១. សម្លកកូរកណ្តៀង
កណ្តៀងជាឈ្មោះវារិជតិណជាតិ (រុក្ខជាតិដុះក្នុងទឹក) មួយប្រភេទក្នុងពួកកន្ទាំងហែ មានផ្កាពណ៌ខៀវស្រស់ គេប្រើដើមនិងស្លឹកធ្វើជាបន្លែបាន។ បន្លែនេះ ក្រៅពីយកទៅស្លកកូរកណ្តៀង គេអាចយកទៅស្រុសជាអន្លក់ជ្រលក់ជាមួយផ្អក ឬប្រហុក ជាដើម។ វាជាគ្រឿងផ្សំសំខាន់នៃមុខម្ហូបសម្លទឹកប្រពៃណីរបស់អ្នកស្រុកស្វាយរៀងតាំងពីយូរយារណាស់មកហើយ។ គ្រឿងផ្សំសំខាន់ៗនៃសម្លនេះរួមមាន ត្រីអណ្តែង សាច់ជ្រូកបីជាន់ កណ្តៀង អង្ករលីង ប្រហុក ស្ករត្នោត ទឹកត្រី ដុំស៊ុបខ្នរ ម្សៅស៊ុប ខ្ទឹមស គល់ស្លឹកគ្រៃ អំបិល ស្លឹកក្រូចសើច រំដេង និងរមៀត។ ចំពោះវិធីធ្វើ ដំបូងត្រូវយកបន្លែកណ្តៀងហាន់តូចៗហើយច្របាច់អំបិលចូលរួចលាងទឹក២ដងចេញឲ្យចេញជាតិល្វីងរួចបុកទុកមួយអន្លើ។ បន្ទាប់មក បុកគ្រឿង (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង រមៀត ប្រហុក និង ខ្ទឹមស) ចូលគ្នាឲ្យហ្មត់ល្អ។ ដាក់ខ្ទះបើកភ្លើងអោយក្ដៅលីងគ្រឿងបុករួចឲ្យឈ្ងុយសឹមដាក់សាច់ជ្រូកបីជាន់និងសាច់ត្រីលីងឲ្យក្រៀមបន្តិច។ ចាក់ទឹកចូលស្លឲ្យពុះរួចបង់ស្ករ ម្សៅស៊ុប ដុំស៊ុបខ្នរ សម្រាប់បន្ថែមរសជាតិ។ ចុងក្រោយ ដាក់អង្ករលីងនិងបន្លែកណ្តៀងចូលគ្របឲ្យពុះប្រមាណ១០ នាទី។ លោកអ្នកអាចជ្រើសរើសប្រភេទសាច់ផ្សេងទៀតតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដូចជា ត្រីឆ្លាំង ឆ្អឹងជំនីរជ្រូក សាច់មាន់ ឬ សាច់អន្ទង់ ក៏បាន។
២. សាច់ជ្រូករំលីងជ្រក់សណ្តែក
សាច់ជ្រូករំលីងផ្ទាប់ជាមួយជ្រក់សណ្តែកជាម្ហូបគោកទទួលភ្ញៀវដ៏ពេញនិយមជាងគេរបស់អ្នកខេត្តស្វាយរៀង នៅក្នុងកម្មវិធីមង្គលការ ពិធីជប់លៀង និងបុណ្យទានផ្សេងៗ។ ម្ហូបនេះមានរសជាតិឆ្ងាញ់តម្រូវចិត្តមនុស្សទូទៅទាំងចាស់ទាំងក្មេងដោយសារតែសាច់ជ្រូករំលីងជ្រក់សណ្តែកនេះគឺសាច់ជ្រូកចម្អិនដោយស្នាដៃប្រជាជនម្ចាស់ស្រុក ជ្រើសរើសយកសាច់ជ្រូកចិញ្ចឹមលក្ខណៈគ្រួសាររបស់ខ្មែរយើងមករំលីង ហើយ ជ្រក់សណ្តែកទៀតសោត ក៏គេនិយមប្រើប្រាស់សណ្តែកដែលបណ្តុះតាមបែបធម្មជាតិពីបុរាណខុសពីរស ជាតិសណ្តែកបណ្តុះដែលដាក់លក់នៅតាមទីផ្សារនៅភ្នំពេញ។ សម្រាប់វិធីធ្វើជ្រក់សណ្តែក លោកអ្នកគ្រាន់តែដាំទឹក ៣៣០មីល្លីលីត្រ ឲ្យពុះដាក់អំបិល១ស្លាបព្រាកាហ្វេកន្លះ ស្ករ១ ស្លាបព្រាកាហ្វេ សណ្ដែកបណ្ដុះ ៣០០ ក្រាម និង ទឹកខ្មេះ១ស្លាបព្រាបាយ។ ដាក់សណ្ដែកបណ្ដុះចូលទាំងទឹកនៅក្ដៅ ឲ្យសណ្ដែកបណ្ដុះនៅស្រួយល្អ ទុកឲ្យត្រជាក់សឹមច្រកចូលក្រឡទុកពីរយប់ឲ្យជូរឆ្ងាញ់។ អ្នកអាចលាយម្ទេសតាមចំណូលចិត្ត។
៣. ជ្រក់ធាងត្រាវ
ជ្រក់ធាងត្រាវជាជ្រក់ដែលល្បីជាងគេប្រចាំប៉ែកខាងខេត្តស្វាយរៀងហើយមានរសជាតិឆ្ងាញ់ពិសាប្លែកមាត់ថែមទៀតផង។ ជ្រក់ធាងត្រាវមានភិនភាគស្រដៀងនឹងជ្រក់ត្រកួនប៉ុន្តែរសជាតិរបស់វាពិតជាមិនដូចគ្នានោះទេ។ ដើម្បីធ្វើជ្រក់ធាងត្រាវ គ្រឿងផ្សំសំខាន់ៗរួមមាន ធាងត្រាវ អំបិល និង កូនពាង ឬ ក្រឡ។ វិធីធ្វើជ្រក់នេះគឺងាយបំផុត ដោយដំបូងយើងត្រូវយកធាងត្រាវទៅលាងសម្អាតឲ្យអស់ដី រួចសឹមយកមកកាត់ជាកង់ៗ មុននឹងយកកំណាត់ឬស្បៃទៅរុំវា ហើយប្រើកម្លាំងដៃសង្កត់ ច្របាច់វាឲ្យចេញទឹកអស់។ បន្ទាប់មក យកធាងត្រាវដែលស្ងួតទឹកទៅច្របល់ជាមួយអំបិលឲ្យចូលជាតិគ្នា មុននឹងដាក់វាក្នុងក្រឡ ផ្អាប់ទុករយៈពេលប្រមាណជា២ថ្ងៃ។នៅពេលបរិភោគ យើងអាចដួសជ្រក់នេះមកបរិភោគដោយលាយម្ទេស គល់ស្លឹកគ្រៃ ផ្កាស្នោ ឬ សណ្ដែកបណ្ដុះតាមចំណង់ចំណូលចិត្ត។ គេនិយមទទួលទានវាជាមួយត្រីអណ្តែងអាំង។
៤. បាញ់កាញ់ម្សៅបុក
ចំពោះវិធីធ្វើបាញ់កាញ់ខាងលើមានលក្ខណៈសាមញ្ញបំផុត ដំបូងត្រូវត្រាំអង្ករខ្សាយពីល្ងាច ហើយយកទៅកិនជាម្សៅរួចទើបយកម្សៅនោះមកវាសលើគម្របឆ្នាំង ឬ ក្រណាត់ដូចការធ្វើគុយទាវដែរ ប៉ុន្តែធ្វើវាឲ្យក្លាយជាបន្ទះក្រាស់ៗ។ ក្រោយពីវាសលើគម្របឆ្នាំងឲ្យឆ្អិនហើយ ទើបយកទៅសំដិលហាលឲ្យស្ងួតបន្តិចហើយហាន់វាឲ្យតូចៗល្មមទទួលទានបាន។ គួរបញ្ជាក់ថា បន្ទះម្សៅដែលវាសលើគម្របឆ្នាំងនោះអាចផលិតចេញជាបាញ់កាញ់សម្រេចជិតមួយគីឡូក្រាម។ ដោយសារបច្ចេកទេសធ្វើមានលក្ខណៈទៅតាមក្បួនខ្នាតបែបបុរាណ បាញ់កាញ់នេះមានលក្ខណៈថ្មីៗស្រស់ល្អ ផលិតចេញពីអង្ករខ្សាយសុទ្ធសាធ មិនមានលាយសារធាតុគីមីឲ្យរក្សាទុកបានយូរ។ ប៉ុន្តែប្រសិនបើចង់រក្សាទុកឲ្យបានយូរបន្តិចត្រឹមចំនួនពីរថ្ងៃ ត្រូវហាលថ្ងៃបន្ថែមឲ្យម្សៅកាន់តែស្ងួតល្អ តែនៅតែមិនអាចរក្សាទុកដល់រាប់ខែដូចបាញ់កាញ់នាំចូលពីប្រទេសជិតខាងដែលមានលក់នៅតាមទីផ្សារស្រាប់ៗនោះដែរ។ ចំពោះម្ហូបទាំងបីមុខខាងលើ លោកអ្នកអាចទៅទទួលទាននៅភោជនីយដ្ឋានវ៉ៃគោដែលល្បីឈ្មោះជាងគេលំដាប់ខេត្តខាងបម្រើសេវាកម្មម្ហូបអាហារបែបអ្នកស្រុកស្វាយរៀង។ ដោយឡែក អាហារទី៤ លោកអ្នកត្រូវទៅទទួលទាននៅអាហារដ្ឋានមួយកន្លែងដែលអ្នកទីរួមខេត្តស្វាយរៀងស្គាល់ច្បាស់ថាជាកន្លែងលក់បបរបាញ់កាញ់ឆ្ងាញ់ជាងគេ មានទីតាំងស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ហើយមានប្រវត្តិអាជីវកម្មតាំងពីទសវត្សរ៍ទី៨០មកម្ល៉េះ។
Article by SRIN SOKMEAN