទៅផ្គត់ផ្គង់ចែកចាយផលិតផលធ្វើដោយដៃខ្មែរឲ្យបានគ្រប់មុខតម្រូវចិត្តអតិថិជនក៏ដូចជាជួយលើកស្ទួយជីវភាពប្រជាជនអ្នកផលិតឲ្យបានគ្រប់សហគមន៍ផងដែរ។ ជាចុងក្រោយ ស្ថាបនិកកន្រ្តកខ្មែរសូមថ្លែងអំណរគុណចំពោះការជួយគាំទ្រផលិត ផលក្នុងស្រុកពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាននាពេលកន្លងមក៕
Article by SRIN SOKMEAN