«Bandrui» ផលិតផលថែរក្សាសម្រស់ និងសុខភាពស្បែកដំបូងដែលអាចប្រើបានគ្រប់វ័យ
NEWS 3 years agoថ្វីដ្បិតតែបច្ចុប្បន្ននេះសម្បូរទៅដោយផលិតផលថែរក្សាសម្រស់ជាច្រើនប្រភេទដូចជាផលិតផលកែច្នៃពីនាំចូលពីក្រៅប្រទេស ឬមានការផលិតក្នុងប្រទេសជាដើម ប៉ុន្តែផលិតផលថែរក្សាសម្រស់តាមបែបធម្មជាតិ នៅតែមានទីផ្សារខ្ពស់ និងកំពុងតែពេញនិយម គាំទ្រការប្រើប្រាស់គ្រប់ទិសទី បើទោះបីជាផលិតផលធម្មជាតិត្រូវការចំណាយពេលយូរក្នុងការទទូលបាននូវប្រសិទ្ធភាពក៏ដោយ។ ជាក់ស្តែង ស្ថិតនៅក្នុងសៀមរាបមួយកន្លែងត្រូវបានគេកត់សម្គាល់ថាមានការផលិតនូវផលិតផលថែសម្រស់នានាដែលសុទ្ធសឹងតែមានការចម្រាញ់ពីធម្មជាតិផងដែរ ហេតុដូចនេះហើយតើនរណាជាអ្នកនៅពីក្រោយការផលិតនូវផលិតផលទាំងនោះ?ជំនួបជាមួយនឹងអ្នកស្រី Vanessa Voukotitch ជាស្ថាបនិកានៃស្លាកយីហោ «Bandrui» ជនជាតិបារាំង បានឲ្យដឹងពីគោលគំនិតចម្បងនៃការបង្កើតផលិតផលសម្រស់បែបធម្មជាតិនេះឡើង ក៏ព្រោះតែអ្នកស្រីសម្លឹងឃើញថាធម្មជាតិបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន តួយ៉ាង ធម្មជាតិអាចជាឱសថដ៏សំខាន់ដែលអាចព្យាបាលជំងឺ ឬអាការៈបន្ទាប់បន្សំផងដែរ ជាពិសេស ធម្មជាតិដើរតួយ៉ាងសំខាន់ចំពោះសម្រស់ប្រកបទៅដោយគុណភាព បរិសុទ្ធ និងប្រសិទ្ធភាពដែលកត្តាទាំងអស់នេះហើយទើបធ្វើឲ្យ «Bandrui» បង្ហាញវត្តមានក្នុងប្រទេសកម្ពុជាស្ថិតក្នុងតំបន់ទេសចរណ៍នៃខេត្តសៀមរាបលើផ្លូវសូកូឡានៃផ្ទះលេខ៥៦។ «Bandrui» ជាពាក្យម៉្យាងដែលត្រូវបានគេដកស្រង់ចេញពីតូអង្គស្ត្រីម្នាក់ក្នុងដំណើររឿងមួយនៃប្រទេសអ៊ីស្រាអែលដែលនាងជាទស្សនៈវិទូ គ្រូបង្រៀន ទីប្រឹក្សា និងជាអ្នកមានវេទមន្ត ហើយនាងក៏ជាអ្នកដែលស្រឡាញ់ធម្មជាតិបំផុតផងដែរ ដោយសារតែអត្ថន័យនៃពាក្យ «Bandrui» និងផ្នត់គំនិតរបស់អ្នកស្រី Vanessa ស្របគ្នាទើបអ្នកស្រីសម្រេចចិត្តជ្រើសរើស «Bandrui» ជាស្លាកយីហោរបស់ខ្លួន។
«Bandrui» បង្កើតឡើងនាអំឡុងខែតុលា ឆ្នាំ២០២០ ដោយរចនាសម្ព័ន្ធនៃការផលិតទាំងអស់សុទ្ធសឹងតែជាការផលិតឡើងដោយដៃ និងជាការជ្រើសរើសនូវប្រភេទធម្មជាតិមកចម្រាញ់ធ្វើជាផលិតផល តួយ៉ាង ផលិតផលប្រភេទប្រេងដែលមានប្រសិទ្ធភាពបំផុតចំពោះគ្រប់ប្រភេទស្បែកមុខ ឬដងខ្លួន ជាពិសេសគ្រប់វ័យទាំងអស់អាចប្រើប្រាស់នូវផលិតផលរបស់ «Bandrui» ដោយពុំមានក្តីបារម្ភ ឬផលរំខានណាមួយឡើយ ផ្ទុយទៅវិញអ្នកប្រើប្រាស់ទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនលើសពីការរំពឹងទុកទៅទៀត។ ជាក់ស្តែង ផលិតផលដែលចម្រាញ់ពីធម្មជាតិទាំងនោះមានសុពលភាពរយៈពេល៦ខែ ហើយចំពោះផលិតផលខ្លះទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពុំឲ្យត្រូវកម្តៅឡើយ តួយ៉ាង ផលិតផលប្រភេទប្រេងជាដើម។ យ៉ាងណាមិញ ផលិតផលក្រោមស្លាយីហោ «Bandrui» ក៏ប្រកាន់ខ្ជាប់ជាមួយនឹងការវេចខ្ចប់ដែលពុំប្រើប្រាស់សារធាតុប្លាស្ទិចនោះឡើយ ពោល ការវេចខ្ចប់ ការប្រើប្រាស់សម្ភារសុទ្ធសឹងតែជាការកែច្នៃ និងជាផ្នែកមួយដែលបានផ្តល់ឱកាសការងារដ៏ល្អសម្រាប់ប្រជាជនខ្មែរដែលរស់នៅទីនោះផងដែរ។
ទន្ទឹមនឹងនេះ ស្ថាបនិកា Vanessa Voukotitch ក៏បានបង្ហើបឲ្យដឹងផងដែរថា «ខ្ញុំសង្ឃឹមថាប្រជាជនខ្មែរនឹងគាំទ្រនូវផលិតផលធម្មជាតិច្រើនជាងផលិតផលដែលមានផលប៉ះពាល់ដល់សុខភាពនាថ្ងៃក្រោយ ម៉្យាងវិញទៀត អ្វីដែលនឹងកាន់តែភ្ញាក់ផ្អើលនោះគឺ «Bandrui» នឹងមានការតាំងពិព័រណ៍ផលិតផលនាអំឡុងខែមករា ឆ្នាំ២០២១ នារាជធានីភ្នំពេញឆាប់ៗនេះ៕
Article by PAN SIVLY
Image Courtesy: Régis Binard